ការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ នៅមណ្ឌលសុខភាពស្វាយជ្រុំ
កាលពី៤ ឬ៥ឆ្នាំមុន អតិថិជនតែងតែត្អូញត្អែអំពីការគ្រប់គ្រងសំណល់និងបរិស្ថាន នៃមណ្ឌលសុខភាពស្វាយជ្រុំ ក្នុងខេត្តកំពង់ឆ្នាំង។ ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ដូចជាការបែកចែកសំណល់ ការទុកដាក់ និងការដុតសំណល់ នៅមណ្ឌលសុខភាព មិនត្រូវបានអនុវត្តទៅតាមគោលការណ៍ណែនាំស្តីពីការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ (IPC) នៃក្រសួងសុខាភិបាលនោះទេ នេះបើយោងទៅតាមចាន់ធឿន ដែលជាឆ្មប និងជាសមាជិកគណកម្មការ IPC នៃមណ្ឌលសុខភាពស្វាយជ្រុំ។
ពីមុនមក មានការប្រឈមខ្លះក្នុងការគ្រប់គ្រងការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ (IPC) សម្រាប់មណ្ឌលសុខភាព ដោយសារតែខ្វះការណ្តុះបណ្តាល ដល់បុគ្គលិកថ្មីៗ និងមិនមានការលើកទឹកចិត្តពីគណគ្រប់គ្រង ដើម្បីកែលម្អអនាម័យ។
មណ្ឌលសុខភាពមិនមានគ្រប់គ្រាន់នូវកន្លែងលាងដៃ កន្លែងរង់ចាំ និងសម្ភារៈចាំបាច់ដូចជាធុងសំរាមស្តង់ដា និងថង់ផ្លាស្ទិក។ អ្នកជំងឺបោះសំរាមពាសវាលពាសកាលនៅមណ្ឌលសុខភាព ហើយបុគ្គលិកមិនបានណែនាំពួកគាត់នោះទេ។ ជាពិសេសទៅទៀត បុគ្គលិកមិនបានយល់អំពីវិធីសាស្ត្រកែលម្អគុណភាពសេវាសុខាភិបាល (QI) និងផែនការកែលម្អការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ (IPC) នោះទេ នេះបើតាមលោកចាន់ធឿន។
លោកចាន់ធឿនបាននិយាយថា “កាលពីពីរបីឆ្នាំមុន មណ្ឌលសុខភាពរបស់យើង មិនមានការគ្រប់គ្រង IPC ល្អទេ។ យើងមិនមានគណកម្មការ IPC។ យើងទទួលបានការបង្ហាត់បង្ហាញតិចតួចពីស្រុកប្រតិបត្តិ ហើយយើងមិនមានឱកាសដើម្បីស្វែងយល់ពីបទពិសោធន៍ ក្នុងការគ្រប់គ្រប IPC ពីមូលដ្ឋានសុខភាពផ្សេងទៀតទេ។”
នៅខែធ្នូ ឆ្នាំ២០១៩ មណ្ឌលសុខភាព ត្រូវបានវាយតម្លៃដោយប្រើប្រាស់ វិធី NQEM ស្តីពីការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ (IPC) ហើយបានទទួលពិន្ទុទាប គឺ២៨,៩០%។ លើសពីនេះទៅទៀត ចំនួនអ្នកជំងឺក៏ទាបផងដែរ។
មណ្ឌលសុខភាពស្វាយជ្រុំផ្តល់សេវាសុខភាពសំខាន់ៗ ដល់ភូមិចំនួន២២ ដោយអាចផ្ទុកអ្នកជំងឺ១០០០នាក់ក្នុងមួយខែ។ ការកែលម្អ IPC មានសារៈសំខាន់ណាស់សម្រាប់ក្រុមការងារនៅមណ្ឌលសុខភាព ដើម្បីផ្តល់ជូននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព កែលម្អសុវត្ថិភាពអ្នកជំងឺ និងការពារអ្នកផ្តល់សេវាសុខភាពទាំងអស់នៅក្នុងប្រព័ន្ធសុខាភិបាល នេះបើយោងទៅតាមលោកចាន់ ប៊ុនថា មន្ត្រីផ្នែកបច្ចេកទេស និងជាគ្រូបង្វឹក QI មកពីស្រុកប្រតិបត្តិបរិបូរណ៍។ គាត់បានប្រាប់ឲ្យដឹងថា “ស្តង់ដា IPC គួរតែមាននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ការការពារ និងសុវត្ថិភាពអប្បបរមា ដល់អ្នកជំងឺ មន្ត្រីសុខាភិបាល និងអ្នកមកមណ្ឌលសុខភាពទាំងអស់។”
នៅក្នុងខែសីហា ឆ្នាំ២០២០ គម្រោង USAID- EQHA ដោយសហការជាមួយមន្ទីរសុខាភិបាលកំពង់ឆ្នាំង និងក្រុមការងារបច្ចេកទេសនៃស្រុកប្រតិបត្តិបរិបូណ៌ បានបណ្តុះបណ្តាល បង្ហាត់បង្ហាញ ដល់បុគ្គលិកមណ្ឌលសុខភាព អំពីវិធីសាស្ត្រចូលរួមសហការលើការលើកកម្ពស់គុណភាពសេវា (quality improvement collaborative approach) ដោយប្រើ MFI និងវិធីសាស្រ្ត ធ្វើផែនការ – អនុវត្តផែនការ – សិក្សាលើការអនុវត្ត – ចាត់វិធានការបន្ទាប់ (PDSA) ដើម្បីដោះស្រាយបញ្ហាផ្នែក IPC ។
លោក ធា ទី ប្រធានមណ្ឌលសុខភាពស្វាយជ្រុំ បាននិយាយថា “យើងរៀនកំណត់បញ្ហាលើផ្នែក IPC ។ យើងបានបង្កើតផែនការ QI និងជ្រើសរើសយកគំនិតដើម្បីផ្លាស់ប្តូរ ដើម្បីយកទៅដោះស្រាយ។ យើងបានកំណត់គោលដៅ និងប្រើវិធីសាស្ត្រ MFI ជាមួយនឹងការវាស់វែងនិងសន្ទស្សន៍ សម្រាប់កែលម្អ IPC សម្រាប់មណ្ឌលសុខភាព។” លោក ធាទី បានឲ្យដឹងទៀតថា បុគ្គលិករបស់គាត់ពិតជាបានទទួលអត្ថប្រយោជន៍ពីការបណ្តុះបណ្តាល QI នេះ ដែលជាការឧបត្ថម្ភដោយគម្រោង USAID-EQHA និងក្រុមការងារស្រុកប្រតិបត្តិ។
យោងទៅតាមលោក ចាន់ធឿន ក្រុមការងារមណ្ឌលសុខភាព បានបង្កើតផែនការការងារ និងបញ្ជីផ្ទៀងផ្ទាត់ ដែលបានកែសម្រួលយកពីគោលការណ៍ថ្នាក់ជាតិ ហើយក៏បានបង្កើតគណកម្មការ IPC សម្រាប់តាមដានការងារ IPC នៅគ្រប់ផ្នែកនៃមណ្ឌលសុខភាព។ បុគ្គលិកទាំងអស់ បានតម្រូវឲ្យធ្វើការវាយតម្លៃ IPC យ៉ាងហោចណាស់ ២ដងក្នុងមួយខែ និងធ្វើការអប់រំផ្នែកអនាម័យ ដល់អ្នកជំងឺ ១ដងក្នុងមួយសប្តាហ៍។ គាត់បាននិយាយថា ក្រុមការងារមណ្ឌលសុខភាព ក៏បានអនុវត្តការវាយតម្លៃខ្លួនឯងផ្នែក IPC ដោយប្រើបញ្ជីផ្ទៀងផ្ទាត់ ២ដងក្នុងមួយសប្តាហ៍ និងបង្កើតតារាង run chart ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្ត។
មណ្ឌលសុខភាពស្វាយជ្រុំបានទទួលការបង្ហាត់បង្ហាញ និងការបណ្តុះបណ្តាលឡើងវិញស្តីពីការគ្រប់គ្រងសំណល់ IPC ជារៀងរាល់ខែ រហូតដល់ខែកញ្ញា ឆ្នាំ២០២១ ទៅដល់បុគ្គលិកទាំងអស់ រួមទាំងអ្នកសំអាតផងដែរ។ ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២២ បុគ្គលិកមណ្ឌលសុខភាព ទទួលបានការបង្ហាត់បង្ហាញរៀងរាល់ត្រីមាស ដែលជួយឲ្យពួកគាត់ ប្រកាន់ខ្ជាប់នូវគោលការណ៍ថ្នាក់ជាតិ ស្តីពី IPC និងបង្កើនការអនុវត្ត NQEM របស់ខ្លួន។
ពីរឆ្នាំក្រោយមក បន្ទាប់ពីបានអនុវត្តផែនការកែលម្អគុណភាព IPC ពិន្ទុនៃការវាយតម្លៃរបស់មណ្ឌលសុខភាព បានកើនឡើង៩១% នៅក្នុងខែសីហា ឆ្នាំ២០២២ បើប្រៀបធៀបនឹងការវាយតម្លៃមុនអនុវត្តកម្មវិធី នៅក្នុងខែសីហា ឆ្នាំ២០២០ ដែលពេលនោះបានទទួលពិន្ទុតែ១៤% ប៉ុណ្ណោះ។
លោក ធាទី ប្រធានមណ្ឌលសុខភាពស្វាយជ្រុំ បាននិយាយថា “ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានឃើញការវិវឌ្ឍន៍ល្អនៃមណ្ឌលសុខភាពយើង ជាពិសេស ការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់ នៃ ការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ (IPC) ។ ដូចច្នេះហើយ យើងអាចឃើញថា ចំនួនអ្នកជំងឺដែលមកទទួលសេវាសុខភាព នៅមណ្ឌលសុខភាពរបស់យើងបានកើនឡើង ប្រហែល២០ភាគរយ រវាងឆ្នាំ២០២១ និង២០២២។ នេះគឺដោយសារចំណេះដឹងដែលយើងទទួលបានពីគម្រោង EQHA និងជួយឲ្យយើងមានទំនុកចិត្ត ក្នុងការផ្តល់សេវាថែទាំសុខភាព ដល់ប្រជាជនយើង ប្រកបដោយគុណភាព និងសុវត្ថិភាព” ។
លោក សៅ ធីម អាយុ៤៧ឆ្នាំ ដែលមានកូន៤នាក់ រស់នៅក្នុងភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ បានប្រាប់ថា គាត់ពិតជាពេញចិត្តចំពោះសេវាសុខភាពនៅមណ្ឌលសុខភាពស្វាយជ្រុំ។ បុគ្គលិកមណ្ឌលសុខភាពរួសរាយរាក់ទាក់ និងមើលថែទាំអ្នកជំងឺបានល្អ។
គាត់និយាយបន្ថែមទៀតថា “ជាពិសេស ខ្ញុំចូលចិត្តនូវអនាម័យនៅមណ្ឌលសុខភាព ដោយមានធុងសំរាមត្រឹមត្រូវ និងកន្លែងលាងដៃដែលមានទឹកនិងសាប៊ូគ្រប់គ្រាន់។
លោក ធាទី ញញឹម ហើយបង្ហាញសេចក្តីថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់គម្រោង EQHA និងក្រុមការងារស្រុកប្រតិបត្តិ។ គាត់បាននិយាយថា កម្មវិធី QI ជួយដល់មណ្ឌលសុខភាពរបស់គាត់ នៅបន្តការអនុវត្តកែលម្អ IPC ។ តាំងពីខែសីហា ឆ្នាំ២០២២មក មណ្ឌលសុខភាពរបស់យើង ឈប់ការធ្វើតេស្ត PDSAs ប៉ុន្តែនៅតែបន្តអនុវត្តស្តង់ដា និងពិធីសារស្តីពី IPC របស់ក្រសួងសុខាភិបាល និងអនុវត្តផែនការការងារ IPC ជាប្រចាំផងដែរ។