បង្កើន​សមត្ថភាព​នៃ​ការ​ស្វែងរក​ការ​គាំទ្រ​ផ្នែក​លើក​កម្ពស់​សុខភាព

ការ​មាន​ផែនការ​ការ​គាំទ្រ (advocacy plan) មាន​សារៈសំខាន់​ណាស់​ដើម្បី​អោយ ស្ថាប័ន មួយ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​។ ចំពោះ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​លើក​កម្ពស់​សុខភាព ការ​មាន​ផែនការ​ស្វែងរក​ការ​គាំទ្រ​ដែល​រឹងមាំ មាន​ឥទ្ធិពល​ដល់​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​ចិត្ត​សំខាន់​ៗ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ដល់​កម្មវិធី​សុខាភិបាល និង​ធ្វើ​អោយ​អ្នក​ទាំង​នោះ​វិនិយោគ​ពេល​វេលា​ដ៏​មមាញឹក និង​បែងចែក​ថវិកា​កម្មវិធី ដើម្បី​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​បាន​ទទួល​ព័ត៌មាន​និង​មាន​ធនធាន​គ្រប់​គ្រាន់​អាច​អោយ​ពួកគេ​រស់នៅ​ប្រកប​ដោយ​សុខុមាលភាព និង​សម្រេចបាន​គោលបំណង​សុខភាព​របស់​ខ្លួន។

លោកស្រី ជី សុជាតិ នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ PSI ដែល​បាន​ដឹកនាំ​សិក្ខាសាលា​ស្តីពី​”យុទ្ធសាស្ត្រ​ស្វែង​រក​ការ​គាំទ្រ” សម្រាប់​អ្នក​ជំនាញ​ផ្នែក​លើក​កម្ពស់​សុខភាព បាន​មាន​ប្រសាសន៍​ថា ការ​ស្វែងរក​ការ​គាំទ្រ​មិនមែន​ជា​ទំនាក់ទំនង​សាធារណៈ ទេ ហើយ​វា​ក៏មិន​មែន​ជា​ផ្នែក​ទីផ្សារ​ដែរ។ លោក​ស្រី​បាន​មាន​ប្រសាសន៍អោយ​ងាយ​យល់​ថា “ការ​ស្វែងរក​ការ​គាំទ្រ​គឺ​ជា​ទំនាក់ទំនង​ផ្លាស់ប្តូរ​ឥរិយាបថ សម្រាប់​​ថ្នាក់​ធ្វើ​សេចក្ដីសម្រេច”។ សិក្ខាសាលា​ដែល​មាន​រយៈពេល​២​ថ្ងៃ​នេះ ជាផ្នែក​មួយ​នៃ​គម្រោង​PHB និង ត្រូវ​បាន​រៀបចំ​ធ្វើឡើង ដោយ​អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន​ (PSI) នៅ​ថ្ងៃ​ទី​២៣-២៤ ខែ​មិថុនា ឆ្នាំ​២០២០។ អ្នកចូលរួម​រួម​មាន​តំណាង​ពី​ដៃគូ​រដ្ឋាភិបាល និង​អង្គការ ដូចជា​ផ្នែក​លើក​កម្ពស់​សុខភាព​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់តំបង​និង​ខេត្ត​កំពង់​ឆ្នាំង អង្គការ​ដៃគូផ្តល់មេត្តា (PC) និង​អង្គការ​សកម្មភាព​ដើម្បី​អភិវឌ្ឍន៍​សុខភាព (AHEAD)​។

សិក្ខាកាម​បាន​ពិភាក្សា​អំពី​គោលបំណង​យូរ​អង្វែង និង​អ្នក​ដែល​អាច​ជួយ​អោយ​គោល​បំណង​របស់​ខ្លួន​បាន​ជោគជ័យ​ព្រម​ទាំង​បាន​ទទួល​មតិ​ពី​សិក្ខាកាម​ដទៃ​ទៀត អំពី​កត្តា​សំខាន់​ៗ​ដែល​ត្រូវ​ពិចារណា​សម្រាប់​ផែនការ​ស្វែង​រក​ការ​គាំទ្រ​របស់​ខ្លួន ដូច​ជា​បុគ្គលិក ថវិកា ពេល​វេលា ។ល។ សិក្ខាសាលា​នោះ ក៏ បាន​លើក​ឡើង​អំពី Smart Chart ដែល​ជា​ជំនួយ​៦​ជំហាន សម្រាប់​ការ​ធ្វើការ​ផែនការ​ស្វែង​រក​ការ​គាំទ្រ​ដោយ​ជួយ​អោយ​ជំរើស​សារ និង​ក្រុម​គោលដៅ មាន​លក្ខណៈ​ស្រប​គ្នា​ហើយ​យុទ្ធសាស្ត្រ​អាច​សម្រេច​ទៅ​បាន​។

លោកស្រី វណ្ណ ម៉ាដែត ដែល​ជា​ប្រធាន​ផ្នែក​លើក​កម្ពស់​សុខភាព​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​តំបង ហើយ​ដែល​ជា​​សិក្ខាកាម​​ម្នាក់​ក្នុង​ចំណោម​ទាំង​១០​រូប មកពី​ខេត្ត​បាត់តំបង កំពង់​ឆ្នាំង និង​ភ្នំពេញ បាន​មាន​ប្រសាសន៍ថា ​នេះ​ជា​លើក​តំបូង​ហើយ​ដែល​លោកស្រី​បាន​ចូលរួម​សិក្ខាសាលា​ក្នុង​ប្រធានបទ​នេះ។ លោកស្រី​បាន​បន្ថែម​ថា “សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​​ក្នុង​ការ​ធ្វើ​អោយ​សកម្មភាព​របស់​ផ្នែក​លើក​កំពស់​សុខភាព​អោយ​កាន់តែ​ល្អ​ជាង​មុន និង​​ជួយ​ដល់​ការ​ទទួល​ការ​គាំទ្រ​បន្ថែម​ពី​ថ្នាក់​ដឹកនាំ​។”

ដោយ​ទទួល​បាន​មតិ​វិជ្ជមាន​ជាច្រើន​ពី​អ្នក​ចូលរួម ​គម្រោង ​PHB នឹង​ពង្រីក​សិក្ខាសាលា​នេះ​ទៅ​កាន់​ដៃគូ​ក្នុង​ខេត្ត​ដទៃ​ទៀត ដែល​គម្រោង​នេះ​កំពុង​អនុវត្ត។

គម្រោង​លើក​កម្ពស់ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព (PHB) គឺ​ជា​គម្រោង​ផ្លាស់ប្តូរ​ឥរិយាបថ​បុគ្គល​និង​សង្គម ដែល​មាន​រយៈពេល​៥​ឆ្នាំ​ ឧបត្ថម្ភ​មូលនិធិ​ដោយ​ USAID (២០១៨-២០២៣) ដែល​អនុវត្ត​ផ្ទាល់​ ដោយ​អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន (PSI)។ គោលដៅ​របស់​គម្រោង PHB គឺ​ដើម្បី​ធ្វើ​អោយ​ប្រសើរ​ឡើង នូវ​ឥរិយាបថ​សុខភាព​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា និង​ធានា​ឲ្យ​បាន​ថា ប្រជាជន​កម្ពុជា​ស្វែង​រក និង​ទទួល​បាន​សេវា​សុខភាព​ដែល​ប្រកប​ដោយ​គុណភាព ដោយ​មាន​ការ​​កាត់​បន្ថយ​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​។ គម្រោង PHB ផ្តោត​ទៅលើ​វិស័យ​សុខភាព​ធំៗចំនួន​៦​គឺ៖ សុខភាព​មាតា​និង​ទារក អាហារូបត្ថម្ភ ការ​ពន្យារ​កំណើត ទឹក​ស្អាត​និង​អនាម័យ ជំងឺ​របេង​ និង​ជំងឺ​គ្រុនចាញ់​។ គម្រោង PHB ធ្វើការ​ជាមួយ​ដៃគូ នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត្​កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ បាត់តំបង និង​ប៉ៃលិន។