ការបំបែកជំនឿមិនពិត និងការភ្ជាប់ស្ត្រីទៅកាន់មណ្ឌលសុខភាព

By Fiona Mills, Sexual and Reproductive Health Consultant PSI Cambodia, Kimsros Chhen, Social Behavior Change Communication Coordinator PSI Cambodia, Dr. Kheng Heng, Sexual and Reproductive Health Director PSI Cambodia, Shirine Mohagheghpour Senior Technical Advisor, Service Delivery

នៅក្នុងប្រទេសកម្ពុជា ជំនឿមិនពិត និងការយល់ខុស អំពីការពន្យារកំណើតបែបទំនើបពិតជាបានចាក់ឬសយ៉ាងជ្រៅ។ ឧទាហរណ៌ ជំនឿថា ការដាក់កងក្នុងស្បូននឹងធ្វើឲ្យមិនអាចមានកូនរយៈពេលវែង ឬ “ជ្រុះ” ក្នុងអំឡុងពេលធ្វើការធ្ងន់ នៅតែជាឧបសគ្គរារាំងមិនឲ្យពួកគាត់ប្រើប្រាស់មធ្យោបាយពន្យារកំណើត។ ភាពភ័យខ្លាចទៅលើផលប៉ះពាល់ទាំងពិត និងមិនពិត ធ្វើអោយស្រ្តីដូចជាបងស្រី ថៃ ពឹងផ្អែកទៅលើមធ្យោបាយពន្យារកំណើតបុរាណ។

“ខ្ញុំមិនចង់មានកូនច្រើនទេ ប៉ុន្តែខ្ញុំប្រើប្រាស់មធ្យោបាយបុរាណ (ចាក់ទឹកក្រៅពាង) ពីព្រោះខ្ញុំខ្លាចមិនហានប្រើមធ្យោបាយពន្យារកំណើតបែបទំនើប ដូចជាការដាក់កងក្នុងស្បូន។ ខ្ញុំធ្លាប់លឺថា ស្រ្តីដែលបានដាក់កង អាចមានបញ្ហានាពេលក្រោយ” នេះគឺជាសម្ដីរបស់បងស្រី ថៃ។

ការប្រាស្រ័យទាក់ទងផ្ទាល់ (IPC) គឺជាយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការធានាដល់ស្រ្តីថា ពួកគាត់អាចមានលទ្ធភាពក្នុងការទទួលបានព័ត៌មានដែលពួកគាត់ត្រូវការ ក្នុងការសម្រេចចិត្តអំពីគ្រួសារ និងអនាគតរបស់ពួកគាត់។ តាមរយៈការប្រាស្រ័យទាក់ទងផ្ទាល់ ស្រ្តីមានឱកាសយល់ដឹង អំពីមធ្យោបាយ​ពន្យារកំណើ​តផ្សេងៗ និងអាចសួរអំពីមធ្យោបាយណាដែលសាកសមនឹងជីវភាព និងតម្រូវការពួកគាត់បំផុត។ ការស្រាវជ្រាវរបស់ អង្គការ PSI បានរកឃើញថាស្រ្តីដែលទទួលឥទ្ធិពលពីកម្មវិធីការប្រាស្រ័យទាក់ទងផ្ទាល់ ភាគច្រើនជឿជាក់ថា មធ្យោបាយ​ពន្យារ​កំណើត​ទំនើប មានប្រសិទ្ធភាព ហើយងាយស្រួលប្រើប្រាស់។

ចាប់តាំងពីឆ្នាំ ២០០៨ មក គម្រោងសុខភាពស្រ្តី (WHP) នៅក្នុងប្រទេសកម្ពុជា បានក្លាយជាកិច្ចខិតខំប្រឹងប្រែងដ៏ចំបងមួយ ក្នុងការពង្រីកលទ្ធភាពក្នុងការទទួលបានមធ្យោបាយ​ពន្យារកំណើតទំនើប ។ នៅក្នុងការរៀបចំបិទគម្រោងនៅឆ្នាំ២០២០ នេះ អង្គការ​ PSI បានចាប់ដៃគូរជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំសង្កាត់ (CCWC) ដើម្បីបង្កើនសមត្ថភាពនៅ​តាម​សហគមន៍។ ក្នុងនាមជាក្រុមធ្វើការនៅ​សហគមន៍ ដែលទទួលបានការទទួលស្គាល់ និងទុកចិត្ត ក្នុងវិស័យសាធារណៈCCWC គឺជាធនធានដ៏សំខាន់នៅក្នុងសហគមន៌ និងមានលក្ខណៈល្អ ក្នុងការបន្តសកម្មភាពការប្រាស្រ័យទាក់ទងផ្ទាល់ ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបាន មធ្យោបាយកំណើតបែបទំនើប។ ការហុចបន្តនេះ – ពីគម្រោងសុខភាពស្រ្តី (WHP) ទៅកាន់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំសង្កាត់ (CCWC) – គឺជាជំហានដ៏សំខាន់ ដើម្បីរក្សាស្ថេរភាពគម្រោង និងធានាថាស្រ្តីអាចបន្តទទួលបានព័ត៌មាន ផលិតផល និងសេវាដែលពួកគេត្រូវនាពេលអនាគត។

សូមជួបជាមួយបងស្រី ឈួន

ក្នុងនាមជាតំណាង CCWC ក្នុងឃុំតាលោ ខេត្តពោធិសាត់ បងស្រី ឈួន ដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ស្រ្តី និងកុមារ រួមបញ្ចូលទាំងការពន្យារកំណើត អនាម័យ សមភាពយ៉ែនឌ័រ ការជួញដូរមនុស្ស និង​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ។

នាដើមឆ្នាំនេះ បងស្រី ឈួន គឺជាអ្នកតំណាងម្នាក់ក្នុងចំណោមអ្នកតំណាង ១០០ នាក់ផ្សេងទៀត របស់ CCWC ដែលបានទទួលការបណ្ដុះបណ្ដាលពី អង្គការ PSI ស្តីពីមធ្យោបាយពន្យារកំណើតបែបទំនើប។ ក្នុងអំឡុងពេលនៃការបណ្ដុះបណ្ដាល អ្នកចូលរួមបានរៀនអំពីអត្ថប្រយោជន៌ និងផលប៉ះពាល់ នៃមធ្យោបាយ​និមួយៗ ព្រមទាំងការអនុវត្តដោយប្រើសម្ភារៈអប់រំ របស់ PSI ដែលអាចជួយគាត់ ក្នុង​ពេល​ផ្តល់ការ​ប្រឹក្សា​យោបល់​ ដើម្បី​អោយ​ស្ត្រី ធ្វើការសម្រេចចិត្ត ។ ក្រៅពីចំណេះដឹងបច្ចេកទេស និងជំនាញទាំងនេះ សិក្ខាកាម ក៏បានរៀនអំពីរបៀបបង្កើតផែនការការងារប្រចាំឆ្នាំ និងរបៀបបញ្ចុលកម្មវិធីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ចូលទៅក្នុងផែនការហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ពួកគេផងដែរ។

បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលរួច បងស្រី ឈួន បានប្រាប់អោយដឹងថា គាត់​ពិតជាចង់ចែករំលែក ចំណេះដឹងរបស់គាត់ទៅកាន់ស្រ្តីៗនៅក្នុងសហគមន៌របស់គាត់។ “ខ្ញុំមានចំណេះដឹងច្រើនជាងមុន ហើយខ្ញុំអាចប្រើចំណេះដឹងទាំងនេះដើម្បីបង្រៀនប្រជាជននៅក្នុងសហគមន៌ខ្ញុំ។ ជាពិសេស ខ្ញុំពាំនាំចំណេះដឹងដែលបានមកពី PSI ហើយបន្តបង្រៀនដល់ស្រ្តី ដើម្បីធានាថាពួកគេយល់អំពីចំណេះដឹងនេះ និងអាចប្រើប្រាស់សេវាសុខភាពដែលនៅជិតបំផុត”។

ក្រៅពីការជួបជាមួយស្រ្តីនៅក្នុងឃុំមួយទល់មួយ ឬជាក្រុម បងស្រី ឈួន បានរៀបចំការណាត់ជួបជារៀងរាល់ខែនៅសាលាឃុំរបស់គាត់ ដើម្បីបង្រៀនស្រ្តីអំពីប្រធានបទសំខាន់ៗទាក់ទងនឹង សុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ហើយធានាថាពួកគេដឹងអំពីសេវាមួយណាដែលមណ្ឌលសុខភាពនៅជិតបំផុតអាចផ្ដល់ជូនពូកគេបាន ឬតាមរយៈបណ្តាញបន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​សញ្ញា​ព្រះ​អាទិត្យ​ (SQHN)។ បងស្រី ឈួន មានប្រសាសន៌ថា គាត់​ជួបអប់រំស្ត្រី​នៅ​ក្នុង​វ័យ​បន្តពូជ ពី​៣០ ទៅ​៤០ នាក់​ ក្នុង​មួយខែ។

ចាប់ពីខែមករា រហូតដល់វិច្ចិកា ឆ្នាំ ២០២០ តំណាង CCWC បាន​ជួបអប់រំ ស្រ្តីក្នុងវ័យ​បន្តពូជ ប្រមាណ ១៣ ១៩០ នាក់ នៅក្នុងប្រទេសកម្ពុជា និងបាន​ធ្វើការបញ្ជូនទៅទទួលសេវា​សាធារណៈ និង​ឯកជនប្រមាណ ៤ ៦៥៣ នាក់។ ទោះបីជាគម្រោងសុខភាពស្រ្តី (WHP) នៅក្នុងប្រទេសម្ពុជា បានឈានមកដល់ទីបញ្ចប់នៅក្នុងឆ្នាំ ២០២០ ក៏ដោយ ការ​បាន​ទទួលចំណេះដឹង និងជំនាញទាំងនេះ តាមរយៈការបណ្ដុះបណ្ដាលពី PSI ធ្វើឲ្យ CCWC ដូចជាបងស្រី ឈួន បន្តដើតួនាទីយ៉ាងសំខាន់នៅក្នុងការអប់រំស្រ្តីអំពីការពន្យារកំណើត និងណែនាំពួកគេទៅកាន់មណ្ឌលសុខភាពដែលមានគុណភាពនៅក្នុងភូមិឃុំរបស់ពួកគេ។

“ខ្ញុំមានទំនុកចិត្តក្នុងការប្រើប្រាស់សម្ភារៈអប់រំ (ដែលបានមកពី PSI) ដើម្បីបង្រៀនស្រ្តីនៅក្នុងសហគមន៍របស់ខ្ញុំ អំពីការពន្យារកំណើត និងការរំលូតសុវត្ថិភាព។ ប្រសិនបើមានសំនួរដែលខ្ញុំមិនអាចឆ្លើយបាន ខ្ញុំតែងតែណែនាំពួកគេឲ្យទៅកាន់មណ្ឌលសុខភាព ឬ បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​សញ្ញា​ព្រះ​អាទិត្យ​”។

ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងសុខភាពស្រ្តី (WHP) នៅក្នុងប្រទេសកម្ពុជា សូមចុចត្រង់នេះ