“កុំចាំ​មាន​រោគសញ្ញា”

បទ​អន្តរាគមន៍ផ្លាស់ប្តូរ​ឥរិយាបថ ដើម្បី​បង្កើន​ការ​ធ្វើតេស្ត ក្នុងចំណោម​អ្នកដើរ​ព្រៃ

ទោះបីជាការគ្រប់គ្រងជំងឺគ្រុនចាញ់មានភាពប្រសើរឡើងក៏ដោយក៏ការចំលងជំងឺគ្រុនចាញ់នៅតែជាបញ្ហានៅក្នុង តំបន់ព្រៃ ដែលតំបន់ចំលងជំងឺគ្រុនចាញ់ដល់ជនចំណាកស្រុក រួមមានអ្នកធ្វើការក្នុងព្រៃ ដែលពួកគេតែងតែធ្វើការផ្លាស់ប្តូរទីតាំង រវាងតំបន់មានការឆ្លងតិចតួចនិងតំបន់ដែលមានការចំលងខ្លាំង ហើយវាជាទីតាំងមួយដែលពិបាកក្នុងការផ្តល់សេវាគ្រុនចាញ់និងចែករំលែកព័ត៌មានផងដែរ។ កម្ពុជាមានគោលដៅក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទំរង់នៅឆ្នាំ ២០២៥។ ក្នុងឆ្នាំ២០១៩ ករណីជំងឺគ្រុនចាញ់បានថយចុះពី ១០០ ០០០ករណី ក្នុងឆ្នាំ២០១០ ទៅតិចជាង ៣២ ០០០ករណី អត្រានៃការស្លាប់បានថយចុះពី ១៥១នាក់ ក្នុងឆ្នាំ ២០១០ មកនៅ ០នាក់ ក្នុងឆ្នាំ២០១៨។

គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកបដោយ​សុខុមាលភាពដែល​ទទួល​ការ​ឧបត្ថម្ភ​ថវិកា ​ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និង​សហការ​ដោយ​មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណក​សាស្ត្រ (CNM) ដោយមាន​ការ​សហការ​ពី​ថ្នាក់​ក្រោមជាតិ​ផងដែ បាន​អនុវត្ត​សកម្មភាព​ផ្លាស់ប្តូរ​ឥរិយាបថ​ផ្នែក​ជំងឺ​គ្រុនចាញ់ ជាមួយ​អង្គការ​ដៃគូ នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ កំពង់​ឆ្នាំង និង​ពោធិសាត់ ដែល​ជាទីតាំង​ដែលមាន​ករណីជំងឺគ្រុនចាញ់​ខ្ពស់​។ តាម​រយៈការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញឲ្យ​ដឹង​ថា ឧបសគ្គ​សំខាន់​ៗ​ក្នុង​ការ​ទៅ​ធ្វើ​តេស្ត រួម​មាន​ការ​មិនមាន​រោគសញ្ញា និង​ការ​យល់​ឃើញ​ថាជំងឺ​គ្រុនចាញ់​ជា​ជំងឺមាន​ហានិភ័យ​ទាប។ ដូចច្នេះ​ហើយ យុទ្ធសាស្ត្រ​ក្នុង​សកម្មភាពផ្លាស់ប្តូរឥរិយាបថនេះ គឺត្រូវ​បាន​បង្កើយ​ឡើង​ដើម្បី​ស្វែង​រក និង​ព្យាបាល​ករណី​ជំងឺ​គ្រុនចាញ់​ ឲ្បបាន​ឆាប់​ និង​ការពារ​ការ​ឆ្លង​បន្តទៀត​។

សារសំខាន់ៗ

  • សារគន្លឹះ​:
    • កុំចាំមានរោគសញ្ញា​
    • ពេលត្រឡប់មកពីព្រៃវិញ ត្រូវធ្វើតេស្តឈាមរកមេរោគគ្រុនចាញ់ជាមួយអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ឬនៅមណ្ឌលសុខភាព
  • សារបន្ថែម​:
    • កុំបណ្តោយខ្លួនកើតជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ​
    • កុំបណ្តោយខ្លួនកើតជំងឺគ្រុនចាញ់​ នាំអោយខាតពេលវេលា និងអស់លុយកាក់​
    • កុំនាំជំងឺគ្រុនចាញ់ត្រឡប់មកផ្ទះ (បើអ្នកកើតជំងឺគ្រុនចាញ់​មូសអាចខាំអ្នក ហើយចម្លងវាទៅគ្រួសាររបស់អ្នក)​
    • កុំអោយគ្រួសារធ្វើការរបស់អ្នក ដោយសារតែអ្នកកើតជំងឺគ្រុនចាញ់ ​
    • កុំចម្លងជំងឺគ្រុនចាញ់ទៅអ្នកដទៃ (បើអ្នកកើតជំងឺគ្រុនចាញ់​មូសអាចខាំអ្នក ហើយចម្លងវាទៅអ្នកផ្សេងទៀត)​
    • កុំបណ្តោយអោយភូមិរបស់អ្នក​ ឆ្លងជំងឺគ្រុនចាញ់ (បើអ្នកកើតជំងឺគ្រុនចាញ់ ​មូសអាចខាំអ្នក ហើយចម្លងវាទៅអ្នកក្នុងភូមិ )​

ក្រុមគោលដៅ

  • ក្រុមគោលដៅបឋម៖ អ្នកដើរព្រៃ តាមរយៈការធ្វើអន្តរាគមន៍ផ្ទាល់នៅសហគមន៍ (មិនមានប្រព័ន្ធផ្សព្វផ្សាយ – មិនមានការទំនាក់ទំនងថ្នាក់ជាតិ)
  • ក្រុមគោលដៅបន្ទាប់៖
    • សហគមន៍របស់អ្នកដើរព្រៃ (រួមមាន ប្រពន្ធរបស់អ្នកដើរព្រៃ អតីតអ្នកដើរព្រៃ និង អ្នកផ្សេងៗដែលមានឥទ្ធិពលលើឥរិយាបថនិង ការសម្រេចចិត្តរបស់អ្នកដើរព្រៃ)
    • អ្នកផ្តល់សេវាសហគមន៍ (អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់)

គោលបំណង​ឥរិយាបថ

  • យើងចង់អោយ អ្នកដើរព្រៃទាំងអស់ (ស្រ្តី បុរស គ្រប់វ័យ) ទៅជួប អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ឬ នៅមណ្ឌលសុខភាព ដើម្បីធ្វើតេស្តរកមេរោគគ្រុនចាញ់ ពេលដែលពួកគេចេញពីព្រៃ ទោះបីមានឬគ្មានរោគសញ្ញា

យុទ្ធសាស្ត្រ និង​សម្ភារ

លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​ធ្វើតេស្តជំងឺ​គ្រុនចាញ់

បទអន្តរាគមន៍​របស់​គម្រោង​ PHB ផ្នែក​ជំងឺ​គ្រុនចាញ់​ប្រើប្រាស់ វិធីសាស្ត្រ​ផ្សេងៗ ដើម្បីផ្សព្វផ្សារយ​សារ​សំខាន់​ៗ បាន​ទៅដល់​ក្រុមគោលដៅ និង​ប្រើសម្ភារអប់រំ​ផ្សេងៗ​ដើម្បី​រំលឹក​ពួកគាត់​ ឲ្យ​ធ្វើតេស្តឈាមរកមេរោគគ្រុនចាញ់​ បន្ទាប់ពីពួកចេញពីព្រៃតវិញទោះបី​ជាគាត់​មានឬមិនមាន​រោគសញ្ញា​ក៏ដោយ។

  • ផ្ទាំងរូបភាព និង​បដា
  • សារតាមឃោសនស័ព្ទ
  • អ្នកស្ម័គ្រចិត្ត​ធ្វើការ​ចុះ​តាម​ផ្ទះ
  • អ្នកមានឥទ្ធិពលក្នុងភូមិអាចប្រាប់តៗគ្នា

សម្ភារ​ផ្សព្វផ្សាយ​ត្រូវបាន​ដំឡើង​ នៅ​ក្នុង​និង​ជិតៗភូមិ មុន​ធ្វើការ​ចុះ​តាម​ផ្ទះ:

  • បដា​ (banners) ត្រូវបានដាក់​នៅ​តាម​ផ្លូវ​សំខាន់​ៗ
  • ផ្ទាំងរូបភាពបញ្ឈរ (billboards) ត្រូវបាន​ដំឡើង​នៅ​កន្លែង​ចេញ/ច្រកចូល​ព្រៃ
  • ប័ណ្ណ​ផ្សព្វផ្សាយ (posters) ត្រូវបាន​ចែកចាយ និង​បិទនៅ​ទី​កន្លែង​ដែល​អ្នក​ដើរ​ព្រៃទៅ​ញឹកញាប់
    • ផ្ទះអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់
    • ផ្ទះមេភូមិ
    • ផ្ទះលក់​ឥវ៉ាន់ តៀម​កាហ្វេ ផ្ទះ​អ្នកភូមិ…

សារ​ជា​សំលេង​ត្រូវបាន​ចាក់​ផ្សាយ​តាមរយៈឧបករណ៍បំពងសំលេង នៅ​ក្នុងភូមិគោលដៅ ដើម្បី​បានទៅ​ដល់​អ្នកដើរ​ព្រៃ និង​អ្នក​មាន​ឥទ្ធិពល​នៅ​ក្នុង​ភូមិ​ ដើម្បី​រំលឹកពួកគាត់​ ឲ្យ​ទៅ​ធ្វើតេស្ត​។ ឧបករណ៍​បំពងសំឡេងគឺ​ជា​ជំរើស​ ដោយ​សារ​ក្រុម​គោលដៅ​ជាច្រើន​មិន​ចេះ​អក្សរ ឬមិនមាន​ការ​ទទួល​បាន​ព័ត៌មាន​តាម​រយៈប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​វិទ្យុ ទូរទស្សន៍ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។

ទំនាក់ទំនង​ទៅ​អ្នកដើរ​ព្រៃ និង​អ្នក​មាន​ឥទ្ធិពល​ ព្រមទាំង​ធានា​បាន​ការ​អនុវត្ត​ឥរិយាបថ​ស្តីពី​ជំងឺគ្រុនចាញ់​ឲ្យ​បាន​ត្រឹមត្រូវ

ដំណាក់កាល​ដំបូង (ខែទី១​នាំ​បទអន្តរាគមន៍) អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ធ្វើការ​ចុះ​តាម​ផ្ទះ ដើម្បី​ទាក់ទង​ទៅ​អ្នក​ដើរ​ព្រៃ។ សម្ភារអប់រំ​ត្រូវបាន​ផ្តល់​ទៅពួកគេ ដើម្បី​ជូនព័ត៌មាន​ និង​រំលឹក​អ្នកដើរព្រៃ ដើម្បី​ឲ្យ​ទៅ​ធ្វើតេស្ត នៅ​ពេល​ពួកគាត់​ចេញពី​ព្រៃ​វិញ ទោះបី​ជា​គ្មាន​រោគសញ្ញា​ជំងឺ​គ្រុនចាញ់​ក៏ដោយ:

  • ខ្ទាស់ផ្លាកសញ្ញា ត្រូវបាន​ឲ្យ​ទៅអ្នក​ដើរ​ព្រៃ​ដើម្បីជារបស់​សម្រាប់​រំលឺក​ នៅ​ពេលមក​ផ្ទះ ពីព្រៃវិញ
  • ប្រតិទិនក៏បាន​ឲ្យ​ទៅ​អ្នក​ដើរព្រៃ​ផងដែរ ដើម្បី​កត់ត្រា​ថ្ងៃ​ដែល​គាត់​និង​គ្រួសារ​បាន​ធ្វើតេស្ត និង​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​គាត់​ប្រកាន់​ឥរិយាបថ​នៃ​ការ​ធ្វើតេស្ត

ដើម្បី​បង្កើត​ជា​ទំលាប់ក្នុងការ​ទៅធ្វើតេស្ត រាល់​ពេល​ដែល​អ្នកដើរព្រៃ​និង​គ្រួសារ​របស់​គាត់​បាន​មក​ធ្វើតេស្ត អ្នក​ស្ម័គ្រ​ចិត្ត​ជូន​ស្ទីកគ័រដែល​មាន​ឈ្មោះ​របស់​ពួកគាត់​និង​ថ្ងៃ​ដែល​គាត់​បាន​មក​ធ្វើតេស្ត។ សកម្មភាព​នេះ​មាន​បំណង​បង្កើត​ការ​ពេញចិត្ត មោទនភាព និង​បង្ក​ជា​អារម្មណ៍​វិជ្ជមាន​ ដោយ​ការ​បាន​មើល​ឃើញ​អ្វី​ដែល​ជា​ការ​រំលឹក​អំពី​ការ​ធ្វើតេស្ត ដោយ​ពួកគាត់​ដឹង​ថា​ពួកគាត់​បាន​មើល​ថែទាំសុខភាព​ខ្លួនឯង​និង​គ្រួសារ​។

អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ធ្វើការ​ចុះតាម​ផ្ទះ​បន្ទាប់​ទៀត​ គឺត្រូវ​ធ្វើ​ឡើង​ ៤ ខែ​បន្ទាប់​ពីការ​ចុះលើក​ទីដំបូង។ ក្នុង​អំឡុង​ពេល​ចុះ​លើក​នេះ អ្នកស្ម័គ្រ​ចិត្ត​អាច​ធ្វើតេស្តឲ្យ និង​ផ្តល់​ថ្នាំគ្រុនចាញ់ ប្រសិន​បើ​ចាំបាច់។ អ្នកស្ម័គ្រ​ចិត្ត​នឹង​បន្ត​រំលឹក​អ្នក​ដើរព្រៃអំពី​សារសំខាន់​នៃ​ការ​ធ្វើតេស្តឈាម​រក​ជំងឺគ្រុនចាញ់ រាល់​ពេល​ដែល​ចេញ​ពីព្រៃ​វិញ ព្រមទាំង​ពិនិត្យ​មើល​ការ​ប្រើប្រតិទិនដែល​បាន​ផ្តល់​ឲ្យ និង​ធ្វើការ​ណាត់​ថ្ងៃ​ធ្វើតេស្តបន្ទាប់​ ផ្អែក​ទៅតាម​ថ្ងៃ​ដែល​ពួកគាត់​ធ្វើតេស្តលើក​ចុងក្រោយ​ ដែល​បាន​កត់ត្រាទុក​ក្នុង​ប្រតិទិន។

ការតាមដាន វាយតម្លៃ និងសិក្សា

គម្រោង PHB ធ្វើការតាមដានការធ្វើអន្តរាគមន៍នេះ និងសកម្មភាពផ្លាស់ប្តូរឥរិយាបថដទៃទៀតរបស់គម្រោង ដោយប្រមូលទិន្នន័យសកម្មភាព ក្រុមគោលដៅ និងសម្ភារៈដែលបានចែកចាយ ព្រមទាំងព័ត៌មានអំពីចំណេះដឹង និងឥរិយាបថ របស់អតា្ថគាហក មុននិងក្រោយបានទំនាក់ទំនងជាមួយសកម្មភាពរបស់គម្រោង។ លទ្ធផលនិងមេរៀនដែលទទួលបាន នឹងយកទៅប្រើដើម្បីអនុវត្តគម្រោងបន្ត និងធ្វើអោយកាន់តែមានភាពប្រសើរឡើង នូវសកម្មភាពផ្លាស់ប្តូឥរិយាបថរបស់គម្រោង ព្រមទាំងចែកចាយជាប្រចាំ ទៅសហគមន៍នៃអ្នកធ្វើការផ្នែកផ្លាស់ប្តូរឥរិយាបថ។

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។