មធ្យោបាយ​ពន្យារកំណើត​ទំនើប ការពារ​ការ​មាន​ផ្ទៃពោះ​ដែលមិន​បាន​គ្រោងទុក និង​ផ្តល់​គុណភាព​នៃ​ជីវិត​ដល់​គ្រួសារ​ជនបទ ក្នុង​ប្រទេស​កម្ពុជា

ការ​ពន្យារ​កំណើត​ដោយ​ប្រើ​មធ្យោបាយ​បែបទំនើប (MM) មាន​សារសំខាន់​ ក្នុង​ការ​ការពារ​ការ​មាន​ផ្ទៃ​ពោះ​ដែល​មិន​បាន​គ្រោង​ទុក ដែល​ធ្វើ​ឲ្យ​ដៃគូ ឬប្តីប្រពន្ធ​អាចគ្រប់គ្រង​ជម្រើស​ជីវិត​បាន​ប្រសើរ​ជាងមុន និង​ផ្តល់​ការ​ថែទាំល្អ​ដល់​កូនៗ និង​គ្រួសារ​របស់​គេ ដោយ​ជៀសវាង​ឧបសគ្គផ្នែក​ហិរញ្ញវត្ថុ។ ការ​ពន្យារ​កំណើត​ក៏​អាច​ជួយ​ដល់​សុខភាព​របស់​ម្តាយ និង​កូន​តូចៗ​របស់​គាត់ ព្រមទាំង​រក្សា​គុណភាព​នៃជីវិត​បាន​ល្អ​។ នៅ​ក្នុង​តំបន់ជនបទ​នៃ​ប្រទេស​កម្ពុជា ប្រជាជន​អាច​មានឧបសគ្គ​ក្នុងការ​ទទួល​បានព័ត៌មាន​ និង​ការ​ទទួល​បាន​មធ្យោបាយការ​ពន្យារ​កំណើត​បែប​ទំនើប ដោយសារ​សេវា​សុខភាពខ្លះនៅមូលដ្ឋានសុខាភិបាលនៅ​មាន​កំរិត និង​ចំងាយ​ឆ្ងាយ​ក្នុង​ការ​ធ្វើដំណើរ​ទៅ​មូលដ្ឋាន​សុខាភិបាល​ទាំង​នោះ។

ប្រភពព័ត៌មាន​ដែល​ប្រជាជន​ក្នុង​សហគមន៍​តែងទទួល​បាន​គឺដោយ​ការ​និយាយ​តៗ​គ្នា ក្នុង​ចំណោម​មិត្តភក្តិ និង​គ្រួសារ​ ហើយ​ជាញឹកញាប់​ព័ត៌មាន​ទាំង​នោះគឺ​មិនបាន​ពេញលេញ មិនត្រឹម​ត្រូវ និង​អាច​បណ្តាល​ឲ្យ​មាន​ការ​យល់​ខុស​ ព្រម​ទាំង​ការ​មិន​ជឿទុកចិត្ត​ចំពោះ​ការ​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​។ ឧទាហរណ៍ ជាធម្មតា​គេ​គិត​ថា​ ការ​ពន្យារ​កំណើត​ទំនើប​មិនមាន​ប្រសិទ្ធិភាព អាច​បង្ក​ជា​ហានិភ័យ​ដល់​ស្ត្រី និង​ធ្វើ​ឲ្យ​ស្ត្រី​មាន​ការ​ពិបាកក្នុងការ​មាន​កូន ​ទៅ​ថ្ងៃអនាគត​។ លើស​ពីនេះ​ទៅទៀត វា​អាច​ជា​ការ​ប្រឈម​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ពិភាក្សា​អំពី​មធ្យោបាយ​ពន្យារ​កំណើត​ ដោយសារ​តែ​វា​ជា​ប្រធានបទ​រសើប ដែល​ទាក់​ទង​នឹង​ការ​រួម​ភេទ។ ដោយហេតុ​នេះ​ហើយ ប្រជាជន​កម្ពុជា​ជាច្រើន មាន​ការ​ស្ទាក់ស្ទើរ ក្នុងការ​ទទួល​យក​មធ្យោបាយ​ពន្យារកំណើត​ទំនើប ជាពិសេស​នៅ​តំបន់​ជនបទ ដែល​អាចនាំឲ្យ​ការ​មាន​ផ្ទៃពោះដោយ​មិន​បាន​គ្រោង​ទុក និង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​។

“យើង​បាន​គិត​អំពី​ការ​ពន្យារ​កំណើត​បន្ទាប់​ពី​មាន​កូន​ដំបូង និង​ធ្វើ​ផែនការ​ដើម្បី​ឲ្យ​ជីវិត​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​ ដូចច្នេះ​យើង​ក៏​សម្រេច​ចិត្ត​ប្រើស្រោម​អនាម័យ​។ ពួកយើង​នឹង​រង់ចាំ​ដល់​ ពេល​វេលា​ដែល​សមស្រប​ និង​ពេល​ដែល​មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់​ ទើប​យក​កូន​មួយទៀត​។” – លោក ឈុំ ពន (ភូមិចក ខេត្ត​កំពង់​ឆ្នាំង)

នៅទូទាំងប្រទេស​កម្ពុជា ការកើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​មធ្យោបាយ​ពន្យារកំណើត​ទំនើប​ មាន​ការ​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ (ពី​៣៩% ក្នុង​ឆ្នាំ​២០១៤ ទៅ​៥២% ក្នុង​ឆ្នាំ​២០១៧)។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ មាន​ក្រុម​ប្រជាជនខ្លះ​ បាន​បង្ហាញ​អំពីចំនុចខ្វះ​ខាត​ស្តីពី​ការ​ប្រើប្រាស់​មធ្យោបាយ​ទាំង​នេះ ហើយ​នៅ​មាន​ការងារ​ច្រើន​ទៀតដែល​យើង​ត្រូវធ្វើ​ ដើម្បី​ធានា​បាន​ថា​ប្រជាជន​គ្រប់​រូប​បាន​សម្រេច​នូវ​តម្រូវការ​របស់​ខ្លួន​​ផ្នែក​ពន្យារ​កំណើត​។

ដើម្បី​ជួយ​ដោះស្រាយ​បញ្ហានេះ​គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកបដោយ​សុខុមាលភាព​ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បាន​បង្កើត​ និង​អនុវត្ត​អន្តរាគមន៍​ផ្លាស់ប្តូរ​ឥរិយាបថ​បុគ្គល​និង​សង្គម​ដើម្បី​សុខភាព​ ជាមួយ​អង្គការដៃគូផ្តល់មេត្តា​ (ភីស៊ី) នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ ដែល​ចាប់ផ្តើម​ពី​ខែកក្កដា ឆ្នាំ​២០២០ ដើម្បើ​បង្កើន​ចំណេះដឹង​ ផ្លាស់ប្តូរការ​យល់ខុស​ និង​បង្កើន​ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​បែបទំនើប។ អន្តរាគមន៍នេះ​គ្របដណ្តប់មណ្ឌលសុខភាព​ចំនួន​៩ ឃុំ​ចំនួន​១៣ និង​ភូមិ​ចំនួន​៦៨ នៅ​ស្រុកប្រតិបត្តិ​ចំនួន​២។ តាម​រយៈការ​សិក្សាស្រាវជ្រាវ និង​ទិន្នន័យ​ដែល​ប្រមូលបាន គម្រោង​បាន​បង្កើត​យុទ្ធនាការ​ចំនួន​២ គឺយុទ្ធនាការ​ដែលមាន​ឈ្មោះថា “ចំណងស្នេហ៍” និង “អង្គរក្ស​បេះដូង” ដើម្បី ១) ច្រានចោល​នូវ​ការ​យល់​ខុស​អំពី​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប ២) លើក​ទឹកចិត្ត​ឲ្យ​ដៃគូ​/ប្តី​ប្រពន្ធ​ ពិភាក្សា​គ្នា​អំពី​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប និង​ធ្វើការ​សម្រេច​ចិត្ត​រួមគ្នា និង​ ៣) លើកទឹក​ចិត្ត​ឲ្យ​បុរស​ចាប់ផ្តើម​ជជែក​ជាមួយ​ភរិយា​របស់​ខ្លួន​អំពី​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប។

“ខ្ញុំ​និង​ប្តី​របស់​ខ្ញុំ​មាន​ការ​បារម្ភ​អំពី​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​គ្រោង​ទុក ព្រោះ​ការ​ចិញ្ចឹម​កូន​ត្រូវការ​ចំណាយ​លុយកាក់និង​ពេលវេលាច្រើន។ ការ​ស្វែងយល់​អំពី​មធ្យោបាយ​ពន្យារ​កំណើត​ទំនើបអាច​ជួយ​ពួកខ្ញុំ​បាន​ច្រើន​!” – លោក សុគន្ធ និង​លោកស្រី យ៉េន (ភូមិ​ក្រាំងស្គារ ខេត្ត​កំពង់ឆ្នាំង)

ចំណងស្នេហ៍” គឺជា​យុទ្ធនាការ​ដែល​បង្កើត​ឡើង​ដើម្បី​លើក​ទឹកចិត្ត​ដៃគូស្នេហា ឲ្យ​ពិភាក្សា​អំពី​មធ្យោបាយ​ពន្យារកំណើត​ទំនើប។ គោលបំណង​របស់​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​ដែល​ត្រឹមត្រូវ​និង​ទាន់​ពេលវេលា អំពី​មធ្យោបាយ​ពន្យារកំណើត​នេះ នៅ​ទីកន្លែង​ដែល​សមរម្យ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​ត្រង់​ៗ និង​ជួយ​ឲ្យ​ដៃគូ​សម្រេច​ចិត្ត​រួម​គ្នាដោយ​យោង​ទៅតាម​ព័ត៌មានគ្រប់គ្រាន់​។ ដៃគូស្វាមី​ភរិយា​ចំនួន​៤​ទៅ៥​គូ ត្រូវ​បាន​អញ្ជើញ​ ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ ដូចជា​មេភូមិ ឬ​ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ឲ្យ​ចូលរួម​ក្នុង​វគ្គ​អប់រំពេល​ល្ងាច​ ដោយ​មាន​ភ្នាក់ងារ​អប់រំ​របស់​គម្រោង ពី​អង្គការភីស៊ី ជួយ​សម្របសម្រួលការ​ពិភាក្សា​ស្តីពី​ការ​ពន្យារកំណើត ដោយ​បង្ហាញ​ថាការ​ពិភាក្សានេះ​មាន​សារៈសំខាន់​ដែល​ជា​ផ្នែក​មួយ​នៃ​ទំនាក់​ទំនង​ដៃគូ​ប្តី​ប្រពន្ធ​ដ៏​ជិតស្និទ។ នៅ​ក្នុង​អំឡុងពេល​នៃ​វគ្គ​អប់រំ​នោះ ស្វាមី​ភរិយា​ចូលរួមក្នុង​សកម្មភាពប្រកបដោយ​ភាព​សប្បាយ​រីករាយ ហើយ​ថែម​ទាំង​អាច​ស្វែងយល់​អំពី​មធ្យោបាយ​ពន្យារ​កំណើត​បែប​ទំនើប និង​ច្រានចោល​ការ​យល់​ខុស​មួយ​ចំនួន​អំពី​ការ​ពន្យារ​កំណើត​នេះ​។

សម្ភារៈ​ផ្សេងៗ​ត្រូវបាន​បង្កើត​ និង​ប្រើប្រាស់​នៅ​ក្នុង​វគ្គអប់រំ​សុខភាព ដោយ​រួម​មាន​វីដេអូ​ដើម្បី​បង្ហាញ​អំពី​ពាក្យចចាមអារ៉ាម​អំពី​មធ្យោបាយ​ពន្យារ​កំណើត​, ល្បែង​​ “ពិត មិន​ពិត” ដើម្បី​ច្រានចោល​ព័ត៌មាន​មិនពិត​, “កាតណាត់ជួប” ដើម្បី​រំលឹក​ដល់​ដំណើរ​ជីវិត​គូស្នេហ៍​របស់​ពួកគេ, សៀវភៅចំណងស្នេហ៍ សម្រាប់​ឲ្យ​អ្នកចូលរួម​យកទៅផ្ទះជាមួយ ដែល​មាន​ព័ត៌មាន​អំពី​មធ្យោបាយពន្យារ​កំណើត រូបភាព​នៃ​ផលិតផល​ពន្យារ​កំណើត កម្រង​សំនួរ​និង​ចំលើយ ព្រមទាំង​ព័ត៌មាន​សម្រាប់​ទាក់​ទង​សួរព័ត៌មាន​បន្ថែម។ ការ​បង្ហាញ​រូបភាពផលិតផល​ពន្យារកំណើត​ពិតៗ ដូចជា​កង​ដាក់​ក្នុង​ស្បូន​និង​កងដាក់​ក្រោម​ស្បែក គឺដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាតនឹង​ការ​ប្រើ​មធ្យោបាយ​ពន្យារកំណើត​។

“ខ្ញុំបាន​ស្វែង​យល់​ព័ត៌មាន​លម្អិត​អំពី​មធ្យោបាយ​ពន្យារ​កំណើត​បែប​ទំនើប បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​វគ្គ​អប់រំសម្រាប់​បុរស។ អ្វី​ដែល​សំខាន់​បំផុត​នោះ វគ្គ​អប់រំ​នេះ​បាន​លើក​ទឹកចិត្ត​ និង​ផ្តល់​ឲ្យ​ខ្ញុំ​ នូវ​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ ដើម្បី​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​រើស​យក​ជម្រើស​ដែល​ល្អ​សាកសម​បំផុត​សម្រាប់​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ។” – លោក ឈុំ ពន (ភូមិចក ខេត្ត​កំពង់​ឆ្នាំង)

“អង្គរក្សបេះដូង” គឺជា​យុទ្ធនាការដែល​បាន​បង្កើត​ឡើងដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចូលរួម​ពីបុរស ដោយ​មាន​ការ​យល់​ឃើញ​ថា​វា​មាន​ភាព​ងាយ​ស្រួស​សម្រាប់​បុរស​ក្នុង​ការ​ពិភាក្សា​អំពី​ប្រធានបទ​រសើប ដូចជា​ការ​ពន្យារ​កំណើត​ នៅ​ក្នុង​បរិយាកាស​ដែល​មាន​តែបុរស​គ្នា​ឯង។ ដោយ​ស្រដៀង​នឹង​ “វគ្គក្រុមគូស្នេហ៍” ដែរ បុរស​ប្រមាណ​៨​ទៅ​១០​នាក់ ត្រូវ​បាន​អញ្ជើញ​ដោយ​​ក្រុមទ្រទ្រង់សុខភាពភូមិ ឲ្យ​ចូលរួម​ក្នុងវគ្គ​នោះ​ ដោយ​មាន​ការ​សម្របសម្រួល​ដោយ​ភ្នាក់ងារ​អប់រំ​សុខភាព​របស់​គម្រោង​ដែល​ជា​បុរស​។ ក្នុង​វគ្គ​និមួយ បុរស​ចែករំលែក​បទពិសោធន៍​អំពី​ការ​ពន្យារ​កំណើត​ និង​ក្រុមការងារ​បាន​បង្ហាញ​អំពី​ជម្រើស​នៃ​មធ្យោបាយ​ពន្យារកំណើត​ ដើម្បី​ច្រានចោល​នូវការ​យល់​ឃើញ​ខុស​អំពី​មធ្យោបាយ​ទាំងនេះ​។ គោលបំណង គឺ​ដើម្បី លើក​ទឹកចិត្ត​ឲ្យ​បុរស​ពិភាក្សា​អំពី​ជម្រើស​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​ជាមួយ​ភរិយា​របស់​គាត​។ ភ្នាក់ងារ​អប់រំបាន​ប្រគល់​បន្តោង​សោដែល​មាន​រូបថត​និង​ព័ត៌មាន​អំពី​មធ្យោបាយ​ទំនើប​ទាំង​នេះ និង​មាន​សារ​ជំរុញថា “ជជែក​ជាមួយ​ដៃគូ​របស់​អ្នក​អំពី​មធ្យោបាយ​ពន្យារ​កំណើត​មួយ​ណា​ដែល​ដែល​សាកសម​នឹង​គ្រួសារ​អ្នក” ។ លើស​ពីនេះ​ទៅទៀត​ “ល្បែងអ្នកចាំទី” បាន​ត្រូវ​រៀបចំឡើង​ដើម្បី​ប្រៀបធៀប​អ្នក​ចាំទី (មធ្យោបាយ​បុរាណ) ដែល​មាន​ការ​ជួយ​ពីផ្ទាំងការពារ (​មធ្យោបាយ​ទំនើប) មាន​ប្រសិទ្ធិភាព​ក្នុងការ​ទប់ស្កាត់​ការ​ទាត់បាល់​ចូល (ការពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​គ្រោង​ទុក)។

ការ​ចុះ​តាម​ផ្ទះត្រូវ​បាន​ធ្វើឡើង​ដោយ​បុគ្គលិក​របស់​គម្រោងផ្នែក​ IPC បន្ទាប់ពី​បុរស​និង​ស្ត្រី​ជា​ប្តីប្រពន្ធ​បាន​ចូលរួម​ក្នុង​ការ​វគ្គ​អប់រំ​រួចមក ដើម្បី​ផ្តល់​ឲ្យ​ពួកគាត់​នូវ​ការ​ពិភាក្សា​ដែល​សមស្រប​នឹង​ពួកគាត់​ អំពី​ក្តីបារម្ភ និង​សំនួរ​ផ្សេង​ៗ ព្រម​ទាំង​ផ្តល់​ឲ្យគាត់​នូវព័ត៌មាន​ទំនាក់ទំនង​របស់​មណ្ឌលសុខភាព ដើម្បី​ទទួល​បាន​សេវា​ពន្យារកំណើត​បែប​ទំនើប​ដែល​ជា​ជម្រើស​របស់​គាត់​។ លើស​ពីនេះ​ទៅទៀត​ ដើម្បី​លើកទឹកចិត្ត​ការ​ពិភាក្សា​ក្រោយ​សម្រាល បុគ្គលិក​ IPC របស់​យើង​ ក៏​បាន​ចែក​ចាយ​ស្រោមប័ណ្ណសុខភាពកុមារ ទៅ​កាន់​មណ្ឌល​សុខភាព​គោលដៅ ដើម្បី​ឲ្យ​មណ្ឌល​សុខភាពចែក​ជូន​បន្ត​ទៅ​ឲ្យ​ស្ត្រី​ដែល​សម្រាល​ហើយ អាចរក្សា​ទុក​ប័ណ្ណ​របស់​ខ្លួន​ នៅ​ពេល​គាត់​ចេញ​ពីពេទ្យ​។ ស្រោម​នោះ​មាន​លេខ​ hotline សម្រាប់​ឲ្យគាត់​ទទួលបាន​ព័ត៌មាន​បន្ថែម ដែល​នេះ​ជា​ការ​រំលឹក​ដល់​ស្ត្រី​ថា គាត់​អាច​មាន​ផ្ទៃពោះ​ទៀត​ក្នុង​រយៈពេល​៤ ទៅ​៦សប្តាហ៍ បន្ទាប់​ពី​សម្រាល​ហើយ និង​លើក​ទឹកចិត្ត​ឲ្យ​គាត់​ទទួល​យក​ការ​ពន្យារ​កំណើត​បែប​ទំនើប។

ក្រុមការងារ​គម្រោង​បាន​ចុះ​សាកសួរទៅកាន់ដៃគូ​ស្វាមីភរិយា នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២ ហើយ​បាន​ដឹង​ថា​អ្វី​ដែល​ជា​ការ​លើក​ទឹកចិត្ត​ទូទៅ​របស់​ពួកគាត់ គឺ​បំណង​ក្នុងការ​ការពារ​ការ​មាន​ផ្ទៃ​ពោះ​ដែល​មិនបាន​គ្រោង​ទុក ដើម្បី​ធានា​បាន​នូវ​ការ​ថែទាំ​ប្រកប​ដោយ​គុណភាព ដល់​កូនៗ​របស់​ខ្លួន និង​មាន​ចំណូល​សមល្មម​សម្រាប់​គ្រួសារ​របស់​ពួកគាត់​។ លោកស្រីយ៉េន នៅ​ភូមិ​ភូមិ​ក្រាំងស្គារ ខេត្ត​កំពង់ឆ្នាំង បាន​និយាយ​ថា បន្ទាប់​ពីគាត់​ទទួល​បាន​ព័ត៌មាន​ពី​បុគ្គលិក IPC មក គាត់​និង​ប្តី​របស់​គាត់​ បាន​សម្រេច​ចិត្ត​ថា​ការ​ចាក់​ថ្នាំ​ពន្យារ​កំណើត​រៀងរាល់​៣ខែ​ម្តង​ គឺ​ជា​ជម្រើស​ដ៏ល្អ​របស់​គាត់​។ លោកស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ការ​ពន្យារ​កំណើត​បែប​ទំនើប​បាន​ជួយ​រូបគាត់​និង​ប្តី​របស់​គាត់ ឲ្យ​មាន​ពេល​ និង​ធនធាន​ច្រើន ដើម្បី​មើល​ថែ​កូន​របស់​គាត់​អាយុ​៦ខែ​ ឈ្មោះ​មិនា និង​ធានា​ថាកូនមិនា​មាន​សុខភាពល្អ។

លោក ឈុំ ពន នៅភូមិចក ខេត្ត​កំពង់​ឆ្នាំង ក៏បាននិយាយផងដែរថា គាត់​បានទទួល​ពត័ត៌មាន​អំពី​មធ្យោបាយពន្យារកំណើត​ទំនើប​ ពីលោកគ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព បន្ទាប់​ពី​បន្ទាប់​ពី​លោក​និង​ភរិយា​មាន​កូនដំបូង​កាលពី​១៣​ឆ្នាំ​មុន ហើយ​លោក​បានប្រើប្រាស់​ស្រោម​អនាម័យ រហូត​ដល់​ពួកគាត់​សម្រេច​ចិត្ត​ចង់បាន​កូនទី២ កាលពី៣​ឆ្នាំ​មុន។ គាត់​និយាយ​ថា វាមាន​សារៈសំខាន់​ណាស់​ដែល​ត្រូវគិត​អំពី​ការ​ពន្យារកំណើត​ ដើម្បី​ធ្វើផែនការ​កសាង​គ្រួសារ​មួយ​ដ៏ប្រសើរ ដោយ​មាន​ចំណូល​សមល្មម ដើម្បី​ថែរក្សា​កូន​ទាំង​២​របស់​គាត់​។ គាត់​ក៏ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​ការពន្យារ​កំណើត​បែបទំនើប នៅពេល​ដែល​គាត់​បាន​ចូលរួម​វគ្គ​អប់រំ​សម្រាប់​បុរស ដែលរៀបចំឡើង​ដោយ​គម្រោង PHB ហើយភរិយានិង​រូបគាត់​ក៏បាន​សម្រេច​ចិត្ត​ប្តូរទៅ​ប្រើថ្នាំលេប​ពន្យារ​កំណើត​វិញ​។ ប្រជាជន​គោលដៅដែល​ក្រុមការងាររបស់​យើង​បាន​ជួបសម្ភាសបាន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមកាងារ IPC របស់​យើង​រួម​នឹង​អ្នកស្មគ្រ័ចិត្ត​ភូមិ​ បាន​ផ្តល់​ការ​គាំទ្រច្រើន​ដល់​ពួកគាត់ ដើម្បី ធានា​បាន​ថា​ពួកគាត់​មាន​ចំណេះដឹង​ដែល​ត្រឹមត្រូវ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ជាមួយដៃគូ​របស់​ខ្លួន និងដើម្បី​តម្រូវការ​ក្នុងការ​ពន្យារ​កំណើត​ត្រូវបាន​បំពេញ​។

ទោះជាយ៉ាង​ណា ក៏នៅ​មាន​ការ​ប្រឈម​ខ្លះៗផងដែរ​។ ប្រជាជន​ដែល​ក្រុមការងារ​បាន​ចុះជួប​សម្ភាសបាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ពន្យារកំណើត​គឺជា​ប្រធាន​បទរសើប ហើយ​ពួកគាត់​មិនសូវស្រួលចិត្ត​ក្នុងការ​ពិភាក្សា​អំពី​ប្រធានបទនេះ​ក្រៅពីប្តីប្រពន្ធគាត់​ឡើង​។ ការ​សិក្សាស្ទង់​មតិ​មួយ​ក៏បាន​រកឃើញ​បញ្ហាដូចគ្នានេះ​ដែរ ដោយ​លទ្ធផល​បាន​បង្ហាញ​ថា ក្រុមគោលដៅ​៥០,៦ភាគរយ បាន​ពិភាក្សា​អំពី​ផលប៉ះពាល់ និងក្តីបារម្ភ​របស់​គាត់​ជាមួយ​ដៃគូ​របស់​គាត់ ហើយ​ ៣៦,៧ ភាគរយបាន​ពិភាក្សា​ជាមួយ​អ្នកផ្តល់​សេវា​សុខភាព​សាធារណៈ ហើយ​២៩,១ភាគរយ​ បាន​ពិភាក្សា​ជាមួយ​សមាជិកគ្រួសារ​។ នេះបញ្ជាក់​អំពី​សារៈសំខាន់​ នៃ​សកម្មភាព​របស់​គម្រោង PHB ដែល​បន្តការ​ជួយ​គាំទ្រ​ និង​ចំណេះដឹង​ ដល់​ដៃគូ​ ដែល​នឹង​ជួយ​សម្របសម្រួល​ការ​ពិភាក្សា និង​ការ​សម្រេច​ចិត្ត​។ លើស​ពីនេះ​ទៅទៀត​ បុគ្គលិកគម្រោង និង​អ្នកស្ម័គ្រចិត្ត​ភូមិ មាន​ការ​ពិបាក​ក្នុងការ​អញ្ជើញ​ប្រជាជន​គោលដៅ​ឲ្យចូលរួម​ក្នុងវគ្គអប់រំ ដោយសារ​តែ​ពួកគាត់​ម្នាក់ៗមាន​ការវល់ក្នុងការងារ​ផ្សេងៗ។ លោកវណ្ណា ដែល​ជាបុគ្គលិកផ្នែក IPC បាននិយាយថា វាមានការ​ពិបាក​ក្នុងការ​ប្រមូល​បុរស ៨ទៅ១០នាក់ ឲ្យមកចូលរួម​ក្នុង​វគ្គអប់រំសម្រាប់​បុរស។

ដើម្បីដោះស្រាយ​បញ្ហានេះ លោកវណ្ណា បានរៀបចំវគ្គអប់រំចំនួន២ពេល (គឺមួយនៅពេល​ព្រឹក​ និង​មួយទៀតនៅ​ពេល​រសៀល) ដោយ​មាន​អ្នកចូលរួមតិចជាង​មុន (៥នាក់​ក្នុង​វគ្គនិមួយៗ) ដោយ​ប្រើប្រាស់​ថវិកា។ យោងទៅតាម លោកវណ្ណា ការ​រៀបចំ​ជា​ក្រុមតូច មាន​ភាព​ងាយ​ស្រួល​ក្នុងការ​អញ្ជើញ​អ្នក​ចូលរួម​ ហើយ​ការ​ធ្វើដូចច្នេះធ្វើឲ្យ​កម្មវិធីប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន។ ជួនកាល​ ក្នុង​អំឡុង​ពេល​រដូវកាល​ដែល​មាន​ពិធី​មង្គលការ​ច្រើន គាត់​សុខចិត្ត​ធ្វើដំណើរទៅជួប​អ្នកចូលរួម​ដើម្បីធ្វើ​វគ្គ​អប់រំនេះ​។

ពី​ខែ​កក្កដា ឆ្នាំ​២០២០ ទៅ​ខែ​កញ្ញា ឆ្នាំ២០២១ ក្រុមការងារ PHB បាន​រៀបចំ​វគ្គអប់រំ​ចំនួន​១ ៧៨០ វគ្គ (១ ៣៤៦ ជាវគ្គគូរស្នេហ៍ និង​៤៣៤ ជាវគ្គបុរស) ហើយ​មាន​អ្នក​ចូលរួម​ចំនួន ១៨ ៥៥០ នាក់ ។ លទ្ធផល​ពី​ការ​ធ្វើការវាយ​តម្លៃមុន និង​ក្រោយ​កម្មវិធីបានបង្ហាញ​ថា ការ​ព្រួយ​បារម្ភ​អំពីផលប៉ះពាល់​នៃ​មធ្យោបាយ​ពន្យារកំណើត​បែប​ទំនើប នៅ​តែ​មាន​ច្រើន​នៅ​ឡើយ គឺ​៦៥,៣% នៃ​ប្រជាជន​គោលដៅ​ ក្នុងពេល​វាយតម្លៃមុនកម្មវិធី និង ៦៣,៣% ក្នុងពេល​វាយតម្លៃ​ក្រោយ​កម្មវិធី ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ក៏​នេះ​បញ្ជាក់អំពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន ក្នុងការ​ច្រានចោល​ការ​យល់​ខុស​ ស្តីពី​ការ​ដែល​មធ្យោបាយ​ពន្យារ​កំណើត​មាន​ផលប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​ក្នុង​ថ្ងៃអនាគត ដោយ​មាន​ប្រជាជន​គោលដៅចំនួន ៣៣,៥% បាន​ជឿដូចច្នេះ នៅក្នុងការ​វាយ​តម្លៃមុនកម្មវិធី ហើយ​ត្រឹមតែ ២១,៨% នៅក្នុងការវាយ​តម្លៃក្រោយកម្មវិធី​។ លើស​ពីនេះទៅទៀត លទ្ធផលបានបង្ហាញ​ អំពីភាពជោគជ័យ ក្នុងការ​កាត់បន្ថយការ​យល់ខុស​ ទាក់ទងនឹង​ប្រសិទ្ធិភាពនៃ​មធ្យោបាយ​ពន្យារកំណើត​បែប​ទំនើប ដោយ​ប្រជាជន​គោលដៅ​ចំនួន ៣១,៨% ជឿថាមធ្យោបាយ​ពន្យារ​កំណើតបែបទំនើបមាន​ប្រសិទ្ធិភាពក្នុងការ​ការពារ​មិនឲ្យ​មាន​ផ្ទៃពោះ នៅ​ក្នុងពេល​វាយ​តម្លៃ​មុនកម្មវិធី ហើយ៩៤,៤% ជឿដូចច្នេះ នៅពេលវាយតម្លៃក្រោយ​កម្មវិធី ។ ភាពជោគជ័យបន្តទៀត គឺប្រជាជន​គោលដៅ​ចំនួន ៩១,១% ដែល​បាន​ពិភាក្សារ​អំពីមធ្យោបាយ​ពន្យារកំណើត​បែប​ទំនើបជាមួយដៃ​គូររបស់​ខ្លួន នៅ​ក្នុងអំឡុង​ពេល​៦ខែ​ចុងក្រោយ ក៏បាន​ប្រើប្រាស់​មធ្យោបាយនេះ​ផងដែរ។ មធ្យោបាយ​ដែល​មាន​ប្រសិទ្ទិភាព​ជាង​គេ គឺ​ថ្នាំលេប​ពន្យារ​កំណើត (៤៨,៦%) ថ្នាំ​ចាក់ (៣០,៣%) ក្នុងដាក់​ក្នុង​ស្បូន (១៨,៣%) កងដាក់​ក្រោម​ស្បែក (១៧,១%) និង​ស្រោម​អនាម័យបុរស (១៣,៧%)។

សម្រាប់​សម្ភាររបស់​កម្មវិធីវិញ ការវាយ​តម្លៃ​ក្រោយ​កម្មវិធីបាន​បង្ហាញថា សៀវភៅ​អប់រំចំណងស្នេហ៍ (៨៤,៨%) ការបង្ហាញ​ផលិតផល​ពន្យារ​កំណើត​ពិត (៦៦,៤%) និង​វីដេអូស្តីពីការ​ពន្យារ​កំណើត (32%) គឺជា​សម្ភារៈ ដែល​ប្រជាជន​គោលដៅ​អាច​រំលឹកច្រើន​ជាង​គេ។

នៅពេល​ដែល​សួរ​ថាតើ​អ្វី​ដែល​ធ្វើឲ្យ​បទអន្តរាគមន៍ដំណើរការ​បាន​ល្អ ក្រុមការងារ​ផ្នែក​អប់រំ​សុខភាព​របស់​គម្រោង អ្នក​ស្ម័គ្រចិត្ត និង​ប្រជាជន​គោលដៅបាន​ឆ្លើយថា ប្តីប្រពន្ធ និង​បុរស​ជាច្រើន បាន​ដឹង​អំពី​ជម្រើស​នៃ​មធ្យោបាយ​ពន្យារ​កំណើត​បែប​ទំនើប មុន​នឹងបាន​ចូលរួម​ជាមួយកម្មវិធី ប៉ុន្តែនៅមានការ​ខ្វះខាត​ក្នុង​ការ​យល់ និងចំណេះដឹង​ដែល​ត្រឹមត្រូវ អំពីជម្រើស​និមួយៗ។ ដោយ​កម្មវិធីបាន​ផ្តល់​ឲ្យ​គាត់​នូវ​ចំណេះដឹង​លម្អិត ប្តីប្រពន្ធ អាច​ពិភាក្សា​គ្នា និង​ធ្វើការ​សម្រេចចិត្ត​ដោយ​មាន​ចំណេះដឹង​គ្រប់គ្រាន់​។ ឧទាហរណ៍ កងដាក់​ក្រោម​ស្បែក​សាកសមសម្រាប់​ការពន្យារ​កំណើត​រយៈពេលយូរ និង​ការ​លេបថ្នាំ គឺ​សាកសម​នឹងរយៈពេល​ខ្លី។ អ្វី​ដែល​ធ្វើ​ឲ្យ​កម្មវិធីនេះ​ជោគជ័យ គឺចំណេះដឹងដែល​ប្រជាជន​ទទួល​បាន​។ ការ​ការពារ​ការ​មាន​ផ្ទៃពោះដែល​មានបាន​គ្រោង​ទុក អាច​ធ្វើឲ្យ​គ្រួសារ​ផ្តោត​ទៅលើពេលវេលា និង​ថាមពល ក្នុងការ​ចាប់​យក​ផែនការ​ជីវិត​ផ្សេង​ទៀត និង​ដើម្បី​មាន​ជីវភាពប្រកបដោយ​គុណភាព សម្រាប់គ្រួសារ​ទាំងមូល។