កិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៃបណ្តាញបន្ទប់ពិគ្រោះព្យាបាលជម្ងឺសញ្ញាព្រះអាទិត្យ
កិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៃសមាជិកបណ្តាញបន្ទប់ពិគ្រោះព្យាបាលជម្ងឺសញ្ញាព្រះអាទិត្យ (SQHN) ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដាកន្លងទៅនេះ គឺជាការជួបជុំដ៏ធំមួយ និងផ្តល់ឱកាសដ៏ល្អ សម្រាប់សមាជិកបណ្តាញ ដែលភាគច្រើនពួកគាត់គឺជាឆ្មប ដើម្បីស្វែងយល់ពត៌មានថ្មីៗ នៅក្នុងវិស័យពន្យារកំណើត និងសុខភាពបន្តពូជ។ កិច្ចប្រជុំនោះមានការធ្វើបទបង្ហាញ ដោយបុគ្គលិករបស់អង្គការអន្តរជាតិបំរើសុខភាពប្រជាជន/កម្ពុជា (ភី អេស អាយ/កម្ពុជា) និងមន្ត្រីមកពីក្រសួងសុខាភិបាលផងដែរ។ ប្រធានបទនៃបទបង្ហាញ មានដូចជាប្រព័ន្ធ HIS ៣.០ និងការមានផ្ទៃពោះដោយចៃដន្យ ព្រមទាំងផលិតផលពន្យារកំណើតផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យអេងហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។ ឯកឧត្តមបានមានប្រសាសន៍ថា SQHN គឺជាឧទាហរណ៍ដ៏ល្អនៃការសហការគ្នាដ៏មានប្រសិទ្ធិភាពជាមួយនឹងវិស័យឯកជន ដែលជាវិស័យមួយកំពុងរីកលូតលាស់ សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជិវៈ ពីសំណាក់អ្នកផ្តល់សេវាសុខភាព និងលើកទឹកចិត្តអោយអ្នកចូលរួមទាំងអស់បន្តខិតខំបង្កើនសមត្ថភាពអោយបានកាន់តែច្រើនថែមទៀត ទាំងចំណេះដឹង និងជំនាញ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា។
SQHN គឺជាបណ្តាញអ្នកផ្តល់សេវាសុខភាពឯកជន ដែលបច្ចុប្បន្នមានសមាជិកចំនួន ២២០ នៅក្នុង ២២ខេត្ត-រាជធានី និងមានផ្តល់សេវា ការប្រឹក្សា និងផលិតផល ពន្យារកំណើត ក្នុងតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា ដែលមានប្រាក់ចំណូលទាប។ នៅក្នុងឆ្នាំ២០១៨ អ្នកផ្តល់សេវា SQHN បានដាក់កងក្នុងស្បូនដល់ស្រ្តីចំនួន ១៩ ៧២៨នាក់ និងកងដាក់ក្រោមស្បែកចំនួន ២ ៥៥១នាក់។ លោកស្រី ជី សុជាតិ នាយិកាប្រចាំប្រទេសរបស់អង្គការ ភី អេស អាយ បានលើកសរសើរដល់សមាជិកបណ្តាញ ដែលធានាបាននូវសេវាកម្មសុខភាពល្អ និងបានថ្លែងអំណរគុណ ដល់ការគាំទ្រ របស់ក្រសួងសុខាភិបាល និងស្ថាប័នដែលពាក់ព័ន្ធមានដូចជា មជ្ឈមណ្ឌលជាតិគាំពារសុខភាពមាតានិងទារក កម្មវិធីជាតិសុខភាពបន្តពូជ មន្ទីរសុខាភិបាលខេត្ត-រាជធានី ស្រុកប្រតិបត្តិ និង កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ (CCWC)។

អ្នកចូលរួមថតជាមួយឯកឧត្តមសាស្ត្រាចារ្យអេងហួត បន្ទាប់ពីបញ្ចប់កម្មវិធីបើក

ចុះឈ្មោះចូលរួមកម្មវិធី

ការដាក់តាំងផលិតផលរបស់ PSI

អ្នកចូលរួមលើកដៃឆ្លើយសំនួរ បន្ទាប់ពីបទបង្ហាញ