ការ​បង្កើត Dashboard សម្រាប់​ធនធាន​ឆ្លើយតប​គ្រោះបន្ទាន់

ការ​ឆ្លើយតប​ទៅ​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​ និង​គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ ត្រូវការ​មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះបន្ទាន់នៃសុខភាពសារធារណៈ (PHEOC) ដើម្បី​​មាន​ធនធាន​ច្បាស់លាស់​ សម្រាប់​ធ្វើការ​ឆ្លើយ​តប​ រួម​មាន​ធនធាន​មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង​ឧបករណ៍។ ព័ត៌មាន​ទាំង​នេះ​មាន​សារៈសំខាន់​ មិន​ត្រឹម​តែក្នុង​អំឡុង​ពេល​មាន​គ្រោះ​បន្ទាន់​ដើម្បី​ជូន​ដំណឹង​អំពី​ការ​គ្រប់គ្រង​ធនធាន​និង​ការ​ឆ្លើយ​តបប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​សារៈសំខាន់​ក្នុង​ពេល​បង្កើត​យុទ្ធសាស្ត្រ​ផែនការ​ឆ្លើយ​តប ចង្អុល​បង្ហាញ​ចំនុច​ត្រង់​ណា​ដែល​ត្រូវ​ធ្វើការ​បណ្តុះបណ្តាល​ និង​បង្កើន​សមត្ថភាព ឬបែងចែកធនធាននៅ​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ប្រុងប្រៀបចំពោះ​គ្រោះ​បន្ទាន់​ណាមួយ​។

អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន (PSI) ធ្វើការ​ជួយ​យ៉ាង​សកម្ម​ដល់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល (CDC-MoH) ក្នុង​ការ​ដោះស្រាយ​ការ​ខ្វះ​ចន្លោះនៃ​សុវត្ថិភាព​សុខាភិបាល​ ក្រោម​ការ​វិនិយោគបីឆ្នាំ (២០២០-២០២៣) ដោយ​មជ្ឈមណ្ឌលឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់សន្តិសុខសុខាភិបាលនៃ​ក្រសួងការបរទេស​អូស្ត្រាលី ដើម្បី​ពង្រឹង​ PHEOC និង​បង្កើន​សមត្ថភាពថ្នាក់​ជាតិ​យូរអង្វែង ក្នុងការ​តាមដាន ប្រុងប្រៀប និង​ឆ្លើយ​តប ទៅនឹង​ការ​រីករាលដាល​នៃ​ជំងឺនានា​។

នៅ​ក្នុង​ឆ្នាំ​២០២១ អង្គការ PSI និង CDC-MoH បាន​ផ្តើម​នូវ​ដំណើរការ​ដើម្បី​បង្កើត​ dashboard សម្រាប់​ធនធាន​ឆ្លើយតប​គ្រោះបន្ទាន់ នៅ​ក្នុង​​ CamEWARN ដែលជាប្រព័ន្ធ​ជាតិ​សម្រាប់​តាមដាន​ស្រាវជ្រាវ​ជំងឺ ដោយ​ប្រើវេទិកា DHIS2 ដើម្បី​ប្រើប្រាស់​ដោយ​មន្ត្រី​សុខាភិបាល​ សម្រាប់សកម្មភាព​ត្រៀមនិង​ឆ្លើយ​តប​ទៅនឹង​គ្រោះ​បន្ទាន់។ ការ​អនុវត្តសាកល្បង​ត្រូវ​បាន​ធ្វើឡើង​ដោយ​ជោគជ័យ​នៅ​ខេត្ត​ចំនួន​៧ ក្នុង​ឆ្នាំ​២០២២។

ឯកសារ​សង្ខេប​នេះ ពិពណ៌នា​អំពី​បទពិសោធន៍ ក្នុង​ការ​រៀបចំ បង្កើត និង​សាកល្បង dashboard សម្រាប់​ធនធាន​ឆ្លើយតប​គ្រោះបន្ទាន់ មកដល់​បច្ចុប្បន្ន​នេះ​។