ពីរនាក់បានហើយ

សកម្មភាព​ផ្លាស់ប្តូរ​ឥរិយាបថ​បុគ្គល​និង​សង្គម ដើម្បី​បង្កើន​ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​ សម្រាប់​យុវជន​នៅ​ទីក្រុង​

និន្នាការប្រជាសាស្ត្របាន​បង្ហាញ​ឲ្យ​ឃើញ​គំលាត​កាន់​តែ​ធំ រវាង​ភាពពេញវ័យផ្នែកផ្លូវភេទ និងអាយុ​នៃការ​រៀបការ​។ ដោយ​រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​បែប​ប្រពៃណី នៅតំបន់​ទីក្រុង មាន​ការ​កើនឡើងនូវ​សកម្មភាព​ផ្លូវ​ភេទ​មុន​រៀបការ ក្នុង​ចំណោម​យុវជន​ពេញវ័យ ក្នុង​ប្រទេស​កម្ពុជា។ យុវជនជាច្រើន​​ដែល​មាន​ដៃគូ ក្នុង​ទីក្រុង​ភ្នំពេញ មិន​បាន​ប្រើ​ការ​ពន្យារ​កំណើត ជាពិសេស​មធ្យោបាយ​ទំនើប (MM) ។ យោង​ទៅតាម​ ការ​ស្ទង់​មតិ​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ (CDHS) ក្នុង​ឆ្នាំ​២០១៤ មាន​១៨% នៃ​យុវជន​ដែល​មាន​ដៃគូ អាយុ​ពី​១៥-២៤ ឆ្នាំ បាន​ប្រើ​ MM និង ៣១% បាន​ប្រើ​មធ្យោបាយបុរាណ។ ៥០% នៃ​អ្នក​ដែល​មិន​បាន​ប្រើ MM ពុំចង់​បាន​កូន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខទេ។ យុវជននៅ​ទីក្រុងភ្នំពេញ គឺ​ក្រុម​គោលដៅ​ដែល​មិនសូវ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់ ដោយ​កម្មវិធីសុខភាព​ភាគច្រើន​ផ្តោត​ទៅ​លើ​ស្ត្រី​រៀបការ​ហើយ​នៅ​តាម​ជនបទ​។

គម្រោងលើកកម្ពស់ឥរិយាបថ ប្រកបដោយសុខុមាលភាព (PHB) អនុវត្ត​សកម្មភាព​ផ្លាស់ប្តូរ​ឥរិយាបថ​បុគ្គល​និង​សង្គម ជាមួយ​នឹង​ដៃគូអនុវត្តក្នុង​ស្រុក ដើម្បី​បង្កើន​ចំណេះដឹង ផ្លាស់​ប្តូរ​ការ​យល់​ឃើញជុំវិញ​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប និង​សុខភាព​ផ្លូវភេទ​និង​បន្ត​ពូជ ព្រម​ទាំង​បង្កើន​ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​ក្នុង​ចំណោម​យុវជន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ដោយ​ផ្អែក​ទៅ​តាមការ​ចុះ​សិក្សា​ផ្ទាល់​នៅ​សហគមន៍ និង​ទិន្នន័យ​ដែល​ប្រមូល​បាន​ យុទ្ធនាការ​ “ពីរ​នាក់​បាន​ហើយ” ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ប្រើ​ប្រាស់វេទិកា​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ តាម​អ៊ីនធើនែត ដើម្បី​បាន​ទៅដល់​ក្រុមគោលដៅ​ដែល​មាន​ដៃគូ អាយុ​១៨-២៩ឆ្នាំ ដើម្បី​កាត់​បន្ថយ​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​គ្រោង​ទុក។

សារសំខាន់ៗ

  • ស្វែង​រក​ព័ត៌មាន​ត្រឹមត្រូវ​អំពី​ការ​ពន្យារ​កំណើត​​ទំនើប​ ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើការ​សម្រេច​ចិត្តអំពី​ការ​ពន្យារ​កំណើត
  • ទទួលបាន​សេវា​សុខភាព​ដែល​រក្សា​ការ​សំងាត់ មិនវិនិច្ឆ័យ​អវិជ្ជមាន និងមាន​ភាព​ងាយស្រួល​ដល់​យុវជន

ក្រុមគោលដៅ

  • យុវជន​ដែល​មានដៃគូ​ មិនទាន់​រៀបការ អាយុ​១៨-២៩ រស់នៅ​ក្នុង​ទីប្រជុំជននៃទីក្រុង​ភ្នំពេញ

គោលបំណងឥរិយាបថ

  • បង្កើន​ចំណេះដឹង​និង​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​អំពី​សុខភាព​បន្តពូជ និង​មធ្យោបាយ​ពន្យារកំណើត​ទំនើបផ្សេងៗ
  • ច្រាន​ចោល​ការ​យល់​ខុស​ជុំវិញ​សុខភាព​ផ្លូវភេទ និង​​បន្ត​ពូជ ព្រម​ទាំង​មធ្យោបាយ​ពន្យារកំណើត​ទំនើប
  • ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន​ដោយ​ឲ្យ​ពួកគេ​​ទទួល​បាន​ព័ត៌មាន​ត្រឹម​តូវ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត
  • លើក​ទឹកចិត្ត​យុវជន​ឲ្យ​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​ទំនើប និង​ធ្វើ​ផែនការ​សម្រាប់​អនាគត

យុទ្ធសាស្ត្រ

ការ​សិក្សា រួមទាំង​ការ​សម្ភាសន៍ជាមួយ​យុវវ័យ​៤៥​នាក់ ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​បរិយាកាស​នៃប្រព័ន្ធផ្សព្វផ្សាយ ក្នុង​ចំណោម​យុវជន​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ការ​យល់​ឃើញ​របស់​ពួកគេ​អំពី​ការ​រួមភេទ ទំនាក់ទំនង និង​ការ​ពន្យារ​កំណើត។ ដោយ​ផ្អែក​ទៅ​លើ​ការ​រកឃើញ​តាម​រយៈការ​សិក្សា​នេះ ចំនុច​មួយ​ចំនួន​ត្រូវបាន​កំណត់ និង​ប្រើប្រាស់​ដើម្បី​ជាការ​ណែនាំ​ដល់​យុទ្ធនាការ​សុខភាព​នេះ:

  • ទីកន្លែង​សម្រាប់ការ​ទទួល​បាន​ព័ត៌មាន​ដែល​ងាយ​ស្រួល​សម្រាប់​យុវជន (ទីកន្លែង​ដែល​រក្សា​ការ​សម្ងាត់ ដែល​យុវជន​មិន​ត្រូវបាន​គេ​វិនិច្ឆ័យ​មិនល្អ)
  • ព័ត៌មាន​ដែល​ត្រឹមត្រូវ និង​ច្បាស់លាស់​ (​មាន​ប្រភព​ពី​អ្នក​ជំនាញ នៅ​ក្នុង​បរិយាកាស​សាមញ្ញ និង​​ផ្តោត​ទៅលើ​សុខភាព​ផ្ទាល់ខ្លួន ផលរំខាន គុណភាព និង​តំលៃ
  • វប្បធម៌និង​ភាសា (ព័ត៌មាន​អំពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ ព្រមទាំង​ជម្រើស​មធ្យោបាយពន្យារកំណើត​ទំនើប ត្រូវ​បាន​លើកយក​មកពិភាក្សា​យ៉ាង​ណា ដែល​ធ្វើ​ឲ្យ​យល់​ដល់​យុវវ័យ និង​ត្រូវបាន​ពន្យល់​តាម​រយៈ​ភាសា​និង​វប្បធម៌របស់​គេ)
  • ឌីជីថល (ជាទីកន្លែង​ជួបយុវជន​ ដោយ​ផ្តល់​អត្ថប្រយោជន៍ក្នុង​ការ​មិន​ចាំបាច់​បញ្ចេញ​អត្ដសញ្ញណ និង​ងាយ​ទទួល​បាន​ព័ត៌មាន)
  • ពិភាក្សា​អំពី​សុខភាព​ផ្លូវ​ភេទ និង​សុខភាព​បន្តពូជ ជាផ្នែក​មួយ​នៃសុខាភិបាល (លើក​ឡើង​អំពី​ព័ត៌មាន​ទាំងនេះ​ជា​ផ្នែក​មួយ​នៅ​ក្នុង​វិស័យ​សុខាភិបាល​ដ៏ធំធេង និង​លើក​ទឹក​ចិត្ត​យុវជន ឲ្យ​ស្វែង​រក​ព័ត៌មាន​សុខភាព សម្រាប់​ខ្លួន​គេ មិត្តភក្តិ​របស់​គេ និង​អនាគតខ្លួន​ឯង​)​

យុទ្ធនាការ​ “ពីរ​នាក់​បាន​ហើយ​” ប្រើប្រាស់​វេទិកាប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ មាន​ដូចជាវែបសាយ និង​ហ្វេសប៊ុក ដើម្បី​បាន​ទៅដល់​ក្រុម​គោលដៅ។ មាតិកា​ពហុប្រព័ន្ធផ្សព្វផ្សាយ​ដែល​ផ្តល់​ការ​ទំនាក់​ទំនង​ទៅវិញទៅមក មានដូចជា​កម្រងសំនួរ អត្ថបទ ផុសជាសំនួរ ផុស​ជាក្រាហ្វិក ផុស​ជា​ចម្លើយ​ និង​វីដេអូ ត្រូវបាន​រៀបចំ​ឡើង និង​ប្រើ​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​អំពី​សុខភាព​ផ្លូវភេទ​និង​បន្តពូជ ព្រមទាំង​មធ្យោបាយ​ពន្យាកំណើត​ក្នុង​ចំណោម​យុវជន ​បង្កើន​ការ​ចូលរួម និង​លើក​ទឹកចិត្ត​ឲ្យ​ធ្វើសកម្មភាព ពីសំណាក់​ក្រុម​គោលដៅ។

ដើម្បីលើក​កម្ពស់​ការ​យល់​ដឹង មាតិកា​ជា​ពហុប្រព័ន្ធ​ផ្សព្វផ្សាយ រួមមាន​ផុស និង​វីដេអូ​ខ្លីៗ ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​ការ​យល់​ដឹង​លើ​សារ​សំខាន់​ៗ ​នៃ​យុទ្ធនាការ​នេះ។ ដើម្បី​ជា​ការ​ចូលរួម​របស់​យុវជន ផុស វីដេអូ និង​ឆេតប៊ត់ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ពិភាក្សា​ និង​សួរ​សំនួរ​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​ភេទ និង​សុខភាព​បន្ត​ពូជ ព្រមទាំង​មធ្យោបាយ​ពន្យារ​កំណើត​។ លើស​ពី​នេះ​ទៅទៀត អ្នក​ដែល​បាន​ចូលរួម​ពិភាក្សា​តាម​រយៈ​អ៊ីន​ធើនែត ត្រូវបាន​លើក​ទឹកចិត្ត ឲ្យ​ចែករំលែក និង​គាំទ្រ​ទំព័រ​ហ្វេសប៊ុក​ និង​មាតិការបស់​យុទ្ធនាការនេះ​។ ដើម្បី​ជំរុញ​សកម្មភាព យុទ្ធនាការក៏ផ្តល់​ព័ត៌មាន​ដែល​ត្រឹមត្រូវ​និង​ទុកចិត្ត​បាន ពី​អ្នក​ជំនាញ និង​ការ​បញ្ជូន​ទៅកាន់​សេវា​សម្រាប់​យុវជន​ផងដែរ។​

តើអ្នកកំពុងរង់ចាំចម្លើយរបស់អ្នកដែលបានសួរកាលពីលើកមុនមែនដែរឬទេ? ប្រសិនបើមែន នេះជាចម្លើយរបស់អ្នក។…

Posted by ដុះស្លាប Dosslarb on Sunday, October 30, 2022

មាតិកា​នៃ​យុទ្ធនាការ​ត្រូវបាន​រចនា​ឡើង​ ទៅតាម​ប្រធានបទ៣ ដើម្បី​ធានា​ថា​មាតិកា​ទាំង​នេះ​ស្រប​ទៅតាម​គោលបំណង​នៃ​យុទ្ធនាការ ស្របទៅតាម​ស្ថានភាព​ទូទៅ និង​ផ្តល់​នូវ​ព័ត៌មាន​ដែល​យុវជន​កំពុង​ស្វែងរក:

“ការ​ពន្យារ​កំណើត” អប់រំ និង​ផ្តល់​សិទ្ធិអំណាច​ដល់​យុវជន តាម​រយៈ​មាតិកា​ដែលស្របទៅ​តាម​ការ​ពិត។ ការ​ឆ្លើយ​សំណួរដែល​យុវជន​ចង់​ដឹង និង​ប្រាប់​ពួកគេ​អំពីប្រធានបទ​ដែល​ពួកគេ​អាច​នឹង​មិនដឹង​សួរ​ថា​ម៉េច។ ប្រធានបទ​រួមមាន​ទិដ្ឋភាព​ទូទៅ​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវ​ភេទ ជម្រើស​នៃ​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប និង​ការ​បកស្រាយ​អំពី​ព័ត៌មាន​មិនពិត។

“អនាគត” លើក​ទឹកចិត្តយុវជន​ឲ្យ​ស្វែងរក​ចំណេះដឹង​ ជុំវិញ​ជម្រើស​របស់​ពួកគេ និង​រំលឹក​ពួកគេ​ថា​ពួកគេ​ជា​អ្នក​គ្រប់គ្រង​អនាគត​របស់​ពួកគេ។ ប្រធានបទ​រួមមាន​គោលដៅ​ជីវិត ទំនាក់​ទំនង​ និង​គ្រួសារ ព្រមទាំងមុខរបរ។

“ការ​ផ្សារភ្ជាប់​និង​សេវា​សុខភាព” ផ្តល់​ដល់​យុវជននូវ​អ្នក​ផ្តល់​សេវា​សុខភាព​ដែល​ទុកចិត្ត​បាន​ ដែល​អាច​ផ្តល់សេវា​ដែល​គេត្រូវការ​។ ប្រធានបទនេះ រួម​មាន​សេវា​សម្រាប់​យុវជន និង​អ្នក​ផ្តល់​សេវា​សុខភាព​តាម​ប្រព័ន្ធ​អ៊ីនធើនែត។

មាតិកា​ទាំងអស់​ត្រូវ​បាន​បង្កើត​ឡើង​ជា​បី​ផ្នែក​គឺ (១) ចម្ងល់ ដែលរួម​មានប្រធាន​បទ​ស្តីពី “រាងកាយ​របស់​ខ្ញុំ” “ការ​យល់​ឃើញ​របស់​អ្នកនៅជុំវិញ​ខ្លួន” និង​​ “ជម្រើស​របស់​ខ្ញុំ”។ (២) ការ​ចែក​រំលែក​ទំនួល​ខុស​ត្រូវ ដែល​រួម​មាន​ប្រធានបទស្តីពី “តួនាទី​យែនឌ័រ​ទៅលើ​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប និង​ការ​មាន​ផ្ទៃពោះ” “ការ​ចាប់​ផ្តើម​នៃ​ការសន្ទនា” និង​ “អ្នក​ផ្តល់​សេវា​សុខភាព”។ (៣) គោលដៅ​របស់​ខ្ញុំ ដែល​មាន​ប្រធានបទ​ដូចជា “សារសំខាន់​នៃ​ការ​ធ្វើផែនការ” “របៀបនៃការ​រៀបចំគោលដៅ” និង​ “ការ​ចាប់ផ្តើម​គ្រួសារ”។

ក្រៅពីនេះ វគ្គ​សំនួរ​និង​ចម្លើយ គឺ​ចំនុច​ចំបង​នៃ​យុទ្ធនាការ​នេះ ដោយ​មាន​ការ​ចូលរួម​ពី​យុវជន​ក្នុង​ការ​កសាង​ចំណេះដឹង​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​សំនួរ​ដែល​មាន​នៅ​ក្នុង​ជីវិត​ពិត​។ សំនួរ​ទាំង​នេះ​ត្រូវបាន​ប្រមូល​តាម​រយៈ​វែបសាយ ហ្វេសប៊ុក និង​ Messenger ។ ចម្លើយ​ដែល​ត្រឹមត្រូវ​និង​អាច​ជឿជាក់​បាន​ ត្រូវបាន​ផ្តល់​ដោយ​អ្នក​ជំនាញ​ និង​ផ្សព្វផ្សាយ​ ជា​ទម្រង់​ពហុប្រព័ន្ធ​ផ្សព្វផ្សាយ។

ការតាមដាន វាយតម្លៃ និងសិក្សា

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។