ប្រិមប្រិយ: រស់ដោយបញ្ញា សុខភាពភ្លឺថ្លា
ជំងឺមិនឆ្លងសម្លាប់ប្រជាជនកម្ពុជាជិត ៦០០០០ នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤% នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ (២៣%) ស្លាប់មុនអាយុ ៧០ ឆ្នាំ ដោយសារជំងឺមិនឆ្លង។ ចំពោះមនុស្សពេញវ័យ អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម ៩,៦% និងជំងឺលើសសម្ពាធឈាម ១៤,២% ។ ៤៥% នៃមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានខ្លាញ់កូឡេស្តេរ៉ូលខ្ពស់ បញ្ជាក់ថាការបរិភោគអាហារដែលមានសារធាតុខ្លាញ់ និងអំបិលច្រើន។
គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ធ្វើយុទ្ធនាការផ្លាស់ប្តូរឥរិយាបថដែលមានឈ្មោះថា «ប្រិមប្រិយ: រស់ដោយបញ្ញា សុខភាពភ្លឺថ្លា» ដើម្បីលើកកម្ពស់របបអាហារដែលមានសុខភាព បង្កើនសកម្មភាពរាងកាយ និងទៅពិនិត្យសុខភាពដើម្បីធ្វើរោគវិនិច្ឆ័យឱ្យឆាប់ដើម្បីការពារកុំឱ្យមានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។
គោលដៅ
- ធ្វើឱ្យសុខភាពក្នុងចំណោមប្រជាជនកម្ពុជាប្រសើរទ្បើងតាមរយៈកាលើកកម្ពស់ ការការពារ ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម និងការទៅពិនិត្យសុខភាពដើម្បីធ្វើរោគវិនិច្ឆ័យ ក្នុងចំណោមស្ត្រីអាយុ៣០-៤៤ ឆ្នាំ ។
សកម្មភាព
- បង្កើនការយល់ដឹងអំពីហានិភ័យ និងកត្តារាំងស្ទះនៃឥរិយាបថដើម្បីលើកទឹកចិត្តឱ្យស្ត្រីបង្កើតទម្លាប់ថ្មីជុំវិញរបបអាហារ និងសកម្មភាពរាងកាយ។
- វិភាគទៅលើបន្ទុកនៃការចំណាយចំពោះការពិនិត្យ និងព្យាបាល តាមរយៈការលើកកម្ពស់អត្ថប្រយោជន៍នៃការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់ និងការអប់រំផ្សព្វផ្សាយ។
យុទ្ធសាស្ត្រ
- យុទ្ធនាការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមនេះ មាន២ផ្នែកដូចខាងក្រោមដោយប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ឧបករណ៍រំលឹកឱ្យមានការផ្លាស់ប្ដូរឥរិយាបថ សកម្មភាពចុះអប់រំមូលដ្ឋាន និងការបង្កើនគុណភាពសេវាសុខភាព ។
ឥរិយាបថអទិភាព
ការការពារ
- សូមដាក់អំបិលតិចតួចពេលចម្អិនអាហារ
- កុំថែមអំបិលនៅពេលបរិភោគ
- ចំហុយ ស្ងោរ ឬឆាអាហារ ជាជាងបំពង
- បង្កើនការបរិភោគអាហារដែលចម្អិនដោយខ្លួនឯង ជាជាងទិញពីអ្នកលក់ ឬពីភោជនីយដ្ឋាន
- បរិភោគផ្លែឈើ និងបន្លែយ៉ាងតិចឱ្យបាន ៥មុខ ក្នុងមួយថ្ងៃ
- ធ្វើសកម្មភាពរាងកាយយ៉ាងហោចណាស់ឱ្យបាន ៣០នាទីក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្តាហ៍
ការពិនិត្យសុខភាព
- ចូលរួមធ្វើការពិនិត្យស្វែងរកជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករក្នុងឈាម នៅក្នុងសហគមន៍
- ទៅមណ្ឌលសុខភាព ដើម្បីវាស់សម្ពាធឈាម
- ទៅគ្លីនិកជំងឺមិនឆ្លងដើម្បីវាស់កម្រិតជាតិស្ករក្នុងឈាម
ការតាមដាន វាយតម្លៃ និងសិក្សា
គម្រោង PHB ធ្វើការតាមដានការធ្វើអន្តរាគមន៍នេះ និងសកម្មភាពផ្លាស់ប្តូរឥរិយាបថដទៃទៀតរបស់គម្រោង ដោយប្រមូលទិន្នន័យសកម្មភាព ក្រុមគោលដៅ និងសម្ភារៈដែលបានចែកចាយ ព្រមទាំងព័ត៌មានអំពីចំណេះដឹង និងឥរិយាបថ របស់អតា្ថគាហក មុននិងក្រោយបានទំនាក់ទំនងជាមួយសកម្មភាពរបស់គម្រោង។ លទ្ធផលនិងមេរៀនដែលទទួលបាន នឹងយកទៅប្រើដើម្បីអនុវត្តគម្រោងបន្ត និងធ្វើអោយកាន់តែមានភាពប្រសើរឡើង នូវសកម្មភាពផ្លាស់ប្តូឥរិយាបថរបស់គម្រោង ព្រមទាំងចែកចាយជាប្រចាំ ទៅសហគមន៍នៃអ្នកធ្វើការផ្នែកផ្លាស់ប្តូរឥរិយាបថ។
* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។