PSI បង្ហាញ​អំពី​ការ​ច្នៃ​ប្រឌិត​របស់​ខ្លួន​ ក្នុង​កម្មវិធី CSEF ២០១៩

ទោះ​បី​ជា​មេឃ​ក្តៅ​យ៉ាង​ណា ក៏​​កម្មវិធី​​មហោស្រព​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​ (CSEF) បាន​ទទួល​អ្នក​ចូល​ទស្សនា​ជា​ច្រើន​កុះករ​ ជាពិសេស​ប្អូន​ៗ​សិស្ស​និង​និស្សិត​។ ដោយ​​ទទួល​បាន​ការ​អញ្ចើញ​អោយ​ចូលរួម​ពី USAID អង្គការ​ PSI បាន​មាន​វត្ត​មាន​នៅ​ក្នុង​កម្មវិធី​នោះ ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២១ ដល់​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ ដើម្បី​​បង្ហាញ​អំពី​កម្មវិធី​របស់​ខ្លួន​ និង​ឆ្លើយ​សំនួរ​ពី​សំណាក់​អ្នក​ចូលរួម អំពី​កម្មវិធី​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​របស់​យើង។

នេះ​គឺ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ CSEF ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ទាក់ទាញ​អ្នក​ចូលរួម​ជាង​៣ម៉ីន​នាក់​ ដែល​ចង់​ស្វែង​យល់​អំពី​គម្រោង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ការ​ដាក់​តាំង​បង្ហាញ និង​ល្បែង​ច្នៃប្រឌិត​នានា ជាច្រើន​ទៀត ដែល​នាំ​មក​ជូន​ដោយ​អង្គការ​មិន​​ស្វែង​រក​ប្រាក់​ចំណេញ និង​ក្រុមហ៊ុន​នានា​។ ស្តង់​របស់ PSI បាន​ទទួល​អ្នក​ទស្សនា​ជាង​១៣០​នាក់ មាន​ទាំង​សិស្ស​និស្សិត មាតាបិតា​របស់​ពួកគេ បញ្ញាវន្ត ព្រម​ទាំង​ភ្ញៀវ​កិត្តិយស ដូច​ជា​លោក Michael Newbill ភារធារី​របស់​ស្ថានទូត​អាមេរិក និង​លោកស្រី Veena Reddy អនុប្រធានទីភ្នាក់ងារ USAID ។

PSI ​បាន​ដាក់​បង្ហាញ​កម្មវិធី​ទូរស័ព្ទ ដែល​បាន​ជួយ​ដល់​ការងារ​របស់​ខ្លួន ក្នុង​ការ​សម្រេច​ចិត្ត្ និង​បម្រើ​អតិថិជន​ ដោយ​រួម​មាន​៖

    • District Health Information Software 2 (DHIS2) ជា​ប្រព័ន្ធ​សម្រាប់​អ្នក​ប្រើប្រាស់​ជាជាង​គ្រាន់តែ​ជា​ប្រព័ន្ធ​សម្រាប់​ស្តុក​ទិន្នន័យ។​ វា​ត្រូវបាន​គេ​ប្រើ​ដើម្បី​ផ្តល់​ទិន្នន័យ​ទាន់​ពេល​សម្រាប់​ធ្វើការ​សម្រេច​ចិត្ត​ផ្សេង​ៗ​។
    • Health Network Quality Improvement System (HNQIS) application ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​អោយ​គុណភាព​សេវាកម្ម​សុខភាព​ដែល​ផ្តល់​ដោយ​សមាជិក​បណ្តាញ​របស់​ PSI (អ្នក​ទទួល​សិទ្ធិ​ផ្តល់​សេវា​សុខភាព​ “បន្ទប់​ពិគ្រោះ​ជម្ងឺ​សញ្ញា​ព្រះ​អាទិត្យ” បណ្តាញ​គ្លីនិក​ឯកជន ។ល។​) អោយ​កាន់​តែ​ប្រសើរ​ឡើង តាម​រយៈការ​ចុះ​អភិបាលកិច្ច​។
    • កម្មវិធី​គ្រប់គ្រង​ប្រតិបត្តិការ​លក់​ Sale Mobile application ត្រូវ​បាន​ប្រើ​ដើម្បី​គ្រប់គ្រង​ស្តុក និង​ទូរទាត់​ការ​លក់​។
    • កម្មវិធី​បញ្ជូន​អតិថិជន Referral Application ត្រូវ​បាន​ប្រើ​ដើម្បី​គ្រប់គ្រង​ការបញ្ជូន​និង​តាមដាន​អតិថិជន​ ចាប់តាំង​ពី​ការ​មក​ទទួល​ផលិតផល​នៅ​​ឱសថស្ថាន និង​រហូត​ដល់​ការ​ទទួល​សេវា​សុខភាព​នៅ​បណ្តាញ​អ្នក​ផ្តល់​សេវា​សុខភាព​។
    ថត​រូប​ជាមួយ​អ្នក​ចូលរួម​ទស្សនា​ពិព័រណ៍

    ថត​រូប​ជាមួយ​អ្នក​ចូលរួម​ទស្សនា​ពិព័រណ៍

    ជូន​រង្វាន់​ដល់​អ្នក​ឈ្នះ​ល្បែង Kahoot! នៅ​ស្តង់​របស់ PSI