“​យើង​មិន​បានដឹង​ថា​​ការ​ផឹកទឹក​ពីអណ្តូងផ្ទាល់ គឺមិនមាន​សុវត្ថិភាព!”

កូនស្រីរបស់សុខលា និងក្មួយរបស់គាត់​បង្ហាញ​ដៃស្អាតបន្ទាប់ពីលាងដៃហើយ។

លេង សុខលា មានអាយុ​៣៣ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ខ្លី​ ជាមួយ​គ្រួសារ​របស់គាត់ និង​កូនពីរនាក់។ កូនប្រុស​របស់​គាត់​មាន​អាយុ១៣​ឆ្នាំ និង​កូនស្រី​អាយុ​៧ឆ្នាំ​។ ផ្ទះរបស់​គាត់​រៀបចំ​យ៉ាង​ស្អាតបាត ដោយ​មាន​ដាំដើមផ្កានៅ​ខាង​មុខនិង​ក្រោយ​ផ្ទះ ព្រមទាំង​មាន​បង្គន់​ និង​អណ្តូង​មួយ​ នៅ​ក្បែរគ្នា នៅខាង​ក្រោយ​ផ្ទះ​ផងដែរ។ ប្តី​របស់​គាត់​គឺជា​កសិករ​ ហើយ​សុខលា​ផ្ទាល់ ក៏​ច្រើនតែ​រវល់​នឹង​ការងារ​ជា​អនុប្រធានភូមិ និង​ជា​ជនបង្គោលនៃគម្រោង​មួយ​ចំនួន​។

សុខលាធ្លាប់ចូលរួម​ជាមួយ​គម្រោងក្នុងនាម​ជា​ប្រជាជន​ធម្មតា ឥឡូវ​គាត់​បាន​ក្លាយ​ជា​ជនបង្គោលសម្រាប់​គម្រោង​ផងដែរ។ គាត់​បាន​ស្គាល់​គម្រោងលើកកម្ពស់ឥរិយាបថ ប្រកបដោយសុខុមាលភាព (PHB) តាម​រយៈភ្នាក់ងារអប់រំសុខភាព របស់​អង្គការ​ខេមរា នៅក្នុង​ការ​ប្រជុំភូមិ​មួយ។ គាត់​បាន​និយាយថា ពីមុន គាត់មិនសូវដឹងច្រើន​អំពី ទំនាក់ទំនង​រវាង​ទឹកស្អាត​និង​អនាម័យ និង​ជំងឺរាគ​នោះទេ។ ដូចជាអ្នក​ភូមិ​ផ្សេង​ទៀតដែរ គាត់គិតថា​ទឹកអណ្តូងនៅក្រោយ​ផ្ទះ​របស់​គាត់ អាចផឹកបាន។ គាត់បានប្រាប់ថា ការផឹកទឹកផ្ទាល់ពីអណ្តូង គឺ “លឿនហើយស្រួល”​ ដែលនេះ​គឺជា​ការ​យល់ខុស​មួយ​ក្នុងចំណោម​អ្នក​ភូមិ។ គាត់​ពុំបាន​ដឹងថា ទឹកពីអណ្តូងអាចមិនស្អាតគ្រប់គ្រាន់ ដោយសារ​តែអណ្តូងនោះនៅ​ជិតបង្គន់​។

គាត់​បាន​ប្រាប់​ថា សមាជិក​គ្រួសារ​របស់​គាត់​ឧស្សាហ៍រាគ និង​ឈឺ​​ណាស់ កាលពីមុន​ពេល​គាត់​ចាប់​យក​ឥរិយាបថ​ទឹកស្អាត​និង​អនាម័យ​ គឺលាងដៃនៅពេលវេលាសំខាន់ៗទាំង៥ និងបន្សុទ្ធ ព្រមទាំងរក្សាទុកទឹកដោយសុវត្ថិភាព។ គាត់​និយាយ​ថា “យើង​លែង​រាគ​ទៀត​ហើយ តាំងតែ​ពី​យើង​ចាប់​ផ្តើម​ធ្វើតាម​ការ​ណែនាំ​អំពី​ការ​លាងដៃ​និង​ការ​រក្សាទឹក”។ ឥឡូវ​នេះ សុខលា​បាន​រៀបចំ​កន្លែង​លាងដៃ​យ៉ាង​មាន​សណ្តាប់​ធ្នាប់ នៅ​ក្នុង​ផ្ទះ និង​ទិញ​ទឹក​ដែល​បន្សុទ្ធ​ស្រាប់ពី​អ្នក​លក់​ទឹក​។

សុខលា​បាន​ស្ម័គ្រចិត្ត​ធ្វើជា​ជនបង្គោល​​សម្រាប់​សកម្មភាព​ទឹកស្អាត​និង​អនាម័យ​របស់​គម្រោង PHB ហើយ​​ប្រធានភូមិ​បានផ្ទេរ​កិច្ចការនេះ​មក​គាត់​វិញ​។ គាត់​បាន​រៀបចំ​ការ​ប្រជុំភូមិ ១ដង​ក្នុង​១ខែ នៅ​ផ្ទះ​របស់​គាត់​។ សុខលា​អញ្ជើញ​អ្នក​ភូមិ​ឲ្យ​មក​ចូលរួម ហើយ​គាត់​បាន​លើក​យក​មក​ពិភាក្សា​នៅក្នុង​ការ​ប្រជុំនោះ នូវការ​យល់ខុស​អំពី​ទឹកស្អាត​និង​អនាម័យ និង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ឥរិយាបថ​សំខាន់​ៗផងដែរ។ គាត់​បាន​និយាយថា “ខ្ញុំ​ណែនាំ​អ្នកដទៃដោយ​បង្ហាញ អំពី​ការ​រៀបចំ​កន្លែងលាងដៃ​ត្រឹមត្រូវ នៅ​ផ្ទះ​របស់​ខ្ញុំ”។ សុខលា​បាន​បន្ថែម​ទៀតថា ការ​ប្រឈម​ចំបងនោះ​ គឺ​ការ​ការ​ចំណាយ​ទៅលើការ​រៀបចំ​កន្លែង​លាងដៃ និងការ​បន្សុទ្ធ​ទឹក ហើយ​ដែល​អ្នក​ភូមិជាច្រើន​មិន​ចង់​ ឬមិនមាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​ទៅ​របស់​ទាំងនេះ​។ សុខលា​បាន​វាយ​តម្លៃ​ថា មាន​អ្នក​ភូមិ​របស់​គាត់​ប្រមាណ​៦០​ភាគរយ ដែល​មិន​ចង់​ចំណាយ​ទៅ​លើសម្ភារទឹកស្អាត​និង​អនាម័យ។

ដើម្បី​ដោះស្រាយ​បញ្ហានេះ សុខលាដែល​មាន​ការ​ជួយ​គាំទ្រ​ពី​បុគ្គលិក​គម្រោង​ផង បាន​ចាប់ផ្តើម​ជួយ​ណែនាំ​អ្នក​ភូមិ​អំពី​ការ​រៀបចំ​កន្លែង​លាងដៃ​ត្រឹមត្រូវ ដោយ​ប្រើប្រាស់​សម្ភារដែល​មាន​ស្រាប់​នៅ​ក្នុង​ផ្ទះរបស់​ពួកគាត់។ ប្រធានភូមិ​ក៏ជួយ​ជ្រោមជ្រែង​ដល់​គម្រោង​នេះ​ផងដែរ។ សុខលា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជួនកាល​ប្រធាន​ភូមិ​បាន​បរិច្ចាគ​ថវិកា ក្នុង​ការ​ទិញ​ក្បាលរ៉ូប៊ីណេ (២០០០​ រៀល) ដើម្បី​ចែកជូនអ្នកភូមិ​នៅ​ក្នុង​សហគមន៍​របស់​គាត់​ផងដែរ​។ សុខលា​សង្ឃឹម​ថា នឹង​ការ​បន្ត​ការ​អប់រំ​ និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​លើឥរិយាបថ​ទឹកស្អាត​និង​អនាម័យ ព្រមទាំង​មាន​ការ​ជួយគាំទ្រក្នុង​ការទិញ​ក្បាល​រ៉ូប៊ីណេ ដើម្បីជាការ​លើកទឹកចិត្ត​ដល់​ប្រជាជន​ផងដែរ។ ចាប់​តាំងពីពេល​គាត់​ចាប់​ផ្តើម​ធ្វើជាជន​បង្គោលមក សុខលា​បាន​ជួយ​ជ្រោមជ្រែង​ដល់​គ្រួសារ​ចំនួន​១០ នៅ​ក្នុង​ភូមិ​របស់​គាត់ ដើម្បី​រៀបចំ​កន្លែង​លាងដៃ​។

soklea

ខ្ញុំបាន​សង្កេត​ឃើញ​ថា គ្រួសារ​របស់​ខ្ញុំ​មិន​ឈឺញឹកញាប់​ដូចពេល​មុន តាំងតែ​ពីយើង​បាន​ចាប់​ផ្តើមលាងដៃ និង​ផឹកទឹក​បន្សុទ្ធហើយ។ ការ​លាងដៃញឹកញាប់ និង​ផឹកទឹកស្អាត ធ្វើឲ្យ​គ្រួសារ​ខ្ញុំ​មាន​សុខភាពល្អ និង​មិន​មាន​ជំងឺរាគ។