យុទ្ធនាការ “គ្រួសារប្រពៃ កូនវៃឆ្លាត”

អន្តរាគមន៍សុខភាព ដើម្បីជួយគាំទ្រដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីជាម្តាយក្រោយសម្រាល ឲ្យមានសុខភាពកាន់តែប្រសើរ

រយៈពេល ១០០០ ថ្ងៃដំបូង មានសារៈសំខាន់បំផុតក្នុងជីវិតរបស់កុមារ ហើយមានឥទ្ធិពលលើសុខភាពក្នុងពេល​អនាគតពេញមួយជីវិតរបស់ពួកគេ។ មូលដ្ឋានគ្រឹះនៃការចាប់ផ្តើមជីវិតប្រកបដោយសុខុមាលភាព គឺអាហារូបត្ថម្ភសម្រាប់ទាំងម្តាយនិងកូន។ អាហារូបត្ថម្ភរបស់ម្តាយមានសារៈសំខាន់សម្រាប់ម្តាយខ្លួនឯង ដើម្បីធានាថា គាត់មានសុខភាពល្អគ្រប់គ្រាន់ដើម្បីថែទាំខ្លួនឯង និងកូនរបស់គាត់ ។ អាហារូបត្ថម្ភក៏មានសារៈសំខាន់ផងដែរ សម្រាប់ទារកដែលបៅដោះ និងទទួលបានការថែទាំពីម្តាយ ក្នុងអំឡុងពេលដ៏សំខាន់បំផុតនេះ ។ នៅក្នុងផែនការយុទ្ធសាស្ត្រ ២០១៦-២០២០ របស់ក្រសួងសុខាភិបាល គោលដៅអភិវឌ្ឍន៍សុខភាពទីមួយគឺ ៖ “លើកកម្ពស់សុខភាពបន្តពូជ និងកាត់បន្ថយអត្រាស្លាប់របស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភក្នុងចំណោមស្ត្រី និងកុមារតូចៗ” ។ កង្វះអាហារូបត្ថម្ភគឺជាបញ្ហាមួយចំពោះកុមារអាយុក្រោម ៥ ឆ្នាំនៅក្នុងគ្រួសារដែលមានប្រាក់ចំណូលទាប នៅទីជនបទនៃប្រទេសកម្ពុជា។ តាមរយៈការ​ស្ទង់​មតិ​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជានៅទូទាំងប្រទេស ៣២% នៃកុមារអាយុក្រោម៥ឆ្នាំ មានបញ្ហាក្រេះក្រិន ។

ស្របតាមគោលដៅអភិវឌ្ឍន៍សុខភាពជាតិ គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) ដែលផ្តល់មូលនិធិដោយ USAID កំពុងតែរៀបចំបង្កើនសកម្មភាពផ្លាស់ប្តូរឥរិយាបថសង្គម (SBC) ដើម្បីជួយគាំទ្រដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីជាម្តាយក្រោយសម្រាល ឲ្យមានសុខភាពកាន់តែប្រសើរ ។

ការអនុវត្ត

  • ណែនាំអោយស្រ្តីដែលមានផ្ទៃពោះចាប់ពី៨ខែ ឲ្យស្គាល់ពីកម្មវិធីសារជាសំលេងតាមទូរស័ព្ទ (IVRs) ស្តីអំពីការគាំពារសុខភាពមាតានិងទារក
  • ផ្តល់ការណែនាំឲ្យសុខភាពទាំងម្តាយនិងកូន កាន់តែប្រសើរឡើង

ក្រុមគោលដៅ

  • ក្រុមគោលដៅចម្បង: ស្ត្រីមានផ្ទៃពោះ អំឡុងពេល៨ខែ និងស្ត្រីជាម្តាយក្រោយសម្រាល
  • ក្រុមគោលដៅបន្ទាប់បន្សំ: អ្នកមានឥទ្ធិពល ដូចជា យាយ ឪពុក អ្នកមើលថែក្មេង និងមិត្តភក្តិ ព្រមទាំងឆ្មប

គោលបំណងឥរិយាបថ

  • បំបៅដោះកូនដោយទឹកដោះម្តាយ ក្នុងម៉ោងដំបូងនៃកំណើត
  • បំបៅដោះកូនដោយទឹកដោះម្តាយ តែមួយមុខគត់ រយៈពេល៦ខែដំបូងនៃអាយុ
  • បន្តការបំបៅដោះកូនដោយទឹកដោះម្តាយ រហូតដល់កូនអាយុ២ឆ្នាំ
  • ទៅមូលដ្ឋានសុខាភិបាល ជាមួយទារក ដើម្បីទទួលការថែទាំ ក្រោយសម្រាល យ៉ាងតិច៤ដង ក្នុង រយៈពេល ១០សប្តាហ៍ ក្រោយពេលសម្រាល
  • ផ្តល់របបអាហារបន្ថែមដល់កុមារពីអាយុ៦ខែ ដល់២៣ខែ ដែលមានបរិមាណសមស្របតាមអាយុ ដោយមានអាហារចម្រុះ

យុទ្ធសាស្ត្រ និងសម្ភារជំនួយ

ចំនុច​សំខាន់​នៃ​យុទ្ធនាការ​នេះ​ គឺកម្មវិធីសារជាសំលេងតាមទូរស័ព្ទ (IVRs)។ នៅ​ពេល​ដែល​ស្ត្រី​ចុះ​ឈ្មោះ​ គាត់​នឹង​ទទួល​បាន​សារ​សំលេង​ ស្តីពីការ​ថែទាំ​ទារក និង​រលឹក​ស្ត្រី​ជា​ម្តាយ​អំពី​ឥរិយាបថ​សុខភាព​សំខាន់​ៗ។ ចំនុច​សំខាន់​នៃ​យុទ្ធនាការ​នេះ​ គឺកម្មវិធីសារជាសំលេងតាមទូរស័ព្ទ (IVRs)។ នៅ​ពេល​ដែល​ស្ត្រី​ចុះ​ឈ្មោះ​ គាត់​នឹង​ទទួល​បាន​សារ​សំលេង​ ស្តីពីការ​ថែទាំ​ទារក និង​រលឹក​ស្ត្រី​ជា​ម្តាយ​អំពី​ឥរិយាបថ​សុខភាព​សំខាន់​ៗ។ ស្ត្រី​អាច​ប្រើ​ប៊ូតុង​ដើម្បី​រើស​យក​ជម្រើស​ផ្សេងៗ ដូច​ជា​ស្តាប់​សារ​ឡើង​វិញ​ជាដើម។

យុទ្ធនាការ “គ្រួសារ​ប្រពៃ កូនវៃឆ្លាត” ប្រើប្រាស់​តួនាទី​នៃ​គ្រួសារ​ មិន​មែន​មាន​តែ​ម្តាយ​ប៉ុណ្ណោះទេ ដែល​មាន​តួនាទីបីបាច់​ក្មេង។ យុទ្ធនាការ​នេះ​គូស​បញ្ជាក់​អំពី​អ្នក​លើក​ទឹកចិត្ត គឺ​គ្រួសារ​ចង់​ធ្វើ​អ្វី​ដែល​ជា​ការ​ល្អសម្រាប់​កូនៗ ដែល​នាំ​ឲ្យ​គេ​ធំឡើង​មាន​ភាព​ឆ្លាត​វៃ។ នៅ​ក្នុង​សារ​​សុខភាព​ និមួយ​ៗ មាន​ព័ត៌មាន​ និង​ការ​ណែនាំដ៏ត្រឹមត្រូវ និង​ទាន់ពេលវេលា ដែល​ទាក់​ទង​ទៅ​នឹងជំហាន​នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាល។

សារជាសំលេងតាមទូរស័ព្ទ (IVRs): ដើម្បីផ្តល់ព័ត៌មាន និងរំលឹកម្តាយឱ្យអនុវត្តឥរិយាបថសំខាន់ៗ ទាំង​៥

ផ្ទាំងរូបភាព (ចុះឈ្មោះក្រោយពេលសម្រាល): ដើម្បីលើកទឹកចិត្តស្ត្រីឱ្យសួរឆ្មបអំពីអត្ថប្រយោជន៍ដើម្បីជួយ​ពួកគេចុះឈ្មោះ មុនពេលចាកចេញពីមន្ទីរពេទ្យជាមួយទារករបស់ពួកគេ ។

ស្ទីឃ័រទូរស័ព្ទ: ដើម្បីរំលឹកម្តាយអំពី IVRs និងឆ្លើយទូរស័ព្ទ ក៏ដូចជា ប្រាប់មិត្តភក្តិពួកគេឱ្យមកជួបឆ្មបដើម្បីចុះឈ្មោះ ។

សៀវភៅណែនាំអំពីការចុះឈ្មោះ: ដើម្បីជួយឆ្មបចុះឈ្មោះ​ម្តាយដើម្បីទទួលសេវា IVR ។

ការតាមដាន វាយតម្លៃ និងសិក្សា

គម្រោង PHB ធ្វើការតាមដានការធ្វើអន្តរាគមន៍នេះ និងសកម្មភាពផ្លាស់ប្តូរឥរិយាបថដទៃទៀតរបស់គម្រោង ដោយប្រមូលទិន្នន័យសកម្មភាព ក្រុមគោលដៅ និងសម្ភារៈដែលបានចែកចាយ ព្រមទាំងព័ត៌មានអំពីចំណេះដឹង និងឥរិយាបថ របស់អតា្ថគាហក មុននិងក្រោយបានទំនាក់ទំនងជាមួយសកម្មភាពរបស់គម្រោង។ លទ្ធផលនិងមេរៀនដែលទទួលបាន នឹងយកទៅប្រើដើម្បីអនុវត្តគម្រោងបន្ត និងធ្វើអោយកាន់តែមានភាពប្រសើរឡើង នូវសកម្មភាពផ្លាស់ប្តូឥរិយាបថរបស់គម្រោង ព្រមទាំងចែកចាយជាប្រចាំ ទៅសហគមន៍នៃអ្នកធ្វើការផ្នែកផ្លាស់ប្តូរឥរិយាបថ។

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។