យុទ្ធនាការ “បើស្រឡាញ់ខ្ញុំពិត…”

គឺជាគំនិតច្នៃប្រឌិតនៃអន្តរាគមន៍ដើម្បីបង្កើនការទៅមណ្ឌលសុខភាពដើម្បីពិនិត្យសុខភាពរករោគរបេង និងទទួលការព្យាបាលឲ្យជាសះស្បើយ

ទោះបីជាមានការវិវត្តន៍គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក៏ដោយ ក៏កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣០ ដែលមានបន្ទុកជំងឺរបេងខ្ពស់ក្នុងពិភពលោក។ ដោយក្នុងនោះ ប្រជាជនកម្ពុជាប្រមាណ ៤៩០០០ នាក់ បានឆ្លងជំងឺរបេងក្នុងឆ្នាំ ២០១៨ និង ៣៩០០ នាក់ ក្នុងចំណោមអ្នកទាំងនោះបានស្លាប់ដោយសារជំងឺនេះ។ ក្នុងចំណោម ៤៩០០០ ករណីដែលបានប៉ាន់ស្មាននេះ ប្រហែលជា ២០០០០ ករណីមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យនោះទេ ដោយក្នុងនោះបុរសដែលមានអាយុលើសពី ៦៥ ឆ្នាំ ទំនងជាពិនិត្យសុខភាពរកជំងឺរបេងឃើញមានវិជ្ជមានដល់ទៅ ៦ ដង លើសប្រជាជនទូទៅ។ គេសង្កេតឃើញថា ជំងឺរបេងគឺជាបញ្ហាមួយ នៅខេត្តបាត់ដំបងនិងប៉ៃលិន ដែលតំណាង ១៣% នៃករណីជំងឺរបេងទាំងអស់នៅទូទាំងប្រទេសទោះ បីជាខេត្តទាំងពីរនេះតំណាងឱ្យត្រឹមតែ ៧% នៃចំនួនប្រជាជនទាំងអស់ក្តី ។

គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាល-ភាព (PHB) ដែលឧបត្ថម្ភថវិកាដោយ USAID អនុវត្តសកម្មភាពផ្លាស់ប្តូរឥរិយាបថនិងសង្គម (SBC) ជាមួយដៃគូអនុវត្តន៍ក្នុងស្រុករបស់ខ្លួន ដើម្បីគាំទ្រដល់ការទៅមណ្ឌលសុខភាពដើម្បីពិនិត្យសុខភាពរករបេង និងការព្យាបាលជំងឺរបេង ជាពិសេសក្នុងចំណោមប្រជាជនវ័យចំណាស់ដែលមានអាយុលើសពី ៥៥ ឆ្នាំ ។ ក្រោមយុទ្ធនាការ “បើស្រឡាញ់ខ្ញុំពិត…” សកម្មភាព SBC នេះ មានគោលដៅលើកទឹកចិត្តក្រុមគោលដៅឱ្យ ១) ការស្រាវជ្រាវរកជំងឺរបេង និង ២) ការព្យាបាលជំងឺរបេង។

ការស្រាវជ្រាវរកជំងឺរបេង

សារគន្លឹះ

  • ក្អកចាប់ពី១៤ ថ្ងៃឡើងទៅ មិនមែនជារឿងធម្មតាទេ ។ វាអាចជាជំងឺរបេង ។
  • របេងគឺជាជំងឺឆ្លងខ្លាំង ហើយអ្នក (ឬមនុសុ្សជាទីស្រឡាញ់ ត្រូវចាត់វិធានការទប់ស្កាត់ការចម្លង ។
  • ការពិនិត្យសុខភាពរកជំងឺរបេង មានផ្តល់ជូននៅមណ្ឌលសុខភាពដោយឥតគិតថ្លៃ ។
  • ជំងឺរបេងអាចព្យាបាលជាសះស្បើយ ១០០% ប្រសិនបើអ្នកបានពិនិត្យស្រាវជ្រាវ និងទទួលការព្យាបាលត្រឹមត្រូវ ។
  • គ្រួសារទាំងមូល ទទួលខុសត្រូវក្នុងការធានាថា មនុស្សចាស់ក្នុងគ្រួសារបានពិនិត្យសុខភាពរកជំងឺរបេងនៅមណ្ឌលសុខភាព។

ក្រុមគោលដៅ

  • ក្រុមគោលដៅទី១ ៖ មនុស្សចាស់អាយុ ៥៥ ឆ្នាំឡើងទៅ ដែលប្រឈមមុខខ្ពស់ចំពោះការឆ្លងជំងឺរបេង ។
  • ក្រុមគោលដៅទី២ ៖ សមាជិកគ្រួសារ មិត្តភក្តិ និងអ្នកជិតខាងរបស់មនុស្សចាស់ ។

គោលបំណងឥរិយាបថ

  • ក្រុមគោលដៅទី១ ៖ យើងចង់ឲ្យមនុស្សចាស់ដែលក្អកចាប់ពី ១៤ ថ្ងៃឡើងទៅ ទៅមណ្ឌលសុខភាពដើម្បីពិនិត្យសុខភាពរកជំងឺរបេង ។
  • ក្រុមគោលដៅទី២ ៖ យើងចង់ឲ្សសហគមន៍លើកទឹកចិត្ត និងបញ្ចុះបញ្ចូលសាច់ញាតិ មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេដែលជាមនុស្សចាស់ដែលមានរោគសញ្ញាជំងឺរបេង ឱ្យមណ្ឌលសុខភាពដើម្បីពិនិត្យសុខភាពរកជំងឺរបេង ។

យុទ្ធសាស្ត្រ និងសម្ភារៈសំខាន់ៗ សម្រាប់ការស្រាវជ្រាវរកជំងឺរបេង

យុទ្ធនាការ “បើស្រលាញ់ខ្ញុំពិត…” ផ្សារភ្ជាប់​ការ​ទៅ​ធ្វើតេស្ត​ជំងឺ​របេង​ ទៅ​ហ្នឹង​ការ​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់​និង​ការ​យកចិត្ត​ទុកដាក់ចំពោះសមាជិក​គ្រួសារ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​វប្បធម៌​កម្ពុជា។ សមាជិក​គ្រួសារ​ស្រលាញ់​និង​គោរព​គ្នា​ទៅវិញ​ទៅមក​ ហើយ​ចង់​ឲ្យ​គ្រប់​គ្នា​មាន​សុវត្ថិភាព ដែល​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ ក្នុង​ការ​ទៅ​ធ្វើតេស្ត​។

ការចុះអប់រំតាមសហគមន៍: ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ភ្នាក់ងារអប់រំ ចុះផ្សព្វផ្សាយអប់រំនៅសហគមន៍ ដើម្បីចែករំលែកព័ត៌មានអំពីរោគសញ្ញាជំងឺរបេង ចែកប័ណ្ណបញ្ជូន និងប្រមូលឈ្មោះរបស់អ្នកសង្ស័យ ដើម្បីធ្វើការតាមដានបន្តការស្វែងរកករណីសកម្ម។ ភ្នាក់ងារអប់រំ ប្រើប្រាស់រូបភាពនិងល្បែង ដែលមានភាពទាក់ទាញ ស្របតាមគោលគំនិតច្នៃប្រឌិត បើស្រឡាញ់ខ្ញុំពិត… ។

ឧបករណ៍ប្រាស្រ័យទាក់ទង និងផ្សព្វផ្សាយ: វិធីសាស្ត្រមួយចំនួនទៀត ត្រូវបានបង្កើតឡើងដើម្បីបង្កើនចំណេះដឹងអំពីរោគសញ្ញាជំងឺរបេង និងដើម្បីជំរុញយុទ្ធនាការផ្សព្វផ្សាយ និងតម្រូវការ:

ការព្យាបាលជំងឺរបេង

សារគន្លឹះ

  • អ្នកត្រូវតែធ្វើការព្យាបាលឱ្យបានពេញលេញ ដើម្បីជាសះស្បើយ។ អ្នកអាចធ្វើវាបាន!
  • ផលរំខានគឺមានជាធម្មតា ហើយមានវិធីដើម្បីព្យាបាលផលរំខានទាំងនេះ។
  • អ្នកត្រូវបន្តអនុវត្តអនាម័យនៅពេលក្អកនៅក្នុងអំឡុងពេលនៃការព្យាបាលរបស់អ្នក ។ ការធ្វើបែបនេះនឹងធ្វើឱ្យគ្រួសារអ្នកមានសុវត្ថិភាព។
  • គ្រួសារទាំងមូលទទួលខុសត្រូវក្នុងការធានាការព្យាបាលឱ្យបានពេញលេញសម្រាប់មនុស្សចាស់ដែលមានជំងឺរបេង។

ក្រុមគោលដៅ

  • ក្រុមគោលដៅទី១៖ អ្នកជំងឺរបេង ដែលជាមនុស្សវ័យចំណាស់ អាយុ ៥៥ ឆ្នាំឡើងទៅ ។
  • ក្រុមគោលដៅទី២៖ សមាជិកគ្រួសារ មិត្តភក្តិ និងអ្នកជិតខាងរបស់អ្នកជំងឺរបេងវ័យចំណាស់ ។

គោលបំណងឥរិយាបថ

  • ក្រុមគោលដៅទី១៖ យើងចង់ឲ្យអ្នកជំងឺរបេងដែលជាមនុស្សចាស់ ទទួលបានការព្យាបាលដោយពេញលេញ។
  • ក្រុមគោលដៅទី២៖ យើងចង់ឲ្យសមាជិកគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង លើកទឹកចិត្តអ្នកជំងឺរបេងវ័យចំណាស់ ឱ្យទទួលការព្យាបាលឱ្យបានជាសះស្បើយពេញលេញ។

យុទ្ធសាស្ត្រ និងឧបករណ៍សំខាន់ៗ សម្រាប់ការព្យាបាលជំងឺរបេង

យុទ្ធសាស្ត្រសម្រាប់ការលើក​ទឹកចិត្ត​ឲ្យ​ទទួល​ការ​​ព្យាបាល​ នៃយុទ្ធនាការ “បើ​ស្រលាញ់​ខ្ញុំ​ពិត…” នៅ​តែ​ប្រើប្រាស់​សេចក្តី​ស្រលាញ់​និង​ការ​យកចិត្ត​ទុកដាក់នៃ​គ្រួសារ​ ដើម្បី​លើក​ទឹកចិត្ត​អ្នក​ជំងឺរបេង​ឲ្យ​ទទួល​ការ​ព្យាបាល​ពេញលេញ។ យុទ្ធនាការ​នេះ​លើក​ទឹកចិត្ត​ឲ្យ​សមាជិក​គ្រួសារ​ផ្តល់​​ការជំរុញទឹកចិត្ត ការ​គាំទ្រ និង​ការ​យកចិត្ត​ទុកដាក់​ ដល់​អ្នក​ជំងឺ​របេង ដើម្បី​គាត់​អាច​ជំនះ​ផល​រំខាន​ដែល​បង្ក​ពី​ការ​ព្យាបាល។ មណ្ឌលសុខភាព គឺជាចំណុចទំនាក់ទំនងដ៏សំខាន់សម្រាប់វិធីសាស្រ្តនៃការព្យាបាលដោយជោគជ័យ។ នៅពេលអ្នកជំងឺទទួលលទ្ធផលមានរបេង អ្នកគាំទ្រកម្មវិធីជំងឺរបេងនៅមណ្ឌលសុខភាព ជួបជាមួយអ្នកជំងឺដើម្បីណែនាំអំពីផែនការព្យាបាលរបស់ពួកគេ និងផ្តល់នូវកញ្ចប់ថែទាំអ្នកជំងឺរបេង និងសម្ភារៈផ្សេងទៀត ដើម្បីជួយអ្នកជំងឺបន្តការព្យាបាលរបស់ពួកគេ ។

កញ្ចប់ថែទាំអ្នកជំងឺរបេង: រួមមានកូនសៀវភៅតាមដានការលេបថ្នាំរបស់អ្នកជំងឺ កែវទឹកមួយ ក្រដាសបិទ (ស្ទីកឃ័រ) សម្រាប់ជួយរំលឹក និងសម្ភារៈ​ផ្សេង​ៗ ដែលជាសម្ភារៈដែលត្រូវបានរៀបចំឡើងដើម្បីជួយដល់អ្នកជំងឺជំនះនូវផលរំខាននៃថ្នាំក្នុងពេលព្យាបាល ។

កូនសៀវភៅតាមដានការលេបថ្នាំរបស់អ្នកជំងឺ: កូនសៀវភៅតាមដានការលេបថ្នាំរបស់អ្នកជំងឺ នេះ បានបែងចែកវគ្គនៃការព្យាបាលជាផ្នែកៗរយៈពេល ៣០ ថ្ងៃ ដោយមានសារ និងរូបភាពលើកទឹកចិត្ត នៅពេលអ្នកជំងឺបន្តការព្យាបាលរបស់ពួកគេ។ សៀវភៅនេះក៏រួមបញ្ចូលផងដែរនូវព័ត៌មានជារួបភាពអំពីផលរំខានអ្វីខ្លះដែលត្រូវរំពឹងទុក និងរបៀបគ្រប់គ្រងផលរំខាន់ទាំងនេះ។

វីដេអូ: បុគ្គលិកមណ្ឌលសុខភាព នឹងបង្ហាញ ឬផ្តល់ឱ្យអ្នកជំងឺរបេង នូវឈុតវីដេអូ (តាមរយៈប៊្លូធូសឬតេលេក្រាម) ដើម្បីយកទៅផ្ទះ និងមើលជាមួយគ្រួសាររបស់ពួកគេ រួមទាំងសាច់រឿងអំពីផលរំខាននៃថ្នាំ, ការបង្កើតទម្លាប់ក្នុងការលេបថ្នាំ និងវិធីថែទាំលើកទឹកចិត្តអ្នកជំងឺរបេង។

សារជាសំលេងតាមទូរសព្ទ ដើម្បីជួយថែរក្សាការលើកទឹកចិត្តដល់អ្នកជំងឺក្នុងរយៈពេលនៃព្យាបាល ១៨០ ថ្ងៃ គម្រោងនឹងផ្ញើសារជាសំលេងតាមទូរស័ព្ទដោយស្វ័យប្រវត្តិ (robocalls) ជាប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ ដែលជាសារណែនាំអ្នកជំងឺឲ្យឆ្លងកាត់ដំណាក់កាលព្យាបាលសំខាន់ៗ បង្ហាញពីវិធីនានាដើម្បីចៀសវាងការលាប់ឡើងវិញ និងផ្តល់ការលើកទឹកចិត្តផ្លូវអារម្មណ៍។

ការតាមដាន វាយតម្លៃ និងសិក្សា

គម្រោង PHB ធ្វើការតាមដានការធ្វើអន្តរាគមន៍នេះ និងសកម្មភាពផ្លាស់ប្តូរឥរិយាបថដទៃទៀតរបស់គម្រោង ដោយប្រមូលទិន្នន័យសកម្មភាព ក្រុមគោលដៅ និងសម្ភារៈដែលបានចែកចាយ ព្រមទាំងព័ត៌មានអំពីចំណេះដឹង និងឥរិយាបថ របស់អតា្ថគាហក មុននិងក្រោយបានទំនាក់ទំនងជាមួយសកម្មភាពរបស់គម្រោង។ លទ្ធផលនិងមេរៀនដែលទទួលបាន នឹងយកទៅប្រើដើម្បីអនុវត្តគម្រោងបន្ត និងធ្វើអោយកាន់តែមានភាពប្រសើរឡើង នូវសកម្មភាពផ្លាស់ប្តូឥរិយាបថរបស់គម្រោង ព្រមទាំងចែកចាយជាប្រចាំ ទៅសហគមន៍នៃអ្នកធ្វើការផ្នែកផ្លាស់ប្តូរឥរិយាបថ។

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។