យុទ្ធនាការសុខភាពរបស់ USAID លើកកម្ពស់ឥរិយាបថទាក់ទងនឹងរបបអាហារនិងសកម្មភាពរាងកាយ ប្រកបដោយសុខុមាលភាព

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងនាយកដ្ឋានការពារសុខភាព (PMD) នៃក្រសួងសុខាភិបាល បានបើកយុទ្ធនាការដើម្បីជួយកាត់បន្ថយជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដោយប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម និងសកម្មភាពចុះមូលដ្ឋាន។

យុទ្ធនាការនេះ ដែលមានពាក្យស្លោកថា “រស់ដោយបញ្ញា សុខភាពភ្លឺថ្លា” មានគោលបំណងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ឲ្យបង្កើតទម្លាប់ថ្មី នៃការបរិភោគអាហារ និងសកម្មភាពរាងកាយ។ យុទ្ធនាការនេះក៏លើកកម្ពស់អត្ថប្រយោជន៍នៃការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស ព្រមទាំងលើកទឹកចិត្តឲ្យប្រជាជនទៅជួបអ្នកផ្តល់សេវាសុខភាពដែលមានជំនាញ ដើម្បីធ្វើការពិនិត្យរកជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត។

លោក John Eyres ប្រធានការិយាល័យសុខភាពសារធារណៈនិងអប់រំ នៃទីភ្នាក់ងារ USAID បានមានប្រសាសន៍ នៅក្នុងពិធីបើកយុទ្ធនាការ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ថា “ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនក្នុងពិភពលោក កំពុងមានការកើនឡើងនៃបន្ទុកនៃជំងឺមិនឆ្លង ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងនគរូបនីយកម្ម និងការផ្លាស់ប្តូររបៀបរស់នៅ ដែលជម្រុញដោយការអភិវឌ្ឍសេដ្ឋកិច្ច។” លោកសង្ឃឹមថា យុទ្ធនាការនេះនឹងជំរុញឲ្យប្រជាជនកម្ពុជារើសយករបៀបរស់នៅប្រកបដោយសុខុមាលភាព របបអាហារដែលផ្តល់នូវសុខភាពល្អ និងការបង្កើនសកម្មភាពរាងកាយ។

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាលក៏បានមានប្រសាសន៍ផងដែរថា “ការកាត់បន្ថយជំងឺមិនឆ្លងជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ យុទ្ធនាការនេះរួមចំណែកក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ដែលមិនត្រឹមតែជាភាពប្រឈមផ្នែកសុខាភិបាលប៉ុណ្ណោះទេ តែក៏ជាភាពប្រឈមនៃការអភិវឌ្ឍប្រទេសផងដែរ។”

យុទ្ធនាការនេះ គឺជាផ្នែកមួយនៃគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) ដែលជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលមានគោលដៅធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ។

ព័ត៌មានទំនាក់ទំនង
អ៊ាត ពិសាល
អនុប្រធានគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB)
អ៊ីមែល: epysal@psi.org.kh

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល

លោក John Eyres ប្រធានការិយាល័យសុខភាពសារធារណៈនិងអប់រំ នៃទីភ្នាក់ងារ USAID