៣ទៅ ៣តាម
ការសិក្សាបានបង្ហាញឲ្យឃើញថាអ្នកជំងឺចាត់ទុកអ្នកផ្តល់សេវាសុខភាព (ពេទ្យ វេជ្ជបណ្ឌិត ឱសថការី…) ជាអ្នកដែលមានសិទ្ធិអំណាចជាង។ អ្នកជំងឺមិនដឹងអំពីការស្វែងរកការគាំទ្រខ្លួនឯង នៅក្នុងបរិបទសុខាភិបាលនោះទេ។ អ្នកជំងឺអាចមិនទំនាក់ទំនងដោយមានភាពសហការ ជាមួយនឹងអ្នកផ្តល់សេវាសុខភាព ដោយសារពួកគាត់មិនអារម្មណ៍ខ្លាច ឬស្ទាក់ស្ទើរក្នុងការសួរសំនួរ។ អ្នកជំងឺក៏អាចមិនបានប្រាប់នូវរោគសញ្ញាទាំងអស់ ឬមិនដឹងថាតើត្រូវសួរសំណួរអ្វី។ ទាំងអស់នេះអាចធ្វើឲ្យមានការយល់ច្រលំ និងការប្រើប្រាស់សេវាសុខភាពមិនបានត្រឹមត្រូវ។ ឧទារហណ៍ អ្នកជំងឺសម្រេចប្រើប្រាស់ថ្នាំដោយខ្លួនឯង ពីព្រោះពួកគេមិនចង់ទៅពិភាក្សាជាមួយអ្នកផ្តល់សេវាសុខភាព ដែលធ្វើដូចច្នេះអាចនឹងមានផលប៉ះពាល់ និងមានជំងឺដែលមិនបានទទួលការព្យាបាល។
គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានអនុវត្តសកម្មភាពផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមមួយ ដើម្បីលើកទឹកចិត្តដល់ប្រជាជន ឲ្យប្រកាន់ខ្ជាប់យកនូវតួនាទីដ៏វិជ្ជមាន ក្នុងការទាក់ទងជាមួយអ្នកផ្តល់សេវាសុខភាព។
គោលបំណង
យុទ្ធនាការនេះចង់ឱ្យប្រជាជនកម្ពុជានៅទីក្រុង យល់ឃើញថាអតិថិជនដែលយល់ដឹង ធ្វើការចូលរួមនៅក្នុងការពិគ្រោះសុខភាពជុំវិញរោគសញ្ញារបស់ខ្លួន ដើម្បីការថែទាំសុខភាពប្រកបដោយគុណភាព មានលក្ខណៈស្របទៅនឹងការព្យាបាលប្រកបដោយភស្តុតាង។
ការអនុវត្ត
យុទ្ធនាការ “៣ទៅ ៣តាម” ប្រើប្រាស់ហ្វេសប៊ុកជាវេទិកាចំបង ដើម្បីទំនាក់ទំនងទៅកាន់ប្រជាជនកម្ពុជាដែលមានចំណូលមធ្យម អាយុពី២៥-៤៥ ឆ្នាំ នៅតំបន់ទីក្រុង។ គំនូរជីវចល វីដអូ និងរូបភាព ត្រូវបានប្រើប្រាស់ដើម្បីចែករំលែកសារអប់រំ ដែលបង្កើតការយល់ដឹង ជុំវិញសារសំខាន់នៃការសួរសំណួរ ដោយបង្ហាញអំពីលទ្ធផលដែលអាចកើតមានឡើង ដោយសារឥរិយាបថទាំងនេះ និងការការផ្លាស់ប្តូរដោយមិនបានគ្រោងទុក។

៣ទៅ
- ទៅជួបអ្នកជំនាញផ្នែកសុខភាព: សូមស្វែងរកអ្នកជំនាញផ្នែកសុខភាព និងសួរពួកគាត់ឱ្យបានច្បាស់លាស់ ប្រសិនបើរាងកាយរបស់អ្នកមានលេចចេញនូវរោគសញ្ញាណាមួយ។
- ទៅប្រាប់អ្នកជំនាញផ្នែកសុខភាព: រោគសញ្ញាខ្លះលេចចេញនៅកន្លែងអាថ៌កំបាំងមែន តែបើយើងនៅតែអៀន អត់ហ៊ានប្រាប់ពេទ្យពីរោគសញ្ញារបស់យើងវាអាចធ្វើឱ្យយើងខកខានក្នុងការទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។ សូមទៅជួបអ្នកជំនាញផ្នែកសុខភាពដើម្បីប្រាប់ពីរោគសញ្ញាទាំងអស់របស់អ្នកដោយកុំមានភាពអៀនខ្មាស។
- ទៅសួរអ្នកជំនាញផ្នែកសុខភាព: បើចង់ដឹងថាឈឺអី និងត្រូវការធ្វើតេស្តឬអត់ គឺមានតែទៅសួរអ្នកជំនាញផ្នែកសុខភាព ។ អ្នកមិនគួរ សួរបណ្តាញសង្គម ឬទុកឱ្យឆ្ងល់នោះទេ។ ដូច្នេះ សូមសួរអ្នកជំនាញផ្នែកសុខភាពថាតើអ្នកត្រូវតែឆ្លងកាត់ការធ្វើតេស្តអ្វីខ្លះ ដំណើរនៃការធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេចខ្លះ។

៣តាម
- តាមដានលទ្ធផល: ត្រូវតែហ៊ានទទួលយកនូវលទ្ធផលតេស្ត! អ្នកដឹងទេថាអ្នកគួរតែតាមដានលទ្ធផលនៃកាធ្វើតេស្ត ឬធ្វើរោគវិនិច្ឆ័យពីអ្នកជំនាញផ្នែកសុខភាពដើម្បីដឹងថាអ្នកមានជំងឺអ្វី មុននឹងអាចទទួលបាននូវការព្យាបាលដ៏ត្រឹមត្រូវ។
- តាមដានការព្យាបាល:ធ្លាប់អត់ ពេលពេទ្យឱ្យថ្នាំមក អត់ដឹងថ្នាំនីមួយៗលេបដើម្បីអី? អត់ដឹងថាត្រូវលេបថ្នាំប៉ុន្មានដងក្នុងមួយថ្ងៃ? ម្តងត្រូវលេបប៉ុន្មានគ្រាប់? ហើយពេលណាទើបឃើញប្រសិទ្ធភាព? សូមសាកសួរអ្នកជំនាញផ្នែកសុខភាព ប្រសិនបើអ្នកមានចម្ងល់ ទាក់ទងនឹងរបៀបនៃការព្យាបាលជំងឺរបស់អ្នក។
- តាមដានសុខភាពជាប្រចាំ: ទទួលបានការព្យាបាលត្រឹមត្រូវហើយ ចាំបាច់ត្រូវមានការតាមដានសុខភាពជាប្រចាំ
អំឡុងពេលកំពុងព្យាបាលទើបយើងអាចដឹងថាតើស្ថានភាពជំងឺរបស់យើងបានល្អប្រសើរជាងមុនឬក៏យ៉ាងណា។ សូមសាកសួរអ្នកជំនាញផ្នែកសុខភាព ពីរបៀបតាមដានការវិវត្តនៃជំងឺ និងការគ្រប់គ្រងជំងឺរបស់អ្នក។
ការតាមដាន វាយតម្លៃ និងសិក្សា
គម្រោង PHB ធ្វើការតាមដានការធ្វើអន្តរាគមន៍នេះ និងសកម្មភាពផ្លាស់ប្តូរឥរិយាបថដទៃទៀតរបស់គម្រោង ដោយប្រមូលទិន្នន័យសកម្មភាព ក្រុមគោលដៅ និងសម្ភារៈដែលបានចែកចាយ ព្រមទាំងព័ត៌មានអំពីចំណេះដឹង និងឥរិយាបថ របស់អតា្ថគាហក មុននិងក្រោយបានទំនាក់ទំនងជាមួយសកម្មភាពរបស់គម្រោង។ លទ្ធផលនិងមេរៀនដែលទទួលបាន នឹងយកទៅប្រើដើម្បីអនុវត្តគម្រោងបន្ត និងធ្វើអោយកាន់តែមានភាពប្រសើរឡើង នូវសកម្មភាពផ្លាស់ប្តូឥរិយាបថរបស់គម្រោង ព្រមទាំងចែកចាយជាប្រចាំ ទៅសហគមន៍នៃអ្នកធ្វើការផ្នែកផ្លាស់ប្តូរឥរិយាបថ។
* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។