ផ្សារភ្ជាប់ចំណេះដឹងផ្នែកយេនឌ័រ ទៅកម្មវិធីលើកកម្ពស់សុខភាព

លោកស្រី រ៉ាយ រ៉ានី ស្តាប់យ៉ាងយកចិត្តទុកដាក់ នៅពេលដែលអ្នកសម្របសម្រួល ដឹកនាំការពិភាក្សាអំពីតួនាទីនៃយេនឌ័រ ដែលវគ្គបណ្តុះបណ្តាលនេះធ្វើឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ “ការដាក់បញ្ចូលយេនឌ័រក្នុងការបង្កើតគម្រោងសុខភាព” ។ បន្ទាប់ពីមានការពិភាក្សាររួច សិក្ខាកាមក៏បានចូលរួមធ្វើលំហាត់ផងដែរ ទាក់ទងនឹងការគូររូបដើមឈើដែលបង្ហាញអំពីការសម្រេចចិត្តរបស់បុរស និងស្ត្រី ទាក់ទងនឹងកិច្ចការទូទៅនៅក្នុងផ្ទះ។

លោកស្រី រ៉ានី គឺ​ជា​បុគ្គល​យ៉ាង​សំខាន់​ម្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​សុខភាព​ (NCHP) នៃ​ក្រសួង​សុខាភិបាល​។ លោកស្រី​បាន​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ជាង​១៨​ឆ្នាំ​មក​ហើយ ដោយ​លោកស្រី​ទទួល​បន្ទុក​ផ្នែក​ថ្នាំជក់ ឬ​សុខភាព និង​គ្រឿង​ស្រវឹង​។ លោកស្រី​ដឹកនាំ​ក្រុម​ការងារ​ទៅ​លើ​កិច្ចការ​ជា​ច្រើន​ដូចជា ការងារ​អប់រំ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់ និង​គ្រឿង​ស្រវឹង ជំរុញការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់ ការ​ត្រួត​ពិនិត្យ​លើ​ការ​អនុវត្ត​វិធានការ​ការបោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំ​ជក់ វិធានការ​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​ផ្សព្វផ្សាយ​លក់ និង​ការ​ឧបត្ថម្ភ​កម្មវិធី​ដោយ​ឧស្សាហកម្ម​ថ្នាំ​ជក់ វិធានការ​ហាម​ជក់ ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើការ ឬ​កន្លែង​សាធារណៈ និង​គ្រឿង​ស្រវឹង​ជា​ដើម​។

ការពិភាក្សា​នៅ​ក្នុងវគ្គបណ្តុះបណ្តាល​ស្តីពីយែនឌ័រ

វគ្គ​បណ្តុះបណ្តាល​នេះ បាន​ផ្តល់​ជូន​លោកស្រី និង​សហការី​របស់​លោកស្រី​១៧​នាក់​ទៀត នូវ​ឱកាស​ក្នុង​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ទាក់ទង​នឹង​ប្រធានបទ​ផ្សេង​ៗ​អំពី​យេនឌ័រ រួម​មាន​វិធីសាស្ត្រ​សម្រាប់​សមភាព​យេនឌ័រ ការ​វិភាគ​យេនឌ័រ និង​ការ​ដាក់​បញ្ចូល​យេនឌ័រ​ទៅ​ក្នុង​ផែនការ​របស់​គម្រោង​សុខភាព​ជា​ដើម ដែល​ប្រធានបទ​ទាំងអស់​នេះ បាន​ជួយ​ដល់​លោកស្រី​នូវ​ការ​គិត​ជា​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​កម្មវិធី​សុខភាព និង​ធ្វើ​ឲ្យ​សកម្មភាព​គម្រោង​បាន​ទៅ​ដល់​ប្រជាជន​គោលដៅ​។

ក្នុងនាមជាបុគ្គលិក NCHP លោកស្រី មានឱកាសធ្វើការជាមួយបុគ្គលិកដែលគោរពបុរស និងស្ត្រីស្មើគ្នា។ លោកស្រីបានប្រាប់ឲ្យដឹងថា “នៅក្នុងកន្លែងធ្វើការរបស់ខ្ញុំ ស្ត្រី និងបុរសទទួលបានសិទ្ធិ និងការការពារស្មើគ្នា។”

ការយល់ដឹងនូវបទដ្ឋានយេនឌ័រ និងសង្គមដែលនាំឲ្យមានឥទ្ធិពលដល់ជីវិត និងឱកាសរបស់ក្រុម យេនឌ័រនិមួយៗពិតជាមានសារៈសំខាន់ណាស់។ ដូច្នេះហើយ លោកស្រីមានបំណងប្រើប្រាស់ចំណេះដឹងដែលលោកស្រីទទួលបាន ដើម្បីជួយដល់អ្នកដទៃ ជាពិសេសប្រជាជននៅក្នុងសហគមន៍ ឲ្យទទួលបានព័ត៌មានស្តីពី សុខភាព ដោយមិនគិតថាគេជាយេនឌ័រណាទេ។

ការងាររបស់លោកស្រីតម្រូវឲ្យលោកស្រីគិតបែបយុទ្ធសាស្ត្រ និងចូលរួមដល់ការបង្កើតគោលនយោបាយ និងផែនការជាតិ រួមទាំងរៀបចំយុទ្ធនាការផ្សេងៗ រួមមានការធ្វើវីដេអូផ្សព្វផ្សាយ និងបង្កើតសម្ភារអប់រំ អំពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងគ្រឿងស្រវឹង។ ការគិតគូរអំពីយេនឌ័រទៅក្នុងយុទ្ធនាការទាំងនេះ ពិតជាមានសារៈសំខាន់ក្នុងការធ្វើឲ្យយុទ្ធនាការសុខភាពទទួលបានជោគជ័យ។

ពិធីពិភពលោកគ្មានថ្នាំជក់ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព

លោកស្រីបាននិយាយថា “ខ្ញុំបានបញ្ចូលការគិតគូរអំពីយេនឌ័រទៅក្នុងកិច្ចការរបស់ខ្ញុំ។ ខ្ញុំមានមោទនភាពនឹងការងារខ្ញុំណាស់ ព្រោះខ្ញុំចូលចិត្តធ្វើការលើការអប់រំ និងលើកកម្ពស់សុខភាព។ ឧទាហរណ៍ សម្រាប់យុទ្ធនាការស្តីពីថ្នាំជក់របស់យើង យើងមានការចូលរួមពីសំណាក់ក្រុមគោលដៅទាំងបុរសនិងស្ត្រី” ។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលអំពីយេនឌ័រនេះ ដែលរៀបចំឡើងដោយគម្រោង “លើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB)” ដែលជាគម្រោងដែលទទួលការឧបត្ថម្ភថវិកាដោយ USAID លោកស្រីរ៉ានី បាននិយាយបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះបានជួយដល់លោកស្រី និងក្រុមការងារបានរៀនសូត្រ និងស្វែងយល់កាន់តែច្បាស់អំពីបញ្ហាយេនឌ័រ ហើយប្រធានបទខ្លះដែលបានពិភាក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះ អាចយកទៅគិតគូរទាំងនៅក្នុងសង្គម និងគ្រួសារ។ វគ្គបណ្តុះបណ្តាលនេះ គឺជា​កិច្ចខិតខំប្រឹងប្រែងរបស់គម្រោង PHB ក្នុងការរួមបញ្ចូលយេនឌ័រទៅ​ក្នុង​កម្មវិធីសុខភាពរបស់ខ្លួន ដោយ​បង្កើន​សមត្ថភាព និង​លើកកម្ពស់ការយល់ដឹងអំពី​យេនឌ័រ ដល់អ្នកដឹកនាំ​ផ្នែកសុខភាព បុគ្គលិកគម្រោង ព្រមទាំងដៃគូអនុវត្តគម្រោងផងដែរ​។ គម្រោង PHB ធ្វើការជាមួយអ្នកដឹកនាំផ្នែកសុខភាពដូចជាលោកស្រីរ៉ារី ដើម្បីបង្កើនចំណេះដឹងផ្នែកយេនឌ័រ ភាពជាអ្នកដឹកនាំ និង​ការស្វែងរកការគាំទ្រ ព្រមទាំងលើកទឹកចិត្តពួកគាត់ក្នុងការ​ធ្វើជាអ្នកដឹកនាំគំរូ និងដើម្បីបង្កើតលទ្ធផល​ការងារ​ដ៏វិជ្ជមាននៅក្នុង​ស្ថាប័នរបស់ពួកគាត់។

“មនុស្សទាំងអស់កើតមកគឺមានសេរីភាពនិងមានសិទ្ធិព្រមទាំងកិត្តិយសស្មើគ្នា។” លោកស្រីបានបន្ថែមទៀតថា “ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ ដែលខ្ញុំកំពុងប្រើ ឬនឹងប្រើនៅក្នុងការងាររបស់ខ្ញុំ និងជួយឲ្យក្រុមការងាររបស់ខ្ញុំសម្រេចបាននូវគោលដៅសមភាពយេនឌ័ររបស់យើង”។

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។