ងាយស្រួលប្រើ និងចំណាយតិច៖ សម្ភារៈ​ទឹកស្អាត​ដែល​អាច​តម្លើង​ខ្លួនឯង​បាន

មូលហេតុដែលនាំអោយរាគ ដល់មនុស្សធំនិងកុមារបណ្តាលមកពីការខ្វះអនាម័យ ដែលនៅក្នុងនោះ រួមមាន៖ការមិនបានលាងសម្អាតដៃនឹងសាប៊ូ ឬការកង្វះអនាម័យលើផ្នែកផ្សេងៗទៀត។ ហើយជំងឺរាគនេះ វាអាចនឹងបង្កបញ្ហាធ្ងន់ធ្ងរ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ក្នុងការព្យាបាលបានទាន់ពេលវេលា ដែលវាអាចធ្វើឱ្យកុមារដែលមានអាយុក្រោម៥ឆ្នាំក្រិះក្រិនជាដើម។

តាមការចុះសិក្សាពីឥរិយាបថក្នុងមូលដ្ឋានសហគមន៍ ដោយ គម្រោងលើកកម្ពស់ឥរិយាបថ ប្រកបដោយសុខុមាលភាព ហៅកាត់ថា«PHB» បានរកឃើញនូវផ្នត់គំនិតរបស់ប្រជាជនរស់នៅក្នុងសហគមន៍ថា បើដៃមិនមានប្រឡាក់អ្វីទេ នោះវាមិនចាំបាច់ក្នុងការលាងសម្អាតនោះឡើយ។ លើសពីនេះ ពួកគាត់បានប្រាប់អោយដឹងថា ការមើលមិនឃើញប្រឡាក់ឬកខ្វក់ គឺមានន័យថាដៃរបស់ពួកគាត់ស្អាត និងមានសុវត្ថិភាព។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានរកឃើញ គម្រោង PHB តាមរយៈការគាំទ្រថវិកា ដោយទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្កើតយុទ្ធនាការ “មើលឃើញស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ”។

ដោយមានការចូលរួមគាំទ្រដោយផ្ទាល់ពីក្រសួងអភិវឌ្ឍន៍ជនបទ និងមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព និងសហការយ៉ាងជិតស្និតពីមន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធទទួលបន្ទុកផ្នែកទឹកស្អាតនិងអនាម័យនៃបណ្ដាខេត្តគោលដៅទាំង៣ រួមមានខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង កម្មវិធីនេះត្រូវបានអនុវត្តន៍ដំបូងចាប់ពីខែកក្កដា ឆ្នាំ២០២១ ក្នុងខេត្តត្បូងឃ្មុំ ហើយក៏ពង្រីកបន្តមកខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង នាខែមីនា ឆ្នាំ២០២២។

យុទ្ធនាការ “មើលឃើញស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ” នេះ រចនាឡើងដើម្បីផ្លាស់ប្ដូរឥរិយាបថបុគ្គល និងសង្គម តាមរយៈការចាក់ឧគ្ឃោសនសព្ទ ឬមេក្រូ អំពីសារអប់រំទឹកស្អាតនិងអនាម័យ វគ្គអប់រំសហគមន៍ ដែលក្នុងនោះរួមមាន សកម្មភាពលេងល្បែង«ចម្លងមេរោគ» ក្នុង​ន័យ​ឱ្យ​សហគមន៍​មានការយកចិត្តទុកដាក់ចំពោះការធ្វើអនាម័យផ្ទាល់ខ្លួន និងសមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន ព្រមទាំងបង្ហាញព័ត៌មានលម្អិតអំពីការលាងសម្អាតដៃរបស់ពួកគេនឹងសាប៊ូនៅពេលវេលាសំខាន់ៗទាំង៥ ដូចជាមុនពេលធ្វើម្ហូប មុនពេលបញ្ចុកក្មេង មុនពេលបរិភោគ ក្រោយពេល​លាង​សម្អាត​គូថទារក និងក្រោយពេលបន្ទោបង់។ ជាពិសេស ការបង្ហាញអំពីរបៀបតម្លើងធុងលាងសម្អាតដៃ និងការរក្សាទុកទឹកផឹកឱ្យមានសុវត្ថិភាព។

លើសពីនេះ ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលបានតម្លើងធុងលាងដៃ និងធុងរក្សាទុកទឹកផឹកឱ្យមានសុវត្ថិភាពជនបង្គោល ដែលជាអ្នកស្ម័គ្រចិត្តភូមិ មេភូមិ ឬសមាជិកភូមិ បានចុះតាមខ្នងផ្ទះ ដើម្បីពិនិត្យលើការដំឡើងធុង រំលឹកបន្ថែមអំពីវិធានការអនាម័យ, ការថែទាំធុងទឹកដែលបានដំឡើង ហើយបានផ្ដល់សាប៊ូ និងស្បៃសម្រាប់ដាក់សាប៊ូ ជូនដល់គ្រួសារដែលបានដំឡើងធុងទឹកសម្រាប់ហូប និងធុងទឹកសម្រាប់លាងដៃបានត្រឹមត្រូវ។

ក្រោយពីអនុវត្តន៍សកម្មភាពខាងលើនៅខែធ្នូ ឆ្នាំ២០២២ ទិន្នន័យចុងគ្រាសរុបទូទាំងខេត្តគោលដៅបង្ហាញថា បុគ្គលិកគម្រោងបានសហការជាមួយ​ជន​បង្គោល​សរុប៥៥០នាក់ ដើម្បីធ្វើវគ្គអប់រំ សហគមន៍ដល់ប្រជាជនគោលដៅចំនួន ១៨,៥៩៧ (មួយម៉ឺនប្រាំបីពាន់ប្រាំរយកៅសិបប្រាំពីរ)នាក់ ក្នុងនោះមាន ១៣,៨១១នាក់ ដែលស្មើនឹង 74% ជាស្ត្រី និង៤,៧៨៦ ស្មើនឹង 26% ជាបុរស។ ជាមួយគ្នានេះ មាន ៣,១៨៨(បីពាន់មួយរយប៉ែតសិបប្រាំបី) គ្រួសារឬខ្នងផ្ទះ បានតម្លើងធុងលាងដៃ និងធុងរក្សាទឹកផឹកឱ្យមានសុវត្ថិភាពបានត្រឹមត្រូវ។

បច្ចុប្បន្ន ទោះបីជាសកម្មភាពទឹកស្អាត និងអនាម័យ ត្រូវបានបញ្ចប់ក្ដី ក៏ជនបង្គោលតាម សហគមន៍មួយចំនួននៅបន្តសកម្មភាពចាក់មេក្រូ និងអប់រំសហគមន៍ដែលខ្លួនកំពុងរស់នៅ ក្នុងគោលបំណងឱ្យសហគមន៍ទាំងមូលមានសុខុមាលភាពកាន់តែប្រសើរឡើង។

នៅក្នុងការតម្លើងធុងលាងសំអាតដៃ ក្រុមគោលដៅតែងតែប្រឈមមុខនឹងកង្វះក្បាលរ៉ូប៊ីណេ និងធុងសម្រាប់ដាក់ទឹកផឹក។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគាត់តែងតែស្វះស្វែងរកទិញវានៅកន្លែងលក់គ្រឿងផ្លាស្ទិចនៅក្នុងសហគមន៍ ឬស្វែងរកសម្ភារៈដែលមានស្រាប់នៅក្នុងផ្ទះរបស់គាត់ ដើម្បីបង្កើតកន្លែងលាងសំអាតដៃទាល់តែបាន។