ទឹកពិសារមានសុវត្ថិភាព សហគមន៍មានសុខភាពល្អ
ភ្នាក់ងារសហគមន៍ (ភ្នាក់ងារ IPC) របស់អង្គការ ភី អេស អាយ កម្ពុជា បានលើកបង្ហាញនូវកាតដែលមានរូបកែវទឹកថ្លា ហើយសួរទៅអ្នកចូលរួមថាតើពួកគេដឹងថាទឹកនេះមានសុវត្ថិភាពអាចពិសារបានឫទេ។ អ្នកចូលរួមដែលជាសមាជិកសហគមន៍ប្រមាណជាង២០នាក់ បានឆ្លើយព្រមគ្នាថា “បាន”។ បុរសម្នាក់ដែលអង្គុយនៅខាងមុខ បាននិយាយឡើងថា “បើសិនមិនឃើញដីកខ្វក់នៅក្នុងទឹកនោះទេ មានន័យថាទឹកនោះស្អាត”។ ភ្នាក់ងារសហគមន៍ របស់យើងបានលើកបង្ហាញកាតមួយផ្សេងទៀត មានរូបទឹកដែលមើលដោយមីក្រូទស្សន៍។ គាត់និយាយថា “ទឹកថ្លាដែលអ្នកយកមកពីទន្លេ ឫទឹកភ្លៀង មិនមានសុវត្ថិភាពក្នុងការពិសារជានិច្ចទេ ពីព្រោះវាមានបាក់តេរីដែលអ្នកមិនអាចមើលឃើញដោយភ្នែកទទេរបាន”។
វគ្គអប់រំរបស់ភ្នាក់ងារសហគមន៍បែបនេះ គឺជាផ្នែកមួយនៃគម្រោងទឹកស្អាតនិងអនាម័យ (WASH) របស់អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI) ដែលបានទទួលថិវិកាឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក USAID ។ វគ្គអប់រំនេះមានគោលបំណងបញ្ជូនសារអំពីទឹកពិសារសុវត្ថិភាព ដើម្បីលើកទឹកចិត្តនៅក្នុងការជ្រើសរើសដំណោះស្រាយទឹកស្អាតសម្រាប់គ្រួសារនៅក្នុងខេត្តកំពង់ស្ពឺ។
ក្នុងរយៈពេលនៃគម្រោងនេះ ភ្នាក់ងារសហគមន៍ របស់ PSI បានអប់រំដល់ប្រជាជនចំនួន ៣៥ ៨៤៥ មកពីគ្រួសារចំនួន ២៩ ៧០៧ ដោយប្រើប្រាស់ឧបករណ៍ទាន់សម័យ ដើម្បីលើកទឹកចិត្តសមាជិកសហគមន៍ឲ្យប្រើប្រាស់ទឹកពិសារ ដែលមានសុវត្ថិភាពដូចជាទឹកម៉ាក អូវី (O-We) និងចម្រោះទឹកម៉ាក សយ័រ (Sawyer)។
ក្នុងចំណោមអ្នកចូលរួមក្នុងវគ្គអប់រំនោះ ក៏មានបងប្រុស លន់លីន ដែលជាកសិករមកពីស្រុកថ្ពង និងជាមេគ្រួសារដែលមានសមាជិក៥នាក់។ បងប្រុសធ្លាប់ត្រងយកទឹកភ្លៀងសម្រាប់ពិសារដោយមិនបានឆ្លងកាត់ការបន្សុទ្ធជាមុនទេ។
“យើងផឹកទឹកភ្លៀងដែលស្តុកទុកនៅក្នុងពាងក្រៅផ្ទះ ប៉ុន្តែបន្ទាប់ពីបានរៀនពីភ្នាក់ងារសហគមន៍ ខ្ញុំដឹងថាការពិសារទឹកឆៅបណ្តាល់ឲ្យមានហានិភ័យជំងឺផ្សេងៗ។ ខ្ញុំបានទិញធុងចម្រោះទឹកម៉ាក Sawyer ដែលពិតជាអាចកាត់បន្ថយពេលវេលាដែលចំណាយលើការស្វែងរកអុសដើម្បីដាំទឹកបានយ៉ាងច្រើន ហើយយើងមានពេលវេលាច្រើនដើម្បីធ្វើស្រែចំការ” បងប្រុសបាននិយាយដោយបង្ហាញធុងចម្រោះទឹកដែលគាត់ទើបនឹងទិញយ៉ាងមានមោទនភាព។
បងស្រី សុខេង អាយុ៥៥ នៅស្រុកភ្នំស្រួច ក៏បានចែករំលែកពីអារម្មណ៍ដូចគ្នានេះដែរ។ ក្នុងនាមជាស្ត្រីមេផ្ទះដែលស្រលាញ់គ្រួសារម្នាក់ ហើយមានចៅដែល១០នាក់ ដែលចូលចិត្តរត់លេង គាត់បានព្យាយាមធ្វើយ៉ាងណាបំពេញតម្រូវការទឹកអោយពួកគេ ប៉ុន្តែការដែលត្រូវដាំទឹកសម្រាប់ពួកគេ ហាក់បីដូចជាការងារដែលមិនចេះចប់មិនចេះហើយ។ “ខ្ញុំបានផ្តើមប្រើប្រាស់ទឹកអូវី ក្រោយពីបានចូលរួមវគ្គអប់រំមួយរបស់ភ្នាក់ងារសហគមន៍ ហើយចៅៗរបស់ខ្ញុំលែងមានជំងៃរាគទៀតហើយ” នេះជាសម្តីរបស់បងស្រី។ គាត់បានបន្ថែមទៀតថា “អ្នកជិតខាងរបស់ខ្ញុំទាំងអស់ប្រើទឹកអូវីនេះ ដូចច្នេះវាជាការល្អ ប្រសិនបើអ្នកផ្គត់ផ្គង់អាចបញ្ជូនទឹករៀងរាល់៣ថ្ងៃម្តង។
បន្ថែមពីលើកិច្ចសហការណ៍យ៉ាងជិតស្និតជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ប្រចាំខេត្តកំពង់ស្ពឺ PSI បានធ្វើការជាមួយអង្គការទឹកស្អាត១០០១ សហគ្រាសសង្គមហាយដ្រូឡូជីក និងអង្គការស្អាតកម្ពុជា ដើម្បីផ្តល់ទឹកអូវី ធុងចម្រោះទឹកសូភើទន្សាយ និងធុងចម្រោះទឹកម៉ាក Sawyer ដើម្បីគាំទ្រដល់សហគមន៍ អោយមានសុខភាពល្អ នៅក្នុងខេត្តកំពង់ស្ពឺ។