វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​ផ្សព្វផ្សាយ​តាម​សហគមន៍ អំពី​ការ​ប្រើប្រាស់​សម្ភារៈអប់រំ

បុគ្គលិក​ផ្សព្វផ្សាយ​សហគមន៍​មាន​កាតព្វកិច្ច​សំខាន់​ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ​អំពី​មធ្យោបាយ​ពន្យារ​កំណើត នៅ​តាម​ជនបទ​ ក្នុង​ប្រទេស​កម្ពុជា​។ បុគ្គលិក​ផ្សព្វផ្សាយ​សហគមន៍ គឺ​ជា​អ្នក​ដែល​ប្រជាជន​នៅ​ក្នុង​សហគមន៍​មាន​ការ​ទុក​ចិត្ត និង​មាន​ជំនាញ​ផ្នែក​ទំនាក់ទំនង​ល្អ។ ពួកគេ​ជួប​ជាមួយ​ប្រជាជន​ទាំង​ប្រុស​និង​ស្រី នៅ​ក្នុង​សហគមន៍​ ដើម្បី​ផ្តល់​ព័ត៌មាន​​និង​ពិភាក្សា អំពី​មធ្យោបាយ​ពន្យារ​កំណើត ហើយ​ជួយ​អ្នក​ភូមិន​ក្នុង​ដំណើរ​សម្រេចចិត្ត​ អំពី​តម្រូវការ​ពន្យារ​កំណើត​របស់​គាត់​។

ថ្មី​ៗ​នេះ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខមាលភាព (PHB) បាន​ធ្វើការ​យ៉ាង​ស្និទ្ធស្នាល ជាមួយ​អង្គការ​ដៃគូ នៅ​តាម​មូលដ្ឋាន ដើម្បី​ផ្តល់ការ​ហ្វឹកហ្វឺន​ដល់​បុគ្គលិក​ផ្សព្វផ្សាយ​សហគមន៍ អំពី​វិធី​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​អំពី​ការ​ពន្យារ​កំណើត។ ក្រុមការងារ PHB របស់​យើង​ដឹកនាំ​ការ​ហ្វឹកហ្វឺន​នេះ ដែល​មាន​រយៈពេល​៥​ថ្ងៃ ជាមួយ​បុគ្គលិក​ផ្សព្វផ្សាយ​សហគមន៍​ចំនួន​៩នាក់។ នៅ​ថ្ងៃ​ចុង​ក្រោយនៃ​វគ្គ​ហ្វឹកហ្វឺន​នោះ ពួកគាត់​បាន​អនុវត្ត​ជំនាញ​ដែល​បាន​រៀន​ ដោយ​បាន​ទៅ​ជួប​អ្នក​ភូមិ​ និង​សម្របសម្រួល​​ការ​ផ្សព្វផ្សាយ​តំបូង​របស់​ពួកគាត់​។

នៅ​ក្នុង​វគ្គ​ផ្សព្វផ្សាយ​នោះ អ្នក​ភូមិ​ត្រូវបាន​បំបែក​ជាក្រុម ដោយ​មាន​ស្ត្រី​និង​បុរស​រួម​គ្នា ព្រម​ទាំង​មាន​អ្នក​ភូមិ​ចំណាស់​ចូលរួម​ផង​ដែរ​។ អ្នក​ផ្សព្វផ្សាយ​សហគមន៍​ប្រើ​សម្ភារៈ​អប់រំ​ផ្សេង​ៗ ដោយ​ក្នុង​នោះ​រួម​មាន សៀវភៅ​ចំណង​ស្នេហ៍ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ដៃ​គូ​ល្អ និង​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​។ សៀវភៅ​នេះ​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ ពី​សំណាក់​ប្រជាជន​នៅ​ក្នុង​សហគមន៍។ សម្ភារៈផ្សេង​ទៀត​​រួម​មាន​ល្បែង​ទាយ ដែល​មាន​លក្ខណៈ​សាមញ្ញនិង​មាន​ប្រសិទ្ធភាព ដោយ​ល្បែង​នេះ​តម្រូវ​អោយ​អ្នកលេង​ចាប់​លេខ ដោយ​លេខ​និមួយ​ៗ​​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ​អំពី​មធ្យោបាយ​ពន្យារ​កំណើត​។

“ខ្ញុំ​ប្រើ​មធ្យោបាយពន្យារ​កំណើត​បែប​បុរាណ។ ​ការ​ពិភាក្សា​ជាក្រុម​នេះ​ បាន​ធ្វើ​អោយ​ខ្ញុំ​ស្គាល់​អ្វី​ជា​ពាក្យ​ចចាម​អារ៉ាម អ្វី​ជា​ការ​ពិត។ ខ្ញុំ​ក៏​ចង់​ប្រើ​កង​ដាក់​ក្នុង​ស្បូន​ដែរ។ នៅ​ពេល​ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​នឹង​ពិភាក្សា​អំពី​ជាមួយ​ប្តី​របស់​ខ្ញុំ។ ខ្ញុំ​មិនទាន់​ចង់​មាន​ផ្ទៃ​ពោះ​ទៀត​ទេ ដោយ​ចង់ចាំ​អោយ​កូន​របស់​ខ្ញុំ​ចូល​រៀនសិន ទើប​យក​កូន​មួយ​ទៀត​។”

ស្រ្តី​ម្នាក់ដែល​ចូលរួម​វគ្គ​ផ្សព្វផ្សាយជាមួយ​នឹង​កូនតូច​របស់​គាត់​ បាន​និយាយ​ថា “ខ្ញុំ​ប្រើ​មធ្យោបាយពន្យារ​កំណើត​បែប​បុរាណ។ ​ការ​ពិភាក្សា​ជាក្រុម​នេះ​ បាន​ធ្វើ​អោយ​ខ្ញុំ​ស្គាល់​អ្វី​ជា​ពាក្យ​ចចាម​អារ៉ាម អ្វី​ជា​ការ​ពិត។ ខ្ញុំ​ក៏​ចង់​ប្រើ​កង​ដាក់​ក្នុង​ស្បូន​ដែរ។ នៅ​ពេល​ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​នឹង​ពិភាក្សា​អំពី​ជាមួយ​ប្តី​របស់​ខ្ញុំ។ ខ្ញុំ​មិនទាន់​ចង់​មាន​ផ្ទៃ​ពោះ​ទៀត​ទេ ដោយ​ចង់ចាំ​អោយ​កូន​របស់​ខ្ញុំ​ចូល​រៀនសិន ទើប​យក​កូន​មួយ​ទៀត​។”

ដោយ​បាន​បញ្ចប់​វគ្គបណ្តុះបណ្តាល​ដោយ​ជោគជ័យ និង​បាន​ចុះ​អនុវត្ត្​ផ្ទាល់ ក្រុម​អ្នក​ផ្សព្វផ្សាយ​តាម​សហគមន៍​របស់​យើង ត្រៀម​រួចរាល់​ជាស្រេច​ ក្នុង​ការ​ចាប់ផ្តើមការ​ផ្សព្វផ្សាយ​ ដល់​ប្រជាជន​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។ នៅ​ពេល​​ទទួល​បាន​ការ​យល់ព្រម​ពី​សំណាក់​ដៃគូ​ផ្នែក​រដ្ឋាភិបាល​ ការងារ​ផ្សព្វផ្សាយ​នេះ​នឹង​អាច​ចាប់​ផ្តើម​ក្នុង​រយៈពេល​១ខែ​ឬ២ខែ​ទៀត ហើយយើង​រំពឹង​ទុក​នូវ​ឥទ្ធិពល​សកម្មភាព​អប់រំ​នេះ ចំពោះ​ក្រុម​គ្រួសារ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។