មានកន្លែងលាងដៃត្រឹមត្រូវ លើកទឹកចិត្តឲ្យកុមារលាងដៃញឹកញាប់
កូនៗរបស់ លេន សុខលា សប្បាយនឹងលាងដៃណាស់ បន្ទាប់ពីម្តាយរបស់ពួកគេ ធ្វើកន្លែងលាងដៃថ្មី យ៉ាងស្អាតនិងមានរបៀបរៀបរយ។ សម្រាប់កូនទាំងពីររបស់សុខលា កន្លែងលាងសំអាតដៃថ្មីនេះ ដែលមានសាប៊ូនិងទឹកស្អាតជាស្រេច ប្រៀបបានដូចជាល្បែងកំសាន្តមួយប្រភេទ ដែលធ្វើឲ្យគាត់មានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្តក្នុងការអនុវត្តការលាងដៃ។
សុខលា ដែលមានអាយុ៣២ឆ្នាំ និងមានកូនស្រីម្នាក់ និងប្រុសម្នាក់ បានប្រាប់ឲ្យដឹងថា ពីមុន “គ្រួសារខ្ញុំ មិនទាន់មានរៀបចំកន្លែងលាងដៃច្បាស់លាស់ទេ។ កូនៗរបស់យើង តែងតែមានជំងឺរាគរូសជាប្រចាំ យ៉ាងហោចណាស់ក៏២ទៅ៣ដងក្នុងមួយខែ។” ប៉ុន្តែ ដូចជាឪពុកម្តាយទូទៅដែរ សុខលាចង់ឃើញសុខភាព និងរាង្គកាយកូនៗរបស់ខ្លួនរឹងមាំ និងលូតលាស់បានល្អ។ គាត់មិនចង់ឃើញកូនរបស់គាត់ អាក់ខានមិនបានទៅសាលារៀន ដោយសារមានជំងឺដែលបណ្តាលមកពីការខ្វះអនាម័យនោះទេ។
សុខលា បានរៀបចំកែច្នៃកន្លែងលាងសំអាតដៃដោយខ្លួនឯងផ្ទាល់ ដោយប្រើរបស់របរដែលមានស្រាប់ ឬងាយរក ដូចជាធុងទឹកដែលមានគំរបសម្រាប់រក្សាទឹក ក្បាលរ៉ូប៊ីណេ សាប៊ូ និងការធន់ សម្រាប់ដាក់ទឹកកខ្វក់បន្ទាប់ពីលាងដៃ។ គាត់ធ្វើកន្លែងលាងដៃនេះឡើង ដើម្បីឲ្យកូនៗនិងសមាជិកគ្រួសាររបស់គាត់ទាំងអស់ បានលាងដៃមុនពេលញ៉ាំបាយ ឬលាងសំអាតដៃមុនពេលហូបអាហារ។
នៅក្នុងភូមិដែលសុខលារស់នៅ គឺភូមិឃ្លៃ ដែលស្ថិតនៅក្នុងឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានគ្រួសារសរុប ២៣៩ គ្រួសារ និងមានប្រជាជនសរុប ១១៦០ នាក់។ បើតាមការលើកឡើងរបស់លោកអ៊ុំមេភូមិ ចែមសឿន មានប្រមាណជិត៨០% នៃគ្រួសារសរុប ដែលមិនមានរៀបចំកន្លែងលាងសំអាតដៃឲ្យបានត្រឹមត្រូវ។
គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានជួយបង្កើនភាពងាយស្រួលដល់គ្រួសារនៅតាមជនបទ ឲ្យលាងដៃ ដាំឬចម្រោះទឹក និងរក្សាទុកទឹកប្រកបដោយសុវត្ថិភាព។ សម្រាប់ សុខលា ផ្ទាល់គាត់បានឮអំពីគម្រោងនេះ តាមរយៈការចាក់មេក្រូផ្សព្វផ្សាយ ការផ្ញើសារតាមទូស័ព្ទ និងការផ្សព្វផ្សាយបន្តពីមេភូមិ ដែលធ្វើឲ្យគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
គាត់បាននិយាយបន្ថែមទៀតថា “ជាទូទៅ ខ្ញុំមានគំនិតមួយថា ខ្ញុំសុខចិត្តចំណាយលុយទិញសាប៊ូលាងសម្អាតដៃ វាប្រសើរជាងយកលុយទៅទិញថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ។” ដោយធ្វើតាមការណាំនាំដែលមាននៅក្នុងខិត្តប័ណ្ណ ដែលចែកជូនដោយក្រុមការងារគម្រោង PHB សុខលាអាចដំឡើងកន្លែងលាងដៃដ៏សាមញ្ញនិងមានប្រសិទ្ធិភាព សម្រាប់គ្រួសាររបស់គាត់!
សុខលា មិនត្រឹមតែជួយឲ្យគ្រួសាររបស់គាត់ មានសុខភាពល្អជៀសផុតពីជំងឺផ្សេងៗ ជាពិសេសជំងឺរាគនោះទេ ប៉ុន្តែក៏មានក្មេងដែលនៅផ្ទះក្បែរនោះ តែងតែនាំគ្នាមកលាងដៃនៅផ្ទះរបស់គាត់ផងដែរ ដែលធ្វើឲ្យអ្នកជិតខាងរបស់គាត់មានចំណាប់អារម្មណ៍ ចង់រៀបចំកន្លែងលាងដៃសម្រាប់ក្រុមគ្រួសាររបស់គេ៕
* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។
ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។