ប្រិមប្រិយ: រស់ដោយបញ្ញា សុខភាពភ្លឺថ្លា

ជំងឺ​មិន​ឆ្លង​សម្លាប់​ប្រជាជន​កម្ពុជាជិត ៦០០០០ នាក់​ជារៀង​រាល់​ឆ្នាំ​ ដែល​ស្មើ​នឹង​ ៦៤% នៃ​ករណីស្លាប់​ទាំង​អស់​ក្នុង​ឆ្នាំ​២០១៨។ ប្រជាជន​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ (២៣%) ស្លាប់​មុន​អាយុ​ ៧០ ឆ្នាំ ដោយសារ​ជំងឺ​មិន​ឆ្លង។ ចំពោះមនុស្ស​ពេញ​វ័យ អត្រា​ប្រេវ៉ាឡង់​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ៩,៦% និង​ជំងឺ​លើស​សម្ពាធ​ឈាម ១៤,២% ។ ៤៥% នៃមនុស្ស​ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានខ្លាញ់កូឡេស្តេរ៉ូលខ្ពស់ បញ្ជាក់ថាការបរិភោគអាហារដែលមានសារធាតុខ្លាញ់ និងអំបិលច្រើន។

គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព (PHB) ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ធ្វើយុទ្ធនាការផ្លាស់ប្តូរឥរិយាបថដែលមានឈ្មោះថា «ប្រិមប្រិយ: រស់ដោយបញ្ញា សុខភាពភ្លឺថ្លា» ដើម្បីលើកកម្ពស់​របបអាហារដែលមានសុខភាព បង្កើនសកម្មភាពរាងកាយ និងទៅពិនិត្យសុខភាពដើម្បី​ធ្វើរោគវិនិច្ឆ័យឱ្យឆាប់ដើម្បីការពារកុំឱ្យមានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។

គោលដៅ

  • ធ្វើឱ្យសុខភាពក្នុងចំណោមប្រជាជនកម្ពុជាប្រសើរទ្បើង តាមរយៈ​កាលើកកម្ពស់ ការការពារ​ ជំងឺ​​លើសសម្ពាធ​ឈាម​ និងជំងឺ​ទឹកនោម​ផ្អែម​ និងការទៅពិនិត្យសុខភាពដើម្បីធ្វើរោគវិនិច្ឆ័យ ក្នុងចំណោម​ស្ត្រី​អាយុ​៣០-៤៤ ឆ្នាំ ។

សកម្មភាព

  • បង្កើនការយល់ដឹងអំពីហានិភ័យ និងកត្តារាំងស្ទះនៃឥរិយាបថដើម្បីលើកទឹកចិត្ត​ឱ្យ​ស្ត្រី​បង្កើត​ទម្លាប់ថ្មី ជុំវិញរបបអាហារ​ និងសកម្មភាពរាងកាយ។
  • វិភាគទៅលើបន្ទុកនៃការចំណាយចំពោះការពិនិត្យ និងព្យាបាល តាមរយៈការលើកកម្ពស់អត្ថប្រយោជន៍នៃការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់ និងការអប់រំផ្សព្វផ្សាយ។

យុទ្ធសាស្ត្រ

  • យុទ្ធនាការ​ផ្លាស់ប្តូរ​ឥរិយាបថ​បុគ្គល​និង​សង្គមនេះ ​​មាន​២ផ្នែកដូចខាងក្រោមដោយ​ប្រើប្រាស់ប្រព័ន្ធ​បណ្តាញ​សង្គម ឧបករណ៍រំលឹកឱ្យមានការផ្លាស់ប្ដូរ​ឥរិយាបថ សកម្មភាព​ចុះអប់រំមូលដ្ឋាន និង​ការ​បង្កើន​គុណភាព​សេវាសុខភាព ។

ឥរិយាបថ​អទិភាព

ការការពារ

  • សូមដាក់អំបិលតិចតួចពេលចម្អិន​អាហារ
  • កុំថែម​អំបិល​នៅ​ពេល​បរិភោគ
  • ចំហុយ ស្ងោរ ឬឆាអាហារ ជាជាង​បំពង
  • បង្កើនការបរិភោគ​អាហារដែលចម្អិនដោយ​ខ្លួនឯង ជាជាងទិញ​ពីអ្នកលក់ ឬពីភោជនីយដ្ឋាន
  • បរិភោគ​ផ្លែឈើ និង​បន្លែយ៉ាងតិចឱ្យបាន ​៥មុខ ក្នុង​មួយថ្ងៃ
  • ធ្វើសកម្មភាពរាងកាយយ៉ាង​ហោច​ណាស់​ឱ្យ​បាន​ ៣០នាទីក្នុងមួយថ្ងៃ ៥ថ្ងៃ​ក្នុង​មួយ​សប្តាហ៍

ការ​ពិនិត្យសុខភាព

  • ចូលរួម​ធ្វើការ​ពិនិត្យស្វែងរកជំងឺលើស​សម្ពាធ​ឈាម និងលើស​ជាតិ​ស្ករ​ក្នុង​ឈាម​ នៅ​ក្នុង​សហគមន៍
  • ទៅមណ្ឌល​សុខភាព ដើម្បីវាស់​សម្ពាធឈាម
  • ទៅគ្លីនិក​ជំងឺមិន​ឆ្លង​ដើម្បីវាស់​កម្រិតជាតិស្ករ​ក្នុង​ឈាម

ការតាមដាន វាយតម្លៃ និងសិក្សា

គម្រោង PHB ធ្វើការតាមដានការធ្វើអន្តរាគមន៍នេះ និងសកម្មភាពផ្លាស់ប្តូរឥរិយាបថដទៃទៀតរបស់គម្រោង ដោយប្រមូលទិន្នន័យសកម្មភាព ក្រុមគោលដៅ និងសម្ភារៈដែលបានចែកចាយ ព្រមទាំងព័ត៌មានអំពីចំណេះដឹង និងឥរិយាបថ របស់អតា្ថគាហក មុននិងក្រោយបានទំនាក់ទំនងជាមួយសកម្មភាពរបស់គម្រោង។ លទ្ធផលនិងមេរៀនដែលទទួលបាន នឹងយកទៅប្រើដើម្បីអនុវត្តគម្រោងបន្ត និងធ្វើអោយកាន់តែមានភាពប្រសើរឡើង នូវសកម្មភាពផ្លាស់ប្តូឥរិយាបថរបស់គម្រោង ព្រមទាំងចែកចាយជាប្រចាំ ទៅសហគមន៍នៃអ្នកធ្វើការផ្នែកផ្លាស់ប្តូរឥរិយាបថ។

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។