យុទ្ធនាការចំណងស្នេហ៍ និងអង្គរក្ស​បេះដូង

សកម្មភាពផ្នែកផ្លាស់ប្តូរឥរិយាបថ ដើម្បីបង្កើនការប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើប នៅកម្ពុជា

ការ​ប្រើ​ប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប (MM) មានសារៈសំខាន់​ណាស់​ ក្នុង​ការ​ជួយ​ក្រុម​គ្រួសារ​និង​ស្ត្រី ឲ្យ​មាន​សុខភាព​ល្អ​ និង​អាច​ឲ្យ​គាត់​រក្សា​ការ​គ្រប់គ្រង​ទៅ​ជម្រើស​ជីវិត និង​ជីវភាព​រស់នៅ​របស់​គាត់។ នៅ​កម្ពុជា មាន​ការ​ប្រឹងប្រែង​ក្នុង​ការ​បង្កើន​ការ​ប្រើប្រាស់​ MMs (ពី​៣៩% ក្នុង​ឆ្នាំ​២០១៤ ដល់​៥២% ក្នុង​ឆ្នាំ​២០១៧)។ ទោះជា​យ៉ាង​ណា​ក៏ដោយ ខេត្ត​មួយ​ចំនួន​មាន​ភាគរយ​ទាប​នៅ​ឡើយ ហើយ​នៅ​មាន​ការងារ​ដែល​ត្រូវ​ធ្វើ​ ដើម្បី​ប្រាកដ​ថា​ប្រជាជន​កម្ពុជាគ្រប់​រូប​អាច​បំពេញ​តម្រូវការ​របស់​ខ្លួន​ផ្នែក​ពន្យារ​កំណើត។

គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខមាលភាព (PHB) ដែលឧបត្ថម្ភថវិការដោយទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ធ្វើយុទ្ធនាការផ្លាស់ប្តូរ ឥរិយាបថ ដោយសហការជាមួយអង្គការដៃគូនៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនចំណេះ​ដឹងអំពី MMs ផ្លាស់ប្តូរការយល់ឃើញជុំវិញ MM និងជំរុញឲ្យមានការកើនឡើងការប្រើប្រាស់ MMs ក្នុងការពន្យារកំណើត ។ យុទ្ធនាការនេះមានឈ្មោះថា “ចំណងស្នេហ៍” និង “អង្គរក្សបេះដូង” និងមានគោលបំណង៖ ១) បំបាត់ការ​យល់​ខុស​អំពី​ការ​ពន្យារ​កំណើត​បែប​ទំនើប ២) ឲ្យគូស្វាមីភរិយាចាប់ផ្តើមពិភាក្សាអំពីការពន្យារកំណើតបែបទំនើប (MM-FP) ព្រមទាំងធ្វើការសំរេចចិត្តជាមួយគ្នា និង ៣)ដើម្បីអោយបុរសចាប់ផ្តើមពិភាក្សាជាមួយភរិយារបស់ពួកគេអំពីការពន្យារកំណើតបែបទំនើប។

សារសំខាន់ៗ

  • MM គឺអាចជឿទុកចិត្តជាង TM
  • MM មានសុវត្ថិភាព
  • មានជម្រើសជាច្រើនសម្រាប់ MM ដែលជម្រើសនីមួយ​ៗ​មានអត្ថប្រយោជន៍រៀងៗខ្លួន
  • ការពន្យារកំណើតគឺជាផ្នែកសំខាន់មួយនៃភាពជាគូ ហើយវាអាចជាភាពសប្បាយរីករាយ!
  • ពិភាក្សាជាមួយដៃគូរបស់អ្នក និងអ្នកផ្តល់សេវា សុខភាពអំពី MMs

ក្រុមគោលដៅ

  • គូស្វាមីភរិយាដែលមិនប្រើមធ្យោបាយពន្យារកំណើត ឬអ្នកដែលប្រើមធ្យោបាយពន្យារកំណើតបុរាណ (TM)
  • បុរសដែលមិនប្រើមធ្យោបាយពន្យារកំណើត ឬអ្នកដែលប្រើ TM
  • ស្ត្រីក្រោយពេលសម្រាលកូន (អ្នកប្រើប្រាស់ TM ឬ MMs ដែលបានសម្រាលកូនក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយ)

គោលបំណងឥរិយាបថ

  • បង្កើនចំណេះដឹងអំពី MMs និងជម្រើសផ្សេងៗ ដែលអាចរកបាន
  • ផ្តល់ព័ត៌មានត្រឹមត្រូវអំពី MMs រយៈពេលនៃការការពារ ផលប៉ះពាល់ និងភាពខុសគ្នារវាងមធ្យោបាយនីមួយៗ
  • នាំឱ្យមានការពិភាក្សាបើកចំហរវាងដៃគូ អំពីមធ្យោបាយមួយណាដែលសមស្របបំផុត
  • ជំរុញគូស្វាមីភរិយា និងបុរស ឱ្យពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាដែលបានបណ្តុះបណ្តាល ឬទៅមណ្ឌលសុខភាព បើចាំបាច់
  • ជំរុញអ្នកមិនប្រើប្រាស់មធ្យោបាយពន្យារកំណើត ឬអ្នកប្រើប្រាស់ TM អោយប្តូរទៅប្រើ MMs វិញ

យុទ្ធសាស្ត្រ និងសម្ភារៈអប់រំ

វគ្គក្រុមគូស្នេហ៍

គូស្វាមីភរិយាជាធម្មតាធ្វើការសម្រេចចិត្តជាមួយគ្នា ប៉ុន្តែអាចមានការលំបាក ក្នុងការពិភាក្សាគ្នាអំពីការពន្យារកំណើត។ វគ្គគូស្នេហ៍នេះ បង្កើតឱកាសសម្រាប់គូស្វាមីភរិយាសន្ទនាគ្នាជុំវិញការពន្យារកំណើត។ ដោយការប្រើប្រាស់ទំរង់ “ការណាត់ជួបគ្នា” គូស្វាមីភរិយា៤-៥គូ ក្នុងពេលតែមួយ នឹងត្រូវបានអញ្ជើញអោយចូលរួមកម្មវិធីពេលល្ងាចជាមួយភ្នាក់ងារអប់រំសុខភាព ដែលនឹងសម្របសម្រួលការពិភាក្សា អំពីការពន្យារកំណើត ដោយធ្វើយ៉ាងណា បង្ហាញថានេះជាផ្នែកសំខាន់មួយនៃទំនាក់ទំនងជិតស្និទ្ធ។ គូស្វាមីភរិយានឹងចូលរួមឆ្លើយសំនួរដែលបង្កបរិយាកាសរីករាយនិងគួរអោយចាប់អារម្មណ៍ ក្នុងខណៈពេលកំពុងរៀនអំពី MMs និងស្វែងយល់ការពិតអំពីពាក្យចចាមអារ៉ាម។

ប័ណ្ណអញ្ជើញ៖ ប្រគល់អោយដោយមេភូមិ ដើម្បីអញ្ជើញគូស្វាមីភរិយាចូលរួមក្នុងវគ្គក្រុមគូស្នេហ៍។ ប័ណ្ណនេះនឹងទាក់ទាញនិងជម្រុញឱ្យគូស្វាមីភរិយាចូលរួម ជាមួយស្វាមីភរិយាដទៃទៀតនៅក្នុងភូមិ។

វីដេអូ៖ បង្ហាញពីពាក្យចចាមអារ៉ាមទាក់ទង ដែលអាចជាឧបសគ្គក្នុងការប្រើប្រាស់ការពន្យារកំណើត។ វីដេអូនេះជួយភ្នាក់ងារអប់រំសុខភាព ដឹកនាំការពិភាក្សា និងផ្តល់ឱកាសអ្នកចូលរួមលើកឡើងអំពីជំនឿផ្សេងទៀតដែលពួកគេបានឮពីមុន។

កាតណាត់ជួប៖ ប្រើដើម្បីរំលឹកគូស្វាមីភរិយាអំពីបទពិសោធន៍ស្នេហារបស់ពួកគេ។ ភ្នាក់ងារអប់រំសុខភាពនឹងឱ្យគូស្វាមីភរិយានីមួយៗរើសយកកាតណាមួយ ហើយអាននិងឆ្លើយសំនួរ អោយលឺ ដើម្បីអោយអ្នកចូលរួមផ្សេងទៀតស្តាប់ដែរ។

ល្បែងពិត/មិនពិត៖ ល្បែងនេះ គឺដើម្បីបំបាត់ចោលនូវជំនឿមិនពិតនៅតាមសហគមន៍អំពី MMs ។ ភ្នាក់ងារអប់រំអានប្រយោគអំពី MMs បន្ទាប់មកគូស្វាមីភរិយាពិភាក្សាគ្នាអំពីប្រយោគនេះ ហើយនៅពេលដែលពួកគេបានព្រមព្រៀងគ្នារួចហើយ ពួកគេលើកផ្លិតដើម្បីបង្ហាញថាតើពួកគេគិតថាការពិតឬមិនពិត។ ភ្នាក់ងារអប់រំកត់សំគាល់ចំនួនគូស្នេហ៍ដែលឆ្លើយត្រឹមត្រូវ។ បន្ទាប់មកទៀត ភ្នាក់ងារអប់រំបង្ហាញចម្លើយ និងផ្តល់ព័ត៌មានត្រឹមត្រូវ។

សៀវភៅចំណងស្នេហ៍៖ ផ្តល់ជូនគូស្វាមីភរិយាក្នុងអំឡុងវគ្គនេះ និងយកទៅជាមួយដើម្បីអានបន្ថែមនៅផ្ទះ។ សៀវភៅនេះមានព័ត៌មានអំពី MMs កម្រងសំណួរចម្លើយ និងពាក្យចចាមអារ៉ាម ព្រមទាំងព័ត៌មានទំនាក់ទំនងដែលអាចឱ្យគាត់ទួលបានព័ត៌មានបន្ថែម។

គំរូផលិតផលពិត៖ គូស្វាមីភរិយាអាចមើលឃើញនិងយល់អំពីផលិតផលជាក់ស្តែង ជាពិសេសកងដាក់ក្នុងស្បូន និងកងដាក់ក្រោមស្បែក។ ទាំងនេះជួយកាត់បន្ថយការភ័យខ្លាចនិងការយល់ខុស។

ការចូលរួមរបស់មណ្ឌលសុខភាព

ភ្នាក់ងារអប់រំក៏ទទួលខុសត្រូវផងដែរក្នុងការចែកស្រោមប័ណ្ណសុខភាពកុមារ ដល់មណ្ឌលសុខភាពក្នុងតំបន់របស់ពួកគេ ដែលប័ណ្ណនោះនឹងត្រូវចែកចាយបន្តដោយមណ្ឌលសុខភាព ដល់ស្ត្រីក្រោយសម្រាល។ បន្ថែមលើលេខទូរស័ព្ទ hotline លេខទួរស័ព្ទរបស់ភ្នាក់ងារអប់រំក៏ត្រូវបានសរសេរនៅលើស្រោមប័ណ្ណសុខភាពកុមារផងដែរ ដើម្បីផ្តល់ដល់ស្ត្រីក្រោយសម្រាល នូវវិធីដែលពួកគេអាចទាក់ទង នៅពេលដែលគាត់មានចំងល់អំពី MM ។ ភ្នាក់ងារអប់រំ នឹងទាក់ទងទៅមណ្ឌលសុខភាពវិញ ដើម្បីដឹងថាតើស្រោមប័ណ្ណសុខភាពកុមារចំនួនប៉ុន្មានដែលបានចែកចាយ និងតាមដានចំនួននៃការទូរស័ព្ទចូលទៅកាន់ភ្នាក់ងារអប់រំ តាមរយៈស្រោមប័ណ្ណសុខភាពកុមារនេះ។

ស្រោមប័ណ្ណសុខភាពកុមារ៖ រំលឹកដល់ស្ត្រីថាគាត់អាចមានផ្ទៃពោះវិញ ក្នុងរយៈពេល ៤-៦ សប្តាហ៍ ក្រោយការសម្រាលកូន និងលើកទឹកចិត្តដល់ប្រើមធ្យោបាយពន្យារកំណើត។ ភ្នាក់ងារអប់រំចែកស្រោមប័ណ្ណសុខភាពកុមារ ទៅមណ្ឌលសុខភាព ហើយមណ្ឌលសុខភាពចែកបន្តទៅឱ្យស្ត្រីក្រោយសម្រាលកូន នៅពេលដែលគាត់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។ ស្ត្រី ឬសមាជិកគ្រួសាររបស់គាត់អាចទូរស័ព្ទទៅភ្នាក់ងារអប់រំ តាមរយៈលេខទូរស័ព្ទនៅលើស្រោមប័ណ្ណសុខភាពកុមារ នៅពេលដែលគាត់មានសំណួរ ឬស្នើសុំអោយជួយ ទាក់ទងនឹងការពន្យារកំណើតបែបទំនើប។

វគ្គក្រុមបុរស

បុរសជាកត្តាជំរុញសំខាន់នៃការសម្រេចចិត្តគ្រួសារទាក់ទងនឹងការពន្យារកំណើត ។ បុរសជារឿយៗបើកចំហរក្នុងការនិយាយអំពីការពន្យារកំណើតជាមួយបុរសដទៃទៀត។ ដូច្នេះវគ្គសម្រាប់ក្រុមបុរសត្រូវបានបង្កើតឡើង ដោយមានភ្នាក់ងារអប់រំ ជាបុរស។ ក្នុងវគ្គនេះ បុរសនឹងចែករំលែកបទពិសោធន៍របស់ពួកគេអំពីមធ្យោបាយពន្យារកំណើត ត្រូវបានណែនាំអោយស្គាល់ជំរើស MMs ច្រានចោលនូវជំនឿមិនពិត និងពិភាក្សាអំពីក្តីបារម្ភនានាដែលពួកគេអាចនឹងមានអំពី MMs។ នៅចុងបញ្ចប់ វគ្គនេះនឹងព្យាយាមឱ្យបុរសព្រមព្រៀងទៅពិភាក្សាគ្នាអំពីជម្រើសនៃការពន្យារកំណើត ជាមួយដៃគូរបស់ពួកគេ។

ល្បែងអ្នកចាំទី៖ ល្បែងនេះគឺចង់ប្រៀបធៀបទៅនឹងការប្រើ TM ហើយអ្នកចាំទី ប្រៀបបានទៅនឹងការប្រើប្រាស់ MMs ដែរ ។ ល្បែងនេះព្យាយាមពន្យល់ដល់បុរសថា មធ្យោបាយពន្យារកំណើតបែបបុរាណមិនមានប្រសិទ្ធិភាព ក្នុងការការពារការមានផ្ទៃពោះដែលមិនបានគ្រោងទុក ដូចជាការប្រើ MMs ទេ។

សម្ភារៈដែលអាចយកទៅបាន៖ អ្នកចូលរួមត្រូវបានផ្តល់ជូននូវសម្ភារៈផ្សេងៗ រួមមានបន្តោងសោរផងដែរ ដែលមានព័ត៌មានលំអិតអំពីការពន្យារកំណើតបែបទំនើប និងសំនួរចម្លើយផ្សេងៗ។ សម្ភារៈទាំងមានសារជំរុញអោយពួកគាត់ជជែកជាមួយដៃគូ អំពីមធ្យោបាយពន្យារកំណើតបែបទំនើបមួយណា ដែលសមស្របសម្រាប់គ្រួសាររបស់គាត់ ហើយសម្ភារៈទាំងនេះដើរតួនាទីជាវត្ថុរំលឹកដល់ពួកគាត់អំពីការពន្យារកំណើតទំនើប។

ការចុះជួបដល់ផ្ទះ

ភ្នាក់ងារអប់រំនឹងចុះជួបដល់ផ្ទះរបស់អ្នកដែលបានចូលរួមវគ្គ។ ការចុះជួបនេះ ជាឱកាសក្នុងការធ្វើការពិភាក្សាជាលក្ខណៈបុគ្គល អំពីក្តីបារម្ភ ឬសំណួរណាមួយ ដែលអ្នកចូលរួមអាចមានអំពី MMs ។ ភ្នាក់ងារអប់រំ អាចប្រើសមា្ភរៈអប់រំម្តងទៀត ហើយណែនាំគូស្វាមីភរិយា ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិត ដើម្បីទទួលបានជម្រើសនៃការពន្យារកំណើត។

ល្បែងទស្សទាយការមានកូន៖ ល្បែងនេះត្រូវបានប្រើនៅពេលអ្នកអប់រំ ធ្វើការចុះជួបនៅតាមផ្ទះ។ ល្បែងនេះបង្ហាញពីហានិភ័យខ្ពស់របស់ TM និងជួយបង្កើនចំណាប់អារម្មណ៍លើ MMs។ ភ្នាក់ងារអប់រំបង្ហាញពួកគេពីរបៀបលេង ហើយបន្ទាប់មកពួកគាត់អាចលេងល្បែងនេះជាមួយប្តីប្រពន្ធ ឬមិត្តភក្តិរបស់ពួកគេ។

ការតាមដាន វាយតម្លៃ និងសិក្សា

គម្រោង PHB ធ្វើការតាមដានការធ្វើអន្តរាគមន៍នេះ និងសកម្មភាពផ្លាស់ប្តូរឥរិយាបថដទៃទៀតរបស់គម្រោង ដោយប្រមូលទិន្នន័យសកម្មភាព ក្រុមគោលដៅ និងសម្ភារៈដែលបានចែកចាយ ព្រមទាំងព័ត៌មានអំពីចំណេះដឹង និងឥរិយាបថ របស់អតា្ថគាហក មុននិងក្រោយបានទំនាក់ទំនងជាមួយសកម្មភាពរបស់គម្រោង។ លទ្ធផលនិងមេរៀនដែលទទួលបាន នឹងយកទៅប្រើដើម្បីអនុវត្តគម្រោងបន្ត និងធ្វើអោយកាន់តែមានភាពប្រសើរឡើង នូវសកម្មភាពផ្លាស់ប្តូឥរិយាបថរបស់គម្រោង ព្រមទាំងចែកចាយជាប្រចាំ ទៅសហគមន៍នៃអ្នកធ្វើការផ្នែកផ្លាស់ប្តូរឥរិយាបថ។

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។