អន្តរាគមន៍ផ្លាស់ប្តូរ​ឥរិយាបថ ស្តីពីជំងឺកូវីដ-១៩

ប្រទេស​កម្ពុជា​បាន​​រក​ឃើញ​ករណី​ជំងឺ​កូវីដ-១៩ លើក​​ដំបូង នៅ​​ថ្ងៃ​ទី​​២៧ ខែ​​មករា ឆ្នាំ​​២០២០​។ រាជ​រដ្ឋាភិបាល​​កម្ពុជា​បាន​​ធ្វើ​សកម្មភាព​​យ៉ាង​​រហ័ស​​​ដើម្បី​ទប់ស្កាត់​​ការ​​ឆ្លង​​រីក​រាល​ដាល​​នៃ​​ជំងឺ​នេះ​។ ផែនការ​​សកម្មភាព​​ជាតិ​របស់​​រាជរដ្ឋាភិបាល​​បាន​​សង្កត់​​ធ្ងន់​​ទៅ​លើ​​ការ​​កាត់​​បន្ថយ​​​និង​​ពន្យារ​​ការ​​ឆ្លង កាត់​បន្ថយ​ឱ្យ​បាន​ជាអតិបរមានូវ​មានជំងឺធ្ងន់ធ្ងរ និង​កាត់បន្ថយមរណភាពដែលទាក់​ទង​នឹង​ជំងឺនេះ និង​ធានា​ការបន្ត​សេវា​សុខភាព​សំខាន់ៗ ជាពិសេស​ក្នុង​អំឡុង​ពេល​នៃការ​ផ្ទុះជំងឺនេះ និងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ច តាម​រយៈ​ភាពជាដៃគូពហុវិស័យ។

គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារជំនួយអាមេរិក USAID បាន​រួម​ចំណែក​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ ដើម្បី​ការពារ​និង​កាត់​បន្ថយ​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​នេះ ដោយ​ធ្វើអន្តរាគមន៍​តាម​រយៈអ៊ីនធើនែត និង​ដោយ​ផ្ទាល់​ ក្នុង​គោលបំណង​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​កម្ពុជា​ទូទៅ​ទទួល​យក​ឥរិយាបថ​ខាង​ក្រោម:

  • លាង​ដៃ​នឹង​សាប៊ូ យ៉ាង​ហោច​ណាស់​២០​វិនាទី
  • ខ្ទប់​មាត់​នៅ​ពេល​ក្អក​ឬកណ្តាស់ ដោយ​ប្រើ​កែងដៃ​ ក្រដាស់​ជូតមាត់ ឬពាក់​ម៉ាស់
  • រក្សាគម្លាត​ឲ្យ​បាន​១,៥ម៉ែត្រ
  • ជៀសវាងកន្លែង​ដែមាន​មនុស្ស​ច្រើន
  • ទាក់​ទង​ទៅ​លេខ​១១៥ សម្រាប់​ព័ត៌មាន​បន្ថែមអំពី​ជំងឺកូវីដ​-១៩

អន្តរាគមន៍តាមអ៊ីនធើនែត

ប្រទេស​កម្ពុជាមាន​ការកើនឡើង​នៃករណីកូវីដ-១៩ ក្នុង​ខែកុម្ភៈ ឆ្នាំ២០២១ ដែល​ធ្វើ​ឲ្យ​មាន​ការ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ និង​ការ​បិទខ្ទប់បណ្តោះអាសន្ន។ ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​គឺ​ជា​ឱកាស​ និង​ជាពេល​វេលា​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ឥរិយាបថ​សំខាន់​ៗ ដើម្បី​ការពារ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ នៅពេល​ដែល​ប្រជាជនកម្ពុជា​ធ្វើដំណើរ​ទៅ​ស្រុកកំណើត និង​ចូលរួម​ពិធីជួបជុំផ្សេង​ៗ។ ដើម្បីធានា​ថា​សារ​អប់រំសុខភាព ទទួល​បាន​ការ​ចាប់​អារម្មណ៍ សម្ភារៈ​អប់រំ​ត្រូវបាន​បង្កើត​ឡើង​ដោយ​មាន​ប្រធានបទ​២៖ (១) “ទេវតា” ដែល​ជា​អមនុស្ស​នៅ​ស្ថាន​សួគ៌ ដែល​គេជឿថា​ជាអ្នក​មើល​ការពារ​ប្រជាជន (២) “ផ្កាយ” គឺជា​និមិត្ដរូបនៃការ​បួងសួង​​សម្រាប់​ឆ្នាំ​ថ្មី។ មាតិកាជា​រូបភាព​និង​វីដេអូ ដែល​មាន​សារ​អំពី​ការ​យល់​ដឹង​ និង​វិធានការ​ការពារ​សុវត្ថិភាព​សំខាន់​ៗស្តីពី​ជំងឺ​កូវីដ​-១៩ ត្រូវបាន​ចែកចាយ​យ៉ាង​ទូលំទូលាយ នៅ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​របស់រាជ​រដ្ឋាភិបាល​ និង​សារព័ត៌មាន​ផ្សេងៗ។

វីដេអូគំនូរជីវចលមួយត្រូវបាន​រចនាឡើង​ដើម្បី​ផ្សព្វផ្សាយ​ក្នុង​អំឡុងពិធីបុណ្យជាតិ​នានា ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជនកម្ពុជាមាន​ការ​ប្រុងប្រយ័ត្ន នៅពេល​ជួបនឹង​មនុស្ស​ចាស់។ មនុស្ស​ចាស់​​ងាយ​នឹងជួបហានិភ័យ​ដោយសារ​តែ​ជំងឺ​កូវីដ-១៩។

Chatbot បាន​ផ្តល់ព័ត៌មាន​ដែល​ត្រឹមត្រូវ​និង​ទាន់​ពេលវេលា ដល់​សាធារណជន​។ ប្រជាជន​គ្រប់រូប​អាច​ចូល​ chatbot ដែល​មាន​ភាព​ងាយស្រួល​ប្រើប្រាស់ ដើម្បីទទួលព័ត៌មាន​ដែល​មាន​អត្ថប្រយោជន៍ ហើយ​ងាយក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ជាមួយ​គ្រួសារ និង​មិត្តភក្តិ ដើម្បីស្វែងយល់ការពិតអំពីពាក្យចចាមអារ៉ាមផ្សេងៗ។

សម្ភារទំនាក់ទំនង​អប់រំ​ព័ត៌មាន​ (IEC) តាមប្រព័ន្ធ​អ៊ីនធើនែត ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជួយ​និង​គាំទ្រដល់​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​កូវីដ-១៩ និង​លើក​ទឹកចិត្ត​ដល់​សាធារណជន​ ឲ្យ​ទទួល​យក​វិធានការ​ការពារ​សំខាន់​ៗ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​នៃ​វីរុសនេះ។ មាតិកា​នៃ​សម្ភារ​ IEC ទាំង​នេះ​ត្រូវបាន​បង្កើត​ឡើង​ ក្រោម​ប្រធានបទនៃ​ យុទ្ធនាការ​អ្នកប្រយុទ្ធនឹងកូវីដ-១៩ ដែល​មានតួអង្គជា​អ្នក​ប្រយុទ្ធ​ល្បុក្កតោ ផ្តល់​ព័ត៌មាន​ទាក់​ទង​នឹង​ជំងឺ​កូវីដ-១៩ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​ទាំងអស់​គ្នា។

អន្តរាគមន៍ដោយផ្ទាល់

យុទ្ធនាការ​២ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​សហគមន៍​ដើម្បី​បង្កើន​ការ​យល់​ដឹង អំពី​ជំងឺ​កូវីដ-១៩ និង​លើក​ទឹកចិត្ត​ឲ្យ​សាធារណជន​ចាប់យក​ឥរិយាបថ​ការពារ​ជំងឺ​នេះ តាម​ការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

យុទ្ធនាការ “អាយុវែង” បាន​កំណត់​យក​មនុស្ស​ចាស់​អាយុ ៦០+ ឆ្នាំ ក្នុង​ខេត្ត​បាត់​ដំបង ជា​ក្រុមគោលដៅ។ យុទ្ធនាការ​ដែល​មាន​រយៈពេល​១ខែ​នេះ​ លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​ចាស់​ទទួល​យក​ឥរិយាបថ​ដើម្បី​ការពារ​សុខភាពរបស់​គាត់​និង​អ្នកដទៃ ពី​ជំងឺ​កូវីដ-១៩​ នៅ​ពេល​ដែល​ពួកគាត់​ទៅ​លេង​ផ្ទះ​អ្នក​ជិត​ខាង។ មេភូមិ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដើរ​តួនាទី​ជា​ជន​គំរូ ដោយ​គាត់​បាន​រៀបចំ​ផ្ទះ​របស់​គាត់​ដើម្បី​ការពារ​ការ​ឆ្លង​កូវីដ-១៩ (ដូចជា​រៀបចំ​កន្លែង​លាងដៃ និង​កន្លែង​រក្សាគម្លាត​ជាដើម) និង​ដើម្បី​ជំរុញ​ឲ្យ​អ្នក​ភូមិ​របស់​គាត់ធ្វើតាម​។ សរុបមក ពេល​ដែល​យុទ្ធនាការ​ចាប់​ផ្តើមបាន​៣សប្តាហ៍ មាន​អ្នកភូមិត​ចំនួន​៨៩៣ នាក់​បាន​មក​ផ្ទះ​របស់​មេភូមិ​ទាំងអស់​ដែល​យើង​ធ្វើការ​ជាមួយ ក្នុង​នោះមាន​៣១% គឺជាអ្នកដែល​មាន​អាយុជាង​៦០​ឆ្នាំ។ លើសពីនេះ​ទៅទៀត មាន​គ្រួសារ​ចំនួន​១៤៥​ខ្នងផ្ទះ បាន​រៀបចំ​ឲ្យ​មាន​កន្លែង​លាងដៃ​ត្រឹមត្រូវ ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​នេះ។

ដោយ​បញ្ចូល​វប្បធម៌ ដូចជា​ល្បុក្កតោ ប្រជាជន​កម្ពុជា​ត្រូវបាន​ណែនាំឲ្យ​អនុវត្តឥរិយាបថការពារ​ជំងឺ​កូវីដ-១៩​សំខាន់​ៗដោយភ្នាក់ងារ​អប់រំ​សុខភាព​របស់​គម្រោង ធ្វើត្រាប់តាមកាយវិការនៃក្បាច់ប្រយុទ្ធបុរាណ។ យុទ្ធនាការអ្នកប្រយុទ្ធ​កូវីដ-១៩​នេះ ប្រើយុទ្ធសាស្ត្រ​ ដែល​ឲ្យ​អ្នក​ទៅផ្សារ​ដើរពី​ភ្នាក់ងារ​អប់រំ​មួយ ទៅភ្នាក់ងារ​អប់រំ​មួយទៀត​ដែល​នៅ​ជិត​នោះ។ ភ្នាក់​ងារ​អប់រំ​និមួយ​ៗបង្ហាញ​អំពី​​​ឥរិយាបថ​និមួយ​ៗ​ដើម្បី​ការងារ​ពី​កូវីដ-១៩ ដូចជា​ការ​លាងដៃ​ត្រឹមត្រូវ​ ។ យុទ្ធនាការ​នេះបាន​ចូលរួម​អប់រំ​ប្រជា​ជន​សរុប​ ១៥៩៥៩ នាក់ នៅ​ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្តបាត់ដំបង ខេត្ត​កំពង់ឆ្នាំង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​។

ការពង្រឹងសមត្ថភាព និង​ការ​សម្របសម្រួល​ ក្នុង​ចំណោម​អ្នកអនុវត្ត​កិច្ចការ​ផ្លាស់​ប្តូរ​ឥរិយាបថ​បុគ្គល​និង​សង្គមដើម្បី​សុខភាព

គម្រោង​ PHB ក៏ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ការ​សម្របសម្រួល​ និងការ​អនុវត្ត​កិច្ចការ​ទាក់​ទងនឹង​ការផ្លាស់ប្តូរឥរិយាបថ​ ស្តីពី​ជំងឺកូវីដ-១៩។ វេទិកាផ្លាស់ប្តូរ​ ឥរិយាបថបុគ្គល​និង​សង្គម (SBC Forum) ចំនួន​២ ក្រោម​ប្រធានបទ​កូវីដ-១៩ ត្រូវបាន​រៀបចំ​ឡើង នៅថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។ គម្រោង​ PHB ក៏​បាន​ជួយ​គាំទ្រដល់​ការបង្កើន​សមត្ថភាព​ ជាមួយ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព (NCHP) នៃ​ក្រសួង​សុខាភិបាល ដោយ​មាន​ការ​ផ្តល់​យោបល់​ផ្សេង ៗ​ ដល់​យុទ្ធសាស្ត្រ​នៃយុទ្ធនាការ របស់​ NCHP រួម​មាន​ការ​កំណត់​ក្រុមគោលដៅ គោលដៅ​ទំនាក់ទំនង​របស់​យុទ្ធនាការ​ និង​មធ្យោបាយ​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​សុខភាព​ ។ល។

* គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព (PHB) គឺជា​គម្រោង​ផ្លាស់​ប្តូរ​ឥរិយាបថ​បុគ្គល​និង​សង្គម ដែល​ចាប់ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨ ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ។ គោលដៅ​របស់​គម្រោង​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ឥរិយាបថ​សុខភាព​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា និង​ធានា​ឲ្យ​បាន​ថា ប្រជាជន​កម្ពុជា​ស្វែង​រក និង​ទទួល​បាន​សេវា​សុខភាព ដែល​ប្រកប​ដោយ​គុណភាព ដោយ​កាត់​បន្ថយ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​។ ដំបូង​ឡើយ គម្រោង PHB ផ្តោត​ទៅ​លើ​វិស័យ​សុខភាព​ធំ​ៗ​ចំនួន​៦​គឺ​៖ សុខភាព​មាតា​និង​ទារក អាហារូបត្ថម្ភ ទឹក​ស្អាត​និង​អនាម័យ ការ​ពន្យារ​កំណើត ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់​។ ក្នុង​ឆ្នាំ​២០២០ និង ២០២១ គម្រោង PHB បាន​អនុវត្ត​សកម្មភាព​ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ។ នៅ​ចុង​ឆ្នាំ​២០២១ ជំងឺ​មិន​ឆ្លង ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សកម្មភាព​របស់​គម្រោង ហើយ​រយៈពេល​របស់​គម្រោង​ត្រូវ​បាន​បន្ត ដល់​ឆ្នាំ​២០២៥ ។