ទឹកពិសារមានសុវត្ថិភាព សហគមន៍មានសុខភាពល្អ

ភ្នាក់ងារសហគមន៍ (ភ្នាក់ងារ IPC) របស់អង្គការ ភី អេស អាយ កម្ពុជា បាន​លើក​បង្ហាញ​នូវកាត​ដែល​មាន​រូប​កែវ​ទឹក​ថ្លា​ ហើយ​សួរ​ទៅ​អ្នកចូលរួម​ថា​តើ​ពួកគេ​ដឹងថាទឹក​នេះ​មាន​សុវត្ថិភាព​អាច​ពិសារ​បាន​ឫទេ។ អ្នក​ចូលរួម​ដែល​ជា​សមាជិក​សហគមន៍​ប្រមាណ​ជាង​២០​នាក់ បាន​ឆ្លើយ​ព្រមគ្នាថា “បាន​”​។ បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ខាងមុខ បាន​និយាយ​ឡើង​ថា “បើសិន​មិន​ឃើញ​ដី​កខ្វក់​នៅ​ក្នុង​ទឹកនោះទេ មាន​ន័យថា​ទឹកនោះស្អាត”​។ ភ្នាក់ងារសហគមន៍ របស់​យើងបាន​លើកបង្ហាញ​កាត​មួយ​ផ្សេង​ទៀត ​មានរូបទឹកដែល​មើល​ដោយ​មីក្រូទស្សន៍​។ គាត់​និយាយ​ថា “ទឹកថ្លា​ដែល​អ្នក​យក​មក​ពីទន្លេ ឫ​ទឹកភ្លៀង មិន​មាន​សុវត្ថិភាព​ក្នុងការ​ពិសារ​ជានិច្ចទេ ពីព្រោះ​វាមាន​បាក់តេរី​ដែល​អ្នក​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែកទទេរ​បាន​”។

វគ្គអប់រំ​របស់​ភ្នាក់ងារសហគមន៍បែបនេះ គឺ​ជាផ្នែក​មួយ​នៃ​គម្រោង​ទឹកស្អាត​និង​អនាម័យ (WASH) របស់អង្គការ​អន្តរជាតិ​បំរើសុខភាព​ប្រជាជន (PSI) ដែលបាន​ទទួល​ថិវិកាឧបត្ថម្ភ​ពី​ទីភ្នាក់ងារជំនួយអាមេរិក USAID ។ វគ្គអប់រំនេះ​មានគោលបំណង​បញ្ជូន​សារ​អំពី​ទឹកពិសារ​សុវត្ថិភាព ដើម្បី​លើក​ទឹកចិត្ត​នៅ​ក្នុង​ការ​ជ្រើសរើស​ដំណោះស្រាយ​ទឹកស្អាត​សម្រាប់​គ្រួសារ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។

ក្នុងរយៈពេលនៃ​គម្រោងនេះ ​ភ្នាក់ងារ​សហគមន៍ របស់​ PSI បាន​អប់រំ​ដល់​ប្រជាជន​ចំនួន ៣៥ ៨៤៥ មកពី​គ្រួសារ​ចំនួន​ ២៩ ៧០៧ ដោយ​ប្រើប្រាស់​ឧបករណ៍ទាន់សម័យ ដើម្បីលើក​ទឹកចិត្ត​សមាជិក​សហគមន៍​ឲ្យប្រើប្រាស់​ទឹកពិសារ​ ដែល​មានសុវត្ថិភាព​ដូចជា​ទឹកម៉ាក អូវី ​(O-We) និងចម្រោះទឹក​ម៉ាក សយ័រ (Sawyer)។

ក្នុងចំណោម​អ្នកចូលរួមក្នុងវគ្គអប់រំ​នោះ ក៏មាន​បងប្រុស លន់លីន ដែល​ជាកសិករ​មកពីស្រុក​ថ្ពង និងជាមេគ្រួសារ​ដែលមាន​សមាជិក៥នាក់។ បងប្រុស​ធ្លាប់​ត្រងយក​ទឹកភ្លៀង​សម្រាប់ពិសារ​ដោយ​មិនបាន​ឆ្លងកាត់​ការ​បន្សុទ្ធ​ជាមុនទេ​។

“យើង​ផឹកទឹកភ្លៀង​ដែល​ស្តុកទុក​នៅក្នុង​ពាងក្រៅផ្ទះ ប៉ុន្តែ​បន្ទាប់​ពី​បាន​រៀន​ពី​ភ្នាក់ងារ​សហគមន៍ ខ្ញុំដឹង​ថា​ការ​ពិសារ​ទឹក​ឆៅ​បណ្តាល់ឲ្យ​មាន​ហានិភ័យ​ជំងឺ​ផ្សេង​ៗ។ ខ្ញុំបាន​ទិញ​ធុងចម្រោះទឹក​ម៉ាក Sawyer ដែល​ពិតជាអាច​កាត់បន្ថយពេលវេលា​ដែលចំណាយលើការ​ស្វែង​រក​អុស​ដើម្បី​ដាំទឹកបាន​យ៉ាងច្រើន ហើយ​យើង​មាន​ពេលវេលា​ច្រើន​ដើម្បីធ្វើស្រែចំការ” បងប្រុស​បាន​និយាយ​ដោយ​បង្ហាញ​ធុង​ចម្រោះទឹក​ដែល​គាត់​ទើបនឹង​ទិញយ៉ាង​មាន​មោទនភាព​។

បងស្រី សុខេង អាយុ​៥៥ នៅស្រុក​ភ្នំស្រួច ក៏​បាន​ចែករំលែក​ពី​អារម្មណ៍ដូចគ្នា​នេះ​ដែរ​។ ក្នុង​នាម​ជាស្ត្រី​មេផ្ទះ​ដែល​ស្រលាញ់​គ្រួសារ​ម្នាក់ ហើយ​មាន​ចៅ​ដែល​១០នាក់ ដែល​ចូលចិត្ត​រត់លេង គាត់បាន​ព្យាយាម​ធ្វើយ៉ាងណាបំពេញតម្រូវការទឹក​អោយពួកគេ ប៉ុន្តែការដែល​ត្រូវ​ដាំទឹក​សម្រាប់​ពួកគេ ហាក់បី​ដូចជា​ការងារ​ដែល​មិនចេះចប់​មិនចេះហើយ។ “ខ្ញុំបាន​ផ្តើមប្រើប្រាស់​ទឹក​អូវី ក្រោយ​ពី​បាន​ចូលរួម​វគ្គ​អប់រំ​មួយ​របស់​ភ្នាក់ងារ​សហគមន៍ ហើយ​ចៅ​ៗរបស់​ខ្ញុំលែង​មានជំងៃរាគទៀតហើយ” នេះ​ជាសម្តី​របស់​បងស្រី​។ គាត់បាន​បន្ថែម​ទៀតថា “អ្នកជិតខាង​របស់ខ្ញុំទាំងអស់​ប្រើទឹក​អូវីនេះ ដូចច្នេះ​វាជាការ​ល្អ ប្រសិន​បើអ្នក​ផ្គត់ផ្គង់​អាច​បញ្ជូន​ទឹក​រៀងរាល់​៣ថ្ងៃ​ម្តង​។

បន្ថែម​ពីលើ​កិច្ចសហការណ៍យ៉ាង​ជិតស្និត​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ប្រចាំ​ខេត្ត​កំពង់​ស្ពឺ PSI បាន​ធ្វើការ​ជាមួយ​អង្គការ​ទឹកស្អាត​១០០១ សហគ្រាស​សង្គមហាយដ្រូឡូជីក និង​អង្គការ​ស្អាតកម្ពុជា ដើម្បីផ្តល់​ទឹកអូវី ធុង​ចម្រោះទឹក​សូភើ​ទន្សាយ និង​ធុង​ចម្រោះទឹក​ម៉ាក Sawyer ដើម្បីគាំទ្រ​ដល់​សហគមន៍​ អោយ​​មាន​សុខភាព​ល្អ​ នៅក្នុងខេត្ត​កំពង់ស្ពឺ។