ការចូលរួមរបស់បុរសនៅក្នុងកម្មវិធីពន្យារកំណើត
លោក ឈន ស្រៀង នៅខេត្តបាត់ដំបង មានប្រសាសន៍ថា “ការរៀនអំពីការពន្យាកំណើត ជួយលុបបំបាត់ការយល់ច្រឡំ [អំពីការពន្យាកំណើត] រវាងបុរស និងស្ត្រី ហើយលើកទឹកចិត្តយើងឱ្យពិភាក្សាទាំងមធ្យោបាយបែបបុរាណនិង បែបទំនើបនៃការពន្យារកំណើត” ។
ដោយសារមធ្យោបាយពន្យារកំណើតបែបទំនើបភាគច្រើនត្រូវបានបង្កើតឡើងជាចម្បងសម្រាប់ស្ត្រី និងសម្រាប់ កម្មវិធីសុខភាពបន្តពូជដែលភាគច្រើនទាក់ទងនឹងស្ត្រី ទំនួលខុសត្រូវនៃផែនការគ្រួសារជារឿយៗធ្លាក់ទៅលើស្ត្រីតែម្នាក់ឯង។
ការស្រាវជ្រាវបង្ហាញថា ដល់ពេលដែលបុរសចូលរួមយ៉ាងសកម្មក្នុងការពន្យារកំណើត។ ខណៈពេលដែលការរក្សាស្វ័យភាពរបស់ស្ត្រីលើរាងកាយ និងជីវិតរបស់ពួកគេ ការចូលរួមរបស់បុរសនៅក្នុងកម្មវិធីផែនការគ្រួសារអាច ធ្វើអោយទំនាក់ទំនងរបស់គូស្នេហ៍កាន់តែប្រសើរឡើង និងបង្កើនការយល់ដឹងរបស់ដៃគូទាំងពីរអំពី ជម្រើសនៃការពន្យារកំណើតផ្សេងៗ ពេញមួយជីវិត។ ការប្រាស្រ័យទាក់ទងដែលកាន់តែប្រសើរឡើងក្នុងចំណោមគូស្វាមីភរិយានេះ បានគាំទ្រដល់ការសម្រេចចិត្តរួមគ្នានៅពេលជ្រើសរើសមធ្យោបាយពន្យារកំណើតបែបទំនើប។
តាមរយៈគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារ USAID បុរសត្រូវបានរួមបញ្ចូលនៅក្នុងការពិភាក្សាអំពីការពន្យារកំណើត។ ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការ PSI និងដៃគូសហការណ៍ គឺក្រុមហ៊ុន 17-Triggers បានប្រើប្រាស់បច្ចេកទេសផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម (SBC) រួមទាំងបង្កើតកម្មវិធីដែលផ្តោតលើក្រុមគោលដៅ ដើម្បីស្វែងយល់ពីតម្រូវការរបស់គូស្វាមីភរិយានៅតាមជនបទ និងរួមគ្នាបង្កើត កម្មវិធី “អង្គរក្សបេះដូង” និង “ចំណងស្នេហ៍”។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនការប្រើប្រាស់ មធ្យោបាយពន្យារកំណើតបែបទំនើប គាំទ្រដល់ការសម្រេចចិត្តរួមគ្នាក្នុងចំណោមគូស្វាមីភរិយា និងផ្តល់ឱ្យបុរសកម្ពុជានូវសម្ភារៈ និង ព័ត៌មានដើម្បីជួយពួកគាត់ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងបន្ថែមទៀតអំពីផែនការគ្រួសារ។ កម្មវិធីទាំងពីរនេះត្រូវបានអនុវត្តដោយផ្ទាល់អង្គការដៃគូគម្រោង រួមមានអង្គការដៃគូផ្តល់មេត្តា (PC) អង្គការខេមរា (Khemara) និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព (AHEAD)។
តើយើងបានធ្វើអ្វីខ្លះ? តើយើងបានបទពិសោធន៍អ្វីខ្លះពីកម្មវិធីនេះ ដែលអាចយកទៅអនុវត្តក្រៅពីប្រទេសកម្ពុជា? យើងនឹងចែករំលែកដូចខាងក្រោម។
ផ្លាស់ប្តូរអំពីតួនាទីប្រពៃណីនៃអង្គរក្សបេះដូង
លោក ឈុំ ពន ប្រជាពលរដ្ឋម្នាក់នៅភូមិចក ក្នុងខេត្តកំពង់ឆ្នាំង បាននិយាយថា៖ “ខ្ញុំបានទទួលព័ត៌មានខ្លះអំពីមធ្យោបាយពន្យារកំណើតទំនើបពីគ្រូពេទ្យនៅមណ្ឌលសុខភាព បន្ទាប់ពីយើងមានកូនដំបូងកាលពី ១៣ ឆ្នាំមុន” ។
ថ្ងៃនេះ លោក ឈុំ ពន ចូលរួមកម្មវិធីអង្គរក្សបេះដូង (Heart Protector) របស់គម្រោង PHB ។
កម្មវិធីអង្គរក្សបេះដូង ឬដែលត្រូវបានគេហៅផងដែរថា “វគ្គប្រជុំបុរស” ត្រូវបានដាក់ឈ្មោះតាមតួនាទីប្រពៃណីរបស់បុរសក្នុងភាពជាអ្នកការពារគ្រួសាររបស់ពួកគេ។ កម្មវិធីនេះរួមបញ្ចូលសកម្មភាព និង សម្ភារៈបែបចូលរួម ដែលក្រុមបុរសរៀន និង ពិភាក្សាមធ្យោបាយពន្យារកំណើតទំនើប និងរបៀបពិភាក្សាអំពីប្រធានបទនេះជាមួយដៃគូឬភរិយារបស់ពួកគេ។ សម្រាប់បុរសខ្លះ នេះជាលើកទីមួយហើយដែលគាត់ពិភាក្សាអំពីប្រធានបទនេះ។ តាមរយៈវគ្គប្រជុំទាំងនេះ បុរស ត្រូវបានលើកទឹកចិត្តឱ្យពិគ្រោះជាមួយអ្នកផ្តល់សេវាសុខភាព មានការពិភាក្សាដោយមានព័ត៌មានច្បាស់លាស់ និង បើកចិត្តជាមួយដៃគូរបស់ពួកគេ អំពីការពន្យារកំណើត និងគាំទ្រដៃគូរបស់ពួកគេក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើត។
ឥទ្ធិពលនៃការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម (SBC) ស្ថិតនៅលើការយល់ដឹងពីតម្រូវការ និងបរិបទនៃប្រជាជនគោលដៅ និងរៀបចំជាយុទ្ធសាស្រ្តក្នុងការធ្វើអន្តរាគមន៍ឱ្យសមស្រប។ ជាឧទាហរណ៍ ល្បែង “អ្នកចាំទី” ប្រើប្រាស់កីឡាបាល់ទាត់ ដើម្បីបង្រៀនបុរសអំពីការពន្យារកំណើត។ នៅក្នុងល្បែងនេះ មានអ្នកចូលរួមម្នាក់ ដែលដើរតួជាអ្នកចាំទី ខណៈដែលអ្នកចូលរួមម្នាក់ទៀតទាត់បាល់ឆ្ពោះទៅរកទី។ បដាមួយត្រូវបានដាក់បាំងទី ដើម្បីបិទបាំងគោលដៅ។ នេះគឺតំណាងឱ្យការរួមភេទដោយមានការពន្យាកំណើត។ បន្ទាប់ពីលេងល្បែងនេះ អ្នកចូលរួមត្រូវបានសួរឱ្យគិតអំពីថាតើវាលំបាកឬទេ ក្នុងការស៊ុតបាល់បញ្ចូលទី ដោយមានរបាំងនៅនឹងកន្លែង និងថាតែវាដូចនឹងការប្រើមធ្យោបាយពន្យារកំណើតដើម្បីបង្ការការមានផ្ទៃពោះ។ ល្បែងនេះគឺជាឧទាហរណ៍មួយអំពីរបៀបដែលយើងអាចផ្តល់អន្តរាគមន៏ស្តីពីការពន្យារកំណើត ដល់បុរស ប្រកបដោយការអប់រំ និងងាយឱ្យពួកគេចងចាំ។
លោក ពន បានប្រាប់ឱ្យដឹងថា “ខ្ញុំបានរៀនអំពីព័ត៌មានលម្អិតអំពីការពន្យារកំណើត បន្ទាប់ពីចូលរួមកម្មវិធីវគ្គបុរសនេះ។ ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំ យើងបានសម្រេចចិត្តប្ដូរពី [ការប្រើប្រាស់ស្រោមអនាម័យ] ទៅជាការលេបថ្នាំគ្រាប់ពន្យាកំណើតប្រចាំថ្ងៃវិញ” ។
ចាប់ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២៤ គម្រោង PHB និងដៃគូអនុវត្ត បានដឹកនាំរៀបចំវគ្គ “អង្គរក្សបេះដូង” ចំនួន ៤ ៣០៧ វគ្គ ដោយមានបុរសចូលរួមចំនួន ៤១ ៩៣៣ នាក់ ។ នៅក្នុងការវាយតម្លៃកម្មវិធីនៅឆ្នាំ២០២២ ជាមួយអ្នកចូលរួមនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន មាន ៩៩% បាននិយាយថា ពួកគេទំនងជាទទួលយកឬប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើប បន្ទាប់ពីចូលរួមកម្មវិធី IPC (n=៨០)។ មុនពេលចូលរួមវគ្គបុរសនេះ ៤%នៃបុរសដែលយើងបានស្ទង់មតិបានរាយការណ៍ថា ពួកគេជាអ្នកប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើប និង ៨៩% មិនមែនជាអ្នកប្រើប្រាស់ ព្រមទាំង ៧% គឺជាអ្នកប្រើប្រាស់មធ្យោបាយពន្យារកំណើតបុរាណ (TM) (n=១០០)។ នៅក្នុងការវាយតម្លៃចុងគ្រា ៧៦% បានរាយការណ៍ថាពួកគេកំពុងប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើប (n=៨០)។
ផ្សារភ្ជាប់គម្លាតនៃទំនាក់ទំនង
ខណៈពេលដែលកម្មវិធី “អង្គរក្សបេះដូង” ផ្តោតលើបុរស កម្មវិធី “ចំណងស្នេហ៍” ផ្តោតទៅលើប្តីប្រពន្ធឬគូស្នេហ៍ ដើម្បីជួយពួកគេពិភាក្សាដោយបើកចំហអំពីផែនការគ្រួសារ។ កម្មវិធីនេះមានបុគ្គលិកអប់រំសុខភាព ដឹកនាំការពិភាក្សាអំពីការភ័យខ្លាច និងការយល់ខុស នៃមធ្យោបាយពន្យារកំណើតទំនើប ហើយអ្នកចូលរួមក៏បានឃើញ ផលិតផលពន្យារកំណើត ព្រមទាំងលេងល្បែងកំសាន្តនិងបង្កើនទំនុកចិត្ត ក៏ដូចជាបន្ធូរបន្ថយភាពការលំបាក ដែលគូស្វាមីភរិយាជាច្រើនមាន ក្នុងពេលពិភាក្សាអំពីប្រធានបទដ៏រសើប ដូចជាប្រធានបទស្តីពីការពន្យារកំណើតជាដើម ។
ចាប់ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២៤ គម្រោង PHB បានរៀបចំវគ្គ “ចំណងស្នេហ៍” ចំនួន ៧ ៥៦៣ វគ្គ ដោយមានអ្នកចូលរួមទៅដល់ ៣៤ ៧០៩ គូ។ នៅក្នុងការស្ទង់មតិជាមួយអ្នកចូលរួមចំនួន ១២១ នាក់ មាន ៨៧% បាននិយាយថា ពួកគេទំនងជាទទួលយកឬប្រើមធ្យោបាយពន្យារកំណើតទំនើប បន្ទាប់ពីចូលរួមកម្មវិធីនេះ។ នៅក្នុងការវាយតម្លៃដើមគ្រា មាន ១% បានប្រើមធ្យោបាយពន្យារកំណើតទំនើប និង ៧២% មិនមែនជាអ្នកប្រើ ហើយ ២៧% បានប្រើមធ្យោបាយពន្យារកំណើតបុរាណ ។ រីឯការវាយតម្លៃចុងគ្រា ជាមួយអ្នកចូលរួមវគ្គចំណងស្នេហ៍ មាន ៤៨% បច្ចុប្បន្នកំពុងប្រើមធ្យោបាយពន្យារកំណើតទំនើប និង ៥២% មិនបានប្រើ ។
វគ្គអប់រំសម្រាប់កម្មវិធីទាំងពីរ មានអ្នកចូលរួមសរុបទាំងអស់ចំនួនជាង ១២០ ០០០ នាក់ ដោយក្នុងនោះមានបុរសចំនួន ៧៦ ៦៤២ នាក់ ។ ផ្អែកលើការវាយតម្លៃចុងគ្រានៅឆ្នាំ២០២៣ ជាមួយអ្នកចូលរួម ១ ១៩៧ នាក់ នៅខេត្ត/ក្រុងទាំង៥ដែលកំពុងអនុវត្តកម្មវិធី មានអ្នកចូលរួម ៦០% ដែលភាគច្រើនជាបុរស បានរាយការណ៍ថា ពួកគាត់បានធ្វើការពិភាក្សាជាមួយដៃគូរបស់ខ្លួនអំពីមធ្យោបាយពន្យារកំណើត។
បទពិសោធន៍បន្ទាប់ពីការអនុវត្តកម្មវិធីនេះ
- យោងតាមការសម្ភាសបែបគុណភាព នៅពេលដែលប្តីប្រពន្ធ/ដៃគូស្នេហា ទទួលបាន និងពិភាក្សាព័ត៌មាន ដែលមានប្រភពដែលអាចទុកចិត្តបាន រួមទាំងសក្ខីកម្មពីមិត្តភ័ក្តិ ឬអ្នកដែលគេស្គាល់ ពួកគេទំនងជាជ្រើសរើសយកការប្រើប្រាស់មធ្យោបាយពន្យារកំណើត ។
- ឧបសគ្គចំបងចំពោះការប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើប ក្នុងចំណោមបុរស ដែលកម្មវិធីបានលើកឡើងរួមមាន ពាកយចចាមអារ៉ាម ឬការយល់ខុសអំពីផលប៉ះពាល់នៃការមានកូន កង្វះព័ត៌មានប្រកបដោយគុណភាពនិងអាចទុកចិត្តបាន ការគិតថាត្រូវការចំណាយច្រើនទៅលើមធ្យោបាយពន្យារកំណើត និងក្តីបារម្ភ អំពីថាតើការពន្យារកំណើតរំខានដល់សេចក្តីសុខផ្លូវភេទដែរឬអត់។
- គំរូផលិតផលពន្យារកំណើតពិត គឺជាជំនួយដ៏មានប្រយោជន៍ក្នុងអំឡុងពេលនៃវគ្គអប់រំ ហើយវាជាសម្ភារៈអប់រំដែលអ្នកចូលរួមចងចាំច្រើនជាងគេ (៨៣%) ។
- បុរសចូលចិត្តវគ្គអប់រំជាក្រុម ជាជាងវគ្គមួយទល់នឹងមួយ និងមានប្រសិទ្ធិភាពជាង។ នៅក្នុងការវាយតម្លៃនៅឆ្នាំ២០២២ មាន ៩៩% នៃបុរស បាននិយាយថាពួកគេទំនងជាទទួលយកឬប្រើមធ្យោបាយពន្យារកំណើតបនទាប់ពីចូលរួមវគ្គក្រុមបុរស។
- ភាពជាដៃគូជាមួយមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) នៅមុនពេល កំឡុងពេល និងក្រោយពេលនៃកម្មវិធី មានសារៈសំខាន់ក្នុងការគាំទ្រដល់និរន្តរភាពនៃកម្មវិធី ។
បុរសអាច និង គួរតែជាអ្នកចូលរួមយ៉ាងសកម្ម ក្នុងការសម្រេចចិត្តលើការពន្យារកំណើត ដែលជាការជួយកសាងជីវិតដ៏ល្អបំផុតសម្រាប់សមាជិកគ្រួសាររបស់ពួកគេ។ តាមរយៈការដោះស្រាយឧបសគ្គតាមបរិបទសំខាន់ៗចំពោះមធ្យោបាយពន្យារកំណើតទំនើបសម្រាប់បុរសខ្មែរ និងដៃគូរបស់ពួកគេ គូស្វាមីភរិយានៅកម្ពុជាបង្ហាញ ថាគូស្វាមីភរិយាផ្សេងទៀតនៅជុំវិញពិភពលោក អាចត្រៀមខ្លួន ដើម្បីគ្រប់គ្រងសុខភាពរបស់ខ្លួន ហើយជ្រើសរើសថាតើ ពេលណា និងវិធីណា ដែលគេត្រូវមានគ្រួសារ។
គម្រោងលើកកម្ពស់ឥរិយាបថងប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្នែកផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលផ្តល់ថវិកាដោយដោយទីភ្នាក់ងារ USAID និងអនុវត្តដោយអង្គការ PSI ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ។
អត្ថបទនេះ ត្រូវបានរៀបរៀងឡើងក្រោមជំនួយឧបត្ថម្ភដោយសប្បុរសធម៌របស់ប្រជាជនអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ។ ខ្លឹមសារនៃអត្ថបទនេះ មិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ទីភ្នាក់ងារ USAID ឬរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។