វេទិកា​ស្តីពី​ការ​ប្រាស្រ័យ​ទាក់ទង​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ ក្រោម​​ប្រធានបទ​ជំងឺ​កូវីដ-១៩

នៅ​ពេល​​ដែល​អ្នក​ចង់​ផ្លាស់ប្តូរ​ឥរិយាបថ​ណាមួយ តើ​គួរ​គិត​ពី​កត្តា​អ្វី​ខ្លះ? នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “ការ​ផ្លាស់ប្តូរ៖ វិធី​ផ្លាស់ប្តូរ​អ្វី​មួយ​ ដែល​ពិបាកនឹង​ផ្លាស់ប្តូរ” លោក Chip និង​ Dan Heath បាន​សរសេរ​ថា៖ “ដើម្បី​ផ្លាស់ប្តូរ​ឥរិយាថណាមួយ អ្នក​ត្រូវ​តំរង់ហ្ម លើក​ទឹកចិត្ត​ដំរី និង​ត្រួសត្រាយ​ផ្លូវ។ ប្រសិន​បើ​អ្នក​អាច​ធ្វើ​ទាំង​៣នេះ កាផ្លាស់ប្តូរ​អាច​កើត​មាន​ឡើង ទោះបី​អ្នក​មិន​មាន​ធនធាន​ច្រើន​នៅ​ពី​ក្រោយ​អ្នក​ក៏ដោយ​។”

ទ្រឹស្តី ដំរី-ហ្ម-ផ្លូវ គឺ​ជា​ការ​ប្រៀបធៀប​ផ្នែក​ផ្លាស់ប្តូរ​ឥរិយាថ ដែល​បាន​ណែនាំ​​​ ដោយ​​លោក Jonathan Haidt ដែល​​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​។ ទ្រឹស្តី​នេះ​ត្រូវបាន​យក​មក​ពិភាក្សា ក្នុង​វេទិកា​ស្តីពី​ការ​ប្រាស្រ័យ​ទាក់ទង​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២០ ដោយ​មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដោយ​មាន​ការ​គាំទ្រថវិកា​ពី​គម្រោង​លើក​កម្ពស់ឥរិយាបថ​ប្រកប​ដោយ​សុខមាលភាព (Cambodia PHB Activity) ។ ក្រោម​ប្រធានបទ​ “កូវីដ-១៩៖ ភាពជោគជ័យ បទពិសោធន៍ និង​និរន្តរភាព​នៃ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ” វេទិកា​នេះ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​ការ​សម្របសម្រួល​និង​ទំនាក់ទំនង​រវាង​អ្នក​អនុវត្តការ​ផ្លាស់ប្តូរ​ឥរិយាបថ ព្រម​ទាំង​ចែក​រំលែក​បទពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ស្តីពី​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ទាក់ទង​នឹង​កូវីដ​-១៩ ដោយ​ផ្តោត​លើ​ទ្រឹស្តី​ផ្លាស់ប្តូរ​ឥរិយាបថ “ដំរី-ហ្ម-ផ្លូវ” ឬ ចំណេះដឹង-អារម្មណ៍-បរិយាកាសជុំវិញ ។

លោក ចាន់បុរិទ្ធ ដែល​ជា​វាគ្មិន​ក្នុង​វេទិកា​នេះ បាន​ធ្វើ​បទបង្ហាញ​អំពី​ផ្នែក​អារម្មណ៍ (ដំរី) ក្នុង​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ទាក់ទង​នឹង​កូវីដ-១៩ ដោយ​លោក​បាន​លើក​ឡើង​ថា “យោង​ទៅតាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​សកល មាន​កុមារ​៨នាក់​ ក្នុង​ចំណោម​១០នាក (៨៣%) និង​​អាណាព្យាបាល​​ចំនួន​៧​នាក់ ក្នុង​ចំណោម​១០​នាក (៧០%) មាន​ការ​កើនឡើង​នូវ​អារម្មណ៍​អវិជ្ជមាន​ ក្នុង​អំឡុង​ពេល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩។” លោក​បាន​លើក​ឡើង​បន្ត​ អំពី​ការ​យល់ លើក​ទឹកចិត្ត “ដំរី” ឬ​បាន​ន័យ​ថា​ ផ្នែក​ទឹកចិត្ត​របស់​កុមារ​និង​អាណាព្យាបាល​របស់​ពួកគេ។ គាត់​បាន​លើក​ឧទារហណ៍ នូវ​អ្វី​ដែល​អង្គការ Save the Children បាន​ធ្វើ​ដើម្បី ដោះស្រាយ​បញ្ហា​នេះ ដោយ​ប្រើ​វិធី​ផ្សេង​ៗ ដូច​ជា​គំនូរជីវចល ល្បែង សៀវភៅ​រឿង ។ល។

នៅ​ក្នុង​ទ្រឹស្តី ដំរី-ហ្ម-ផ្លូវ “ហ្ម” គឺ​សំដៅ​លើ​ចំណេះដឹង។ ការ​ប្រើ​សារ​ដែល​មាន​អត្ថន័យ​ត្រឹមត្រូវ​និង​ច្បាស់លាស់ ធ្វើ​ប្រជាជន​អាច​ចាប់​យក​ចំណេះដឹង អំពី​ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ-១៩ យ៉ាង​មាន​ប្រសិទ្ធិភាព​។ លោកស្រី ប៊ូ សាវី មន្ត្រី​ផ្នែក​ទំនាក់ទំនង​និង​អភិវឌ្ឍន៍ នៃ​អង្គការ UNICEF និង​ជា​វាគ្មិន​ក្នុង​វេទិកា​នេះ ផងដែរ​ បង្ហាញ​អំពី​ការ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ក្នុង​ការ​ជ្រើសរើស​និង​ចែករំលែក​សារ​ស្តីពីការពារ​នឹង​ជំងឺ​កូវីដ-១៩ អោយបាន​ឆាប់​រហ័ស និង​ទូលំទូលាយ នៅ​ទូទាំង​ប្រទេស​។ លោកស្រី​បាន​បញ្ជាក់ថា ការ​ប្រើប្រាស់ ដែល​ត្រូវ ក្នុង​ពេល​ដែត្រូវ ចេញដោយ​​បុគ្គល/ស្ថាប័ន​ដែល​ត្រូវ តាមរយៈវិធីដែល​ត្រូវ គឺអាច​ជួយ​ជិវិត​មនុស្ស​បាន​។

ទោះ​ជាយ៉ាងណាក៏ដោយ ការ​ចែករំលែក​ចំណេះដឹង​ ដោយ​មិន​បាន​បង្កើត​បរិយាកាសជុំវិញ​ខ្លួន ដែល​អាច​អោយ​ប្រជាជន​ប្រើប្រាស់​ចំណេះដឹង​ទាំង​នោះ​ក្នុង​ភាព​ងាយស្រួស គឺ​មិន​អាច​ផ្លាស់ប្តូរ​ឥរិយាបថ​បានទេ។ លោក​ សុផាន់ណារ៉ា ដែល​ជាអ្នក​សម្របសម្រួល​របស់​គម្រោង Cambodia PHB Activity បាន​និយាយលើកឡើង​អំពី​យុទ្ធនាការ​ភូមិ​អាយុវែង​ ដែល​យុទ្ធនាការ​នោះ​បាន​ជួយក្នុង​ការ”​ត្រួសត្រាយ​ផ្លួវ” ឬផ្តល់ភាព​ងាយស្រួល ក្នុង​អោយ​ប្រជាជន​ក្នុង​សហគមន៍ រៀបចំ​កន្លែង​លាងដៃ​មួយ​ដ៏សាមញ្ញ​ នៅ​ផ្ទះរបស់​ពួកគេ។ ក្នុង​រយៈពេល​១ខែ​នៃ​យុទ្ធនាការ​នោះ ប្រជាជន​ជាង​១៤០​គ្រួសារ បាន​​ត្រូវរៀបចំអោយមានកន្លែង​លាងដៃ​នៅ​មុខ​ផ្ទះ​របស់​ពួកគាត់។ លោក​សុផាន់ណារ៉ា បាន​បន្តថា ការ​ដែលប្រជាជន​ក្នុង​សហគមន៍​មានកន្លែង​លាងដៃ​នៅ​មុខ​ផ្ទះ គឺគាត់​បាន​​ផ្តល់ភាពងាយស្រួល​ដល់​គ្រួសារ និង​ភ្ញៀវដែល​មកលេង​ផ្ទះ​របស់​គាត់​ បាន​លាងដៃ មុន​នឹង​ចូលក្នុង​ផ្ទះ ដូចច្នេះ​អាច​ធ្វើអោយ​ពួកគាត់​មាន​ទំលាប់​លាង​ដៃ បាន​យូរអង្វែង​។

ទ្រឹស្តី ដំរី-ហ្ម-ផ្លូវ មិន​មែន​ជា​ទ្រឹស្តី​តែមួយ នៃ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ទេ ប៉ុន្តែ​ការ​ពិភាក្សា​អំពី​ទ្រឹស្តី​នេះ ជា​ការ​រំលឹក​ដល់​អ្នក​ធ្វើការ​ផ្នែក​ផ្លាស់ប្តូរ​ឥរិយាបថ ថា​ដើម្បី​ធ្វើអោយ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ប្រកបដោយ​និរន្តរភាព​បាន យើង​ត្រូវ​មាន​យុទ្ធសាស្រ្ត និង​ជ្រើសរើស​យក​វិធី​ដែល​មាន​ប្រយោជន៍ ដើម្បី​រកអោយ​ឃើញ​និង​យល់​ ឧបសគ្គ​និង​ឱកាស​ សម្រាប់​ការ​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព​។

វេទិកា​ស្តីពី​ការ​ប្រាស្រ័យ​ទាក់ទង​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ បាន​ប្រារព្ធធ្វើឡើង​ក្នុង​ពេល​ប្រទេស​កម្ពុជា​បាន​ឃើញ​ការ​សហការ​យ៉ាង​អស្ចារ្យ ក្នុង​គ្រប់វិស័យ ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ និង​ការ​ផ្តោត​ថ្មី​មួយ​ទៅលើ​កិច្ចការ​ផ្លាស់ប្តូរ​ឥរិយាបថ គឺ​ក្នុង​ពេល​ដែល​ប្រជាជន​ត្រូវ​រស់នៅ​ក្នុង​បរិបទ​ថ្មី​។ លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌល​​ជាតិ​​លើក​កំពស់​សុខភាព បាន​ថ្លែង​ក្នុង​សុន្ទរកថា​របស់​លោកស្រីថា លោកស្រីបាន​សង្កេត​ឃើញ​ថា ការ​ធ្វើ​អោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធនឹងកូវីដ-១៩​ក្នុង​ប្រទេស​កម្ពុជា មាន​លក្ខណៈពិសេស​គឺ (១) មាន​ការ​យល់​ដឹង​ពី​សារៈសំខាន់​ក្នុង​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ទាក់ទង​នឹង​ជំងឺ​កូវីដ​-​១៩ ដោយ​មាន​​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​លំដាប់​ថ្នាក់ និង​​គ្រប់​ខេត្ត​​ទាំងអស់ (២) មាន​ការ​ដឹកនាំ​របស់​អាជ្ញាធរ ក្នុង​ការ​ធ្វើ​ការងារ​ផ្លាស់ប្តូរ​ឥរិយាបថ​នេះ ដោយ​ផ្ទាល់​ ដោយ​សហការជាមួយ​មន្ទីរ​សុខាភិបាល ប្រកប​ដោយ​ភាព​ជា​អ្នក​ដឹកនាំ និង​ (៣) មាន​ការសហការ​គ្នា​ពីសំណាក់​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​។ លោកស្រី​បាន​ថ្លែង​អំណរគុណដល់​ការ​សហការ​ទាំង​នេះ។

លោកស្រី​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា វេទិកា​នេះ​មិនត្រឹមតែ​ជួយ​លើកកកម្ពស់​ការ​អនុវត្ត​ការ​ផ្លាស់ប្តូរ​ឥរិយាបថ ប្រកបដោយ​សុខភាព និងគុណភាព ​ប៉ុណ្ណោះទេ វេទិកា​នេះក៏​បាន​ពង្រឹង​សម្តត្ថភាព ការសម្របសម្រួល​ និង​ទំនាក់​ទំនង​ រវាង​អ្នក​អនុវត្ត​កិច្ចការ​ផ្លាស់ប្តូរឥរិយាបថ ផងដែរ​។ “វេទិកា​នេះ​គឺជា​កន្លែង​ដែល​អ្នក​ជំនាញ​ផ្នែក​ផ្លាស់ប្តូរឥរិយាបថគ្រប់រូប មិនថាគាត់​ធ្វើការ​ផ្នែកកូវីដ-១៩ គ្រុនចាញ់ ឬ​របេង នោះទេ បាន​គិត​អំពី​ឧបសគ្គនិង​ឱកាស​ ក្នុង​កិច្ចការ​របស់​គាត់។ ថាតើឧបសគ្គ ឬឱកាស​នោះ ​ជា ​ហ្ម ដំរី ឬផ្លូវ?”

*គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលមានរយៈពេល៥ឆ្នាំ ឧបត្ថម្ភមូលនិធិដោយ USAID (២០១៨-២០២៣) ដែលអនុវត្តផ្ទាល់ ដោយអង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI)។ គោលដៅរបស់គម្រោង PHB គឺដើម្បីធ្វើអោយប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាពដែលប្រកបដោយគុណភាព ដោយមានការកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុ។ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ការពន្យារកំណើត ទឹកស្អាតនិងអនាម័យ ជំងឺរបេង និងជំងឺគ្រុនចាញ់។ គម្រោង​នេះ​ធ្វើការជាមួយដៃគូ នៅក្នុងរាជធានីភ្នំពេញ ខេត្ត្កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ បាត់តំបង និងប៉ៃលិន។ គម្រោងនេះ​មានគោលបំណងចម្បងពីរ ដែលឥរិយាបថសុខភាពសំខាន់ៗចំនួន១២ ដែលត្រូវបានកំណត់ជាចំណុចផ្តោតនៃការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម។