“ការ​មាន​កូន​ត្រូវការ​ចំណាយ​ច្រើន!”

សុគន្ធ និង​យ៉េន រស់នៅក្នុង​ភូមិ​ក្រាំង​ស្គារ ក្នុង​ខេត្ត​កំពង់​ឆ្នាំង ដោយ​មាន​កូន​ប្រុស​ម្នាក់​ អាយុ​៦​ខែ ឈ្មោះមិនា ។ សុគន្ធ ជា​បុរស​ស្ងៀមស្ងាត់ ក្នុង​វ័យ​២៧​ឆ្នាំ និង​មាន​មុខរបរ​ជា​កសិករ ដែលមាន​ស្រែនៅជិត​ផ្ទះ​របស់​គាត់ ។ ចំណែក​ប្រពន្ធ​របស់​គាត់​វិញ គឺលោកស្រី​យ៉េន មាន​អាយុ២៧​ឆ្នាំ​ ហើយ​គាត់​តែងតែ​ចំណាយ​ពេល​ដើម្បី​មើលថែ​កូន​របស់​គាត់​ “មិនា” ដែលជាទារក​ដែល​ចូលចិត្ត​លេង​ និង​ត្រូវការ​ការ​មើលថែច្រើន ។ គ្រួសារ​ដែល​មាន​សមាជិក​៣នាក់​នេះ រស់នៅ​ដោយ​សាមញ្ញ ហើយ​ពួកគាត់​មាន​ផ្ទះ​ខ្លួនឯងមួយ ដែល​មាន​ការ​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ ដោយ​មាន​វាលស្រែនៅ​ជុំវិញ និង​មាន​ផ្ទះ​អ្នក​ជិត​ខាង​៤​ ឬ៥​ ខ្នង​ នៅ​ក្បែ​ៗ​នោះ ដែល​តែងតែ​មកលេង​ជាមួយ​ទារក​ មិនា ជាញឹកញាប់ ។

គូ​ស្វាមី​​ទាំង​​ពីរ​នាក់​បាន​ត្រូវ​អញ្ជើញ​មក​ចូល​រួម​វគ្គ​ផ្សព្វផ្សាយ​អំពីការ​ពន្យារ​កំណើតមួយ​ ដោយ​អនុភូមិ​ កាល​​ពី​​៦ខែ​មុន បន្ទាប់​ពី​បន្ទាប់​ពី​មាន​កូន​ដំបូង​របស់​គាត់ គឺមិនា។ វគ្គ​នេះ​​ត្រូវ​បាន​​រៀបចំ​​ឡើង​​ដោយ​គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព ដែល​ជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID)។ ពួក​គាត់​​បាន​​និយាយ​ថា ទោះ​បីជា​ពួកគាត់​បាន​ពិភាក្សា​និង​សម្រេច​ថា ៣​ឆ្នាំ​ក្រោយ គាត់ចង់បាន​កូន​មួយ​ទៀត ពួកគាត់​មិនមាន​ចំណេះ​ដឹង​គ្រប់គាន់​ទាក់​ទង​នឹង​ការ​ពន្យារ​កំណើតបែប​ទំនើប ហើយ​មិន​ប្រាកដ​ក្នុង​ទៅ​លើ​ប្រសិទ្ធិភាព​នៃ​មធ្យោបាយ​នេះទេ។ ប៉ុន្តែ​អ្នកស្រី​យ៉េន ក៏​បាន​មាន​ក្តី​បារម្ភ​អំពី​ការ​មាន​ផ្ទៃ​ពោះ​ដែល​មិន​បាន​គ្រោង​ទុក​ផងដែរ។ គាត់​បាន​និយាយថា “ការ​ចិញ្ចឹម​កូន​គឺ​ត្រូវការ​ចំណាយ​លុយ​និង​ពេលវេលា​ច្រើន​” ។

នៅ​ក្នុង​វគ្គ​នោះ សុគន្ធនិង​យ៉េន បាន​យល់​ដឹង​អំពី​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​ៗ និង​ព័ត៌មាន​លំអិត​ ដូចជា​ប្រសិទ្ធិភាព​ និង​ផល​រំខាន​​ ព្រមទាំង​ការ​យល់​ខុស​ផ្សេង​ៗ​អំពី​ការ​ពន្យា​រកំណើត​។ ការ​យល់​ខុស​ទាំង​នេះ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា និង​បកស្រាយ នៅ​ក្នុង​ការ​លេង​ល្បែង “ពិត​ ឬមិនពិត” នៅ​ក្នុង​វគ្គ​នោះ។ យ៉េន បាន​និយាយថា​ភ្នាក់​ងារ​អប់រំ​សុខភាព​របស់​គម្រោង​ បានចុះ​មក​ផ្ទះ​របស់​គាត់​ចំនួន​៤ដង​ បន្ទាប់​ពី​គាត់​បាន​ចូលរួម​វគ្គ​នោះ​ ដោយ​បាន​ផ្តល់​ឲ្យ​គាត់​នូវ​ព័ត៌មាន​បន្ថែម​ដើម្បី​ដោះស្រាយ​ក្តីបារម្ភ​និង​ចម្ងល់​របស់គាត់​។

បន្ទាប់ពី​បាន​ចូលរួម​វគ្គអប់រំ​សុខភាពនេះ​មក គូស្វាមី​ភរិយានេះ ពិភាក្សា​និង​សម្រេច​រួម​គ្នា​ថា ថ្នាំចាក់​ពន្យារ​កំណើត​ រៀងរាល់​៣ខែ​ម្តង គឺ​ជាជម្រើស​ដ៏ល្អ​សម្រាប់​ពួកគាត់។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ យ៉េន​មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​ចាក់​ថ្នាំ​អាច​ប៉ះពាល់​ដល់​ទឹកដោះ ព្រោះ​គាត់​នៅ​បំបៅ​មិនា​នៅ​ឡើង។ ​ភ្នាក់ងារ​អប់រំ​របស់​គម្រោង​បាន​បកស្រាយ​ពន្យល់ ក្នុង​អំឡុង​ពេល​ដែល​ក្រុមការងារ​បាន​ចុះ​ទៅតាម​ផ្ទះ​របស់​គាត ទើបពួកគាត់​អស់​ក្តី​បារម្ភ​វិញ និង​រីករាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។

លោកស្រី យ៉េន បាន​និយាយថា “ពួកយើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ពិភាក្សា​គ្នា​អំពី​ជម្រើស​នៃ​ការ​ពន្យារ​កំណើត​ បន្ទាប់​ពី​បាន​ទទួល​ចំណេះ​ដឹង​ពី​ភ្នាក់ងារ​អប់រំ​របស់​គម្រោង ដូច​ជា​ពិភាក្សា​អំពី​ប្រសិទ្ធិភាព​និង​អត្ថប្រយោជន៍​នៃ​មធ្យោបាយ​ពន្យារ​កំណើត​និមួយ​ៗ។” លើស​ពី​នេះ​ទៅទៀត នៅ​ពេល​ដែល​ក្រុមការងារ​គម្រោង​សាកសួរ​អំពី​ឥទ្ធិពល​​នៃ​គម្រោង​នេះ ចំពោះ​គ្រួសារ​របស់​គាត់ គូស្វាមី​ភរិយា​ទាំង​ពីរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួកគាត់​បាន​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​មាន​ធនធាន​គ្រប់​គ្រាន់​ ដើម្បី​ថែរក្សា​កូនប្រុស “មិនា” របស់​គាត់​ ហើយ​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​ អាចជួយ​ធានា​ថា​ពួកគាត់​មាន​ធនធាន​ទាំង​នេះ​។ ពួកគាត់​ជឿជាក់​ថា​ មធ្យោបាយ​ពន្យា​រកំណើត​ទំនើប​មាន​សារៈសំខាន់​ ហើយ​ដៃគូ​គ្រប់​រូប​គួរ​ស្គាល់​មធ្យោបាយ​ទាំងនេះ ដោយសារ​វាអាច​រក្សារ​គុណភាព​នៃ​ជីវិត​ និង​សមត្ថភាព​នៃ​គ្រួសារ​ក្នុង​ការ​ផ្តល់​ការ​ថែទាំ​ល្អ​ដល់​កូនៗ​ខ្លួន។

fpparticipant

ខ្ញុំ​និង​ប្តី​របស់​ខ្ញុំ​មាន​ការ​បារម្ភ​ នឹង​ការ​មាន​កូន​ដោយ​មិន​បាន​គ្រោង​ទុក ពីព្រោះ​ការ​ចិញ្ចឹម​បីបាច់​កូន​គឺ​ត្រូវការ​ចំណាយ​លុយ​និង​ពេលវេលា​ច្រើន​។ ការ​ស្វែងយល់​អំពី​មធ្យោបាយ​ពន្យារកំណើត​បែប​ទំនើប​ បានជួយ​ដល់​ពួកខ្ញុំច្រើន។ មធ្យោបាយ​បែប​ទំនើប​ជួយ​ដល់​ពួកយើង ក្នុង​ការ​មាន​ពេលវេលា​និង​ធនធាន​បន្ថែម​ក្នុង​ការ​មើលថែ​កូន​ មិនា ដែលទើប​មាន​អាយុ​​៦ខែ​។