យុទ្ធនាការ “មើលឃើញស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ”

កម្មវិធីផ្លាស់ប្តូរ​ឥរិយាបថ ផ្នែកទឹកស្អាតនិងអនាម័យ ដែលមានគោលបំណង ចូលរួមកាត់បន្ថយបញ្ហាជំងឺរាក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តឥរិយាបថផ្នែកទឹកស្អាត និងអនាម័យ

មូលហេតុសំខាន់ចំនួន២ ដែលបណ្តាលអោយរាគ សម្រាប់មនុស្សធំនិងកូនក្មេង គឺដោយដៃកខ្វក់ (អាហារមិនមានអនាម័យ ការប៉ះពាល់ភ្នែក ការរាគរយៈពេលវែង) និងការបរិភោគទឹកដែលមិនបានបន្សុទ្ធ។ ប្រសិនបើមិនបានព្យាបាល ការរាគរយៈពេលវែង ទៅលើកុមារក្រោមអាយុ៥ឆ្នាំ អាចនាំឲ្យមានភាពក្រិះក្រិន ដោយសារការខ្វះអាហារូបត្ថម្ភ និង/ឬ ការស្លាប់មុនអាយុ។

ដោយមានការឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខមាលភាព (PHB) អនុវត្តសកម្មភាពផ្លាស់ប្តូរឥរិយាបថ ជាមួយនឹងអង្គការដៃគូ ដើម្បីកាត់បន្ថយជំងឺរាគរូស ដោយធ្វើយ៉ាងណាបង្កភាពងាយស្រួល ដល់គ្រួសារនៅតាមជនបទ ឲ្យលាងដៃនៅពេលវេលាសំខាន់ៗទាំង៥ និងបន្សុទ្ធ ព្រមទាំងរក្សាទុកទឹកដោយសុវត្ថិភាព។

ទស្សនៈរួមនៃសកម្មភាពផ្លាស់ប្តូរឥរិយាបថនេះគឺ “មើលទៅស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ”។ ការចុះបញ្ជ្រាបនៅតាមសហគមន៍ បានរកឃើញនូវមូលហេតុ ដែលធ្វើអោយប្រជាជនអនុវត្តនូវឥរិយាបថសំខាន់ៗ ក្នុងនោះគឺការមើលឃើញដី។ ឧទារហណ៍ ការមើលឃើញដីនៅលើដៃជាគន្លឹះ ដែលធ្វើឲ្យគេលាងដៃនឹងសាប៊ូ។

ប្រជាជនបានប្រាប់អោយដឹងថា ការមើលមិនឃើញដី គឺមានន័យថាដៃរបស់គេស្អាត។ គោលគំនិតរបស់គម្រោងគឺ ចង់ចោទជាសំនួរចំពោះការជឿជាក់របស់ប្រជាជនថា ដីនិងមេរោគអាចមើលឃើញនឹងភ្នែក។ ដោយផ្តល់អោយពួកគេនូវការទទួលបានសម្ភារៈទឹកស្អាតនិងអនាម័យ ដែលមានតម្លៃសមរម្យ ដើម្បីតម្លើងឧបករណ៍លាងដៃរបស់ខ្លួន និងទុកដាក់ទឹក ដោយមានសុវត្ថិភាព និងដោយការប្រើប្រាស់សារ ដែលមានការអំពាវនាវច្បាស់លាស់ ប្រជាជនត្រូវបានលើកទឹកចិត្ត អោយអនុវត្តឥរិយាបថដើម្បីការពារខ្លួនឯង និងគ្រួសារ។

សារសំខាន់ៗ

  • មើលឃើញស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ
  • សូមលាងសម្អាតដៃរបស់អ្នកនឹងសាប៊ូ នៅពេលវេលាសំខាន់ៗទាំង៥
  • សូមហូបទឹកដែលបានដាំ ឬចម្រោះ និងរក្សាទុកឲ្យមានសុវត្ថិភាព
  • សូមដំឡើងឧបករណ៍ទឹកស្អាត និងអនាម័យនៅផ្ទះដោយខ្លួនឯង

ក្រុមគោលដៅ

  • អ្នកមើលថែក្មេង (ឪពុក ម្តាយ និងយាយ)

គោលបំណង​ឥរិយាបថ

  • យើង​ចង់​ឱ្យ​គ្រួសារ​ទាំង​ឡាយ​លាង​សម្អាត​ដៃ​របស់​ពួកគេ​នឹង​សាប៊ូ​នៅ​ពេល​វេលា​សំខាន់​ទាំង ៥ ដូច្នេះ​ហានិភ័យ​នៃ​ជំងឺ​រាក​ត្រូវ​បាន​កាត់​បន្ថយ​។
  • យើងចង់ឱ្យ គ្រួសារទាំងឡាយហូបទឹកដែលបានដាំ ឬចម្រោះ និងរក្សាទុកឱ្យមានសុវត្ថិភាព ដូច្នេះហានិភ័យនៃជំងឺរាកត្រូវបានកាត់បន្ថយ។

ពេលសំខាន់ទាំង៥ដែលត្រូវលាងដៃជាមួយសាប៊ូ៖

  1. មុនពេលធ្វើម្ហូប
  2. មុនពេលបរិភោគ
  3. មុនពេលបញ្ចុកក្មេង
  4. ក្រោយពេលបន្ទោបង់
  5. ក្រោយលាងសម្អាតគូថទារក

យុទ្ធសាស្ត្រ និងសម្ភារៈអប់រំ

លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ទឹក​ស្អាត​និង​អនាម័យ

ឧបករណ៍បំពងសំឡេង: សារត្រូវបានចាក់ផ្សាយតាមរយៈឧបករណ៍បំពងសំឡេងនៅផ្ទះរបស់មេភូមិ (ដែលមានការតំឡើងកន្លែងលាងដៃ ដើម្បីជាឧទារហណ៍។ សារនោះផ្តល់ព័ត៌មានចាំបាច់នៃការដែលត្រូវមានឧបករណ៍ទឹកស្អាត និង អនាម័យ និងលើកទឹកចិត្តគ្រួសារ ទាំងឡាយឱ្យដំឡើងឧបករណ៍ទាំងនោះដោយខ្លួនឯង។

រូបភាពផ្ទាំង: ផ្ទាំងរូបភាព “មើលឃើញស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ” ត្រូវបានបិទនៅតាមមណ្ឌលសុខភាព និងនៅតាមសាលាស្រុកនិងភូមិ។ ផ្ទាំងរូបភាពនេះ ដើម្បីផ្តល់ព័តមានស្តីពីទឹកស្អាត និងអនាម័យ និងអញ្ជើញប្រជាពល រដ្ឋចូលរួមវគ្គអប់រំ។

បដា: បដា “មើលឃើញស្អាត មិនប្រាកដថាមានសុវត្ថិភាពទេ” ត្រូវបានដាក់តាំងនៅវគ្គអប់រំសហគមន៍។ បដានេះផ្តល់សារគន្លឹះអំពីទឹកស្អាត និងអនាម័យដែលត្រូវអនុវត្តឥរិយាបថទាំងនោះឱ្យបានត្រឹមត្រូវ។

ស្ទិកគ័រ: ស្ទិកគ័ររំលឹកមានចំនួន៤ ដែលជួយឲ្យមានការកើនឡើងនូវការប្រកាន់ខ្ជាប់នូវឥរិយាបថសំខាន់ៗ។

ចូលរួម​របស់​សហគមន៍​ និងការ​លើក​កម្ពស់​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ

វគ្គអប់រំសហគមន៍: ការអប់រំនេះមានរយៈពេលប្រហែល១ម៉ោងកន្លះ ដើម្បីលើកកម្ពស់ការចូលរួមរបស់ក្រុមគោលដៅ (អ្នកមើលថែក្មេង) ព្រមទាំងមានភាពងាយស្រួលដល់គ្រួសារដែលមានកូនតូច អាចចូលរួមបាន។ វគ្គអប់រំសហគមន៍នេះ ត្រូវបានសម្របសម្រួលដោយមេភូមិ ឬជនបង្គោល រួមទាំងភ្នាក់ងារអប់រំ នឹងមានគោលបំណងដូចខាងក្រោមនេះ:

ខិត្តប័ណ្ណ: ខិត្តប័ណ្ណដែលមានបត់ជា៣កំណាត់នេះ ផ្តល់ព័តមានបន្ថែមទាក់ទងនឹងឥរិយាបថផ្នែកទឹកស្អាត និងអនាម័យ ដែលបានណែនាំ របៀបការពារខ្លួនពីមេរោគ និងការណែនាំពីរបៀបដំឡើង ឧបករណ៍ទឹកស្អាត និងអនាម័យ។ ខិត្តប័ណ្ណនេះមានចែកចាយនៅផ្ទះរបស់មេភូមិ និងនៅក្នុងវគ្គអប់រំសហគមន៍។

ធានាការ​អនុវត្ត​ឥរិយាបថ​ទឹក​ស្អាត​និង​អនាម័យ​ត្រឹមត្រូវ

ការចុះតាមផ្ទះ: មេភូមិ ឬជនបង្គោលចុះត្រួតពិនិត្យដល់ផ្ទះចំពោះគ្រួសារដែលបានជូនដំណឹងអំពីការដំឡើងឧបករណ៍ទឹកស្អាតនិងអនាម័យ ដោយ៖

  • ជួយដល់ការដំឡើងឧបករណ៍ទឹកស្អាតនិងអនាម័យ តាមតំរូវការ
  • ពិនិត្យមើលថាតើមានទុកដាក់កន្លែងលាងដៃត្រឹមត្រូវឬអត់
  • ពិនិត្យកន្លែងទុកដាក់ទឹកផឹក
  • ប្រសិនបើគាត់ធ្វើតាមគ្រប់ឥរិយាបថសំខាន់ៗ គាត់នឹងទទួលបានស្ទិកគ័រ និងរង្វាន់លើកទឹកចិត្ត (សាប៊ូ និងថង់សម្រាប់ដាក់សាប៊ូ)។

“ផឹក​ទឹក​ចំរុះធ្វើ​អោយ​គ្រួសារ​ខ្ញុំ​មាន​សុខភាព​ល្អ។ ខ្ញុំ​មិនចាំបាច់​ផ្អាក​ការងារ​ដើម្បី​មក​ថែទាំពេល​កូនឈឺ ហើយ​ខ្ញុំ​ក៏មាន​កំលាំង​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ប្រចាំថ្ងៃ។”
– លេង សុខលា (ភូមិខ្លី ខេត្ត​ត្បូងឃ្មុំ)

“កូន​របស់​ខ្ញុំ​ចូលចិត្ត​លាង​ដៃ​នៅ​កន្លែង​លាងដៃនេះណាស់ ហើយ​យើង​ក៏​មិនដែល​រាគរូស​ទេ បន្ទាប់​ពី​បាន​លាងដៃ និង​ញាំទឹក​ល្អ តាម​ដែល​គេណែនាំ។”
– ម៉េង ណារី (ភូមិក្រសាំង ខេត្ត​ត្បូងឃ្មុំ)

“ចំណាយ​លុយ​បន្តិចបន្តួច ដើម្បី​ដំឡើង​កន្លែង​លាងដៃ និង​បរិភោគ​ទឹកដាំពុះឬ​ចម្រោះ គឺយើង​មិន​ចាំបាច់​ចំណាយ​លុយ​៤ឬ៥ម៉ឺន​ និង​ខាត​ពេល​វេលា​ទៅពេទ្យ ដោយសារ​តែជំងឺរាគរូស។”
– វ៉ាត់ ស៊ីណាត (ភូមិ​ក្រសាំង ខេត្ត​ត្បូងឃ្មុំ)

ការតាមដាន វាយតម្លៃ និងសិក្សា

គម្រោង PHB ធ្វើការតាមដានការធ្វើអន្តរាគមន៍នេះ និងសកម្មភាពផ្លាស់ប្តូរឥរិយាបថដទៃទៀតរបស់គម្រោង ដោយប្រមូលទិន្នន័យសកម្មភាព ក្រុមគោលដៅ និងសម្ភារៈដែលបានចែកចាយ ព្រមទាំងព័ត៌មានអំពីចំណេះដឹង និងឥរិយាបថ របស់អតា្ថគាហក មុននិងក្រោយបានទំនាក់ទំនងជាមួយសកម្មភាពរបស់គម្រោង។ លទ្ធផលនិងមេរៀនដែលទទួលបាន នឹងយកទៅប្រើដើម្បីអនុវត្តគម្រោងបន្ត និងធ្វើអោយកាន់តែមានភាពប្រសើរឡើង នូវសកម្មភាពផ្លាស់ប្តូឥរិយាបថរបស់គម្រោង ព្រមទាំងចែកចាយជាប្រចាំ ទៅសហគមន៍នៃអ្នកធ្វើការផ្នែកផ្លាស់ប្តូរឥរិយាបថ។

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។