គម្រោងជំងឺទឹកនោមផ្អែមលើកុមារ (CDiC)
អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI) កំពុងអនុវត្តគម្រោង “ជំងឺទឹកនោមផ្អែមលើកុមារ (CDiC)” ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដោយទទួលថវិកាពី Novo Nordisk ។ គម្រោងនេះអនុវត្តពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ និងសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានការពារសុខភាព (PMD) នៃក្រសួងសុខាភិបាល និងមន្ទីរពេទ្យផ្សេងៗនៅកម្ពុជា ។

សកម្មភាពរបស់គម្រោងធ្វើឡើងនៅក្នុងក្របខ័ណ្ឌជាតិ និងស្របទៅតាមអាទិភាព ដែលបានកំណត់ដោយក្រសួងសុខាភិបាល នៅក្នុងខេត្ត/ក្រុងដូចតទៅ៖ ១) ភ្នំពេញ ២) កំពត ៣) សៀមរាប ៤) ព្រៃវែង ៥) កំពង់ចាម ៦) បាត់ដំបង ៧) ឧត្ដរមានជ័យ ៨) ពោធិសាត់ ៩) តាកែវ ១០) បន្ទាយមានជ័យ និង ១១) ត្បូងឃ្មុំ ។
គោលបំណងរបស់គម្រោងនេះ គឺដើម្បីលើកកម្ពស់ការថែទាំសុខភាពដល់កុមារនិងយុវវ័យ ដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ដោយក្នុងនោះគម្រោងបានផ្តល់នូវឱសថនិងសម្ភារៈចាំបាច់ផ្សេងៗ ដល់អ្នកជំងឺជាកុមារ ដល់អាយុ២៥ឆ្នាំ ។
សកម្មភាពគម្រោង
ការអប់រំស្តីពីជំងឺទឹកនោមផ្អែមប្រភេទ១៖
គម្រោងបានជួយដល់សកម្មភាពអប់រំអ្នកជំងឺនៅមន្ទីរពេទ្យ និងសហគមន៍ ហើយធានាថាមន្ត្រីអប់រំសុខភាព មានសម្ភារៈនិងធនធានគ្រប់គ្រាន់ សម្រាប់ធ្វើការអប់រំសុខភាពដល់អ្នកជំងឺនិងគ្រួសាររបស់គាត់។
ការពង្រឹងសមត្ថភាពវិជ្ជាជីវៈថែទាំសុខភាព៖
គម្រោងនេះសហការជាមួយ PMD ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមស្តីពីការគ្រប់គ្រងជំងឺទឹកនោមផ្អែម ដល់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា។
ជួយឱ្យសេវាសុខភាពបានកាន់តែទៅជិតអ្នកជំងឺ៖
គម្រោងជួយដល់ការផ្គត់ផ្គង់សម្ភារៈដល់គ្លីនិកទឹកនោមផ្អែមនៅតាមមន្ទីរពេទ្យដៃគូ និងបង្កើតឱ្យមានប្រព័ន្ធសម្រាប់ទិន្នន័យអ្នកជំងឺទឹកនោមផ្អែម ។
ផ្គត់ផ្គង់អាំងស៊ុយលីន និងសម្ភារៈផ្សេងៗដល់អ្នកជំងឺ៖
គម្រោងបានបរិច្ចាគអាំងស៊ុយលីន និងសម្ភារៈចាំបាច់ដល់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ នៅមន្ទីរពេទ្យដៃគូទាំង ១៤ ។