គម្រោង PHB បានមកដល់ចំនុចមួយថ្មី ដោយមានការរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់ឆ្នាំទី៣នៃគម្រោង

ដើម្បីបង្កើតផែនការការងារមួយអោយបានល្អនិងគ្រប់ជ្រុងជ្រោយ ចាំបាច់ត្រូវការការសម្លឹងមើលឡើងវិញ នូវអ្វីដែលយើងធ្វើសម្រេចបានកន្លងមក និងទិសដៅដែលយើងត្រូវដើរទៅមុខទៀត។ ដោយមើលឃើញភាពចាំបាច់ដូចច្នេះហើយ ទើបក្រុមការងារនៃគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខមាលភាព (Cambodia PHB Activity) បានរៀបចំសិក្ខាសាលាមួយ ដើម្បីប្រមូលយកមតិផ្សេងៗ ពីស្ថាប័ននិងដៃគូពាក់ព័ន្ធ ដែលអាចធ្វើអោយក្រុមការងារយើង បង្កើតផែនការការងារ និងសម្របទិសដៅ សម្រាប់ឆ្នាំទី៣នៃគម្រោង។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមដោយតំណាងនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដែលជាម្ចាស់ជំនួយ និងមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពនៃក្រសួងសុខាភិបាល ដែលជាដៃគូយុទ្ធសាស្ត្រនៃគម្រោង។ ក្រៅពីនោះ ក៏មានដៃគូអនុវត្តគម្រោងរបស់យើង រួមមានក្រុមហ៊ុន 17 Triggers អង្គការផេកកម្ពុជា អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព (AHEAD) អង្គការដៃគូផ្តល់មេត្តា (PC) អង្គការខេមរា និងស្ថាប័នសំខាន់ៗដទៃទៀត។

លោកងួនសុខន ដែលជាអនុប្រធាននៃគម្រោង Cambodia PHB Activity បានធ្វើបទបង្ហាញអំពីសកម្មភាពគម្រោងក្នុងឆ្នាំកន្លងមក អ្វីដែលធ្វើបានល្អ និងអ្វីដែលត្រូវការបំប៉នបន្ថែម។ កម្មវិធីបានបន្តដោយមានការបង្ហាញសេចក្តីសង្ខេបនៃសកម្មភាពរបស់គម្រោងសម្ព័ន្ធភាពរបស់យើង គឺគម្រោងលើកកម្ពស់សេវាថែទាំសុខភាព (EQHA) ព្រមទាំងផែនការប្រចាំឆ្នាំនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពនៃក្រសួងសុខាភិបាល ផងដែរ។ លើសពីនេះទៅទៀត សិក្ខាសាលាក៏មានការពិភាក្សាជាក្រុមក្នុងចំណោមអ្នកចូលរួម អំពីឧបសគ្គនិងដំណោះស្រាយ ព្រមទាំងអ្វីអាចអោយយើងសហការគ្នា ក្នុងការធ្វើយ៉ាងណាអោយក្រុមការងារសម្រេចបានគោលដៅដែលបានគ្រោងទុក។

លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឍមណ្ឌលជាតិលើកកំពស់សុខភាព (NCHP) បានលើកសរសើរពីការសហការគ្នាជាមួយគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខមាលភាព (Cambodia PHB Activity) ក្នុងឆ្នាំកន្លងមក និងបញ្ចប់សេចក្តីរបស់លោកស្រីដោយបញ្ជាក់ថាលោកស្រីរីករាយនឹងឃើញកិច្ចខិតខំប្រឹងប្រឺងរួមគ្នាបន្ត ក្នុងការជួយអោយប្រជាជនកម្ពុជាទទួលយកឥរិយាបថប្រកបដោយសុខុមាលភាព នៅឆ្នាំខាងមុខ។

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលមានរយៈពេល៥ឆ្នាំ ឧបត្ថម្ភមូលនិធិដោយ USAID (២០១៨-២០២៣) ដែលអនុវត្តផ្ទាល់ ដោយអង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI)។ គោលដៅរបស់គម្រោង PHB គឺដើម្បីធ្វើអោយប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាពដែលប្រកបដោយគុណភាព ដោយមានការកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុ។ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ការពន្យារកំណើត ទឹកស្អាតនិងអនាម័យ ជំងឺរបេង និងជំងឺគ្រុនចាញ់។ គម្រោង​នេះ​ធ្វើការជាមួយដៃគូ នៅក្នុងរាជធានីភ្នំពេញ ខេត្ត្កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ បាត់តំបង និងប៉ៃលិន។ គម្រោងនេះ​មានគោលបំណងចម្បងពីរ ដែលឥរិយាបថសុខភាពសំខាន់ៗចំនួន១២ ដែលត្រូវបានកំណត់ជាចំណុចផ្តោតនៃការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម។