បទពិសោធន៍ពីយុទ្ធនាការទឹកស្អាតនិងអនាម័យ
បទពិសោធន៍ខាងក្រោមនេះ អាចមានសារៈសំខាន់សម្រាប់គម្រោងដទៃទៀត ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលក្នុងកិច្ចការលើកកម្ពស់ឥរិយាបថសុខភាពផ្នែកទឹកស្អាតនិងអនាម័យ។
ការថែទាំគ្រួសារ គឺជាការលើកទឹកចិត្តដ៏សំខាន់ ក្នុងការផ្លាស់ប្តូរឥរិយាបថ: ការស្រលាញ់និងគិតគូរពីសមាជិកគ្រួសារជា ចំណុចសំខាន់ក្នុងវប្បធម៌របស់សង្គមកម្ពុជា។ សមាជិកគ្រួសារស្រលាញ់ និងគោរពគ្នាទៅវិញទៅមក និងចង់ឲ្យសមាជិកគ្រួសារមានសុវត្ថិភាព ដែលនេះជាការលើកទឹកចិត្តដ៏ខ្លាំងសម្រាប់ពួកគាត់។ អ្នកចូលរួមក្នុងការធ្វើការវាយតម្លៃក្រោយយុទ្ធនាការជាច្រើននាក់ បានលើកឡើងថាការលើកទឹកចិត្តចំបងរបស់គាត់ក្នុងការចាប់យកឥរិយាបថទឹកស្អាតនិងអនាម័យ គឺគោលបំណងក្នុងការការពារសមាជិកគ្រួសារ ជាពិសេសកុមារ ពីជំងឺនានា។
ការប្រាស្រ័យទាក់ទងដោយផ្ទាល់នៅតែមានសារៈសំខាន់: ប្រជាជនគោលដៅយកចិត្តទុកដាក់ទៅលើសារអប់រំ ប្រសិនបើការប្រាស្រ័យទាក់ទង មានអត្ថន័យពេញលេញ ចេញពីចិត្តពិតៗ និងចេញពីអ្នកដែលពួកគាត់ស្គាល់ជឿជាក់ ដូចជាមេភូមិ ឬអ្នកស្ម័គ្រចិត្តភូមិ។ ទាំងអស់នេះ គឺវាពិបាកនឹងធ្វើបានប្រសិនបើមិនមានការប្រាស្រ័យទាក់ទងដោយផ្ទាល់នោះទេ។ យោងទៅតាមការវាយតម្លៃក្រោយយុទ្ធនាការ កម្មវិធីសហគមន៍ (៦៩%) មានប្រសិទ្ធិភាពជាងគេ ក្នុងការផ្សព្វផ្សាយសារអប់រំសុខភាព។ មធ្យោបាយដែលមានប្រសិទ្ធិភាពបន្ទាប់ គឺតាមរយៈការផ្តល់ព័ត៌មានដោយផ្ទាល់ពីមេភូមិ (៤២%) និងតាមរយៈមេក្រូ (៤២%)។
ការតម្លើងកន្លែងលាងដៃត្រឹមត្រូវ ពិតជាធ្វើឲ្យមានការកើនឡើងនៃការលាងដៃ: ការមានសម្ភារៈទឹកស្អាតនិងអនាម័យនៅផ្ទះ បានធ្វើឲ្យប្រជាជនលាងដៃញឹកញាប់ជាងមុន ដោយវាបានធ្វើឲ្យមានភាពងាយស្រួល និងបង្ករជាទំលាប់ផងដែរ។ ជាពិសេស ក្មេងៗចូលចិត្តកន្លែងលាងដៃនេះណាស់ ដោយពួកគេរីករាយនឹងប្រើប្រាស់វាជាង អ្វីដែលពួកគេប្រើប្រាស់ដើម្បីលាងដៃពីមុន។
ការដំឡើងកន្លែងលាងដៃមានការពេញនិយមជាងការទិញសម្ភារៈលាងដៃស្រាប់: ដោយសារតែតម្លៃទាប និងការមានសម្ភារៈនៅក្នុងផ្ទះស្រាប់ ក្រុមការងារ PHB បានផ្លាស់ប្តូរការផ្តោតទៅលើការ “ទិញសម្ភារៈ” ទៅជាការលើកកម្ពស់ការដំឡើងសម្ភារៈដោយខ្លួនឯង ដោយបង្កើតការណែនាំរបៀបដំឡើង និងការបង្ហាញពីរបៀបដំឡើង។ កន្លែងលាងដៃនេះមានប្រជាប្រិយភាពក្នុងចំណោមក្មេងៗ ដែលពួកគេគិតថាការលាងដៃដោយប្រើសម្ភារៈទាំងនេះ ជាការគួរឲ្យសប្បាយរីករាយ។ សម្ភារៈនេះជាការលើកទឹកចិត្ត ដល់ពួកគាត់ឲ្យលាងដៃញឹកញាប់ ហើយក៏រំលឹកឪពុកម្តាយរបស់គាត់ឱ្យលាងដៃផងដែរ។ តាមរយៈវិធីសាស្ត្ររៀនសូត្រកែសម្រួល គម្រោង PHB បានផ្លាស់ប្តូរសារអប់រំ ដោយផ្តោតទៅលើកុមារវិញ។
ការប្រើប្រាស់បច្ចេកវិទ្យា គឺត្រូវការចំណាយថវិកា: បច្ចេកវិទ្យាអាចធ្វើឲ្យយុទ្ធនាការសុខភាព បានទៅដល់ប្រជាជនជាច្រើននាក់ ក្នុងពេលវេលាដ៏ខ្លី។ ប៉ុន្តែ ការមានថវិកាគ្រប់គ្រាន់ និងផែនការត្រឹមត្រូវ គឺជាការចាំបាច់ណាស់ ដើម្បីនានាបាននូវការពង្រីកវិសាលភាពនិងនិរន្តរភាពនៃកម្មវិធីសុខភាព។ បច្ចេកវិទ្យាខ្លះមានតម្លៃមិនថ្លៃ។ ម៉្យាងវិញទៀត តម្លៃថ្លៃមិនមែនសំដៅតែទៅលើការដាក់ទន់ជាថវិកាផ្ទាល់នោះទេ តែអាចសំដៅទៅលើពេលវេលា និងបន្ទុកការងារ។ ជាក់ស្តែង ក្រុមការងារគម្រោង PHB បានសង្កេតឃើញថា ការប្រើប្រាស់បច្ចេកវិទ្យា Robocall គឺត្រូវការកម្លាំងពលកម្មច្រើនជាង អ្វីដែលយើងអាចទទួលបាន។ ការចាត់ចែងទូទៅទាក់ទងនឹងរដ្ឋបាល ដើម្បីដំណើរការ Robocall គឺស្មើនឹង៥០%នៃបន្ទុកការងារនៃក្រុមការងាររបស់យើង។ យើងបានឈប់ប្រើប្រាស់ Robocall ហើយយកពេលវេលានិងថវិកាមកប្រើប្រាស់ក្នុងសកម្មភាពផ្ទាល់ជាមួយប្រជាជនវិញ។