ក្រុមប្រឹក្សាភិបាល របស់ PSI បានឃើញដោយផ្ទាល់ភ្នែក នូវឥទ្ធិពលរបស់កម្មវិធីក្នុងប្រទេសកម្ពុជា
អង្គការអន្តរជាតិបំរើសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជា មានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សារបស់ PSI ដែលមានរយៈពេល៣ថ្ងៃ ដើម្បីពិភាក្សាអំពីកិច្ចការដែលកំពុងដំណើរការ និងដើម្បីកំណត់ទិសដៅ របស់PSI សម្រាប់ឆ្នាំទៅមុខទៀត។
កិច្ចប្រជុំបានធ្វើឡើងនៅទីក្រុងភ្នំពេញ ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះជាលើកទី២ហើយ ដែលក្រុមប្រឹក្សាភិបាល បានធ្វើកិច្ចប្រជុំនៅក្រៅសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី១ ដែលពួកគាត់បានមកកាន់ប្រទេសកម្ពុជាទេ ដោយពួកគាត់បានធ្វើ ទស្សនកិច្ចមកប្រទេសកម្ពុជា កាលពី៨ឆ្នាំមុន។ កិច្ចប្រជុំលើកនេះក៏ជាឱកាសរបស់ក្រុមប្រឹក្សាភិបាល PSI មានឱកាសបានឃើញដោយផ្ទាល់ថាតើPSI/កម្ពុជា បានរីកចម្រើនដល់កំរិតណា។
កិច្ចប្រជុំបានចាប់ផ្តើម ដោយមានកម្មវិធីបដិសណ្ឋារកិច្ច នៅសណ្ឋាគារ Raffles Hotel Le Royal ដើម្បីស្វាគមន៍ដល់ក្រុមប្រឹក្សាភិបាល និងផ្តល់ឱកាសអោយពួកគាត់បានជួបមន្ត្រីរដ្ឋាភិបាល ម្ចាស់ជំនួយ និងដៃគូ របស់អង្គការPSI/កម្ពុជា ។
ចំណុចលេចធ្លោ ក្នុងអំឡុងពេល ដែលពួកគាត់នៅកម្ពុជា គឺឱកាសក្នុងការស្វែងជ្រៅជ្រះ អំពីសារៈប្រយោជន៍ ដែលប្រជាជនកម្ពុជាបានទទួល ពីកម្មវិធីរបស់ PSI/កម្ពុជា។ ក្រុមប្រឹក្សាភិបាលបានចុះធ្វើទស្សនកិច្ចនៅទីកន្លែងដែលមានអនុវត្តគម្រោងរបស់ PSI/កម្ពុជា ដោយរួមកម្មវិធីអប់រំផ្សព្វផ្សាយ បណ្តាញបន្ទប់ពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យ និងសេវាកម្មរំលូតសុវត្ថិភាពនៅមណ្ឌលសុខភាព។

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អៀង នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន & លោក Karl Hofmann ប្រធានអង្គការ PSI ក្នុងកម្មវិធីជួបជុំ នៅសណ្ឋាគារ Raffles Hotel Le Royal

លោក J. Brian Atwood ប្រធានក្រុមប្រឹក្សា PSI ថ្លែងសុន្ទរកថា ក្នុងកម្មវិធីជួបជុំ នៅសណ្ឋាគារ Raffles Hotel Le Royal

ក្រុមប្រឹក្សាភិបាល PSI ធ្វើដំណើរទៅស្រុកបាទី ខេត្តតាកែវ ដើម្បីពិនិត្យមើលកម្មវិធីអប់រំផ្សព្វផ្សាយសហគមន៍។ ពួកគាត់បានលើកសរសើរនូវការយកចិត្តទុកដាក់ និងការទំនាក់ទំនង របស់អ្នកអប់រំតាមសហគមន៍របស់យើង។

សមាជិកក្រុមប្រឹក្សាភិបាលថតរូប នៅគ្លីនិករបស់បណ្តាញបន្ទប់ពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យ (SQHN)

សមាជិកក្រុមប្រឹក្សាភិបាលចុះទស្សនកិច្ច នៅមណ្ឌលសុខភាពដែលជាដៃគូសហការកម្មវិធីរំលូតសុវត្ថិភាព អស់រយៈពេល១០ខែមកហើយ ហើយក៏បានជួបពិភាក្សាជាមួយបុគ្គលិកមណ្ឌលសុខភាព អំពីការប្រឈមនិងភាពជោគជ័យ ក្នុងកិច្ចការរបស់គាត់។