ទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ជំនះឧបសគ្គ ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព»
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងប្រជាជនក្នុងសហគមន៍ សិស្សានុសិស្ស មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នានៅវត្តឧទុម្ពរក្រោម ក្នុងខេត្តតាកែវ ដើម្បីប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក។ ព្រឹត្តិការណ៍នេះ ក្រោមប្រធានបទ «ជំនះឧបសគ្គ ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព» បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសហការរួមក្នុងការដោះស្រាយបន្ទុកនៃជំងឺទឹកនោមផ្អែម ដែលកំពុងកើនឡើងនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យប្រជាជនទៅពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលដែលអាចទុកចិត្តបាន។ ព្រឹត្តិការណ៍នេះ ឧបត្ថម្ភគាំទ្រដោយអង្គការ PSI តាមរយៈគម្រោងទឹកនោមផ្អែមលើកុមារ (CDiC) ដែលទទួលថវិកាពីក្រុមហ៊ុន Novo Nordisk ។
ជំងឺទឹកនោមផ្អែម គឺជាកង្វល់សុខភាពពិភពលោក ដែលកំពុងកើនឡើង រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជំងឺនេះបានបង្កឱ្យមានការស្លាប់ចំនួន ២% នៃការស្លាប់ទាំងអស់ក្នុងប្រទេស ហើយមានប្រហែល ៦% នៃចំនួនប្រជាជន គឺកំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ដោយអាចមានជាច្រើននាក់ដែលមិនដឹងស្ថានភាពរបស់ខ្លួន រហូតដល់វាយឺតពេល។

តំណាងប្រជាជនក្នុងសហគមន៍ សិស្សានុសិស្ស មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នានៅវត្តឧទុម្ពរក្រោម ក្នុងខេត្តតាកែវ ដើម្បីប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក។

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងសុន្ទរកថាបើកកម្មវិធី ។
ដោយអញ្ជើញជាអធិបតីក្នុងពិធីនេះ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការពិនិត្យសុខភាពទាន់ពេល។ លោកបានលើកឡើងថា អាទិភាពមួយក្នុងចំណោមអាទិភាពរបស់ក្រសួងសុខាភិបាល គឺការនាំយកសេវាពិនិត្យសុខភាព ទៅកាន់តែជិតនឹងប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវានៅតាមមណ្ឌលសុខភាព និងធានាឱ្យមានការផ្គត់ផ្គង់ថ្នាំចាំបាច់ សម្រាប់ជំងឺទឹកនោមផ្អែមនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យ។
លោកក៏បានលើកទឹកចិត្តដល់អ្នកដែលមានជំងឺទឹកនោមផ្អែម ឱ្យស្វែងរកសេវាព្យាបាលសមស្រប ដោយទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបានសេវាសុខភាពទាន់ពេលវេលា។ ការធ្វើដូច្នេះជួយសន្សំសំចៃពេលវេលា និងថវិកា ក៏ដូចជាជួយធ្វើឱ្យសុខភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង និងគ្រប់គ្រងស្ថានភាពសុខភាពរបស់គាត់ប្រកបដោយប្រសិទ្ធភាព។

លោក ម៉េង ពិសិដ្ឋ ប្រធានគម្រោងនៃក្រុមហ៊ុន Novo Nordisk បានឡើងបង្ហាញអំពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម និងអ្វីដែលក្រុមហ៊ុន Novo Nordisk បានធ្វើនៅទូទាំងពិភពលោក ។

លោកស្រី ជី សុជាតិ នាយិកាប្រចាំប្រទេសនៃអង្គការ PSI បានថ្លែងអំពីវឌ្ឍនភាពនៃគម្រោងទឹកនោមផ្អែមលើកុមារ (CDiC) ដែលទទួលថវិកាដោយក្រុមហ៊ុន Novo Nordisk ។
ចំនុចលេចធ្លោមួយនៃពិធីនោះ គឺការចូលរួមពីប្អូនៗដែលមានជំងឺទឹកនោមផ្អែម និងគ្រួសាររបស់គាត់។ ពួកគេបានចែករំលែករឿងផ្ទាល់ខ្លួន បញ្ហាប្រឈមនៃការរស់នៅជាមួយជំងឺទឹកនោមផ្អែម និងលើកទឹកចិត្តអ្នកដទៃឱ្យធ្វើតេស្ត និងអនុវត្តរបៀបរស់នៅដែលផ្តោតលើសុខភាព ។ បទពិសោធន៍របស់ប្អូនៗបានគូសបញ្ជាក់អំពីសារៈសំខាន់នៃមានបុគ្គលិកសុខាភិបាលដែលមានជំនាញ និងទទួលបានការបណ្តុះបណ្តាលបន្តបន្ទាប់ និងការផ្គត់ផ្គង់អាំងស៊ុយលីនជាប់លាប់ ដើម្បីជួយអ្នកជំងឺទឹកនោមផ្អែមគ្រប់គ្រងស្ថានភាពជំងឺរបស់ខ្លួន។
អង្គការ PSI តាមរយៈគម្រោង CDiC សហការជាមួយមន្ទីរពេទ្យចំនួន១៤ នៅទូទាំងប្រទេសកម្ពុជា ។ គម្រោងនេះផ្តោតទៅលើការកំណត់រកកុមារនិងយុវវ័យដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ និងធានាបានថាពួកគាត់បានទទួលសេវាសុខភាព និងការជួយជ្រោមជ្រែងដែលពួកគាត់ត្រូវការ។ បច្ចុប្បន្ន មានកុមារនិងយុវវ័យចំនួនជិត១០០០នាក់ (រហូតដល់ពួកគេអាយុ២៥ឆ្នាំ) បានបញ្ចូលទៅក្នុងគម្រោងនេះ ដើម្បីទទួលបានសេវាសុខភាពនិងការព្យាបាល នៅមន្ទីរពេទ្យដែលជាដៃគូទាំង១៤ ។

លោកវេជ្ជ. សុខ គង់ អនុប្រធានការិយាល័យជំងឺមិនឆ្លងនៃនាយកដ្ឋានការពារសុខភាព (PMD) ដឹកនាំការពិភាក្សានិងសំនួរចម្លើយ ជាមួយអ្នកចូលរួម លើប្រធានបទស្តីពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម ។

សិស្សម្នាក់កាន់ផ្ទាំងរូបភាព ដែលមានផ្តល់ព័ត៌មានអំពីជំងឺទឹកនោមផ្អែមប្រភេទទី១ ។
គម្រោងនេះក៏ធានាផងដែរថាមន្ត្រីសុខាភិបាលមានសម្ភារៈនិងធនធាន ដើម្បីរៀបចំវគ្គអប់រំសុខភាពដល់អ្នកជំងឺប្រកបដោយប្រសិទ្ធិភាព ។ សម្ភារៈទាំងនោះរួមមានសម្ភារៈបណ្តុះបណ្តាលដែលងាយស្រួលប្រើប្រាស់ និងផ្ទាំងព័ត៌មានដែលរចនាឡើងជាពិសេសសម្រាប់កុមារនិងយុវវ័យដែលមានជំងឺទឹកនោមផ្អែម និងគ្រួសាររបស់គាត់។
ដោយជួយឧបត្ថម្ភដល់ពិធីនៃទិវាជំងឺទឹកនោមផ្អែមពិភពលោក គម្រោងនេះក៏បានជួយទាក់ទាញការយកចិត្តទុកដាក់ទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺទឹកនោមផ្អែម ជំរុញសេវាសុខភាពឱ្យកាន់តែមានគុណភាព និងលើកកម្ពស់សកម្មភាពដើម្បីធ្វើឱ្យជីវិតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមកាន់តែប្រសើរ។

អង្គការ PSI មានមោទនភាពដែលបានចូលរួមគាំទ្រដល់ ព្រឹត្តិការណ៍ទិវាជំងឺទឹកនោមផ្អែមពិភពលោក នៅខេត្តតាកែវ ព្រមទាំងចូលរួមសកម្មភាព “ដើរដើម្បីសុខភាព” ផងដែរ។

ការដើរនេះជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងបញ្ហាប្រឈមសុខភាពផ្សេងទៀត និងជាការរំលឹកអំពីពីសារៈសំខាន់នៃសកម្មភាពរាងកាយក្នុងការការពារ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។