ស្ថាប័ន្ធពាក់ព័ន្ធរួមគ្នាកំណត់អាទិភាព ដើម្បីដោះស្រាយបញ្ហា AMR

ភាពសុំានឹងឱសថប្រឆាំងមេរោគ ឬ AMR បង្កឡើងដោយសារលទ្ធភាពរបស់​អតិសុខុមកាយ​វិវត្ដ​ទៅ​ជា​ស៊ាំ​ទៅ​នឹង​ឱសថ​សង្រ្គោះ​ជីវិត​ជា​ច្រើន​ប្រភេទ​ដែល​ប្រើ​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ធ្វើ​ឲ្យ​ឱសថ​ទាំង​នោះ​បាត់បង់​ប្រសិទ្ធិភាព​ក្នុង​ការ​បង្ការ និង​ព្យាបាល​រោគ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី វីរុស បារ៉ាស៊ីត និង​ផ្សិត​ទាំង​នោះ​។

ភាព​សុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ ឬ AMR ត្រូវ​បាន​ចាត់​ទុក​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ជា​ការ​គំរាម​កំហែង​មួយ​ចំពោះ​សុខភាព និង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ពិភពលោក ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​នាក់ មិន​បាន​យល់​ច្បាស់​ពី​ហានិភ័យ ដែល​បង្ក​ឡើង​ដោយ AMR ទេ​។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នេះ បាន​បង្ហាញ​អោយ​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៩ ភាព​សុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ ឬ AMR បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១,២៧ លាន​នាក់​ក្នុង​សកលលោក ដែល​តួ​លេខ​នេះ​មាន​ចំនួន​ច្រើន​ជាង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​និង​គ្រុនចាញ់​ទៅ​ទៀត​។

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ថ្លែងសុន្ទរកថា​បើក​សិក្ខាសាលា​។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) នៃ​ក្រសួង​សុខាភិបាល​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង និង​បង្កើន​កិច្ច​សហការ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​សុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ ដោយ​បាន​រៀបចំ​សិក្ខាសាលា នៅថ្ងៃ​ទី​១៦-១៧ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ខេត្ត​កំពង់ចាម ស្តីពី “​ការ​កំណត់​យុទ្ធសាស្ត្រ​ដើម្បី​ទប់ស្កាត់​នូវ​ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ នៅ​ក្នុង​ប្រទេស​កម្ពុជា​” ក្រោម​អធិបតី​ឯកឧត្តម​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​។ សិក្ខាសាលា​នេះ មាន​អ្នក​ចូលរួម​ចំនួន​៦០​នាក់ ពី​នាយកដ្ឋាន​ផ្សេង​ៗ​នៃ​ក្រសួង​សុខាភិបាល សមាជិក​ក្រុម​ការងារ​បច្ចេកទេស AMR និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ៗ ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​រួម​គ្​នាក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ រួម​មាន​ការ​សម្រេច​បាន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង AMR និង​កំណត់​អាទិភាព ដែល​ស្ថាប័ន្ធ​ពាក់ព័ន្ធ​អាច​ធ្វើ​ការ​សហការ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា AMR ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា ឯកឧត្តម​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​លើក​អំពី​ការ​ខ្វះខាត​ទិន្នន័យ​និង​ព័ត៌មាន​វិទ្យាសាស្រ្ត ដែល​ជា​ឧបសគ្គ​ក្នុង​ការ​បង្កើត​ដំណោះស្រាយ និង​ស្វែង​រក​ការ​គាំទ្រ​ដល់​កិច្ចការ​ស្តីពី​ភាព​សុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ ឬ AMR នេះ​។ ឯកឧត្តម​ក៏​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​អប់រំ ទាំង​អ្នក​ផ្តល់​សេវា​សុខភាព​និង​ប្រជាជន​ទូទៅ អំពី​ការ​ប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ​ត្រឹមត្រូវ និង​ហានិភ័យ​នៃ​ភាព​សុំា​នឹង​ឱសថ​ទាំង​នេះ ដោយ​លើក​ឧទាហរណ៍​ជាក់ស្តែង​ពី​ជោគជ័យ​នៃ​ការ​ប្រយុទ្ធ​នឹង​កូវីដ-១៩ ដែល​មាន​ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​អប់រំ​អំពី​វិធានការ​ការពារ​និង​ចាក់​វ៉ាក់សាំង ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​បណ្តា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​។ សម្រាប់​បញ្ហា AMR យើង​ក៏​អាច​សម្រេច​លទ្ធផល​បាន​យ៉ាង​វេជ្ជមាន ប្រសិន​បើ​មាន​ការ​សហការ​ល្អ​។

សិក្ខាសាលាស្តីពី “​ការ​កំណត់​យុទ្ធសាស្ត្រ​ដើម្បី​ទប់ស្កាត់​នូវ​ភាព​ស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ នៅ​ក្នុង​ប្រទេស​កម្ពុជា​” ត្រូវបានធ្វើឡើង​នៅថ្ងៃ​ទី​១៦-១៧ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ខេត្ត​កំពង់ចាម។

លោកស្រី​ ជី សុជាតិ នាយិកា​ប្រចាំប្រទេស​នៃអង្គការ PSI Cambodia ឡើងសំដែងចំណាប់អារម្មណ៍ នៅក្នុងសិក្ខាសាលា​។

ដូចច្នេះ​ហើយ​ទើប​ឯកឧត្តម​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បាន​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​អង្គការ​ដៃគូ​ផ្សេង​ៗ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​សុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ ដែល​កន្លង​មក​មាន​ទីភ្នាក់ងារ US-CDC និង​អង្គការ WHO ហើយ​ថ្មី​ៗ​នេះ​ក៏​មាន​ការ​ចូលរួម​របស់​អង្គការ PSI ដែល​បាន​ឧបត្ថម្ភ​ដល់​សិក្ខាសាលា​នេះ និង​ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សេង​ៗ​។ ឯកឧត្តម​សង្ឃឹម​ថា​នឹង​មាន​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ៗ​ទៀត​ចូលរួម​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​សុំា​នឹង​ឱសថ​ប្រឆាំង​មេរោគ​នេះ ក្នុង​ពេល​អនាគត​។