មាន​កន្លែង​លាង​ដៃ​ត្រឹមត្រូវ​ លើក​ទឹកចិត្ត​ឲ្យ​កុមារ​លាងដៃ​ញឹកញាប់

កូន​ៗ​របស់​ លេន សុខលា​ សប្បាយ​នឹង​លាង​ដៃ​ណាស់ បន្ទាប់​ពី​ម្តាយ​របស់​ពួកគេ ធ្វើកន្លែង​លាងដៃ​ថ្មី យ៉ាង​ស្អាត​និងមាន​របៀបរៀបរយ។ សម្រាប់​កូន​ទាំងពីរ​របស់​សុខលា កន្លែង​លាងសំអាត​ដៃ​ថ្មី​នេះ​ ដែល​មាន​សាប៊ូ​និង​ទឹកស្អាត​ជាស្រេច ប្រៀបបាន​ដូច​ជា​ល្បែង​កំសាន្ត​មួយ​ប្រភេទ ដែល​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍ស្រស់ស្រាយ និង​សប្បាយ​ចិត្ត​ក្នុង​ការ​អនុវត្តការ​លាងដៃ​។

សុខលា​ ដែល​មាន​អាយុ​៣២​ឆ្នាំ​ និង​មាន​កូន​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពីមុន “គ្រួសារ​ខ្ញុំ មិនទាន់​មាន​រៀបចំ​កន្លែង​លាងដៃ​ច្បាស់លាស់​ទេ។ កូន​ៗ​របស់​យើង​ តែងតែ​មាន​ជំងឺ​រាគរូស​ជាប្រចាំ យ៉ាង​ហោច​ណាស់​ក៏​២ទៅ៣ដង​ក្នុង​មួយ​ខែ​។” ប៉ុន្តែ​ ដូចជា​ឪពុកម្តាយ​ទូទៅ​ដែរ សុខលា​ចង់​ឃើញ​សុខភាព​ និង​រាង្គកាយ​កូន​ៗ​របស់​ខ្លួន​រឹងមាំ និង​លូតលាស់​បាន​ល្អ។ គាត់​មិនចង់​ឃើញ​កូន​របស់​គាត់​ អាក់ខាន​មិនបាន​ទៅ​សាលារៀន ដោយសារ​មាន​ជំងឺ​ដែល​បណ្តាល​មកពី​ការ​ខ្វះ​អនាម័យ​នោះទេ។

សុខលា បាន​រៀបចំ​កែច្នៃ​កន្លែង​លាងសំអាត​ដៃ​ដោយខ្លួន​ឯងផ្ទាល់ ដោយ​ប្រើរបស់​របរ​ដែល​មាន​ស្រាប់​ ឬងាយ​រក ដូចជា​ធុង​ទឹក​ដែល​មាន​គំរប​សម្រាប់​រក្សាទឹក ក្បាលរ៉ូប៊ីណេ សាប៊ូ និង​ការ​ធន់​ សម្រាប់​ដាក់​ទឹក​កខ្វក់​បន្ទាប់​ពីលាង​ដៃ​។ គាត់​ធ្វើ​កន្លែង​លាងដៃ​នេះ​ឡើង ដើម្បី​ឲ្យ​កូន​ៗ​និង​សមាជិក​គ្រួសារ​របស់​គាត់​ទាំងអស់ បាន​លាង​ដៃ​មុនពេល​ញ៉ាំ​បាយ ឬលាងសំអាត​ដៃ​មុន​ពេល​ហូប​អាហារ​។

នៅក្នុង​ភូមិ​ដែល​សុខលា​រស់នៅ គឺ​ភូមិ​ឃ្លៃ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ទឹកជ្រៅ ស្រុកតំបែរ ខេត្ត​ត្បូងឃ្មុំ មាន​គ្រួសារ​សរុប​ ២៣៩ គ្រួសារ និង​មាន​ប្រជាជន​សរុប ១១៦០ នាក់​។ បើតាម​ការ​លើកឡើង​របស់​លោកអ៊ុំ​មេភូមិ ចែម​សឿន មាន​ប្រមាណ​ជិត​៨០% នៃ​គ្រួសារ​សរុប ដែល​មិនមាន​រៀបចំ​កន្លែងលាង​សំអាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​។

គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព (PHB) ដែល​ឧបត្ថម្ភ​ថវិកាដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិកសម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ (USAID) បាន​ជួយ​បង្កើន​ភាព​ងាយស្រួល​ដល់​គ្រួសារ​នៅ​តាម​ជនបទ​ ឲ្យ​លាងដៃ​ ដាំឬចម្រោះទឹក និង​រក្សា​ទុកទឹក​ប្រកបដោយ​សុវត្ថិភាព​។ សម្រាប់​ សុខលា​ ផ្ទាល់​គាត់​បាន​ឮអំពី​គម្រោង​នេះ តាមរយៈការ​ចាក់​មេក្រូ​ផ្សព្វផ្សាយ ការ​ផ្ញើសារ​តាមទូស័ព្ទ និងការ​ផ្សព្វផ្សាយ​បន្តពីមេភូមិ ដែល​ធ្វើឲ្យគាត់​មាន​ការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង​។

គាត់​បាន​និយាយ​បន្ថែម​ទៀតថា “ជាទូទៅ ខ្ញុំមាន​គំនិត​មួយ​ថា ខ្ញុំ​សុខចិត្ត​ចំណាយ​លុយ​ទិញ​សាប៊ូលាងសម្អាត​ដៃ​ វាប្រសើរ​ជាង​យក​លុយ​ទៅទិញ​ថ្នាំ​ពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ។” ដោយ​ធ្វើតាម​ការ​ណាំនាំដែលមាន​នៅ​ក្នុង​ខិត្តប័ណ្ណ ដែលចែកជូនដោយ​ក្រុមការងារគម្រោង PHB សុខលាអាចដំឡើងកន្លែងលាងដៃដ៏សាមញ្ញនិង​មាន​ប្រសិទ្ធិភាព សម្រាប់គ្រួសារ​របស់​គាត់!

សុខលា​ មិនត្រឹមតែ​ជួយ​ឲ្យ​គ្រួសារ​របស់​គាត់ មាន​សុខភាព​ល្អជៀស​ផុត​ពីជំងឺផ្សេងៗ ជាពិសេស​ជំងឺរាគនោះទេ ប៉ុន្តែ​ក៏មានក្មេង​ដែល​នៅ​ផ្ទះ​ក្បែរនោះ តែងតែ​នាំគ្នា​មក​លាងដៃ​នៅ​ផ្ទះ​របស់​គាត់​ផងដែរ ដែល​ធ្វើឲ្យ​អ្នកជិត​ខាង​របស់​គាត់​មាន​ចំណាប់​អារម្មណ៍ ចង់​រៀបចំ​កន្លែង​លាងដៃ​សម្រាប់​ក្រុមគ្រួសារ​របស់​គេ​៕

ខិត្តប័ណ្ណ​ដែល​មាន​ការណែនាំអំពី​ការ​តំឡើង​កន្លែង​លាងដៃ​ ត្រូវបាន​ចែកចាយ​នៅ​ក្នុង​ភូមិ។

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។
ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។