កិច្ច​​ប្រជុំ​​ប្រចាំ​​ឆ្នាំ​​២០១៩​ នៃបណ្តាញ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជម្ងឺ​សញ្ញា​ព្រះ​អាទិត្យ

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០១៩ នៃ​សមាជិក​បណ្តាញ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជម្ងឺ​សញ្ញា​ព្រះ​អាទិត្យ (SQHN) ដែល​​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៩ ខែកក្កដា​​កន្លង​ទៅ​នេះ ​គឺជា​ការ​ជួបជុំ​ដ៏​ធំ​មួយ និង​ផ្តល់​ឱកាស​ដ៏​ល្អ សម្រាប់​សមាជិក​បណ្តាញ​ ដែល​ភាគច្រើន​ពួកគាត់​គឺ​ជា​ឆ្មប ដើម្បី​ស្វែង​យល់​ពត៌មាន​ថ្មី​ៗ នៅ​ក្នុង​វិស័យ​ពន្យារ​កំណើត និង​សុខភាព​បន្តពូជ។ កិច្ច​ប្រជុំ​នោះ​មាន​ការ​ធ្វើ​បទបង្ហាញ ដោយ​បុគ្គលិក​របស់​អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន/កម្ពុជា (ភី អេស អាយ/កម្ពុជា) និង​មន្ត្រី​មក​ពី​ក្រសួង​សុខាភិបាល​ផងដែរ​។ ប្រធានបទ​នៃ​បទបង្ហាញ មាន​ដូចជា​ប្រព័ន្ធ​ HIS ៣.០ និង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ព្រម​ទាំង​ផលិតផល​ពន្យារ​កំណើត​ផង​ដែរ​។

ឯកឧត្តម​សាស្ត្រាចារ្យ​អេង​ហួត រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បាន​ថ្លែង​សុន្ទរកថា​បើក​​កិច្ច​ប្រជុំ។ ឯកឧត្តម​​បាន​មាន​ប្រសាសន៍​ថា SQHN គឺ​ជា​​ឧទាហរណ៍​ដ៏​ល្អនៃ​ការ​សហការ​គ្នា​ដ៏​មាន​ប្រសិទ្ធិភាព​ជាមួយ​នឹង​វិស័យ​ឯកជន ដែល​ជា​វិស័យ​មួយ​កំពុង​រីកលូតលាស់ សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ឯកឧត្តម​ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​​​ការ​​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជិវៈ ពី​សំណាក់​​អ្នក​ផ្តល់​សេវា​សុខភាព​ និង​លើក​ទឹកចិត្ត​អោយ​អ្នក​ចូល​រួម​ទាំង​អស់​បន្ត​​ខិត​ខំ​បង្កើន​សមត្ថភាព​អោយ​​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ទាំង​ចំណេះ​ដឹង និង​ជំនាញ​ ដើម្បី​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​។

​SQHN គឺ​ជា​បណ្តាញ​អ្នក​ផ្តល់​សេវា​សុខភាព​ឯកជន ដែល​បច្ចុប្បន្នមាន​​សមាជិក​​ចំនួន ២២០ ​នៅ​ក្នុង ២២ខេត្ត​-​រាជធានី ​និង​មាន​ផ្តល់សេវា​ ការ​ប្រឹក្សា និង​ផលិតផល ពន្យារ​កំណើត​ ក្នុង​តម្លៃ​សមរម្យ​ សម្រាប់​ប្រជាជន​កម្ពុជា ដែល​មាន​ប្រាក់​ចំណូល​ទាប​។ នៅ​ក្នុង​ឆ្នាំ​២០១៨ ​អ្នក​ផ្តល់​សេវា SQHN បាន​ដាក់​កង​ក្នុងស្បូនដល់ស្រ្តីចំនួន ១៩ ៧២៨​នាក់ និង​កង​ដាក់​ក្រោម​ស្បែក​ចំនួន ២ ៥៥១​នាក់។ ​​លោក​ស្រី​ ជី សុជាតិ នាយិកា​ប្រចាំ​ប្រទេស​របស់​អង្គការ​ ភី អេស អាយ បាន​លើក​សរសើរ​ដល់​សមាជិក​បណ្តាញ​​ ដែល​ធានា​បាន​នូវ​សេវាកម្ម​សុខភាព​​ល្អ និង​បាន​ថ្លែង​អំណរគុណ​ ដល់​ការ​គាំទ្រ របស់​​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​មាន​ដូចជា មជ្ឈមណ្ឌល​ជាតិ​គាំពារ​សុខភាព​មាតា​​និង​ទារក កម្មវិធី​ជាតិ​សុខភាព​បន្តពូជ មន្ទីរ​សុខាភិបាល​ខេត្ត​-​រាជធានី ស្រុក​ប្រតិបត្តិ និង កម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្រ្តី​និង​កុមារ​ (CCWC)។

អ្នក​ចូលរួម​ថត​ជាមួយ​ឯកឧត្តម​សាស្ត្រាចារ្យ​អេង​ហួត បន្ទាប់​ពី​បញ្ចប់​កម្មវិធី​បើក

ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី

ការ​ដាក់​តាំង​ផលិត​ផល​របស់​ PSI

អ្នក​ចូលរួម​លើក​ដៃ​ឆ្លើយ​សំនួរ បន្ទាប់​ពី​បទបង្ហាញ