បទពិសោធន៍ពីយុទ្ធនាការទឹកស្អាតនិងអនាម័យ

បទពិសោធន៍​ខាង​ក្រោម​នេះ អាច​មាន​សារៈសំខាន់​សម្រាប់​គម្រោង​ដទៃទៀត​ ដៃគូអភិវឌ្ឍន៍ និង​រាជរដ្ឋាភិបាល​ក្នុងកិច្ចការ​លើក​កម្ពស់​ឥរិយាបថ​សុខភាព​ផ្នែក​ទឹកស្អាត​និង​អនាម័យ​។

ការថែទាំគ្រួសារ គឺជាការលើកទឹកចិត្តដ៏សំខាន់ ក្នុងការផ្លាស់ប្តូរ ឥរិយាបថ: ការស្រលាញ់និងគិតគូរពីសមាជិកគ្រួសារជា ចំណុចសំខាន់ក្នុងវប្បធម៌របស់សង្គមកម្ពុជា។ សមាជិកគ្រួសារស្រលាញ់ និងគោរពគ្នាទៅវិញទៅមក និងចង់ឲ្យសមាជិកគ្រួសារមានសុវត្ថិភាព ដែលនេះជាការលើកទឹកចិត្តដ៏ខ្លាំងសម្រាប់ពួកគាត់។ អ្នកចូលរួមក្នុងការធ្វើការវាយតម្លៃក្រោយយុទ្ធនាការជាច្រើននាក់ បានលើកឡើង​ថាការលើកទឹកចិត្តចំបងរបស់គាត់ក្នុងការចាប់យកឥរិយាបថទឹកស្អាតនិងអនាម័យ គឺគោលបំណងក្នុងការការពារសមាជិកគ្រួសារ ជាពិសេសកុមារ ពីជំងឺនានា។

ការប្រាស្រ័យទាក់ទងដោយផ្ទាល់នៅ​តែមានសារៈសំខាន់: ប្រជាជនគោលដៅយកចិត្តទុកដាក់ទៅលើសារ​អប់រំ ប្រសិនបើការប្រាស្រ័យទាក់ទង មាន​អត្ថន័យ​ពេញលេញ ចេញពីចិត្ត​ពិតៗ និង​ចេញពី​អ្នក​ដែលពួកគាត់ស្គាល់ជឿជាក់ ដូចជាមេភូមិ ឬអ្នកស្ម័គ្រចិត្តភូមិ។ ទាំងអស់នេះ​ គឺវាពិបាកនឹងធ្វើបាន​ប្រសិនបើមិនមានការប្រាស្រ័យទាក់ទងដោយផ្ទាល់នោះទេ។ យោងទៅតាម​ការវាយតម្លៃក្រោយយុទ្ធនាការ កម្មវិធីសហគមន៍ (៦៩%) ​មាន​ប្រសិទ្ធិភាព​ជាងគេ​ ក្នុងការ​ផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព។ មធ្យោបាយ​​ដែល​មាន​ប្រសិទ្ធិភាព​បន្ទាប់​ គឺតាមរយៈការ​ផ្តល់​ព័ត៌មាន​ដោយ​ផ្ទាល់​ពី​មេភូមិ (៤២%) និង​តាមរយៈមេក្រូ (៤២%)។​​​​

ការតម្លើងកន្លែងលាងដៃត្រឹមត្រូវ ពិតជាធ្វើឲ្យមានការកើនឡើងនៃការលាងដៃ: ការមានសម្ភារៈទឹកស្អាតនិងអនាម័យនៅផ្ទះ បានធ្វើឲ្យប្រជាជនលាងដៃញឹកញាប់ជាងមុន ដោយវាបានធ្វើឲ្យមានភាពងាយស្រួល និងបង្ករជាទំលាប់ផងដែរ។ ជាពិសេស ក្មេងៗចូលចិត្តកន្លែងលាងដៃនេះណាស់ ដោយពួកគេរីករាយនឹងប្រើប្រាស់វាជាង អ្វីដែលពួកគេប្រើប្រាស់ដើម្បីលាងដៃពីមុន។

ការ​ដំឡើងកន្លែង​លាងដៃ​មាន​ការ​ពេញនិយម​ជាង​ការ​ទិញ​សម្ភារៈលាង​ដៃ​ស្រាប់: ដោយ​សារ​តែ​តម្លៃ​ទាប និង​ការ​មាន​សម្ភារៈនៅ​ក្នុង​ផ្ទះ​​ស្រាប់ ក្រុមការងារ​ PHB បាន​ផ្លាស់ប្តូរ​ការ​ផ្តោត​ទៅ​លើ​ការ​ “ទិញ​​សម្ភារៈ” ទៅ​ជាការ​លើក​កម្ពស់​ការ​ដំឡើង​សម្ភារៈដោយ​ខ្លួនឯង​ ដោយ​បង្កើត​​ការ​ណែនាំ​របៀប​ដំឡើង និង​ការ​បង្ហាញ​ពីរបៀប​ដំឡើង​។ កន្លែង​លាងដៃ​នេះ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ក្មេង​ៗ ដែល​ពួកគេ​គិត​ថា​ការ​លាងដៃ​ដោយ​ប្រើ​សម្ភារៈ​ទាំងនេះ ជា​​ការ​គួរឲ្យ​សប្បាយរីករាយ។ សម្ភារៈនេះ​ជា​ការ​លើក​ទឹកចិត្ត​ ដល់​​ពួកគាត់​ឲ្យ​លាងដៃ​ញឹកញាប់ ហើយ​ក៏​រំលឹក​ឪពុកម្តាយ​របស់​គាត់​​ឱ្យលាងដៃ​ផងដែរ​។ តាមរយៈ​វិធីសាស្ត្រ​រៀនសូត្រ​កែសម្រួល គម្រោង PHB បាន​ផ្លាស់​ប្តូរ​សារអប់​រំ​ ដោយ​ផ្តោតទៅ​លើកុមារវិញ​។

ការប្រើប្រាស់បច្ចេកវិទ្យា គឺត្រូវការចំណាយថវិកា: បច្ចេកវិទ្យាអាចធ្វើឲ្យយុទ្ធនាការសុខភាព បានទៅដល់ប្រជាជនជាច្រើននាក់ ក្នុងពេលវេលាដ៏ខ្លី។ ប៉ុន្តែ ការមានថវិកាគ្រប់គ្រាន់ និងផែនការត្រឹមត្រូវ គឺជាការចាំបាច់ណាស់ ដើម្បីនានាបាននូវការពង្រីកវិសាលភាពនិង​និរន្តរភាពនៃកម្មវិធីសុខភាព។ បច្ចេកវិទ្យាខ្លះមានតម្លៃមិនថ្លៃ។ ម៉្យាងវិញទៀត តម្លៃថ្លៃមិនមែនសំដៅតែទៅលើការដាក់ទន់ជាថវិកាផ្ទាល់នោះទេ តែអាចសំដៅទៅលើពេលវេលា និងបន្ទុកការងារ។ ជាក់ស្តែង ក្រុមការងារគម្រោង PHB បានសង្កេតឃើញថា ការប្រើប្រាស់បច្ចេកវិទ្យា Robocall គឺត្រូវការកម្លាំងពលកម្មច្រើនជាង អ្វីដែលយើងអាចទទួលបាន។ ការចាត់ចែងទូទៅទាក់ទងនឹងរដ្ឋបាល ដើម្បីដំណើរការ Robocall គឺស្មើនឹង៥០%នៃបន្ទុកការងារនៃក្រុមការងាររបស់យើង។ យើងបានឈប់ប្រើប្រាស់ Robocall ហើយ​យកពេលវេលានិងថវិកាមកប្រើប្រាស់ក្នុងសកម្មភាពផ្ទាល់ជាមួយប្រជាជនវិញ។