ក្រុម​ប្រឹក្សាភិបាល របស់​ PSI បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក នូវ​ឥទ្ធិពល​របស់​កម្មវិធី​ក្នុង​ប្រទេស​កម្ពុជា

អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ពិភពលោក ប្រចាំ​នៅ​ប្រទេស​កម្ពុជា មាន​កិត្តិយស​ដែល​បាន​ធ្វើជា​ម្ចាស់​ផ្ទះ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សារបស់ PSI ដែល​មាន​រយៈពេល​៣​ថ្ងៃ ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​ដែល​កំពុង​ដំណើរការ និង​ដើម្បី​កំណត់​ទិសដៅ របស់​PSI សម្រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​។

កិច្ច​ប្រជុំ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ដល់​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​ប្រឹក្សាភិបាល បាន​ធ្វើ​កិច្ច​ប្រជុំ​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​មិន​មែន​ជា​លើក​ទី​១ ដែល​ពួកគាត់​បាន​មក​កាន់​ប្រទេស​កម្ពុជា​ទេ ដោយ​ពួកគាត់​បាន​ធ្វើ ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា កាល​ពី​៨​ឆ្នាំ​មុន។ កិច្ច​ប្រជុំ​លើក​នេះ​ក៏​ជា​ឱកាស​របស់​ក្រុម​ប្រឹក្សាភិបាល PSI មាន​ឱកាស​បាន​ឃើញ​ដោយ​ផ្ទាល់​ថា​តើ​PSI/​កម្ពុជា បាន​រីកចម្រើន​ដល់​កំរិត​ណា។

កិច្ចប្រជុំ​បាន​ចាប់ផ្តើម ដោយ​មាន​កម្មវិធី​បដិសណ្ឋារកិច្ច នៅ​សណ្ឋាគារ​ Raffles Hotel Le Royal​ ដើម្បី​ស្វាគមន៍​ដល់​ក្រុមប្រឹក្សាភិបាល និង​ផ្តល់​ឱកាស​អោយ​ពួកគាត់​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល ម្ចាស់​ជំនួយ និង​ដៃគូ របស់​អង្គការ​PSI/កម្ពុជា ។

ចំណុច​លេច​ធ្លោ ក្នុង​អំឡុង​ពេល ដែល​ពួកគាត់​នៅ​កម្ពុជា គឺ​ឱកាស​ក្នុងការ​ស្វែង​ជ្រៅជ្រះ អំពី​សារៈប្រយោជន៍ ដែល​ប្រជាជន​កម្ពុជា​បាន​ទទួល ពី​កម្មវិធី​របស់ PSI/កម្ពុជា​។ ក្រុមប្រឹក្សាភិបាល​បាន​ចុះ​ធ្វើ​ទស្សនកិច្ច​នៅ​ទីកន្លែង​ដែល​មាន​អនុវត្ត​គម្រោង​របស់​ PSI/កម្ពុជា ដោយ​រួម​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ បណ្តាញ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​សញ្ញា​ព្រះ​អាទិត្យ និង​សេវាកម្ម​រំលូត​សុវត្ថិភាព​នៅ​មណ្ឌល​សុខភាព​។

ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ៅ តាន់អៀង នាយកមជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ​របេង​​និង​ហង់​សិន & លោក Karl Hofmann ប្រធាន​អង្គការ​ PSI ក្នុង​កម្មវិធី​​ជួបជុំ ​នៅ​សណ្ឋាគារ​ Raffles Hotel Le Royal

លោក J. Brian Atwood ប្រធាន​ក្រុម​ប្រឹក្សា PSI ថ្លែង​សុន្ទរកថា ក្នុង​កម្មវិធី​​ជួបជុំ ​នៅ​សណ្ឋាគារ​ Raffles Hotel Le Royal

ក្រុម​ប្រឹក្សាភិបាល PSI ធ្វើ​ដំណើរ​ទៅ​ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ពិនិត្យ​មើល​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​សហគមន៍។ ពួកគាត់​បាន​លើក​សរសើរ​នូវ​ការយក​ចិត្ត​ទុកដាក់ និង​ការ​ទំនាក់ទំនង របស់​អ្នក​អប់រំ​តាម​សហគមន៍របស់​យើង​។

សមាជិក​ក្រុម​ប្រឹក្សាភិបាល​ថតរូប​ នៅ​គ្លីនិក​របស់​បណ្តាញ​​បន្ទប់​ពិគ្រោះព្យាបាល​ជំងឺ​សញ្ញា​ព្រះ​អាទិត្យ (SQHN)​

សមាជិក​ក្រុម​ប្រឹក្សាភិបាល​ចុះ​ទស្សនកិច្ច នៅ​មណ្ឌល​សុខភាព​ដែល​ជាដៃគូ​សហការ​កម្មវិធី​រំលូត​សុវត្ថិភាព អស់​រយៈពេល​១០​ខែ​មកហើយ ហើយ​ក៏បាន​ជួប​ពិភាក្សា​ជាមួយ​បុគ្គលិកមណ្ឌល​សុខភាព អំពី​ការ​ប្រឈម​និង​ភាព​ជោគជ័យ ក្នុង​កិច្ច​ការ​របស់​គាត់​។