ផឹកទឹក​ដែលបាន​បន្សុទ្ធ និងលាងដៃ​នៅ​ពេលវេលា​សំខាន់ទាំង​៥ ជួយ​ឲ្យ​មេរោគជៀសឆ្ងាយ

“ផឹកទឹក​បន្សុទ្ធ​ហើយ ជួយ​ឲ្យ​គ្រួសារ​ខ្ញុំ​មាន​សុខភាព​ល្អ។ ខ្ញុំ​មិនចាំបាច់​សម្រាក​ពីការងារ​ ដើម្បី​មកមើលថែ​កូនខ្ញុំ ដោយសារ​តែពួកគេ​ឈឺ។ ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំមាន​កំលាំង​ក្នុង​ការ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ” — លេង​ សុខលា ជនបង្គោល​ នៅ​ក្នុង​ភូមិ​ខ្លី ខេត្ត​ត្បូងឃ្មុំ

ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​ជនបទច្រើន ហើយ​គ្រួសារ​នៅ​តាម​ជនបទនៅ​ពេល​ខ្លះ​មិនបាន​បរិភោគ​ទឹក​ដែល​បាន​បន្សុទ្ធ​ទេ។ ការ​ផឹក​ទឹក​មិន​ស្អាត​ ដូចជា​ទឹក​ដង​ពី​អណ្តូងផ្ទាល់ ជា​រឿង​ធម្មតា​របស់​គ្រួសារ​ខ្លះ ហើយ​នៅ​មាន​ការ​យល់​ឃើញ​ថា​ ទឹក​ដែល​មើល​ទៅ​ស្អាត មិន​មាន​ដី​ឬក្លិន គឺ​អាច​ផឹក​បាន​ដោយ​មាន​សុវត្ថិភាព​។ លើស​ពីនេះ​ទៅទៀត ក៏មាន​ការ​យល់​ឃើញ​ស្រដៀង​នេះ ដែល​ចំពោះ​ការ​លាងដៃ។ ការ​សិក្សា​ស្វែង​យល់​មួយ​របស់​គម្រោង PHB បាន​បង្ហាញ​ថាប្រជាជន​ជាច្រើន​មាន​ការ​គិត​ថា​ គាត់​មិន​ចាំបាច់​លាងដៃប្រសិន​បើគាត់​មើល​ឃើញ​ថាដៃរបស់​គាត់​ស្អាត​។ ការ​ផឹកទឹក​មិន​ស្អាត និង​ដៃកខ្វក់ គឺជា​មូលហេតុ​ចំបង​មួយ​ដែល​បណ្តាល​ឲ្យ​មាន​ការ​រាគរូស និង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ កុមារ​អាយុ​ក្រោម​៥ឆ្នាំ ដែល​មាន​ជំងឺ​រាគរូស​រ៉ាំរ៉ៃ មាន​ហានិភ័យ​ក្នុងការ​ប្រឈម​នឹង​ភាពក្រិះក្រិន ដែល​ក្តីបារម្ភ​មួយ​ផ្នែក​សុខាភិបាល​សាធារណៈ​។

ដើម្បីជួយ​ដល់​ការដោះស្រាយ​បញ្ហានេះ គម្រោង PHB ដែល​មាន​ការ​ឧបត្ថម្ភ​ថវិកា​ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បាន​អនុវត្ត​អន្តរាគមន៍​ផ្លាស់ប្តូរឥរិយាបថ​បុគ្គល​និង​សង្គម ដោយ​សហការ​ជា​មួយ​អង្គការខេមរា នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ពី​ខែ​កក្កដា ឆ្នាំ​២០២១ ដល់​ខែ​កញ្ញា ឆ្នាំ​២០២២។ ការសិក្សា​មុន​អនុវត្ត​អន្តរាគមន៍​នេះ បាន​ឲ្យ​ដឹង​ថា១៣% នៃ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ មាន​ជំងឺ​រាគ​ក្នុង​អំឡុង​ពេល​២សប្តាហ៍​កន្លង​មក និង​១៥% នៃ​អ្នក​ដែល​ផឹកទឹក​ដែលមិន​បាន​បន្សុទ្ធ​ ក៏មាន​ជំងឺ​រាគ​នេះក្នុង​អំឡុង​ពេល​២សប្តាហ៍​កន្លង​មកដែរ។ ដោយសារ​ជំងឺ​រាគ​រ៉ាំរ៉ៃ គឺ​ជា​ការ​រួម​ចំណែក​ជាចំបង​ចំពោះ​ការ​ក្រិសក្រិន និង​ទាក់ទង​នឹង​អនាម័យផង គោលបំណង​របស់​អន្តរាគមន៍នៃគម្រោង PHB គឺកាត់​បន្ថយ​ជំងឺ​រាគ ដោយ​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​ក្នុង​សហគមន៍​អនុវត្ត​ឥរិយាបថ​ទឺកស្អាត​និង​អនាម័យ​សំខាន់​ៗ​ទាំង​៦ គឺ​រក្សា​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ ​ផឹកទឹក​ដែលបាន​បន្សុទ្ធ​ហើយ លាងដៃ​ជាមួយ​សាប៊ូ​នៅ​ពេល​ទាំង​៥ (មុន​ធ្វើម្ហូប បរិភោគអាហារ បញ្ចុកកុមារ និង​បន្ទាប់​ពី​ចេញ​ពី​បង្គន់ និង​សម្អាត​ឬប្តូរកន្ទបក្មេង)។

“ខ្ញុំ​សង្កេត​ឃើញថា​គ្រួសារ​របស់​ខ្ញុំ​មិន​ឈឺ​ទៀត​ បន្ទាប់​ពី​យើង​បាន​លាងដៃ​ញឹកញាប់ និង​ផឹកទឹក​ស្អាត។ ការ​លាងដៃ​ញឹកញាប់ និង​ផឹកទឹកស្អាត​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​ជំងឺរាគ។” – ផាត អ៊ុន (ភូមិ​ខ្លី ខេត្ត​ត្បូងឃ្មុំ)

អន្តរាគមន៍​នេះដែល​មាន​ឈ្មោះថា “មើល​ឃើញ​ស្អាត មិន​ប្រាកដ​ថា​មាន​សុវត្ថិភាពទេ” ត្រូវបាន​បង្កើត​ឡើង​ ដើម្បី​ច្រានចោលនូវការយល់ខុស ដែលគិតថា​ទឹកឬដៃគឺស្អាត​ នៅពេលដែលមើល​ទៅឃើញ​ស្អាត។ អន្តរាគមន៍នេះមាន​ការ​រួម​ចំណែក​ពី​ជនបង្គោល​ស្ម័គ្រចិត្តនៅក្នុង​ភូមិ ​ដែល​ពួកគេ​ភាគច្រើនជា​ប្រធានភូមិ ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​ភ្នាក់ងារ​អប់រំ​សុខភាព​របស់​គម្រោង នៃអង្គការ​ដៃគូ “ខេមរា” ។ អ្នកភូមិ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការ​ប្រជុំ នៅ​ផ្ទះ​របស់​ជនបង្គោល ដែល​មាន​ដាក់​តាំង​ទីកន្លែង​លាងដៃ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ភូមិ ហើយផ្តល់នូវព័ត៌មាន​សុខភាពសំខាន់ អំពី​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ និងបកស្រាយ​ការ​យល់ខុស​ផងដែរ​ ក្នុង​អំឡុង​ពេល​ប្រជុំនោះ​ផងដែរ។ ជនបង្គោល ព្រមទាំង​ភ្នាក់ងារ​អប់រំ​សុខភាព​ ក៏ជួយ​ដល់​គ្រួសារ​ណា ដែល​ចង់​រៀបចំកន្លែង​លាងដៃនៅផ្ទះ​របស់​ខ្លួន​ផងដែរ។ ប្រសិនបើអ្នកភូមិត​អនុវត្ត​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ​ត្រឹមត្រូវ ភ្នាក់ងារអប់រំក៏មាន​ផ្តល់​សាប៊ូក្នុង​ថង់សំណាញ់ ដែល​អាច​ឲ្យ​គាត់​ព្យួរ​នៅ​ក្បាលរ៉ូប៊ីណេ ផងដែរ​។

លើសពីនេះ​ទៅទៀត ផ្ទាំង​រូបភាព​ដើម្បី​ផ្សព្វផ្សាយអំពី​កម្មវិធីនេះ ក៏ត្រូវបាន​បិទ​នៅតាម​មណ្ឌល​សុខភាព សាលាឃុំ ដែលក្នុងផ្ទាំង​រូបភាព​នោះ​មាន​សារ​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​អនុវត្ត​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ​ផងដែរ។ ជនបង្គោល​ក៏ជួយ​ផ្សព្វផ្សាយ​តាម​រយៈការចាក់​​មេក្រូនៅ​តាម​ភូមិផងដែរ ដើម្បីលើកទឹកចិត្ត​ឲ្យ​ប្រជាជន​អនុវត្ត​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ និង​ចូលរួម​ជាមួយ​គម្រោង​។

“ចំណាយ​លុយ​បន្តិច​បន្តួច​ ប្រហែល​១៤០០០រៀល ដើម្បី​រៀប​ចំ​កន្លែង​លាងដៃឲ្យ​ត្រឹមត្រូវ​ និង​ផឹកទឹក​ស្អាច​ គឺ​ធ្វើ​ឲ្យ​អ្នក​មិន​ចាំបាច់​ចំណាយ​លុយ​ ៤០០០០ រៀល ឬ ៤៨០០០ រៀល និង​ខាត​ពេល​វេលាទៅជួបពេទ្យ នៅពេល​ដែល​អ្នក​ឈឺ​ដោយសារ​តែរាគរូស។” – ស៊ីណាត ជនបង្គោល​នៅ​ភូមិ​ក្រសាំង ខេត្ត​ត្បូង​ឃ្មុំ

យោង​ទៅតាម​ជន​បង្គោល​របស់​គម្រោង នៅ​ភូមិ​ខ្លី ខេត្ត​ត្បូង​ឃ្មុំ ​បាន​ឲ្យ​ដឹង​ថា មានចំនុច​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ចាប់​យក​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ​សំខាន់​ៗ។ ចំនុចទី១ និង​ជា​ចំនុច​ដែល​សំខាន់​នោះ គឺ​ការ​ចង់​ឲ្យ​កូន​ៗ​ និង​គ្រួសារ​របស់​គាត់​មាន​សុខភាព​ល្អ ចាក​ផុត​ពី​ជំងឺ​រាគរូស។ អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ពុំមានការ​រាគរូស​ញឹកញាប់​ តាំង​ពី​ពួកគាត់​បាន​ចាប់​ផ្តើម​ផឹកទឹក​ដែល​បាន​បន្សុទ្ធ និង​លាងដៃ​នៅ​ពេល​វេលា​សំខាន់​ៗ​ទាំង​៥។ ចំនុចទី២ គឺ​ការលាង​ដៃ​ដែលជា​វិធានការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ការពារ​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​រាជ​រដ្ឋាភិបាល​ ដូចច្នេះ​ហើយមាន​ប្រជាជន​ជាច្រើន​បាន​យល់​អំពី​សារសំខាន់​នៃការ​លាងដៃ​ញឹកញាប់​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ ដូចច្នេះ​ហើយ​អ្នក​ភូមិ​មាន​ការ​ជឿជាក់​ទៅលើ​ការ​លាងដៃ។ លើស​ពីនេះ​ទៅទៀត អ្នក​ភូមិ​បាន​និយាយ​ថាពួកគាត់​បាន​ទទួល​ការ​ជួយ​គាំទ្រ​ ពី​សំណាក់​ភ្នាក់ងារ​អប់រំ​សុខភាព​និង​ជន​បង្គោល​របស់​គម្រោង ទាក់ទង​នឹង​ការ​លើក​កម្ពស់​ការ​យល់ដឹង និង​បច្ចេកទេស​ក្នុង​ការ​រៀបចំ​កន្លែង​លាងដៃ។ ប្រជាជន​ខ្លះ​ទៀត​បាន​និយាយ​ថា សាប៊ូ​ដែល​ដាក់​នៅ​ក្នុង​ថង់​សំណាញ់ គឺជា​វិធី​ដ៏អស្ចារ្យ​ ក្នុង​ការ​លើក​ទឹកចិត្ត​ឲ្យ​ក្មងៗ​លាងដៃ ជា​ពិសេស​គឺក្មេង​ៗ​ដែល​នៅ​ផ្ទះ​ជិត​ខាង​ ក៏​មកលាងដៃ​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក៏​មាន​ការ​ប្រឈម​មួយ​ចំនួន​ផងដែរ​។ ការ​ប្រឈម​ចំបង​គឺ​ការ​ខ្វះខាត​ក្នុង​ការ​យល់​ដឹង​អំពី​ទឹកស្អាត​និង​អនាម័យ និង​ជំងឺ​រាគ​ ហើយ​មាន​ការ​យល់​ខុស​ថា ប្រសិន​បើ​ទឹកឬ​ដៃ​ស្អាត គឺមាន​ន័យ​ថា​ទឹក​ឬ​ដៃនោះ​​គឺមិនមាន​មេរោគ។ ប្រសិន​បើ​មិនមាន​ការ​លើក​កម្ពស់​ការ​យល់​ដឹង​នោះទេ វាមាន​ការ​លំបាក​ក្នុងការ​លើក​ទឹកចិត្តប្រជាជន​ក្នុង​ភូមិ​ ឲ្យ​មក​ចូលរួម​ប្រជុំ ដោយសារ​ពួកគេ​គិត​ថា​វាមិនមាន​សារសំខាន់។ ការ​ប្រឈម​មួយ​ទៀត​ គឺ​ទំលាប់​ចាស់​​របស់​គាត់។ វា​មាន​ភាព​ងាយ​ស្រួល​ជាង និង​មិន​ចំណាយ​អ្វីសោះ​ ប្រសិន​បើ​គេ​ផឹកទឹក​ផ្ទាល់​ពី​អណ្តូង ហើយ​គក៏​ចំណាយ​ពេល​វេលានិង​កម្លាំង​ផងដែរ​ ប្រសិន​បើ​គាត់ដាំទឹក​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ពេញ​មួយថ្ងៃ ឬ​ទិញ​ទឹក​ចម្រុះ​ហើយ​ ពីអ្នក​លក់​។ ការ​ចំណាយ​ទៅ​សម្ភារសម្រាប់​លាងដៃ ក៏​ជា​ការ​ប្រឈម​ផងដែរ សម្រាប់​ប្រជាជន​នៅ​ក្នុង​ភូមិ​ ដើម្បី​ឲ្យ​គាត់​ប្រកាន់​យក​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ។ តម្លៃ​នៃ​​ក្បាលរ៉ូប៊ីណេគឺប្រហែល​២០០០ ទៅ​២៥០០​ រៀល ហើយ​ប្រសិន​បើ​មិន​មាន​ការ​យល់​ដឹង​អំពី​ទឹកស្អាត​និង​អនាម័យ​នោះ ប្រជាជន​នៅ​ក្នុង​ភូមិ​មាន​ការ​ស្ទាក់​ស្ទើរ​ចំពោះការ​ចំណាយ​បន្ថែម​នេះ។

“កូន​របស់​ខ្ញុំ​ចូល​ចិត្ត​លាងដៃនៅ​កន្លែង​លាងដៃ​ដែល​យើង​បាន​រៀបចំ​ឲ្យបាន​ត្រឹមត្រូវ ហើយ​យើង​មិន​ជួបប្រទះ​ជំងឺ​រាគ​ទៀតទេ តាំង​ពី​ធ្វើតាម​ការ​ណែនាំអំពី​ទឹកស្អាត​និង​អនាម័យមក។” –លោកស្រី មេង ណារី (ភូមិក្រសាំង ខេត្ត​ត្បូងឃ្មុំ)

ដើម្បី​ដោះស្រាយ​ការ​ប្រឈម​នេះ ជន​បង្គោល​របស់​គម្រោង​ លោកស្រី ស៊ីណាត នៅភូមិ​ក្រសាំង ​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហាញ​ប្រជាជន​នៅ​ក្នុង​ភូមិ​លោកស្រីថាឪពុករបស់​គាត់​គឺជា​ឧទារហណ៍​ស្រាប់ ដែលការ​អនុវត្ត​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ​បាន​ជួយលើក​កម្ពស់​សុខភាព​របស់​គាត់ និង​បញ្ឈប់​ជំងឺរាគ​ដែល​មាន​ញឹកញាប់​។ លោកស្រី ស៊ីណាត ក៏​បាន​លើក​ទឹកចិត្ត​ប្រជាជន​ ដោយ​បង្ហាញ​ផងដែរ​ថា ការ​ចំណាយ​ទៅលើ​ការ​រៀបចំកន្លែង​លាងដៃ​ត្រឹមត្រូវ (ប្រហែល១៦០០រៀល) និង​ផឹកទឹកដែល​បាន​បន្សុទ្ធ គឺតិច​ជាង​ការ​ចំណាយ​ទៅ​គ្រូពេទ្យ​នៅ​ពេល​ដែល​ឈឺម្តង​ៗ (ប្រហែល​ពី​៤០០០០ ទៅ​៤៨០០០ រៀល)។ គាត់​ក៏​បាន​រំលឹក​ថា ប្រសិន​បើនៅ​ក្នុង​ផ្ទះ​មាន​អ្នក​ឈឺ​ គឺ​សមាជិក​គ្រួសារត្រូវ​ផ្អាក​ការងារ​ផ្សេងៗ​ដើម្បី​មើល​ថែ​រក្សា​អ្នកជំងឺផងដែរ។

ក្នុង​អំឡុង​ពេល​៦ខែ​នៃ​អន្តរាគមន៍នេះ ពី​ខែ​កក្កដា ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ មាន​ការ​ផ្លាស់​ប្តូរ​ប្រមាណ​៥ភាគរយ​នៃ​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ​ទាំង៦។ អន្តរាគមន៍នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ស្រុក​ប្រតិបត្តិ​ចំនួន​៣ និង​ភូមិ​ចំនួន​១៨០ ក្នុង​ខេត្ត​ត្បូងឃ្មុំ។ នៅ​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ប្រជាជន​នៅ​ក្នុង​ភូមិ​បាន​បង្កើត​កន្លែង​លាងដៃ​ចំនួន​៤៨។ ក្នុង​រយៈពេល​១ឆ្នាំ​នៃ​អន្តរាគមន៍​នេះ មាន​ខ្នង​ផ្ទះ​ចំនួន​១០ ក្នុង​ភូមិ​ខ្លី និង​ខ្នងផ្ទះចំនួន​៥០ ក្នុង​ភូមិ​ក្រសាំង ក្នុង​ខេត្ត​ត្បូងឃ្មុំ​ បាន​រៀបចំឲ្យ​មាន​កន្លែង​លាងដៃ​ត្រឹមត្រូវ​ និង​កំរិត​នៃការ​យល់ដឹង​អំពី​ទឹក​ស្អាត​និង​អនាម័យ​ក៏​មាន​ការ​កើនឡើង។ ប្រជាជន​នៅ​ក្នុង​ភូមិ​ដែល​បាន​ប្រកាន់​យក​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យទាំង៦ បាន​ឲ្យ​ដឹង​ថា ពួកគាត់​មិន​មាន​ជំងឺរាគរូស និង​មាន​សុខភាព​ប្រសើរ​ជាង​មុន។

ទោះបី​ជា​អន្តរាគមន៍នេះ​បាន​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ​២០២២ ចំណេះដឹង​អំពី​ទឹកស្អាត​និង​អនាម័យ និង​ឥរិយាបថ​សំខាន់​ៗ ដែល​ប្រជាជន​ក្នុង​ភូមិ​បាន​ប្រកាន់​ខ្ជាប់ នឹង​នៅ​តែ​មាន។ គម្រោង​ក៏សង្ឃឹម​ផងដែរ​ថា ជនបង្គោល​នៅ​ក្នុង​ភូមិ​ដោយ​មាន​ការ​គាំទ្រ​ពី​អជ្ញាធរ​ នឹង​នៅ​តែ​បន្ត​ជួយ​ដល់​សហគមន៍​របស់​ពួកគាត់ ក្នុង​ការ​ប្រកាន់​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ​សំខាន់​ៗ ដែល​នឹង​ជួយ​ឲ្យ​គ្រប់ៗគ្នា​មាន​សុខភាព​ល្អ និង​ចាកផុត​ពីការ​ឆ្លង​រោគ​ផ្សេងៗ​។