ដើម្បីយុវវ័យ ដោយយុវវ័យ

និយាយដោយបើកចំហរអំពីការរួមភេទ ទំនាក់ទំនង និងរាងកាយ

សៅសុភនាថ អាយុ២៥​ឆ្នាំ បាន​និយាយថា “ខ្ញុំ​បាន​​រៀននៅក្នុង​ថ្នាក់ជីវវិទ្យា​ អំពី​រាងកាយ​មនុស្ស និង​ផ្នែកនៃការបន្តពូជ​ជាដើម ប៉ុន្តែ​នៅពេល​នោះ មិន​មាន​ការ​បង្រៀន​អំពីស៊ីជំរៅអំពីចំណោះដឹងទាក់ទងផ្លូវភេទទេ។”

ក្នុង​នាម​ជាសហ​ស្ថាបនិក​ម្នាក់នៃ​ “​ដុះស្លាប” ដែលជា​វេទិកាផ្សព្វផ្សាយ​ឌីជីថល​មួយ ផ្តោត​ទៅលើ​សិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ (SRHR) របស់​យុវវ័យ សៅសុភនាថ​កំពុង​តែកសាង​ការ​អប់រំ​ដល់​មនុស្ស​វ័យក្មេង ដែល​ជាអ្វី​ដែល​គាត់​គួរទទួល​បាន​ កាល​ដែល​គាត់នៅ​វ័យ​ជំទង់។

ដោយ​ធំធាត់​ឡើង​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា ការ​សិក្សាអប់រំ​អំពី SRHR របស់​គាត់​មិន​ខុស​ពី​ស្ត្រី​វ័យ​ក្មេង​នៅ​កម្ពុជា​ដទៃ​ទៀត​ទេ។ ការ​និយាយ​អំពី​ការ​រួមភេទ ការ​ពន្យារកំណើត សុខភាព​រដូវ និង​ប្រធាន​បទអំពី SRHR ដទៃទៀត​ជាប្រធានបទ​ដែល​មិន​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​នារី​វ័យក្មេងនិយាយទេ ដែល​ធ្វើឲ្យ​ នារី​វ័យ​ក្មេង​ជាច្រើន​មិនមាន​ព័ត៌មាន​មូលដ្ឋាន​ទាំងនេះ និង​មានសំនួរដូចជា​៖

  • មធ្យោបាយពន្យារកំណើតបែបទំនើបណាខ្លះដែលអាចការពារជំងឺកាមរោគ?
  • តើគេអាចទទួលសេវាកម្មពន្យារកំណើតនៅទីណាដែរ?
  • តើកងដាក់ក្នុងស្បូន (IUD) អាចចល័តក្នុងរាងកាយបានដែរឬទេ?
  • ប្រសិនបើខ្ញុំមានផ្ទៃពោះ តើទារកនឹងកើតមកមានកងដាក់ក្នុងស្បូន (IUD) នៅក្នុងខ្លួនមែនទេ?
  • តើមានស្រោមអនាម័យសម្រាប់ស្ត្រីឬទេ?

ដោយមិនមាន​ការអប់រំ​អំពីការរួមភេទនៅ​សាលា ធ្វើឱ្យ​ឪពុកម្តាយ និង​មនុស្សពេញវ័យដទៃទៀតគេទុកចិត្ត​បាន ក្លាយ​ទៅ​ជាប្រភពព័ត៌មាន​ចំបង សម្រាប់​យុវវ័យ​នៅកម្ពុជា។ ប៉ុន្តែ​នៅពេល​គាត់​ត្រូវការ​ព័ត៌មាន​អំពី​ប្រធានបទ​គាត់​មិនអាច​ទទួល​បាន​ពី​មនុស្ស​ធំទាំងនោះ យុវវ័យ​ត្រូវការ​វេទិកាមួយ​ដែល​មានសុវត្ថិភាព និង​មិនមាន​ការវាយតម្លៃមិនល្អចំពោះគាត់ ដើម្បី​ពួកគាត់​អាច​ស្វែងយល់​បន្ថែម។

ក្រុមការងារ “​ដុះស្លាប” ក៏បង្កើត​ឱ្យ​មាន​វេទិកានេះ​ឡើង។

ដោយ​ធ្វើជា​ដៃគូ​ជាមួយ​គម្រោងលើកកម្ពស់ឥរិយាបថ​ប្រកបដោយ​សុខុមាភាព (PHB) ដែល​បាន​ផ្តល់​នូវ​ការ​គាំទ្រផ្នែក​បច្ចេកទេស និង​ទិន្នន័យ​ផ្សេងៗ “​ដុះស្លាប” បាន​អនុវត្ត​យុទ្ធនាការ​ដ៏​មាន​ភាពជោគជ័យ​មួយ ដើម្បី​ជួយ​ដល់​យុវវ័យ​កម្ពុជា ទទួល​បាន​នូវ​ព័ត៌មាន​ដែលរក្សាការ​សំងាត់និង​អាចទុកចិត្ត​បាន អំពី​ការ​រួមភេទ ទំនាក់ទំនង និង​រាងកាយ​មនុស្ស​។

ការងារ​របស់​ “​ដុះស្លាប” ត្រូវបាន​ទទួល​ស្គាល់​ដោយគម្រោង PHB ដែល​ជា​គម្រោង​ទទួលថវិកា​ពី USAID ចំពោះ​កិច្ច​ខិតខំប្រឹងប្រែងក្នុងការ​លើកំពស់ការ​យល់ដឹង​អំពី SRHR តាមរយៈប្រព័ន្ធអ៊ីនធើនែត ដែល​បានទៅដល់​យុវវ័យកម្ពុជាប្រមាណ ៨០០០ ០០០ នាក់។

ដុះស្លាប និង PHB បានរួម​គ្នា ដើម្បីពង្រីក​ការងារ​នេះ ដោយ​បាន​បង្កើន​ចំនួនអ្នកដែល​បាន​ទទួល​សារ​អប់រំ​ ដល់​ទៅ​រាប់លាននាក់ តាមរយៈប្រព័ន្ធអ៊ីនធើនែត។

ជជែកអំពីប្រធានបទរសើប

តាមរយៈភាពជាដៃគូជាមួយ​គម្រោង PHB យុទ្ធនាការ​ “ពីរនាក់​បាន​ហើយ” ត្រូវបាន​បង្កើត​ឡើង​ដើម្បីច្រានចោល​នូវ​ការយល់ខុស​ផ្សេងៗ និង​ផ្តល់ព័ត៌មាន​អប់រំ​យុវវ័យ​នៅ​កម្ពុជា អំពី SRHR និង​មធ្យោបាយ​ពន្យារកំណើតទំនើប។ ដោយសារ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​យុវវ័យ​កម្ពុជា ដុះស្លាប​បាន​ប្រើប្រាស់​ហ្វេសប៊ុក​ជាវេទិកាចំបងនៃ​យុទ្ធនាការ​នេះ ក្រៅពីនោះ​ក៏មាន​ Youtube channel វែបសាយ និង​ chatbot ផងដែរ។ ការ​ប្រើប្រាស់​ប្រព័ន្ធ​ទាំងនេះ បាន​ជួយឱ្យ​យុទ្ធនាការ​នេះ បាន​ទៅដល់​មនុស្ស​វ័យក្មេង​នៅ​កម្ពុជា តាមរយៈវេទិការ​ដែល​ពួកគេ​ប្រើប្រាស់​ស្រាប់​ក្នុងការទទួល​បាន​ព័ត៌មាន​ផ្សេងៗ​។

យុទ្ធនាការ​នេះ​មានគោលដៅដូចតទៅ៖

  • លើក​កម្ពស់​ការ​យល់​ដឹង – មាតិកា​ជា​ពហុប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​ការ​យល់​ដឹង​លើ​សារ​សំខាន់​ៗនៃ SRHR ដោយរួមមានសំនួរចំលើយ អត្ថបទ​អប់រំ ការសន្ទនា និង​វីដេអូ​ខ្លីៗ ធ្វើឡើងដើម្បីជាការ​ចាប់ផ្តើម​ឱ្យមានការជជែក និងចែករំលែកព័ត៌មានអំពីការពន្យារកំណើត​បែបទំនើប​ ។
  • ការ​ចូលរួម​ពីយុវវ័យ – យុទ្ធនាការ​នេះ​មានបំណង​សម្របសម្រួល​ឲ្យ​មាន​ការ​សន្ទនាអំពី SRHR ដើម្បី​ជួយ​ក្នុងការ​ឲ្យ​មាន​ការចូលរួម​ពី​យុវវ័យ។ ឧទាហរណ៍ chatbot បាន​ផ្តល់​ឲ្យ​យុវវ័យ​នូវ​ឱកាស​ក្នុងការ​សួរសំនួនិង​ពិភាក្សា​សំនួរ​ដែល​ទាក់ទង​នឹង SRHR នៅ​ក្នុង​វេទិកាមួយ​ដែលមាន​សុវត្ថិភាព និង​មិនមាន​ការ​វាតម្លៃមិនល្អ។
  • ការជំរុញ​សកម្មភាព – ដើម្បីជួយពង្រីក​ការ​គ្របដណ្តប់​នៃវេទិកានេះ អ្នកប្រើប្រាស់ហ្វេសប៊ុកនិង​វែបសាយ ត្រូវបាន​លើកទឹកចិត្ត​ឲ្យចែករំលែកព័ត៌មាន និងបង្កើតជាការសន្ទនាគ្នា អំពីប្រធានបទ SRHR ។ ក្រៅពីនេះ យុទ្ធនាការក៏បាន​ផ្តល់​នូវ​ព័ត៌មានស្តីពីទីតាំងដែល​គេអាចទទួល​សេវា SRHR ផងដែរ។

យុទ្ធនាការ​ “ពីរនាក់​បាន​ហើយ” និង​ភាពជាដៃគូ​រវាង PSI និង​ដុះស្លាប គឺដើម្បី​ធានា​បាន​ថាមនុស្ស​វ័យ​ក្មេងនៅ​កម្ពុជា មាន​ការ​គាំទ្រ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដែល​នាំ​ឱ្យ​មាន​អត្ថប្រយោជន៍ដល់​សុខភាព​ សុខុមាលភាព និងអនាគត។ PSI​ ធ្វើការ​បង្កើន​សមត្ថភាព​របស់​ដុះស្លាប​និង​ថវិកា សម្រាប់​បង្កើត​មាតិកា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ព្រមទាំង​ផ្សារភ្ជាប់​ពួកគេ​ទៅ​អ្នក​ជំនាញផ្នែក​សុខភាព។ ដុះស្លាប​ ធានា​បាន​ថា​មាតិកា​នៃយុទ្ធនាការ​មាន​លក្ខណៈ​ទាក់ទាញ​និង​សមស្រប​សម្រាប់​យុវវ័យ​កម្ពុជា និង​ជួយ​កំណត់​យក​ influencers មក​ធ្វើជា​ដៃគូផង​ដែរ។

សម្រាប់​ដំណាក់កាល​ទី​១ យុទ្ធនាការ​នេះ​បាន​ប្រើប្រាស់​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និងមាតិកា​អប់រំ ដោយរួមមាន​វីដេអូ​ពីអ្នក​ជំនាញ​សុខភាព។ ដោយ​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ​ផងដែរ យុវជន​យុវនារី​បាន​ផ្ញើសំនួរ​ SRHR ជាអនាមិក ហើយ​ដុះស្លាប​បាន​ប្រើប្រាស់​សំនួរ​នេះដើម្បី​បង្កើត​មាតិកាថ្មីៗ​។ PSI ធ្វើការ​ជាមួយ​ដុះស្លាប​ដើម្បី​ផ្សព្វផ្សាយ​មាតិកា​ទាំងនេះ និង​បង្កើន​សហគមន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៃ​យុវជន​យុវនារី​កម្ពុជា។

ដោយដំណាក់កាលទី១ នៃយុទ្ធនាការនេះ​បាន​បញ្ចប់ទៅ​ហើយ ហើយដំណាក់កាលទី២ នៃយុទ្ធនាការនេះ​នឹង​បន្ត​ផ្តោត​ទៅលើ​មធ្យោបាយ​ទំនើប នៃការ​ពន្យារកំណើត ប៉ុន្តែ​ដំណាក់កាលទី២នេះ នឹង​ប្រើ​មាតិកាផ្សេងវិញ ដូចជា​ podcasts គំនូររឿង និង​ការធ្វើ​ដៃគូ​ជាមួយ​អ្នកបង្កើត​មាតិកាដទៃទៀត ក្នុង​ប្រទេស​កម្ពុជា​។ តាមរយៈកិចការ​ទាំងអស់​នេះ អង្គការ PSI នឹង​សម្របសម្រួល​ទំនាក់ទំនង ដើម្បីជួយដល់​ក្រុមការងារ​ដុះស្លាប ក្នុង​ការ​បង្កើន​ឥទ្ធិបាល​នៃកិច្ចការ​របស់​ខ្លួន ទោះបីជា​នៅពេលដែលយុទ្ធនាការ​នេះចប់ក៏ដោយ​។

ឥទ្ធិពលនៃកម្មវិធីសុខភាពដែល​ចូលរួមអនុវត្តដោយយុវជន

យុវជនគឺជាដៃគូ ក្នុងការបង្កើត ការសម្រេច និងការអនុវត្តយុទ្ធនាការនេះ ដោយធានាថាខ្លឹមសារ គឺបង្កើតឡើងដោយយុវជន និងសម្រាប់យុវជន។ ក្រុមការងាររបស់ ដុះស្លាប បានធានាថា សំណួរដែលបានផ្ញើពីទស្សនិកជនតាមរយៈប្រព័ន្ធអនឡាញ​ ត្រូវបានឆ្លើយតបទៅវិញ ហើយ​វេទិកាឌីជីថលដែលយុវជនកំពុងប្រើប្រាស់ស្រាប់ ត្រូវបានប្រើប្រាស់ និង ព័ត៌មានដែលបានចែករំលែក គឺមានប្រយោជន៍ ព្រមទាំងគួរឲ្យចាប់អារម្មណ៍ ពីសំណាក់អ្នកដែលមានអាយុស្របាលពួកគាត់ ។

ជាលទ្ធផល យុទ្ធនាការ “ពីរនាក់បានហើយ” បានទៅដល់មនុស្សជាង ៤,៣ លាននាក់ ក្នុងដំណាក់កាលដំបូងរបស់ខ្លួន ដោយមានអ្នកប្រើបណ្តាញសង្គមជាង ៣០ ០០០​ នាក់ នាក់បានចូលរួមបញ្ចេញមតិ ចែករំលែក និងចុចប៊ូតុង Like ហើយជាង ១៥ ០០០ នាក់បានចូលរួមមើលទំព័រវែបសាយរបស់យុទ្ធនាការនេះ។

សំខាន់បំផុតនោះ យើងបានយល់ដឹងដូចខាងក្រោម ដើម្បីធ្វើឱ្យការងារនេះ​ដំណើរការទៅមុខបន្តទៀត៖

  • វីដេអូដែលបង្កជាការចូលរួម គឺពេញនិយមខ្លាំង​ពីសំណាក់យុវវ័យ។ វីដេអូបែបនេះ រួមមាន​វីដេអូដែល​អ្នកជំនាញពូកែនិយាយ ហើយគាត់ពិភាក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃប្រភេទពន្យារកំណើត​ផ្សេងៗ។
  • មាតិកាជាចំណេះដឹង ដែលមានព័ត៌មានទាក់ទងនឹងប្រធានបទសិទិ្ធនិងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដែលអាចឱ្យយុវជនងាយស្រួលក្នុងការចែករំលែកព័ត៌មានទៅដល់មិត្តភក្តិរបស់គេ។
  • មាតិកាជាសំណួរចម្លើយ ដែលឆ្លើយតបទៅនឹងសំនួរ ដែលយុវជនមានជាញឹកញាប់។
  • មាតិកាដែលឆ្លើយតបទៅនឹងការយល់ខុស​ អំពី​ប្រធានបទទាក់ទងនឹងសិទ្ធិ និងសុខភាពបន្តពូជនិងសុខភាពផ្លូវភេទ។
  • ការចូលរួមរបស់យុវជនក្នុងការបង្កើតយុទ្ធនាការនេះ ជួយដល់ការ​ចូលរួមពីសំណាក់ក្រុមគោលដៅជាមួយនឹងអ្នកជំនាញដែលពូកែ ហើយថែមទាំងជួយធ្វើឱ្យយុទ្ធនាការនេះមានភាពខុសគ្នាពីថ្នាក់រៀន។

សៅសុភនាថ បាននិយាយថា “ភាព​ជាដៃគូនេះ បង្ហាញអំពីការ​ខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីដោះស្រាយ​បញ្ហាសំខាន់ៗ និងផ្តល់ដល់យុវវ័យនូវព័ត៌មាននិងធនធានដ៏មានតម្លៃ ទាក់ទងនឹង​ការពន្យារកំណើត”។ គាត់ប្រាប់ឱ្យដឹងបន្ថែមទៀតថា “ការសហការគ្នានេះ ក៏បាន​បណ្តុះគំនិតឱ្យ​ដុះស្លាប បានដឹងអំពីសារសំខាន់នៃការធ្វើកិច្ចការរួមគ្នា និងលើកទឹកចិត្តឱ្យពួកយើង ស្វះស្វែងបន្តទៀតក្នុងការធ្វើជាដៃគូ និងគំនិតផ្តួចផ្តើម ក្នុងគោលបំណងលើកកម្ពស់ដំណោះស្រាយផ្សេងៗទៀត។”

ក្រុមការងារដុះស្លាប ថតវីដេអូខ្លីប ឆ្លើយតបទៅនឹងសំនួរដែលយុវជនយុវនារី បានផ្ញើរមក។

សុភនាថ និងក្រុមការងាររបស់គាត់ មានមោទនភាពចំពោះការងារ​ទាំងអស់នេះ ហើយដែល​អាចឲ្យ​ពួកគាត់​ប្រើប្រាស់​វិធីសាស្ត្រ​ប្រកបដោយ​ភាពច្នៃប្រឌិត ដើម្បីជួយដល់ការអប់រំ​ផ្នែកសិទ្ធិសុខភាព​ផ្លូវភេទ និងសុខភាពបន្តពូជ របស់យុវវ័យ នៅកម្ពុជា ។ គាត់​បញ្ជាក់ទៀតថា “ដុះស្លាប នឹងបន្តខិតខំកែលម្អការងាររបស់យើង និងចែកចាយមាតិកា ទៅកាន់ក្រុមគោលដៅរបស់យើង។ យើងនៅតែធ្វើការដើម្បីជំរុញ និងលើកទឹកចិត្តយុវជនឱ្យទទួលបានព័ត៌មាន និងពិភាក្សាដោយបើកចំហរ ដើម្បីសុខភាពផ្លូវភេទកាន់តែប្រសើរឡើង។”

អំពី PHB

យុទ្ធនាការ “ពីរនាក់បានហើយ” គឺជាផ្នែកមួយនៃគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) ដែលជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ។