ក្រលេកទៅមើលប្រិមប្រិយ PSI និងសុខភាពប្រជាជនកម្ពុជា

អត្ថបទនេះ​ត្រូវបាន​ចុះផ្សាយ​ដំបូង នៅវែបសាយ​របស់ Brains Communication.

មិន​ថា​ការបើក​បរ​ដោយ​សុវត្ថិភាព ការ​ផឹកគ្រឿង​ស្រវឹង ការ​កាត់បន្ថយ​ការ​ជក់បារី ឬ​ការ​ចោល​សំរាម​នោះទេ ការ​ធ្វើ​ឲ្យ​មាន​​ឥទ្ធិពលលើឥរិយាបថ​របស់មនុស្ស គឺតែងតែជាបញ្ហាប្រឈមដ៏លំបាក ប៉ន្តែ​មិនមែន​មាន​ន័យ​ថា​វាមិន​អាច​ទៅរួច​នោះទេ​។ មានយុទ្ធសាស្ត្ររឹងមាំ ដែលអ្នកជំនាញបានបង្កើតតាមរយៈការស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ ដែលផ្តល់នូវផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថ​របស់មនុស្ស តាមវិធី​ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ និងសង្គម។

យុទ្ធសាស្ត្រ “គំរូអេកូឡូស៊ីសង្គម (SEM)” គឺជាឧទាហរណ៍ដ៏សំខាន់មួយ។

យុទ្ធសាស្ត្រ​នេះ ត្រូវបាន​បង្កើត​ឡើង​នៅ​ចុង​ទសវត្សរ៍ឆ្នាំ ១៩៧០ ដោយអ្នកចិត្តវិទ្យា​ម្នាក់​ មោះ Urie Bronfenbrenner ដោយ​យុទ្ធសាស្ត្រ​នេះ កំណត់ថាឥរិយាបថ​​របស់មនុស្សត្រូវបានតម្រង់ទិសដោយឥទ្ធិពលជាច្រើនកម្រិត៖ បុគ្គល អន្តរបុគ្គល សហគមន៍ និងសង្គម។ នៅកម្រិតនីមួយៗ ឥរិយាបថគោលដៅត្រូវបានជ្រើសរើស ឧបសគ្គក្នុងការសម្រេចបាននូវគោលដៅទាំងនេះត្រូវបានកំណត់ ហើយអន្តរាគមន៍ចាំបាច់ដើម្បីជំរុញការផ្លាស់ប្តូរត្រូវបានបង្កើតឡើង។ យុទ្ធសាស្ត្រ​នេះ គឺជាការទទួលស្គាល់នៃកត្តាដ៏ស្មុគស្មាញ ដែលតម្រង់ទិសឥរិយាបថ​របស់មនុស្ស និងវិធីសាស្រ្តដែលចាំបាច់ដើម្បីមានឥទ្ធិពលលើពួកគេ។

ដូច្នេះនៅពេលដែលអង្គការ​អន្តរជាតិ​បំរើសុខភាពប្រជាជន (PSI) ចាប​ដំណើរការ “ប្រិមប្រិយ” ដែលជាយុទ្ធនាការផ្លាស់ប្តូរឥរិយាបថ​បុគ្គល​និង​សង្គម (SBC) ដើម្បីលើកកម្ពស់ការ​រស់នៅប្រកប​ដោយ​សុខុមាល​ភាព និងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា គេ​មិនភ្ញាក់ផ្អើលទេ ដែលយុទ្ធសាស្ត្រ​ SEM ត្រូវបាន​យក​មក​ប្រើប្រាស់​។

ជាតំបូង PSI បាន​ស្វែងយល់ពីមូលហេតុដែលនៅពីក្រោយការកើនឡើងនៃជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ក្នុងប្រទេសកម្ពុជា។ របកគំហើញសំខាន់មួយគឺការទទួលទានអាហារដែលមានជាតិប្រៃខ្ពស់ និងទម្លាប់ទទួលទានអាហារមិនល្អផ្សេងទៀត ដែលនាំឱ្យកម្រិតសូដ្យូមខ្ពស់ ដែលជាមូលហេតុនាំឱ្យកើតជំងឺលើសឈាម។ នេះបាននាំឱ្យមានការកំណត់អត្តសញ្ញាណឥរិយាបថគោលដៅនៃការបញ្ឈប់ប្រជាជន​ពីការបន្ថែមអំបិលទៅក្នុងចាននៅពេលចម្អិនអាហារ ខណៈដែលឥរិយាបថ​បុគ្គលនិងគ្រួសាររបស់​គេទាក់ទង​នឹង​រសជាតិ និងកម្រិតអំបិលសមស្រប គឺជាឧបសគ្គក្នុងការផ្លាស់ប្តូរ ហើយការបង្កើនចំណេះដឹងអំពីទំនាក់ទំនងរវាងអាហារប្រៃ កម្រិតសូដ្យូមខ្ពស់ និងជំងឺលើសឈាម គឹជា​អន្តរាគមន៍របស់​យុទ្ធនាការ​នេះ​។

ការជៀសវាងអាហារមានជាតិខ្លាញ់ ការញ៉ាំផ្លែឈើនិង​បន្លែ​ស្រស់ៗ និងហាត់ប្រាណឲ្យបានច្រើន គឺជាធាតុផ្សំទាំងអស់នៃយុទ្ធនាការនេះ​។ នៅពេលដែល PSI កំណត់អត្តសញ្ញាណគោលដៅ​ឥរិយាបថ ឧបសគ្គ និងអន្តរាគមន៍ សម្រាប់សុខភាពនីមួយៗហើយ យើង​បានបង្កើតយុទ្ធសាស្ត្រផ្សេងៗគ្នា សម្រាប់​ក្រុម​ប្រជាជន​គោលដៅ និងចែករំលែកព័ត៌មានដែលនឹងនាំឲ្យ​មាន​ឥរិយាបថ​និងទម្លាប់ ដែលនាំ​ឲ្យ​មាន​​សុខភាពល្អជាងមុន។

តាមរយៈការធ្វើតេស្តជាមុនតាមរយៈកម្រងសំណួរដែលផ្តោតលើប្រជាជនគោលដៅ ដែលវាស់វែងការយល់ដឹង ការទទួលយក ភាពជឿជាក់ និងការបញ្ចុះបញ្ចូលនៃសារដែលមានសក្តានុពល យុទ្ធនាការដ៏ទាក់ទាញមួយត្រូវបាន​បង្កើត​ឡើង​ ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថ។

ដោយសារតួនាទីដ៏ធំរបស់ Facebook នៅប្រទេសកម្ពុជា បណ្តាញសង្គមនេះគឺជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងអប់រំសុខភាព ដែលជាបេះដូងនៃយុទ្ធនាការ “ប្រិមប្រិយ” ។ ការ​​បង្ហាញនូវ​រូបភាព​ពិត​នៃ​ឥរិយាបថ​ប្រកប​ដោយ​សុខុមាល​ភាព ​​ពិត​ជាមានសារៈសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរ។ ការបង្កើតរឿងវីដេអូដែលមានគុណភាពខ្ពស់ និង​ពណ៌នាអំពីមនុស្សប្រចាំថ្ងៃ ដែលប្រជាជន​គោលដៅអាចយយល់ ទាក់ទងនឹងការទទួលទានអាហារដែលធ្វើឲ្យមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណ គឺជាជម្រើសដ៏ល្អ។ ដូចគ្នានេះដែរ យុទ្ធនាការ​នេះ​ប្រើប្រាស់​ជន​ល្បី​ឈ្មោះ​នៅ​កម្ពុជា ដើម្បី​ដើរ​តួនាទី​ជា​ប្រភព​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន។ នេះ​ជា​ការ​ជួយ​ឲ្យ​សារ​អប់រំ​សុខភាព​របស់​យុទ្ធនាការ អាចជ្រាបទៅដល់ប្រជាជន ដើម្បីឲ្យ​គាត់​បញ្ឈប់​នូវ​ឥរិយាបថ​ដែល​មិមាន​សុខុមាលភាព ហើយ​ចាប់​យកការ​រស់នៅ​ដែល​នាំឲ្យមាន​សុខភាព​ល្អវិញ​។

ជាចុងក្រោយ អង្គការ PSI បាន​រៀបចំ​កម្មវិធី​នៅ​តាម​សហគមន៍ នៅ​ទីតាំង​ដែល​មាន​មនុស្ស​ច្រើន ដូចជា​នៅ​តាម​ផ្សារ និង​សួនសាធារណៈ ដែល​ធ្វើឲ្យការ​បញ្ជូនសារ​សុខភាព​ធ្វើទៅ​បាន​សម្រេច។ ការ​បញ្ជូនសារ​នេះ គឺ​វា​លើស​ពីការ​ប្រាប់​ប្រជាជន​អំពី​សារសំខាន់​នៃ​ទំលាប់​ដែល​ធ្វើឲ្យ​មាន​សុខភាព​ល្អ ដូចជា​តាមរយៈ​ការ​សន្ទនាផ្ទាល់ និង​ខិតបណ្ណផ្សព្វផ្សាយ។ កម្មវិធីទាំង​នេះ​អាច​ភ្ជាប់​ទំនាក់ទំនង​ទៅប្រជាជន​គោលដៅ ដោយ​ប្រើប្រាស់​សកម្មភាព​សប្បាយ​ៗ ដូចជា​ការ​រាំ ការ​ហាត់ប្រាណ ល្បែង​សំនួរ និង​ការ​បង្ហាញ​អំពីការ​ចម្អិនអាហារ​ជាដើម​។

ការ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបថ គឺមិនងាយ​ស្រួលទេ ប៉ុន្តែយុទ្ធសាស្ត្រ SEM បាន​ផ្តល់​នូវ​វិធីសាស្ត្រ​ច្បាស់លាស់​ ដែល​អាច​ធ្វើតេស្ត វិភាគ កែតម្រូវធ្វើ​ឲ្យ​ល្អជាងមុនបាន។ ដូចច្នេះ​ហើយ ទើប​យុទ្ធនាការ​ “ប្រិមប្រិយ” ក្លាយ​ជាវិធី​ដ៏​ជោគជ័យមួយ​ ក្នុងការ​ជួយ​ដល់​ប្រជាជន និង​សហគមន៍របស់​ពួកគាត់​។

ប្រសិន​បើ​លោកអ្នក​ចាប់​អារម្មណ៍ចង់​ស្វែងយល់បន្ថែម​អំពីអង្គការ PSI យុទ្ធនាការប្រិមប្រិយ និង​កិច្ចសហការ​ដែល​ក្រុមហ៊ុន Brains Communication បាន​ធ្វើសម្រាប់​យុទ្ធនាការ​នេះ សូមចូលមើល​នៅទីនេះ

* យុទ្ធនាការប្រិមប្រិយ គឺជា​ផ្នែក​មួយ​នៃ​គម្រោងលើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព (PHB) ដែលជា​គម្រោង​ផ្តោតទៅលើការផ្លាស់​ប្តូរ​ឥរិយាបថ​បុគ្គល​និង​សង្គម ​ចាប់ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨ ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ។ គោលដៅ​របស់​គម្រោង​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ឥរិយាបថ​សុខភាព​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា និង​ធានា​ឲ្យ​បាន​ថា ប្រជាជន​កម្ពុជា​ស្វែង​រក និង​ទទួល​បាន​សេវា​សុខភាព ដែល​ប្រកប​ដោយ​គុណភាព ដោយ​កាត់​បន្ថយ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​។ ដំបូង​ឡើយ គម្រោង PHB ផ្តោត​ទៅ​លើ​វិស័យ​សុខភាព​ធំ​ៗ​ចំនួន​៦​គឺ​៖ សុខភាព​មាតា​និង​ទារក អាហារូបត្ថម្ភ ទឹក​ស្អាត​និង​អនាម័យ ការ​ពន្យារ​កំណើត ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់​។ ក្នុង​ឆ្នាំ​២០២០ និង ២០២១ គម្រោង PHB បាន​អនុវត្ត​សកម្មភាព​ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ។ នៅ​ចុង​ឆ្នាំ​២០២១ ជំងឺ​មិន​ឆ្លង ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សកម្មភាព​របស់​គម្រោង ហើយ​រយៈពេល​របស់​គម្រោង​ត្រូវ​បាន​បន្ត ដល់​ឆ្នាំ​២០២៥ ។