យុទ្ធនាការ “មើលឃើញស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ”
កម្មវិធីផ្លាស់ប្តូរឥរិយាបថ ផ្នែកទឹកស្អាតនិងអនាម័យ ដែលមានគោលបំណង ចូលរួមកាត់បន្ថយបញ្ហាជំងឺរាក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តឥរិយាបថផ្នែកទឹកស្អាត និងអនាម័យ
មូលហេតុសំខាន់ចំនួន២ ដែលបណ្តាលអោយរាគ សម្រាប់មនុស្សធំនិងកូនក្មេង គឺដោយដៃកខ្វក់ (អាហារមិនមានអនាម័យ ការប៉ះពាល់ភ្នែក ការរាគរយៈពេលវែង) និងការបរិភោគទឹកដែលមិនបានបន្សុទ្ធ។ ប្រសិនបើមិនបានព្យាបាល ការរាគរយៈពេលវែង ទៅលើកុមារក្រោមអាយុ៥ឆ្នាំ អាចនាំឲ្យមានភាពក្រិះក្រិន ដោយសារការខ្វះអាហារូបត្ថម្ភ និង/ឬ ការស្លាប់មុនអាយុ។
ដោយមានការឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខមាលភាព (PHB) អនុវត្តសកម្មភាពផ្លាស់ប្តូរឥរិយាបថ ជាមួយនឹងអង្គការដៃគូ ដើម្បីកាត់បន្ថយជំងឺរាគរូស ដោយធ្វើយ៉ាងណាបង្កភាពងាយស្រួល ដល់គ្រួសារនៅតាមជនបទ ឲ្យលាងដៃនៅពេលវេលាសំខាន់ៗទាំង៥ និងបន្សុទ្ធ ព្រមទាំងរក្សាទុកទឹកដោយសុវត្ថិភាព។
ទស្សនៈរួមនៃសកម្មភាពផ្លាស់ប្តូរឥរិយាបថនេះគឺ “មើលទៅស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ”។ ការចុះបញ្ជ្រាបនៅតាមសហគមន៍ បានរកឃើញនូវមូលហេតុ ដែលធ្វើអោយប្រជាជនអនុវត្តនូវឥរិយាបថសំខាន់ៗ ក្នុងនោះគឺការមើលឃើញដី។ ឧទារហណ៍ ការមើលឃើញដីនៅលើដៃជាគន្លឹះ ដែលធ្វើឲ្យគេលាងដៃនឹងសាប៊ូ។
ប្រជាជនបានប្រាប់អោយដឹងថា ការមើលមិនឃើញដី គឺមានន័យថាដៃរបស់គេស្អាត។ គោលគំនិតរបស់គម្រោងគឺ ចង់ចោទជាសំនួរចំពោះការជឿជាក់របស់ប្រជាជនថា ដីនិងមេរោគអាចមើលឃើញនឹងភ្នែក។ ដោយផ្តល់អោយពួកគេនូវការទទួលបានសម្ភារៈទឹកស្អាតនិងអនាម័យ ដែលមានតម្លៃសមរម្យ ដើម្បីតម្លើងឧបករណ៍លាងដៃរបស់ខ្លួន និងទុកដាក់ទឹក ដោយមានសុវត្ថិភាព និងដោយការប្រើប្រាស់សារ ដែលមានការអំពាវនាវច្បាស់លាស់ ប្រជាជនត្រូវបានលើកទឹកចិត្ត អោយអនុវត្តឥរិយាបថដើម្បីការពារខ្លួនឯង និងគ្រួសារ។
សារសំខាន់ៗ
- មើលឃើញស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ
- សូមលាងសម្អាតដៃរបស់អ្នកនឹងសាប៊ូ នៅពេលវេលាសំខាន់ៗទាំង៥
- សូមហូបទឹកដែលបានដាំ ឬចម្រោះ និងរក្សាទុកឲ្យមានសុវត្ថិភាព
- សូមដំឡើងឧបករណ៍ទឹកស្អាត និងអនាម័យនៅផ្ទះដោយខ្លួនឯង
ក្រុមគោលដៅ
- អ្នកមើលថែក្មេង (ឪពុក ម្តាយ និងយាយ)
គោលបំណងឥរិយាបថ
- យើងចង់ឱ្យគ្រួសារទាំងឡាយលាងសម្អាតដៃរបស់ពួកគេនឹងសាប៊ូនៅពេលវេលាសំខាន់ទាំង ៥ ដូច្នេះហានិភ័យនៃជំងឺរាកត្រូវបានកាត់បន្ថយ។
- យើងចង់ឱ្យ គ្រួសារទាំងឡាយហូបទឹកដែលបានដាំ ឬចម្រោះ និងរក្សាទុកឱ្យមានសុវត្ថិភាព ដូច្នេះហានិភ័យនៃជំងឺរាកត្រូវបានកាត់បន្ថយ។
ពេលសំខាន់ទាំង៥ដែលត្រូវលាងដៃជាមួយសាប៊ូ៖
- មុនពេលធ្វើម្ហូប
- មុនពេលបរិភោគ
- មុនពេលបញ្ចុកក្មេង
- ក្រោយពេលបន្ទោបង់
- ក្រោយលាងសម្អាតគូថទារក
យុទ្ធសាស្ត្រ និងសម្ភារៈអប់រំ
លើកកម្ពស់ការយល់ដឹងអំពីទឹកស្អាតនិងអនាម័យ
ឧបករណ៍បំពងសំឡេង: សារត្រូវបានចាក់ផ្សាយតាមរយៈឧបករណ៍បំពងសំឡេងនៅផ្ទះរបស់មេភូមិ (ដែលមានការតំឡើងកន្លែងលាងដៃ ដើម្បីជាឧទារហណ៍។ សារនោះផ្តល់ព័ត៌មានចាំបាច់នៃការដែលត្រូវមានឧបករណ៍ទឹកស្អាត និង អនាម័យ និងលើកទឹកចិត្តគ្រួសារ ទាំងឡាយឱ្យដំឡើងឧបករណ៍ទាំងនោះដោយខ្លួនឯង។
រូបភាពផ្ទាំង: ផ្ទាំងរូបភាព “មើលឃើញស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ” ត្រូវបានបិទនៅតាមមណ្ឌលសុខភាព និងនៅតាមសាលាស្រុកនិងភូមិ។ ផ្ទាំងរូបភាពនេះ ដើម្បីផ្តល់ព័តមានស្តីពីទឹកស្អាត និងអនាម័យ និងអញ្ជើញប្រជាពល រដ្ឋចូលរួមវគ្គអប់រំ។
បដា: បដា “មើលឃើញស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ” ត្រូវបានដាក់តាំងនៅវគ្គអប់រំសហគមន៍។ បដានេះផ្តល់សារគន្លឹះអំពីទឹកស្អាត និងអនាម័យដែលត្រូវអនុវត្តឥរិយាបថទាំងនោះឱ្យបានត្រឹមត្រូវ។
ស្ទិកគ័រ: ស្ទិកគ័ររំលឹកមានចំនួន៤ ដែលជួយឲ្យមានការកើនឡើងនូវការប្រកាន់ខ្ជាប់នូវឥរិយាបថសំខាន់ៗ។
ចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ឥរិយាបថទឹកស្អាតនិងអនាម័យ
វគ្គអប់រំសហគមន៍: ការអប់រំនេះមានរយៈពេលប្រហែល១ម៉ោងកន្លះ ដើម្បីលើកកម្ពស់ការចូលរួមរបស់ក្រុមគោលដៅ (អ្នកមើលថែក្មេង) ព្រមទាំងមានភាពងាយស្រួលដល់គ្រួសារដែលមានកូនតូច អាចចូលរួមបាន។ វគ្គអប់រំសហគមន៍នេះ ត្រូវបានសម្របសម្រួលដោយមេភូមិ ឬជនបង្គោល រួមទាំងភ្នាក់ងារអប់រំ នឹងមានគោលបំណងដូចខាងក្រោមនេះ:
ខិត្តប័ណ្ណ: ខិត្តប័ណ្ណដែលមានបត់ជា៣កំណាត់នេះ ផ្តល់ព័តមានបន្ថែមទាក់ទងនឹងឥរិយាបថផ្នែកទឹកស្អាត និងអនាម័យ ដែលបានណែនាំ របៀបការពារខ្លួនពីមេរោគ និងការណែនាំពីរបៀបដំឡើង ឧបករណ៍ទឹកស្អាត និងអនាម័យ។ ខិត្តប័ណ្ណនេះមានចែកចាយនៅផ្ទះរបស់មេភូមិ និងនៅក្នុងវគ្គអប់រំសហគមន៍។
ធានាការអនុវត្តឥរិយាបថទឹកស្អាតនិងអនាម័យត្រឹមត្រូវ
ការចុះតាមផ្ទះ: មេភូមិ ឬជនបង្គោលចុះត្រួតពិនិត្យដល់ផ្ទះចំពោះគ្រួសារដែលបានជូនដំណឹងអំពីការដំឡើងឧបករណ៍ទឹកស្អាតនិងអនាម័យ ដោយ៖
- ជួយដល់ការដំឡើងឧបករណ៍ទឹកស្អាតនិងអនាម័យ តាមតំរូវការ
- ពិនិត្យមើលថាតើមានទុកដាក់កន្លែងលាងដៃត្រឹមត្រូវឬអត់
- ពិនិត្យកន្លែងទុកដាក់ទឹកផឹក
- ប្រសិនបើគាត់ធ្វើតាមគ្រប់ឥរិយាបថសំខាន់ៗ គាត់នឹងទទួលបានស្ទិកគ័រ និងរង្វាន់លើកទឹកចិត្ត (សាប៊ូ និងថង់សម្រាប់ដាក់សាប៊ូ)។
“ផឹកទឹកចំរុះធ្វើអោយគ្រួសារខ្ញុំមានសុខភាពល្អ។ ខ្ញុំមិនចាំបាច់ផ្អាកការងារដើម្បីមកថែទាំពេលកូនឈឺ ហើយខ្ញុំក៏មានកំលាំងគ្រប់គ្រាន់សម្រាប់ធ្វើការប្រចាំថ្ងៃ។”
– លេង សុខលា (ភូមិខ្លី ខេត្តត្បូងឃ្មុំ)
“កូនរបស់ខ្ញុំចូលចិត្តលាងដៃនៅកន្លែងលាងដៃនេះណាស់ ហើយយើងក៏មិនដែលរាគរូសទេ បន្ទាប់ពីបានលាងដៃ និងញាំទឹកល្អ តាមដែលគេណែនាំ។”
– ម៉េង ណារី (ភូមិក្រសាំង ខេត្តត្បូងឃ្មុំ)
“ចំណាយលុយបន្តិចបន្តួច ដើម្បីដំឡើងកន្លែងលាងដៃ និងបរិភោគទឹកដាំពុះឬចម្រោះ គឺយើងមិនចាំបាច់ចំណាយលុយ៤ឬ៥ម៉ឺន និងខាតពេលវេលាទៅពេទ្យ ដោយសារតែជំងឺរាគរូស។”
– វ៉ាត់ ស៊ីណាត (ភូមិក្រសាំង ខេត្តត្បូងឃ្មុំ)
ការតាមដាន វាយតម្លៃ និងសិក្សា
គម្រោង PHB ធ្វើការតាមដានការធ្វើអន្តរាគមន៍នេះ និងសកម្មភាពផ្លាស់ប្តូរឥរិយាបថដទៃទៀតរបស់គម្រោង ដោយប្រមូលទិន្នន័យសកម្មភាព ក្រុមគោលដៅ និងសម្ភារៈដែលបានចែកចាយ ព្រមទាំងព័ត៌មានអំពីចំណេះដឹង និងឥរិយាបថ របស់អតា្ថគាហក មុននិងក្រោយបានទំនាក់ទំនងជាមួយសកម្មភាពរបស់គម្រោង។ លទ្ធផលនិងមេរៀនដែលទទួលបាន នឹងយកទៅប្រើដើម្បីអនុវត្តគម្រោងបន្ត និងធ្វើអោយកាន់តែមានភាពប្រសើរឡើង នូវសកម្មភាពផ្លាស់ប្តូឥរិយាបថរបស់គម្រោង ព្រមទាំងចែកចាយជាប្រចាំ ទៅសហគមន៍នៃអ្នកធ្វើការផ្នែកផ្លាស់ប្តូរឥរិយាបថ។
* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។