ការ​ធ្វើឱ្យ​មានភាពងាយស្រួល ដល់ការដែលម្តាយទទួលបានព័ត៌មានសុខភាព

ប្រព័ន្ធឆ្លើយតបសំឡេងអន្តរកម្ម (ឬប្រព័ន្ធ IVR) គឺជាវិធីដ៏ប្រយោជន៍សម្រាប់ផ្តល់ព័ត៌មានសុខភាព។ គម្រោង PHB បានប្រើប្រព័ន្ធនេះ សម្រាប់កម្មវិធី “គ្រួសារប្រពៃ កូនវៃឆ្លាត” ដែលជាកម្មវិធីលើកទឹកចិត្តឱ្យម្តាយចុះឈ្មោះដើម្បីទទួលបានសារជាសំលេងដោយស្វ័យប្រវត្ដិ ស្តីពីការសម្រាលកូន និងការថែទាំកូនដែលទើបនឹងកើត រំលឹកដល់ម្តាយអំពីឥរិយាបថសំខាន់ៗដែលទាក់ទងនឹងអាហារូបត្ថម្ភ ការពិនិត្យសុខភាពមុនសម្រាល និងក្រោយសម្រាល ការបំបៅកូនដោយទឹកដោះម្តាយ ។ល។

ខណៈពេលដែលគម្រោងទទួលបានមតិល្អៗពីម្តាយនិងឆ្មប អំពីប្រព័ន្ធ IVR នេះ បានជួយស្ត្រីមានផ្ទៃពោះ និងម្តាយដែលមានកូនតូច ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ របស់ទារកនិងម្តាយ ក៏មានការបារម្ភទាក់ទងនឹងភាពងាយស្រួលក្នុងការទទួលបានសេវាជាសារសំលេងនេះ ព្រមទាំងប្រសិទ្ធិភាពក្នុងការចំណាយទៅលើប្រព័ន្ធនេះ។

ការ​កាត់បន្ថយនូវបន្ទុកការងាររបស់គម្រោង និងការចំណាយ

ដូចច្នេះហើយ ក្រុមការងារគម្រោង PHB បានផ្តួចផ្តើមវិធីសាស្រ្តផ្សេងដើម្បីធានាថាស្ត្រីបានទទួលបានព័ត៌មានប្រកបដោយភាពងាយស្រួល កាត់បន្ថយបន្ទុកក្នុងការសម្របសម្រួល និងការចំណាយលើប្រព័ន្ធនេះ និងដើម្បីធានាបាននូវនិរន្តរភាព។ វិធីសាស្រ្តថ្មីប្រើប្រាស់វីដេអូដែលបានបញ្ចូលទៅក្នុងបញ្ជី YouTube ហើយមណ្ឌលសុខភាពលើកទឹកចិត្តឱ្យស្ត្រីស្កេនកូដ QR ដែលបានផ្តល់ដោយគម្រោង ដើម្បីចូលទស្សនាវីដេអូដែលមាននៅក្នុងបញ្ជី Youtube នោះ ដែលអាចឱ្យស្ត្រីស្តាប់ឬទស្សនានៅពេលណាក៏បាន។

ការសហការជាមួយឆ្មប

វិធីសាស្រ្តនេះគឺសាមញ្ញហើយមានប្រសិទ្ធភាពណាស់ ដែលធ្វើឱ្យក្រុមការងារគម្រោងបានប្រើប្រាស់វិធីសាស្ត្រដដែលនេះ សម្រាប់កម្មវិធីមួយផ្សេងទៀត ដែលជាកម្មវិធីផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម (SBC) ផ្តោតទៅលើការបំបៅកូនដោយទឹកដោះម្តាយ។ កម្មវិធីថ្មីនេះ ដែលមានឈ្មោះថា “ម្តាយគំរូ” នឹងធ្វើការជាមួយឆ្មបមកពីមណ្ឌលសុខភាពចំនួន ៤០ នៅរាជធានីភ្នំពេញ។

ដើម្បីជាការចាប់ផ្តើមកម្មវិធីថ្មីនេះ គម្រោង PHB បានធ្វើសិក្ខាសាលារយៈពេល ៣ ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៤ ស្តីពី “ឧបករណ៍ផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ស្តីពីសុខភាពមាតានិងទារក និងអាហារូបត្ថម្ភ” ដែលនៅក្នុងឱកាសនោះ សិក្ខាកាមជាឆ្មបបានទទួលបានជំនាញ ក្នុងការប្រើប្រាស់សំភារៈ SBC ជាមួយម្តាយ ជាលក្ខណៈមួយទល់មួយ (ឬជាក្រុម)។ នៅក្នុងសិក្ខាសាលានោះផងដែរ អ្នកគ្រូនិងលោកគ្រូជាឆ្មបត្រូវបានណែនាំអំពីការប្រើប្រាស់បញ្ជីចាក់វីដេអូ ក្នុង Youtube ដើម្បីឱ្យ ស្ត្រីយល់ដឹងអំពីការបំបៅកូនដោយទឹកដោះម្តាយ សុខភាពមាតានិងកុមារ និងអាហារូបត្ថម្ភ។ ក្រៅពីនោះ សិក្ខាសាលាក៏ជួយបង្កើនការយល់ដឹងរបស់ឆ្មប ស្តីពីអាហារូបត្ថម្ភក្នុងអំឡុងពេលមានផ្ទៃពោះ សារៈសំខាន់ក្នុងការដាក់ឱ្យកូនប៉ះសាច់ម្តាយ ការអនុវត្តការបំបៅកូន ការឱ្យអាហារបន្ថែម និងដំណាក់កាលអភិវឌ្ឍន៍នៃកុមារ។

នេះជាសកម្មភាពខ្លះៗនៃវគ្គបណ្ដុះបណ្ដាល “ការប្រើប្រាស់សម្ភារប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្ដូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារក និងកុមារតូចៗ” សម្រាប់ឆ្មប មកពីមណ្ឌលសុខភាពចំនួន២២ នៅទីក្រុងភ្នំពេញ ។

វគ្គបណ្ដុះបណ្ដាលនេះជួយឲ្យពួកគាត់ទទួលបានជំនាញក្នុងការផ្តល់ប្រឹក្សាដល់ស្ត្រី ទាក់ទងនឹងអាហារូបត្ថម្ភ ស្បែកប៉ះស្បែក ការបំបៅកូនដោយទឹកដោះម្តាយ ការផ្តល់អាហារបន្ថែម និងការតាមដានការរីកលូតលាស់ និងការអភិវឌ្ឍន៍របស់កុមារ។

លើសពីនេះទៅទៀត សិក្ខាកាមក៏ទទួលបាននូវជំនាញជាក់ស្តែង ក្នុងការប្រើឧបករណ៍/សម្ភារអប់រំដើម្បីផ្លាស់ប្តូរឥរិយាបថ សម្រាប់ការប្រាស្រ័យទាក់ទង និងការអប់រំប្រកបដោយប្រសិទ្ធភាព កំឡុងពេលពិគ្រោះយោបល់មួយទល់មួយ (ឬជាក្រុម) ជាមួយស្ត្រី ។